កណ្តាលៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការជឿជាក់​របស់​ប្រជាពលរដ្ឋ​មកលើ​រាជរដ្ឋាភិបាល​មិន​ខុស​បំណង​នោះទេ ហើយ​រាជរដ្ឋាភិបាល​នឹង​ប្រឹងប្រែង​ដើម្បី​បុព្វហេតុ​ជាតិ​និង​ប្រជាជន ដោយ​ធ្វើយ៉ាងណា​ឱ្យ​ការរស់នៅ​របស់​ប្រជាជន​កាន់តែ​ល្អប្រសើរ​។​


​លោក​បាន​ថ្លែង​បែបនេះ ក្នុងឱកាស​ចុះ​ជួប​សំណេះសំណាល ជាមួយ​កម្មករនិយោជិត​ជិត​ ២​ ម៉ឺន​នាក់​មកពី​បណ្តា​រោងចក្រ សហ​គ្រាស​ចំនួន​ ២៩​ ក្នុង​ខេត្តកណ្តាល​កាលពី​ថ្ងៃទី​ ២ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។

លោក​មានប្រសាសន៍ថា ៖ «​សូម​បងប្អូន​ជឿទុកចិត្ត បងប្អូន​មិន​ខកចិត្ត​ទេ តាមរយៈ​ការបញ្ជាក់​របស់ខ្ញុំ​ក្នុងនាម​ប្រមុខ​រដ្ឋាភិបាល ក៏ដូចជា​គ្រប់​ស្ថាប័ន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ទាំង​អស់ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​បាន​គិតគូរ​ជាប្រចាំ បានរៀបចំ​ជា​គោលនយោបាយ​រៀបចំ​ជា​ផែនការ​អនុវត្ត និង​គ្រោង​អនុ​វត្ត​ក្នុង​មួយ​អាណត្តិ​នេះ​ផ្តល់​ផល​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ថែម​តទៅទៀត​»​។​


​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​អះអាង​ចំពោះមុខ​កម្មករ​កម្មការិនី​ទាំងអស់​ផងដែរ ដោយ​ឱ្យ​ប្រជា​ពលរដ្ឋ​ជឿថា គ្រប់​វិនាទី​ទាំងអស់ ផលប្រយោជន៍​របស់​ប្រជាជន​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ នៅតែ​ជា​អ្វី​ដែលជា​គោលដៅ​របស់​រាជរដ្ឋាភិបាល និង​នៅតែ​បន្តធ្វើ​សម្រាប់​ប្រជាពលរដ្ឋ​ទៀត​។

លោក​បាន​លើកឡើងថា ក្នុង​រយៈពេល​ ២ ​ខែ​នេះ និង​មុនពេល​កកើត​រាជរដ្ឋាភិបាល លោក​បាន​សិក្សា​ជា​ជំហាន​ក្នុង​ការកសាង​ផែនការ​ដោយ​ផ្អែកលើ​ភាពជាក់ស្តែង​និយម មិនមែន​ទ្រឹស្តី​និយម​ទេ ដោយ​ការចុះ​ស្រាវជ្រាវ​ផ្ទាល់ ជួប​ផ្ទាល់ សិក្សា​ផ្ទាល់ ប្រមូល​ព័ត៌មាន​ទាំងគ្រប់​ភាគី​ទាំងអស់​ទាំង​សហជីព​ទាំង​កម្មករ​កម្មការិនី ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន បូក​ជាមួយនឹង​វិស័យ​ឯកជន​ផ្សេងៗ​ផងដែរ​។​


​លោក​ថ្លែងថា៖ «​ការ​ផ្សព្វ​ផ្សាយ​ដំណាក់កាល​នេះ​មាន​សារៈសំខាន់​ណាស់​ដើម្បីឱ្យ​បង​​ប្អូន​មាន​ភាព​ជឿជាក់ថា រដ្ឋាភិបាល​ដែល​បងប្អូន​បោះឆ្នោតឱ្យ កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា​កន្លងទៅ មិនបាន​នៅ​ស្ងៀម​ទេ តែ​បាន​គិតគូរ​និង​ចេញ​ជា​ផែនទី​កំណត់​ទិសដៅ​តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​ដើម្បីឱ្យ​បងប្អូន​មាន​ភាពកក់ក្តៅ និង​សប្បាយរីករាយ​»​។

