​ភ្នំពេញៈ កម្ពុជា និង​ចិន ត្រៀមខ្លួន​ប្រារព្ធ​ឆ្នាំ​ផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​នៅ​ឆ្នាំ​ ២០២៤ ខាងមុខ​ក្នុង​គោលដៅ​ទាក់ទាញ​ភ្ញៀ​ទេសចរ​ចិន​មក​ទស្សនា​នៅ​កម្ពុជា​បន្ថែមទៀត ដោយ​ផ្តើម​ឱ្យមាន​សកម្មភាព​គ្រប់​ជ្រុងជ្រោយ ខណៈ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី​ប្តេជ្ញា​បន្ត​ពង្រឹង​ទំនាក់​ទំនងជា​មួយ​ចិន​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជុំវិញ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​។​


​ការត្រៀម​ប្រារព្ធ​ឆ្នាំ​ផ្លាស់ប្តូរ​ប្រជា​ជននេះ ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ រវាង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរ​ទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ លោក​ សុខ ចិន្តា​សោភា និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​លោក Wang Wentian កាល​​ពីថ្ងៃ​ទី​ ៣១​ តុលា ឆ្នាំ ​២០២៣​។​

​យោងសេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​ស្តីពី​ជំនួប​នោះបាន​ឱ្យដឹងថា ភាគី​ទាំង​ ២ បាន​វាយតម្លៃ​ចំពោះ​វឌ្ឍនភាព​ល្អប្រសើរ​នៃ​កិច្ច​សហប្រតិបត្តិ​​ការ​រវាង​ប្រទេស​ទាំង​ ២ ​ជាពិសេស​ជំនួប​ប្រកបដោយ​ផ្លែផ្កា​ជា​បន្ត​បន្ទាប់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថ្មី ជាមួយ​ថ្នាក់ដឹកនាំ​ចិន ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប៉េកាំង​កន្លងទៅ​។ ភាគី​ទាំង ២​ ក៏​បង្ហាញ​ការប្តេជ្ញាចិត្ត​រៀងៗ​ខ្លួន​ចំពោះ​ការ​​អនុវត្ត​កិច្ចព្រមព្រៀង និង​កុងសង់ស៊ីស ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ ២ បាន​ឯកភាព​ពោលគឺ​រវាង​អតីត​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង តួយ៉ាង «​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​» «​ច្រករបៀង​ឧស្សាហ​កម្ម និង​បច្ចេកវិទ្យា​»​ និង ​«​ច្រករបៀង​មច្ឆា និង​អង្ករ​»​។


​ក្នុងជំនួប​នោះដែរ​ភាគី​ទាំង​ ២ បាន​ពិ​ភា​​ក្សា និង​បាន​ឯកភាព​ឱ្យមាន​សកម្មភាព​គ្រប់​ជ្រុងជ្រោយ ក្នុង​ការត្រៀម​ប្រារព្ធ «​ឆ្នាំ​នៃ​ការ​ផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​»​ នៅ​ឆ្នាំ​ ២០២៤ ​ខាងមុខ​ក្នុង​បំណង​ទាក់ទាញ​ទេសចរ​ចិន​មក​កម្ពុជា​។​

​គួរបញ្ជាក់​ផងដែរ​ថា ឆ្នាំ​ផ្លាស់​​ប្តូរ​ប្រជាជន និង​ប្រជាជន ដែល​កំណត់​នៅ​ឆ្នាំ​ ២០២៤ ជា​គំនិត​ផ្តួចផ្តើម​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ម៉ា​ណែ​ត គ្រា​លោក​ទៅ​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ នៅ​ប្រទេស​ចិន កាលពី​ខែតុលា កន្លងទៅ​។ គំនិត​ផ្តួចផ្តើម​នេះ​ត្រូវ​បានលើកឡើង​ក្នុងជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ចិន​ដូចជា​លោក​ស៊ី ជីន​ភីង លោក​លី ឈាង ជាដើម ដែល​លោក​ចាត់ទុកជា​គន្លឹះ​សម្រាប់​ជំរុញ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ផ្នែក​ទេសចរណ៍ ពាណិជ្ជ​កម្ម និង​ការវិនិយោគ សម្រាប់​ប្រទេស​ទាំង​ ២​។​


