​បន្ទាយ​មាន​ជ័​យៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ជំរុញ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច ប្រចាំ​នៅ​ច្រកទ្វារព្រំដែន​អន្តរ​ជាតិ​ប៉ោយប៉ែត​បំពេញភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុស​​ត្រូវ​ខ្ពស់​ដើម្បី​ប្រែក្លាយ​ទីតាំង​នេះ ជា​កន្លែង​ផ្តល់​សេវាកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព សោភណភាព អនាម័យ សន្តិសុខ​ល្អ ដែល​នាំមក​នូវ​កិត្យានុភាព​ជាតិ​។​


​ការជំរុញ​នេះ​ធ្វើឡើង​ក្នុងឱកាស​លោក​បាន​ចុះ​ជួប​សំណេះ​សំ​ណា​ល ជាមួយ​មន្ត្រីនគរបាល​ជាតិ​ប្រចាំ​ប៉ុស្តិ៍នគរបាល ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​អ្នក​​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។​

​លោក ស សុខា បាន​ជំរុញ​ទៅកាន់​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងអស់​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ត្រូវមាន​ស្មារតី​លះបង់​ខ្ពស់ ស្របពេល​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ កំពុង​ធ្វើកំណែទម្រង់​បង្កើន​ការទាក់ទាញ​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរជាតិ ដែលជា​ប្រភព​ចំណូល​សេដ្ឋកិច្ចជាតិ​បាន​ពី​វិស័យ​ទេសចរណ៍ ធុរកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួងមហាផ្ទៃ​។​


​លោ​ក ស សុខា បញ្ជាក់ថា​៖ «​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ កំពុង​ទទួល​លំហូរ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ការដឹក​ទំនិញ​ចេញចូល​ដែល​តម្រូវឱ្យ​មន្ត្រី​ផ្តល់​សេវាកម្ម ត្រូវ​យកចិត្តទុកដាក់​បង្កើន​ការ​ផ្តល់​សេវា​ប្រកបដោយ​ស្នាមញញឹម​រាក់​ទាក់ បង្កើន​សមត្ថភាព​ផ្តល់​សេវា​រហ័ស​ទាន់​ចិត្ត ប្រកបដោយ​ទំនុកចិត្ត មាន​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ល្អប្រសើរ​សម្រាប់​ភ្ញៀវ​»​។

លោក​ក៏បាន​លើកឡើង​ពី​បញ្ហា​ជា​អាទិភាព​មួយចំនួន ដែល​ត្រូវ​យកចិត្តទុកដាក់​ធ្វើឱ្យមាន​វឌ្ឍន​​ភាព កាន់តែ​ល្អប្រសើរ ពោលគឺ​បញ្ហា​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន​ពិសេស​ក្នុង​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​នេះ​។​


​លោក​និយាយថា​៖ «​ត្រូវ​បង្កើន​ប្រសិទ្ធ​ភាព​ផ្តល់​សេវា​ច្រកចេញចូល​តែ ​១ ដែល​គួរ​សិក្សា​បង្កើត​អគារ​ឬ​បន្ទប់​ផ្តល់​សេវា ច្រកចេញចូល​តែ​ ១ ងាយស្រួល​សម្រាប់​មហាជន​ទូទៅ​ទទួល​សេវាកម្ម​។ ក្នុងនោះ​ផងដែរ ត្រូវ​គ្រប់គ្រង​គន្លង​ផ្លូវចេញចូល​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ និង​ច្រក​សម្រាប់​ចេញចូល​ទំនិញ​ឱ្យមាន​លំហូរ​ជាក់លាក់​»​។

​ចំណែក​បញ្ហាសំខាន់​មួយទៀត​នោះ គឺ​ការផ្តល់​ឯកសារ​ធ្វើយ៉ាងណា​ឱ្យ​ប្រា​ដក​ថា មាន​ភាពងាយស្រួល​ជាង​ពេល​កន្លងទៅ ពោលគឺ​កាត់បន្ថយ​ភាពយឺត​យ៉ាវ​សម្រាប់​ភ្ញៀវ​។​

