វៀតណាម ស្នើកម្ពុជា បន្តគាំទ្រ និងជំរុញដល់ការអនុវត្តកិច្ចព្រមព្រៀងនានា ដែលប្រទេសទាំង២ បានចុះហត្ថលេខាកន្លងមក ខណៈកម្ពុជា ស្នើឱ្យវៀតណាម បន្តជួយសម្របសម្រួលសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ និងទេសចរណ៍ ដើម្បីលើកកម្ពស់និងផ្តល់ប្រយោជន៍ទាំងសងខាង។
សំណើទៅវិញទៅមកខាងលើនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបទ្វេភាគីរវាងប្រធានរដ្ឋសភាកម្ពុជាលោកស្រី ឃួន សុដារី និងលោក ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា នៅថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៣។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា ក្នុងជំនួបនោះ លោកស្រី ឃួន សុដារី បានស្នើវៀតណាម បន្តជួយសម្របសម្រួលសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំង២បន្ថែមទៀត ដើម្បីលើកកម្ពស់ផលប្រយោជន៍ទាំងសងខាង ក៏ដូចជាការធ្វើឱ្យកម្ពុជាកាន់តែមានលទ្ធភាពអភិវឌ្ឍប្រទេសជាតិ នៅក្នុងនោះមានការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋខ្លួននៅតាមខេត្តជាប់ព្រំដែនឱ្យបានប្រសើរឡើង។
ចំណែក លោក ង្វៀន ហ៊ុយ តាំង បានថ្លែងការកោតសរសើរចំពោះសមិទ្ធផលជាច្រើន ដែលកម្ពុជាសម្រេចបាននារយៈពេលចុងក្រោយនេះ បន្ទាប់ពីបានបើកប្រទេស ស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីការរាតត្បាតជំងឺកូវីដ១៩ ក្រោមគោលការណ៍ទប់ស្កាត់កូវីដ១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាល។ លោកបានលើកឡើងថា រាជរដ្ឋាភិបាល និងរដ្ឋសភានីតិកាលទី៧ បានចេញដំណើរដោយភាពស្វាហាប់ និងច្បាស់លាស់ដែលនឹងនាំមកនូវជោគជ័យធំៗជាច្រើនទៀតជូនជាតិនិងប្រជាជន ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ លោកក៏បានលើកជាសំណូមពរជូនប្រធានរដ្ឋសភាកម្ពុជា បន្តគាំទ្រនិងជំរុញដល់ការអនុវត្តកិច្ចព្រមព្រៀងនានា ដែលប្រទេសទាំង២បានចុះហត្ថលេខាកន្លងមកនិងបន្តពង្រឹងពង្រីកទំនាក់ទំនង ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភាប្រទេសទាំង២ ឱ្យបាននៅគ្រប់កម្រិត។
លោកស្រី ឃួន សុដារី ក៏បានថ្លែងការកត់សម្គាល់ថា ឈរលើមូលដ្ឋាននៃចំណងទាក់ទងរវាងប្រទេសទាំងពីរ ទោះបីជាសភាពការណ៍ជាតិ តំបន់ និងពិភពលោកមានការវិវត្ត ប្រែប្រួល និងផ្លាស់ប្តូរយ៉ាងណាក៏ដោយ តែចំណងមិត្តភាពជាប្រពៃណីដែលបានចាក់ឬសយ៉ាងជ្រៅ រវាងកម្ពុជានិងវៀតណាមនៅតែបន្តឈរ ស្ថិតស្ថេរយ៉ាងរឹងមាំ និងលូតលាស់ទ្វេឡើងថែមទៀត ទាំងក្របខ័ណ្ឌនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។
លោកស្រីថា៖«ទោះបីក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ក្តី ក៏រដ្ឋសភានៃប្រទេសទាំង២នៅតែបានបន្តទំនាក់ទំនងនិងធ្វើសកម្មភាពសំខាន់ៗជាមួយគ្នា និងបានគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌសភាតំបន់ និងសកលលោក រួមមាន AIPA, IPU, APPF, និង APF ជាដើម»។
បើតាមសេចក្តីប្រកាសដដែល ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចផ្លូវការនិងមិត្តភាព ទៅកាន់ប្រទេសវៀតណាម នាចុងខែវិច្ឆិកាខាងមុខ ដោយសង្ឃឹមថានឹងចូលរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែរីកលូតលាស់បន្ថែមទៀត៕