ភ្នំពេញៈ អ្នកវិភាគ​សង្គម និង​សហជីព​នៅ​កម្ពុជា​មួយចំនួន បាន​មើលឃើញថា សហជីព​មិន​ត្រឹមតែ​ជា​អ្នក​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ជូន​កម្មករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សហជីព​គួរ​មាន​តួនាទី​ជំរុញឱ្យមាន​សុខដុមរមនា​ក្នុង​ទំនាក់​​ទំនង​វិជ្ជាជីវៈ និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ការងារ​សមរម្យ បង្កើន​ផលិតភាព និង​ការ​វិ​និ​យោគ​នៅ​កម្ពុជា​។​


​អ្នកវិភាគ​សង្គម លោក យង់ ពៅ បាន​លើកឡើងថា សហ​ជីព​នៅ​កម្ពុជា​មិនទាន់​អនុវត្ត​តាមច្បាប់​ដែល​មានចែង​មួយរយ​ភាគរយ​នៅឡើយ​ទេ​ដែល​ការណ៍​នេះ​លោក​បាន​ជំរុញ​ឱ្យ​សហជីព​ទាំង​ជាង ៦ ០០០​ នៅ​កម្ពុជា​ពិចារណា​ពី​ថែរក្សា​ការ​វិនិយោគ និង​ការពារ​វិនិយោគ​ដែលមាន​ស្រាប់​ក្នុងប្រទេស​ដើម្បី​រក្សា​ការងារ​ជូន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង ​៨០​ ម៉ឺន​នាក់​។

​លោក​បាន​សង្កត់ធ្ងន់ថា​៖ «​ជាពិសេស​នៅក្នុង​ស្ថានការណ៍​សេដ្ឋកិច្ច​កំពុងមាន​បញ្ហា​ដូច​ពេលបច្ចុប្បន្ន​នេះ ការចេញ​របាយការណ៍​របស់​សហជីព​ទៅខាង​ក្រៅ ត្រូវមាន​ការប្រយ័ត្នប្រយែង​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ទៅដល់​សេដ្ឋកិច្ចជាតិ និង​អ្នក​វិនិយោគ​។ ក្នុងន័យនេះ​គឺ​ជាតិ​របស់​យើង​ខូចខាត ហើយ​យើង​ខាត​ទាំងអស់គ្នា​»​។


​លោក យង់ ពៅ ដែលមាន​តួនាទី​ជា​អគ្គលេខាធិការ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា​ផង​នោះ បាន​កត់សម្គាល់ថា សហជីព​គួរតែ​ជា​ភាគី​ដែល​អាច​ធ្វើការ​ជាមួយគ្នា​ដោយ​ចុះសម្រុង​គ្រប់​ទិដ្ឋភាព​ជាមួយ​រដ្ឋា​ភិ​បាល​បាន ដោយ​មិនគួរ​ជះ​ទឹក​ដាក់គ្នា ឬ​វាយប្រហារ​គ្នា​ដែល​ធ្វើឱ្យ​ខូចប្រយោជន៍​កម្មករ​ដែល​ជា​អ្នកទទួលផល​ចុង​ក្រោយ​នោះទេ ដ្បិតអី​សហជីព​ក៏​ធ្វើការ​ដើម្បី​ប្រយោជន៍​កម្មករ​និង​សង្គមជាតិ​ទាំងមូល​ផងដែរ​។

​ក្នុងន័យនេះ លោក​បាន​ស្នើឱ្យ​ទាំង​សហជីព និង​រដ្ឋាភិបាល​គួរតែមាន​យន្តការ​សម្រប​សម្រួល និង​ដោះស្រាយ​បញ្ហា​ដែល​បានកើត​ឡើង ១​ ជំហាន​ជាមុនសិន មុននឹង​ឈានដល់​ការប្រើ​យន្តការ​សារព័ត៌មាន និង​របាយការណ៍​បរិ​ហារ​ដែល​មិន​ចំណេញ​ដល់​មុខមាត់​កម្ពុជា​នោះទេ​។ ប្រការនេះ នឹង​នាំឱ្យ​កេរ្តិ៍ឈ្មោះ​កម្ពុជា​មិនល្អ​ដែល​ជះឥទ្ធិពល​ដល់​ការ​ទាក់​ទាញ​ការវិនិយោគ​។


​លោក​បញ្ជាក់ថា​៖ «​បើ​មិន​ប្រយ័ត្នប្រយែង​ទេ នោះ​គឺ​វាយ​ឆ្នាំងបាយ​ធំ​ហើយ ប៉ះ​ពាល់​ការវិនិយោគ​។ ក្នុង​លក្ខ​ខណ្ឌ​នេះ​បណ្តា​ប្រទេស​ខាង​ក្រៅ​គេ​មាន​សណ្តាប់ធ្នាប់​ជាង​យើង នោះ​អ្នករកស៊ី​គេរ​ត់ទៅ​បណ្តា​ប្រទេស​ទាំងនោះ​ហើយពី​ព្រោះ​ប្រទេស​ទាំងនោះ គេ​មាន​ស្ថិរភាព​លើ​ការគ្រប់គ្រង​កម្ម​ករហើ​យ​គេ​មាន​សុវត្ថិភាព​ជាង​»​។