​ពាក់ព័ន្ធ​រឿងនេះ លោក ​គិ​ន​​ ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​លើកឡើងថា ចិន​ជា​ឆ្អឹងខ្នង​សំខាន់​ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​យុទ្ធសាស្ត្រ ដែលជា​មិត្ត​មិនអាច​ខ្វះ​បាន​សម្រាប់​កម្ពុជា​។ ជាពិសេស​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​លោក​ជឿជាក់ថា ទំនាក់ទំនង​ប្រទេស​ទាំង​ ២ នឹង​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត ខណៈ​ភាគី​ទាំង​ ២ ចាប់ដៃគ្នា​ដល់​កម្រិត​ទំនាក់ទំនង​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ ព្រមទាំង​កិច្ចព្រមព្រៀង​កសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន​ផង​។​

​លោក​បន្តថា​៖ «​យើង​ត្រូវការ​ការវិនិយោគ​ពី​ចិន ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​រវាង​ប្រទេស​ទាំង​ ២ យើង​ត្រូវការ​ជំនួយ​ផ្សេងៗ ជា​ពិសេស​លើ​ការអភិវឌ្ឍ​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​រូបវន្ត​តួយ៉ាង ស្ពាន ផ្លូវថ្នល់ ជាដើម ខណៈ​ចិន​ជា​ប្រទេស​ធំ​ទី​១ ក្នុង​ជំនួយ​អភិវឌ្ឍន៍ និង​ការវិនិយោគ​វិស័យនេះ​។ ក្នុង​វិស័យ​ទេសចរណ៍ ចិន​ជា​ភ្ញៀវទេសចរ​បរទេស​លំដាប់​ទី​ ១ ហើយ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ក៏មាន​សញ្ញាណ​ល្អ​មួយ​ដែរ​»​។​

​សម្រាប់​លោក​ អ៊ូ ច័ន្ទ​រ័ត្ន សហ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា និង​ជា​អ្នកតាមដាន​បញ្ហា​ន​យោ​បាយ លើកឡើងថា ការពង្រឹង​ចំណង​កិច្ចសហប្រតិបត្តិការ​ជិត​​ស្និទ្ធ​ជាមួយ​ចិន គឺជា​រឿង​ល្អ ប៉ុន្តែ​ត្រូវមាន​ការថ្លឹងថ្លែង​កុំឱ្យ​ប្រែក្លាយជា​ទំនាក់ទំនង​ដែល​ពឹងផ្អែក​ជ្រុល​អាច​នាំទៅរក​បញ្ហា​ប្រឈម​ជាមួយ​ទំនាក់ទំនង​មហា​អំណាច​ដទៃ ឬ​បណ្តា​រដ្ឋ​ដទៃ​។ យ៉ាងណាក្តី លោក​ច័ន្ទ​រ័ត្ន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការផ្លាស់​ប្តូរ​ប្រជាជន និង​ប្រជាជន​ដោយ​​សារ​ប្រជាជន​ចិន មាន​ចំនួន​ច្រើន​លើសលប់​ប្រមាណ​ជាង ១​ ពាន់​លាន​នាក់​ខុសប្លែក​ឆ្ងាយ​ពី​ប្រជា​ជនកម្ពុជា​ដែលមាន​ជាង ១៦​ លាន​នាក់ ដែល​អាច​បង្ក​ការ​លំបាក​នៃ​លំហូរ​ប្រជាជន​ចិន​ច្រើន ហើយ​អាចបង្កើត​ហានិភ័យ​ផ្នែក​អន្តោប្រវេសន៍​ខុសច្បាប់​ដូច​ធ្លាប់មាន​បទពិសោធ​ន៍ក​ន្ល​ង​មក​។​

