ភ្នំពេញៈ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​កុំឱ្យ​ប្រជាពលរដ្ឋ​បារម្ភ​ទៅលើ​ស្ថានភាព​បំណុល​សាធារណៈ​ឬ​បុល​ជាតិ ដោយ​លោក​អះអាងថា វា​មិនអាច​ឈានទៅដល់​វ័ណ្ឌក​ឡើយ ខណៈ​កម្ពុជា​ខ្ចីបុល​ពី​បរទេស​យកមកប្រើ​ប្រាស់​ក្នុងន័យ​សេដ្ឋកិច្ច មិនមែន​យកមក​ទិញ​សម្ភារ​ប្រើប្រាស់​ឡើយ​។​ការអំពាវនាវ​របស់​ប្រមុខ​រដ្ឋា​​ភិ​បាល​បាន​ធ្វើឡើង​តាមរយៈ​សុន្ទរកថា​នៅក្នុង​ពិធី​សំណេះ​សំ​​ណា​ល​ជាមួយ​កម្មករ​ជិត ​២ ​ម៉ឺន​នាក់ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​នៅ​ថ្ងៃទី ​២ ខែវិច្ឆិកា ឆ្នាំ ​២០២៣​។


​ក្នុង​ពិធី​នោះ លោក​អះអាងថា កន្លងមក​រូប​លោ​ករួ​ម​ទាំង​ឪពុក​របស់លោក​ជា​អតីត​នាយករដ្ឋមន្ត្រី តែង​ទទួលរង​ការ​​រិះគន់​ជុំវិញ​ការខ្ចី​បុល​ពី​បរទេស​។​ លោក​បាន​បញ្ជាក់ថា​៖ «​កម្ពុជា​មិន​ខ្ចី​គេ​រហូតដល់​វ័ណ្ឌក​នោះឡើយ ហើយ​ខ្ចី​មក​ដើម្បី​បម្រើ​ដល់​សេដ្ឋកិច្ច មិនមែន​ខ្ចី​មក​ទិញ​រថយន្ត និង​ទិញ​យន្តហោះ​ជិះ​នោះទេ​។ ដើម្បី​ប្រយោជន៍​រួម យើង​មិនមែន​បាត់​អធិបតេយ្យ​ទៅ​ប្រទេស​ណា​ទេ​»​។​

លោក​បាន​លើកឡើងថា ស្ទើរតែ​គ្រប់​ប្រទេស​លើ​ពិភពលោក​សុទ្ធ​តែមាន​បំណុល​ជាប់​ខ្លួន បើ​មិន​ជំពាក់​បំណុល​បរទេស ក៏​ជំពាក់​ពលរដ្ឋ​ខ្លួនឯង​ដែរ តួយ៉ាង​ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក និង​បារាំង ក៏មាន​បំណុល​ជាប់​ខ្លួន​ដែរ ប៉ុន្តែ​ក្នុង​បំណង​វិនិយោគ​។​


​លោក​បាន​បន្តថា សម្រាប់​កម្ពុជា​ក៏​ដូចគ្នា កម្ពុជា​ខ្ចីលុយ​បរទេស​យកមក​វិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ ដើម្បី​ធ្វើឱ្យ​ដំណើរការ​សេដ្ឋកិច្ច​លូតលាស់​ដែល​ស្តែងឡើង​តាមរយៈ​ស្ពាន ផ្លូវថ្នល់ ប៉ុន្តែ​នៅតែមាន​មតិ​រិះគន់​លោក​និង​អតីត​នាយករដ្ឋមន្ត្រី​ឥត​ឈប់​ថា ការខ្ចី​នេះ​នាំ​កម្ពុជា​បាត់​អធិបតេយ្យ តួយ៉ាង​កម្ចី​ចិន​ជាដើម​។​

​គួរ​បញ្ជាក់ថា ក្រុម​បេសកកម្ម​មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ ​(IMF) បានចេញ​របាយការណ៍​នៅ​ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ​ ២០២៣ ក្រោយ​បំពេញ​ទស្សនកិច្ច​រយៈ​​ពេល​ជិត​កន្លះ​ខែ​នៅ​កម្ពុជា​ហើយ​លើកឡើងថា ស្ថានភាព​បំណុល​សាធារណៈ​របស់​កម្ពុជា​កើតឡើង​ក្នុង​កម្រិត​មធ្យម ប៉ុន្តែ​ហានិភ័យ​នៃ​វិបត្តិ​បំណុល​នៅ​កម្រិត​ទាប​នៅឡើយ ប៉ុន្តែ​ស្ថានភាព​បំណុល​ឯកជន​ទៅវិញ​ទេ​ដែល​ទាមទារ​ឱ្យ​រដ្ឋា​ភិ​បាល​ត្រួតពិនិត្យ​ឱ្យបាន​ល្អិតល្អន់​។​


​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដែល​ទើបបាន​អាន​របាយការណ៍​ថ្មីៗ​ស្តីពី​បញ្ហា​បំណុល​ដែរនោះ លើកឡើងថា ពិតាន​បំណុល​សាធារណៈ​របស់​កម្ពុជា​នៅមានកម្រិត​ហានិភ័យ​ទាប​នៅឡើយ ដោយសារ​កម្ពុ​ជាមាន​វិន័យ​ក្នុង​ការប្រើ​ប្រាស់​បំណុល​តួយ៉ាង​យកមក​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បម្រើ​ដល់​ការលូតលាស់​សេដ្ឋកិច្ច​។​