​ក្រៅពី​អ្នកវិភាគ​សង្គម ប្រធាន​​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (​ស៊ី​ខៅ​​ឌូ​) លោក គង់ អាទិត្យ ក៏បាន​កត់សម្គាល់​ពី​តួនាទី​ស្រដៀង​គ្នា​នេះដែរ​ថា ក្រៅតែពី​ដើរតួនាទី​ក្នុងការ​ការពារ​សិទ្ធិ​របស់​បងប្អូន​កម្ម​ករ​និយោជិត​តាម​រោងចក្រ សហគ្រាស សហ​ជីព ក៏ត្រូវ​ប្រកាន់ខ្ជាប់​ផងដែរ​ក្នុង​ការជួយ​ពង្រឹង និង​បង្កឱ្យមាន​និរន្តរភាព​វិស័យ​ការងារ​នៅ​កម្ពុជា​ដូចដែល​មានចែង​ក្នុង​ច្បាប់​កម្ពុជា​ស្តីពី​សហជីព​ផងដែរ​។

​លោក​ថា​៖ «​ពិតណាស់​សហ​ជីព ឈរ និង​តំណាង​កម្មករ​-​និយោជិត​នៅតាម​បណ្តា​រោង​ចក្រ​នៅក្នុង​ស្រុក ក៏ប៉ុន្តែ​បើតាម​សកម្មភាព​កន្លងមក​ប​ណ្តា​សហជីព​ទាំងនោះ​ក៏បាន​បង្កបញ្ហា​ឈឺក្បាល​រវាង​និយោជក និង​និយោជិត​ដែល​អាច​ប៉ះពាល់​ជា​ប្រយោល​ដល់​ស្ថិរភាព​ការ​ងារ​របស់​កម្មករ​ផងដែរ​»​។

​លោក​ក៏បាន​ថ្លែង ដោយ​លើក​ត្រង់ៗ​ថា សហជីព​មួយចំនួន​ទទួល​ប្រាក់ឧបត្ថម្ភ​មួយ​ភាគពី​បរទេស​ដែល​បង្កបង្កើត​បញ្ហា​ជាមួយ​បណ្តា​ថៅកែ​ក្រុម​​ហ៊ុន​ដោយ​ដឹកនាំ​បាតុកម្ម​ទាម​ទារ​នេះ​ទាមទារ​នោះ ឥតឈប់ឈរ ហើយ​មានគំនិត​ខ្វែង​ជាមួយ​និយោជក​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ការវិនិយោគ​ផងដែរ​។

​លោក​ថា ប្រសិនបើ​សហ​ជីព​ប្រកាន់ខ្ជាប់​នូវ​តួនាទី​ខុស និង​ជ្រុល ហើយ​គិត​ផល​ប្រ​យោជន៍​ខ្លួនឯង នឹង​នាំឱ្យ​បាត់​ប្រយោជន៍​រួម​លើ​វិស័យ​ការងារ​នៅ​កម្ពុជា​។

​លោក​បន្ថែម​៖ «​យើង​ក៏ត្រូវ​គិតពី​អ្នកវិនិយោគ​ដែរ បើ​យើង​គិតតែ​ពី​រឿង​ប្រឆាំង​ជាមួយ​គាត់ (​និយោជក​) បង្កបញ្ហា​ឈឺក្បាល​ដល់​គាត់ ប្រាកដ​ណាស់​គេ​រត់ចេញ​អស់ហើយ និង​គ្មាន​អ្នកណា​ចង់​មករក​ស៊ី​ជាមួយ​យើង​ទេ​។ ពិតណាស់​ការ​ការពារ​សិទ្ធិ​ពលរដ្ឋ​សំខាន់ តែ​យើង​ត្រូវ​គិតគូរ​ឱ្យបាន​វែង​​ឆ្ងាយ និង​ពិភាក្សាគ្នា​ដោយ​សន្តិវិធី​ក្នុងនាម​ជា​អ្នក​តំណាងឱ្យ​កម្មករនិយោជិត​»​។

​ច្បាប់​ស្តីពី​សហជីព​ដែល​រដ្ឋ​សភា​បានអនុម័ត​កាលពី​ថ្ងៃទី​ ៤ មេសា ឆ្នាំ​ ២០១៦ ត្រូវបាន​បង្កើតឡើង​ដើម្បី​ធានា​នូវ​លម្ហ​សិទ្ធិ​​សេរីភាព​ក្នុងការ​បង្កើត​អង្គការ​វិជ្ជាជីវៈ និង​ធានា​នូវ​សិទ្ធិ​សេរី​ភាព​ក្នុង​ការចរចា​ជា​សមូហភាព​រវាង​កម្ម​ករ និយោជិត និង​និយោជក ហើយ​ច្បាប់​នេះ បាន​ជំរុញឱ្យមាន​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​រួមចំណែក​ក្នុងការអភិវឌ្ឍ​ការងារ​សមរម្យ បង្កើន​ផលិតភាព និង​ការវិនិយោគ​៕