ក្រសួងមហាផ្ទៃ កំពុងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ថាតើសេវាសាធារណៈអ្វីខ្លះទៀត ដែលគួរទម្លាក់ទៅថ្នាក់ក្រោមជាតិ ខណៈក្រសួងជំរុញរដ្ឋបាលខេត្ត-ក្រុង បន្តធ្វើកំណែទម្រង់ច្រកចេញចូលតែមួយ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបង និងអង្គភាពចំណុះ កាលពីថ្ងៃទី២ខែវិច្ឆិកា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា ច្រកចេញចូលតែមួយជាអាទិភាពមួយដែលត្រូវផ្ដោតការយកចិត្តដាក់ ខណៈលោកជំរុញនិងលើកទឹកចិត្តដល់រដ្ឋបាលខេត្ត និងអង្គភាពច្រកចេញចូលតែមួយផ្ទាល់ គប្បីយកចិត្តទុកដាក់ក្នុងប្រតិបត្តិការរបស់ខ្លួនជាអ្នកផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ នេះបើតាមហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ។
លោកបន្តថា៖«កំណែទម្រង់លើការងារច្រកចេញចូលតែមួយត្រូវចាប់ផ្ដើមធ្វើដោយចាប់ផ្ដើមពីដើមទីនេះទៅ មិនអាចអូសបន្លាយពេលនោះទេ ព្រោះការវិវត្តនៃបច្ចេកវិទ្យាផង ពិសេសតម្រូវការរបស់ប្រជាពលរដ្ឋជាត្រីមុខ ដែលកំពុងមានសម្ទុះគាំទ្រការផ្ដល់សេវារបស់មន្ត្រីជាប្រតិបត្តិករ។ ក្នុងនោះភាពងាយស្រួលនៃការទទួលសេវា ជាគន្លឹះដែលត្រូវដោះស្រាយ ពោលគឺសម្រួចយន្តការផ្ដល់សេវាឱ្យបានកាន់តែច្រើន និងលឿនរហ័សតាមប្រព័ន្ធឌីជីថល»។
បើតាមលោក ស សុខា ក្រសួងមហាផ្ទៃ ក៏នឹងបន្តសិក្សាដូចគ្នា រួមជាមួយក្រសួងស្ថាប័នវិស័យផ្សេងៗ ថាតើសេវាអ្វីខ្លះទៀត ដែលគួរទម្លាក់ទៅថ្នាក់ក្រោមជាតិ ដើម្បីបន្តផ្ដល់ជូនអ្នកមានតម្រូវការ។
ក្រោយពីបានពិនិត្យច្រកចេញចូលតែមួយខេត្តបាត់ដំបង លោកបានកត់សម្គាល់ឃើញថា ដំណើរការបានល្អប្រសើរបន្តិចម្ដងៗ តែក៏ពុំត្រូវស្កប់ស្កល់នឹងអ្វីដែលទទួលបាននាពេលនេះត្រឹមប៉ុណ្ណឹងនោះទេ។ លោកលើកទឹកចិត្តដល់រដ្ឋបាលខេត្ត និងអង្គភាពច្រកចេញចូលតែមួយ បន្តសិក្សាស្រាវជ្រាវដកស្រង់បញ្ហាខ្វះចន្លោះនានាដើម្បីរកមូលហេតុនៃដំណើររអាក់រអួលក្នុងការផ្ដល់ជូនប្រជាពលរដ្ឋ។
គួរជម្រាបថា គិតពីឆ្នាំ២០១៨ មកទល់នឹងខែកញ្ញា ឆ្នាំ២០២៣ ច្រកចេញចូលតែមួយរាជធានីខេត្ត បានផ្ដល់សេវាសរុបជាង ៣ លានសេវា។ បើគិតក្នុងរយៈពេល ៩ ខែ ក្នុងឆ្នាំ២០២៣នេះ អង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត ផ្ដល់សេវាជូនប្រជាពលរដ្ឋបានជាង ៥៦ ម៉ឺនសេវា។
ដោយឡែកនៅថ្ងៃដដែលនោះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មេបញ្ជាការវរព្រំដែន អធិការ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល លោក ស សុខា បានណែនាំដល់នគរបាលឱ្យបំពេញភារកិច្ចផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ និងកុំពាក់ព័ន្ធគ្រឿងញៀន។
លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖«កងកម្លាំងនគរបាលជាតិ ខុសពីប្រជាពលរដ្ឋធម្មតា ដែលត្រូវគោរពវិន័យ អនុវត្តបទបញ្ជា និងបំពេញតួនាទីភារកិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ជាពិសេស ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម។ ដូច្នេះរាល់ការបំពេញភារកិច្ច គប្បីចៀសឱ្យឆ្ងាយកុំពាក់ព័ន្ធនឹងគ្រឿងញៀន។ ករណីរកឃើញនគរបាលរូបណាជាប់ទាក់ទិននឹងបទល្មើសគ្រឿងញៀន ក្រសួងនឹងអនុវត្តវិន័យតឹងរ៉ឹងបំផុត ដោយអាចបណ្ដេញចេញពីក្របខ័ណ្ឌជាដើម»៕