​លោក​ថ្លែងថា​៖ «​បើ​យើង​ខ្ចី​មក​ប្រើ​ប្រាស់​ខ្ជះខ្ជាយ ទើប​អាច​កើតមាន​ហានិភ័យ ហើយ​រដ្ឋាភិបាល​បាន​បង្វិល​ថវិកា​សង​ម្ចាស់​វិញ​ទាំង​ប្រាក់​ដើម​និង​ការប្រាក់​ជាប្រចាំ​មិនដែល​ខកខាន​ឡើយ បើតាម​របាយការណ៍​ខ្ញុំ​ទទួលបាន​»​។​

​លោក​ថា កន្លងមកសាធារណជន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​អន្ទាក់​​បំណុល​បរទេស​ គឺ​ដោយសារ​ពលរដ្ឋ​មិន​យល់​ពី​បែបបទ​ខ្ចី​ និង​សងបំណុល​ហើយ​ជឿ​តាម​ការ​ញុះញង់​ និង​បំផុស​បំផុល​ពី​អ្នកនយោបាយ​ដែលមាន​ចេ​ត​នា​កេងចំណេញ​ប្រជាប្រិយ ដែល​ការណ៍​នេះ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ពន្យល់​ពល​រដ្ឋ​បន្ថែមទៀត​។​

​សម្រាប់​លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិ​វឌ្ឍន៍​និង​សន្តិភាព​បាន​ថ្លែងថា ការបារម្ភ​របស់​សាធារណជន​ពី​បញ្ហា​បំណុល​ជា​រឿង​ធម្មតា ខណៈ​ពិភពលោក​កំពុង​ជួបប្រទះ​វិបត្តិ​សេដ្ឋកិច្ច ហើយ​កម្ពុជា​ចេះតែ​បន្ថែម​កម្រិត​បំណុល​សាធារណៈ​។​

​ទោះយ៉ាងណា ការខ្ចី​បំណុល​មក​ប្រើ​ជា​ប្រយោជន៍​សេដ្ឋកិច្ច​ជា​រឿង​ល្អ និង​ចាំ​បាច់​មួយ​។ ​លោក​បន្តថា​៖ «​នៅក្នុង​រឿង​បំណុល​នេះ រដ្ឋាភិបាល​គួរ​គិតគូរ​ពង្រឹង​អភិបាល​កិច្ច ដើម្បី​កុំឱ្យ​ប្រាក់កម្ចី​ធ្លាក់​ទៅក្នុង​អំពើពុករលួយ ហើយ​លុយ​កម្ចី​មិនអាច​អនុវត្តតាម​ផែនការ​កំណត់ ធ្វើឱ្យ​យើង​ខាត​បង់​ធ្ងន់ធ្ងរ ហើយ​អាចឈាន​ទៅដល់​ស្ថានភាព​បំណុល​វ័ណ្ឌក​ដែរ​»​។​

​ជាមួយគ្នានេះ លោក​ស្នើឱ្យ​រដ្ឋាភិបាល​ទទួលយក​ប្រាក់កម្ចី​ពី​ប្រទេស​ណា ឬ​ស្ថាប័ន​ណា​ដែលមាន​ការប្រាក់​ទាប ហើយ​ខ្ចី​ក្នុង​ទំហំ​ដែល​ប្រទេស​អាចមាន​លទ្ធភាព​សង ឬ​និយាយ​ជា​រួមមាន​តម្លាភាព និង​តុល្យភាព ទាំង​ការខ្ចី និង​ការយកមក​ប្រើប្រាស់ ចៀសវាង​កើតជា​វិបត្តិ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយពី​បញ្ហា​បំណុល​ជាតិ​នេះ​។​

​គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ កម្ពុ​ជាមាន​សន្និធិ​បំណុល​សា​ធា​រណៈ​សរុប​ប្រមាណ​ ១០,២៧ ​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងនោះ ​៩៩,៥៩​ ភាគរយ​ ជា​បំណុល​ខ្ចី​ពី​បរទេស​និង​រង្វង់​ ០,៤១ ​ភាគរយ ជា​បំណុល​សាធារណៈ​ក្នុងស្រុក​។ នេះ​បើ​ផ្អែក​តាម​របាយ​ការ​ណ៍​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចេញផ្សាយ​កាលពី​ខែមិថុនា​។

​ក្នុង​បំណុល​ទាំង​ជាង​ ១០​ ពាន់​លាន​ដុល្លារ​នេះ​ ៤៣ ​ភាគរយ​ជា​ដុល្លារ​អាមេរិក​, ២១ ​ភាគរយ​ជា​អេស​ដេ​អ៊ែរ​, ១២ ​ភាគរយ​ជាយ​ន់​ចិន​, ១១ ​ភាគរយ​ជា​យ៉េន​ជប៉ុន​, ៧​ ភាគរយ​ជា​អឺរ៉ូ និង​ ៦​ ភាគរយ​ទៀត​ជា​រូបិយវត្ថុ​ជាតិ​ និង​រូបិយប័ណ្ណ​ផ្សេងៗ​។​

​ជុំវិញ​បញ្ហា​បំណុល​នេះដែរ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ធ្លាប់​អះអាងថា ស្ថានភាព​បំណុល​សាធារណៈ​របស់​កម្ពុ​ជាប​ច្ចុ​ប្បន្ន​ស្ថិតក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន ទោះបី​កម្ពុជា​បាន​រងគ្រោះ​ពី​វិបត្តិ​កូ​វីដ​ ១៩ ​និង​ឥទ្ធិពល​អវិជ្ជមាន​ពី​ខាងក្រៅ​ក្តី​៕