​លោក​ថ្លែងថា​៖ «​បើ​យើង​គ្រាន់​តែមាន​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​ជិតស្និទ្ធ វា​មិន​អី​ទេ តែ​កុំ​ឱ្យទៅជា​ប្តូរ​ជំហរ​អព្យាក្រឹត​ភាព​ទៅជា​ពឹងផ្អែក​លើ​ចិន​តែម្តង ហើយ​ល្អក់កករ​ជាមួយ​លោក​សេរី វា​ប្រាកដជា​ប៉ះពាល់​ដល់​ប្រយោជន៍​កម្ពុជា​ច្រើនជាង ជាពិសេស​ទំហំ​វិនិយោគ ដែល​អ្នកវិនិយោគ ​(​ប្រទេស​សេរី​)​ មិន​ហ៊ាន​បណ្តាក់ទុន​»​។​

​ដោយឡែក​លោក ​ហ៊ុន ម៉ា​ណែ​ត បានផ្តល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​ចិន​ក្នុង​កម្មវិធី​ «Leader Talk»​ នៅ​អំឡុង​លោក​ចូល​​រួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កន្លង​ទៅ​ថា រដ្ឋាភិបាល​ថ្មី នៅតែមាន​ជំហរ​បន្ត​ពង្រឹង​ទំនាក់ទំនង​ល្អ​ដែលមាន​ស្រាប់​រយៈពេល ៦៥ ​ឆ្នាំ​មកនេះ ជាមួយ​ចិន​បន្ថែមទៀត​។ ជាពិសេស​ការស្វែងរក​ម​ធ្យោ​យ​បាយ​កែលម្អ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ដែល​សម្រេចបាន​ក្នុង​ដើមឆ្នាំ​ ២០២៣ រវាង​លោក​ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ប្រ​ធានា​ធិបតី​ចិន ស៊ី ជីន​ភីង​។​

​លោក​បន្តថា​៖ «​យើង​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម ដែល​ដាក់ចេញ​ដោយ​ប្រធានាធិបតី ស៊ី ជីន​ភីង មានដូចជា​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​ពិភពលោក គំនិត​ផ្តួចផ្តើម​សន្តិសុខ​សកល គំនិត​ផ្តួចផ្តើម​អរិយធម៌​សកល រួមទាំង​គំនិត​ផ្តួច​​ផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​ផងដែរ ដែល​នឹង​ផ្តល់​ជា​វេទិកា​ដើម្បី​ធ្វើឱ្យ​សកលលោក​មាន​ភាព​សុខ​​ដុមរ​មនា និង​វិបុលភាព​»​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត សង្កត់ធ្ងន់ថា ទំនាក់ទំនង​ជាមួយ​ចិន ជា​ចំណែក​សំខាន់​ក្នុង​ការជួយ​កម្ពុជា​ឆ្លងកាត់​ទុក្ខលំបាក​ជាស​កល​ធំៗ​តួយ៉ាង វិបត្តិ​កូ​វីដ ​១៩ វិបត្តិ​សេដ្ឋ​កិច្ច​ពី​ឥទ្ធិពល​សង្គ្រាម​ជាដើម​ដែល​ឆ្លុះបញ្ចាំង​ពី​កិច្ច​សហប្រតិបត្តិ​ការ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ ២ ក្នុង​ចក្ខុវិស័យ​កសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន​។​

​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ចិន​មក​ទស្សនា​ប្រទេស​កម្ពុជា ខណៈ​ប្រជាជន​កម្ពុជា​រួសរាយ​រាក់ទាក់ ហើយ​កម្ពុជា​សម្បូរ​ទៅដោយ​ប្រាសាទបុរាណ វប្បធម៌​ផូរផង់ ដែល​លោក​ធានា​អះអាងថា កម្ពុ​ជាមាន​សន្តិភាព និង​សន្តិ​​សុខ ទោះបី​កន្លងមក​លេចឮ​ដំណឹង​ពី​បញ្ហា​ឧក្រិដ្ឋកម្ម​ក្តី ប៉ុន្តែ​គ្មាន​ប្រទេស​ណា​ដែល​គ្មាន​បទ​ឧក្រិដ្ឋ​ឡើយ​៕