​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ​(PDP)​ លោក យង់ គឹមអេង មានប្រសាសន៍ថា ការជំរុញ​លើ​ផ្នែក​សន្តិសុខ​អនាម័យ សោភណភាព​ជា​រឿង​ល្អ ប៉ុន្តែ​អ្វីដែល​សំខាន់បំផុត​នោះ គឺ​ជំរុញ​លើ​ការងារ​តម្លាភាព​កុំ​ឱ្យមាន​អំពើពុករលួយ​នៅតាម​ច្រកព្រំដែន​។

លោក​ថា​៖«​បើសិនជា​យើង​នៅមាន​អំពើពុករលួយ គ្មាន​អ្នក​ទេសចរ​ចង់​មក​ស្រុក​ខ្មែរ​ទេ ហើយ​ប្រជា​ជន​ខ្មែរ​ដែល​ឆ្លងកាត់​ក៏មាន​ការ​ថប់​អារម្មណ៍​ដែរ​។ សម្រាប់​ខ្ញុំ​យល់ថា រឿងនេះ​គួរតែ​ចាត់វិធានការ​ឱ្យបាន​ស​ម​ស្រប ហើយ​ការធានា​សន្តិសុខ​ក៏​ជា​រឿង​ចាំ​​បាច់​ដែរ​»​។

បន្ថែម​ពីនេះ​លោក យង់​ គឹមអេង លើកទឹកចិត្ត​ថា​៖ «​បើសិន​មន្ត្រី​ណា​មិន​អើពើ​ចំពោះ​អនុសាសន៍ មិន​អនុវត្តតាម​ការណែនាំរ​បស់​ថ្នាក់ដឹកនាំ គួរ​ដកចេញ ព្រោះ​ថ្នាក់លើ​ដាក់​មក​ដើម្បី​ធានា​សន្តិសុខ​ជូន​ពលរដ្ឋ អ្នកទេសចរ ហើយ​បើ​គាត់​ធ្វើ​មិនបាន​ល្អ មានតែ​ដកចេញ​ជំនួស​ដោយ​មន្ត្រី​ដែល​ពូកែ​វិញ​»​។​

​យ៉ាងណាមិញ លោក​រដ្ឋមន្ត្រី​មហាផ្ទៃ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​មន្ត្រី​ពាក់ព័ន្ធ​កន្លងទៅ ប​ច្ចុ​ប្បន្ន និង​ការបង្កើន​ប្រសិទ្ធភាព​ការងារ​នាពេល​អនាគត​បន្ត​ទៅមុខទៀត​។ ជាមួយគ្នា​នឹង​វឌ្ឍនភាព​នៃ​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា បូករួម​ជា​មួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ក្នុងការ​ពិនិត្យ​លិខិតឆ្លងដែន ​(​ស្កេ​ន QR code)​ នៅ​ច្រកចេញចូល​នេះ លោក ស សុខា មានការ​ជឿជាក់ថា ការងារ​ផ្តល់​សេវា​មួយ​នេះ នឹង​កាន់​តែមាន​ភាពងាយស្រួល ឆាប់រហ័ស ចំណេញ​ពេលវេលា ដល់​ភ្ញៀវ​ចេញចូល​ប្រទេស​កម្ពុជា​។

​លោក​មានប្រសាសន៍ថា​៖ «​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នេះ​នឹង​ក្លាយជា​ទីតាំង​ផ្តល់​សេវាកម្ម​ប្រកបដោយ​ប្រសិទ្ធភាព សោភណភាព អនាម័យ សន្តិសុខ​ល្អប្រសើរ ដែល​នាំមក​នូវ​កិ​ត្យា​នុ​ភាព​ជាតិ ដែល​ប្រការនេះ​ទាមទារ​ឱ្យ​មន្ត្រី​ទាំងអស់​ចូលរួម​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​»៕