​លោក ហ៊ុន​ ​ម៉ា​ណែ​ត បន្ថែមថា៖ «​បងប្អូន​ជឿ​ចុះ អ្វីដែល​រាជរដ្ឋាភិបាល​នៅ​បន្តធ្វើ​គឺ​ដើម្បី​បុព្វ​ហេតុតែ​ ១ គត់​គឺជា​តិ និង​ប្រជាជន​របស់​យើង ដោយ​ធ្វើយ៉ាងណា​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ល្អ​ប្រសើរឡើង ព្រោះ​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស និង​ជា​អ្នកកំណត់​ជោគវាសនា​របស់​ប្រទេស គ្មានអ្វី​ក្រៅពី​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​រឹងមាំ​កាន់តែ​មានបាន​នោះទេ​»​។

លោក​បន្ថែមថា​៖ «​រាជរដ្ឋាភិបាល​ក៏ដូចជា​គណ​បក្ស​ប្រជាជន​កម្ពុជា មិនបាន​នៅ​ស្ងៀម ឬ​ចោល​នូវ​កិច្ចសន្យា​ទេ តែ​រាជរដ្ឋាភិបាល​បានដាក់​នូវ​កិច្ចសន្យា​ទាំងនោះ​បន្ត​អនុវត្ត​ជា​ជំហានៗ​។ ពិតណាស់​បងប្អូន ៤០​ ថ្ងៃ ៦០​ ថ្ងៃ ៩០ ​ថ្ងៃ ១០០​ ថ្ងៃ ១ ​ឆ្នាំ​ឬ​ ៤​ ឆ្នាំ​យើង​មិនអាច​ដោះ​ស្រាយ​អស់​នូវ​អ្វីដែល​ប្រជាជន​ចង់បាន​នោះទេ​ហើយ​តម្រូវការ​របស់​ប្រជាជន​ក៏​មិនមាន​ត្រឹមតែ ​៤​ ឆ្នាំ​នោះទេ​»​។​

​លោក​ យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកជំនាញ​វិទ្យាសាស្ត្រ​ន​យោ​​បាយ​យល់ឃើញថា ជាការ​ពិត រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ស្វែងរក​សន្តិភាព​ជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​រហូត​ទទួលបាន​សុខសន្តិភាព​ដូច​បច្ចុប្បន្ននេះ ដែល​ប្រជាពលរដ្ឋ​បាន​ជួប​ដោយផ្ទាល់​និង​ស្គាល់​មកនេះ​។​

​លោក​បាន​លើកឡើងថា៖ «​ដូច្នេះ​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​បែបនេះ​ គឺជា​ពិតជា​ត្រឹមត្រូវ​ហើយ ព្រោះ​គណបក្ស​ប្រជាជន​បាន​ដឹកនាំ​រាជ​រដ្ឋា​​ភិ​បាល​រហូត​មកហើយ​បាន​ធានា​សុខសន្តិភាព និង​ការអភិវឌ្ឍ ជូន​ប្រជាជន ដូច្នេះ​មិនមាន​អ្វីដែល​ពិបាក​យល់​នោះទេ​»​។​

​លោក​ក៏​បញ្ជាក់ដែរថា ស្ថិតក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដែលមាន​ការប្រកួតប្រជែង​សេរី​ពហុបក្ស​នោះ គណបក្ស​ប្រជាជន​ដែលមាន ភាពរឹងមាំ​ហើយ ក៏ត្រូវ​តែ​ទទួល​នូវ ការកែទម្រង់​ជាប្រចាំ​ដែរ សូម្បីតែ​នាយករដ្ឋមន្ត្រី​អាណត្តិ​មុន ក៏​លោក​ទទួលស្គាល់​ដែរ​ថា កែទម្រង់​គឺ​រស់​មិន​កែទម្រង់​គឺ​ស្លាប់​។​

​លោក​ យង់ ពៅ បន្តថា​៖ «​ទាំងនេះ​គឺជា​អ្វីដែល​គណបក្សកាន់អំណាច​និង​រាជរដ្ឋាភិបាល​ត្រូវធ្វើ​ដោយ​មិនអាច​ជិះសេះ​លែងដៃ​នោះទេ បើសិន​មិនមាន​ការកែទម្រង់​ប្រាកដប្រជា អាច​នឹង​មានការ​ប្រកួតប្រជែង​ជាមួយនឹង​គណបក្ស​ផ្សេង​ដែល​ធ្វើឱ្យ​ប្រជាជនមាន​ការពិចារណា​ផងដែរ​»៕​