ភ្នំពេញៈ ក្រសួង​ពាក់ព័ន្ធ និង​ស្ថាប័ន​អន្តរជាតិ កំពុង​ពិនិត្យ និង​សម្រេច​ផែនការ​ជាតិ​សម្រាប់​អនុវត្ត​កតិកាសញ្ញា​ពិភពលោក ស្តីពី​ទេសន្តរប្រវេសន៍​ប្រកបដោយ​សុវត្ថិភាព រៀប​រយ និង​ស្របច្បាប់ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ទេសន្តរប្រវេសន៍​ទាំង​ក្នុងប្រទេស​កម្ពុជា និង​ប្រទេស​ផ្សេងទៀត មិន​រង​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​។​


​មុននឹង​អនុវត្ត​ផែនការ​ជាតិ​នេះ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស ​(​គ​.​ជ​.​ប​.​ជ​.) កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ បាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​ថ្នាក់​ជាតិ ស្តីពី​ការពិនិត្យ និង​សម្រេច​ផែន​ការ​ជាតិ​សម្រាប់​ការអនុវត្ត​កតិកា​សញ្ញា​ពិភពលោក​ដែលមាន​ការចូល​​រួម​ពី​អង្គការ​អន្តរជាតិ​ទេ​សន្តរ​ប្រ​វេស​ន៍ ​(IOM) ក្រសួង ស្ថាប័ន អង្គ​ការ​ដៃគូ​ជាតិ និង​អន្តរជាតិ​ផងដែរ​។​

​លោកស្រី ជូ ប៊ុន​អេង អនុប្រធាន​អចិ​ន្រៃ្ត​យ៍គ​.​ជ​.​ប​.​ជ​.​បាន​ថ្លែងប្រាប់​នៅ​ថ្ងៃទី​ ២ ខែវិច្ឆិកា​នេះ​ថា នៅក្នុង​កិច្ច​ប្រជុំ​បច្ចេកទេស​ថ្នាក់ជាតិ​នេះ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ព្រោះ​កម្ពុជា ជា​ប្រទេស​ហត្ថលេខី ​១ ​នៅក្នុង​ចំណោម​ប្រទេស​ ១៨៣ ​នៅលើ​ពិភពលោក ដែល​ចូល​ជា​សមាជិក​នៃ​កតិកាសញ្ញា​ពិភពលោក​នេះ​។​


​លោកស្រី​បន្តថា ដូច្នេះ​ដើម្បី​អាចអនុវត្ត​កតិកាសញ្ញា​ពិភពលោក​នេះ​បាន គឺ​ត្រូវ​រៀបចំ​ផែនការ​ជាតិ​សំខាន់ៗ​ក្នុងនោះ​រួមមាន ​ទី១- ​ប្រមូល និង​ប្រើ​ប្រាស់​ជា​មូលដ្ឋាន​នូវ​ទិន្នន័យ​ដែល​សុក្រឹត​សម្រាប់​គោលនយោបាយ​ផ្អែកលើ​ភ័ស្តុតាង​។ ​ទី២- ​គ្រប់គ្រង​ព្រំដែន​រួមគ្នា ដោយ​សុវត្ថិភាព និង​ស៊ីចង្វាក់​គ្នា និង​ទី​៣-​ ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​ភាពជា​ដៃគូ​សកល​ស្តីពី​ទេសន្តរប្រវេសន៍​ប្រកបដោយ​សុវត្ថិភាព រៀបរយ និង​ស្របច្បាប់​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ការអនុវត្ត​កតិកាសញ្ញា​ពិភពលោក​ហ្នឹង គឺ​វា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ឱ្យ​យើង​ជួយ​គ្នា រៀនសូត្រ​ពីគ្នា​ទៅវិញ​​ទៅមក ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ទេ​សន្តរ​ប្រវេសន៍​ទាំង​ប្រទេស​យើង និង​ប្រទេស​គេ ប្រកបដោយ​សុវត្ថិភាព​»​។​លោកស្រី ជូ ប៊ុន​អេង ថ្លែងថា នៅក្នុង​ឆ្នាំ​ ២០២៤ កម្ពុជា​នឹង​បង្ហាញ​លទ្ធផល​មួយចំនួន​ដែល​ខ្លួន​អាច​ធ្វើបាន​នៅក្នុង​គោលបំណង​ផែនការ​ជាតិ​សម្រាប់​អនុវត្ត​កតិកាសញ្ញា​ពិភពលោក​នេះ​។​


​លោក មឿ​ន តុលា ប្រធាន​អង្គការ​​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា អង្គ​ការសង់​​ត្រា​ល់ បាន​ថ្លែងថា បទដ្ឋាន​គតិយុត្តិ​អន្តរជាតិ​នេះ ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស គឺ​វា​ជា​កាតព្វកិច្ច​របស់​រដ្ឋ ពីព្រោះ​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ក៏​ដូច​ជា​រដ្ឋធម្មនុញ្ញ​នៅ​ឆ្នាំ ​១៩៩៣ កម្ពុជា​បានប្រកាស​ផ្ដល់​សច្ចាប័ន និង​ដាក់​ជា​កាតព្វកិច្ច​ទទួល​គោរព​សិទ្ធិមនុស្ស​ជាស​កល​ដែល​មានចែង​នៅក្នុង​អង្គ​ការ​សហប្រជាជាតិ​។ ដូច្នេះ​សិទ្ធិ​ពលករ​ចំណាកស្រុក ឬក៏​ទេ​សន្តរ​ប្រ​វេស​ន៍​នេះ វា​ជា​ផ្នែក​មួយ​នៃ​សិទ្ធិ​មនុស្ស​ជាស​កល​ផងដែរ ខណៈដែល​កម្ពុជា ជា​ប្រទេស​បញ្ជូន​ពលករ​ទៅធ្វើ​​ការ​នៅ​ប្រទេសក្រៅ​មានដូចជា ប្រទេស​ថៃ កូរ៉េ ជប៉ុន និង​ម៉ាឡេស៊ី​ជាដើម​។​

​លោក​បាន​ឱ្យដឹងទៀតថា ក្រៅពីនេះ​កម្ពុជា​ក៏​ជា​ប្រទេស​ទទួល​ពលករ ឬ​ទេសន្តរប្រវេសន៍​ម​ក​ធ្វើការ​ក្នុងប្រទេស​ខ្លួន​ដែរ ហើយ​កន្លងមក​កម្ពុជា ធ្លាប់​ទទួល​ពលករ​ពី​ប្រទេស​មី​យ៉ាន់​ម៉ា ចិន និង​បង់​ក្លា​ដែ​ស ដើម្បី​បំពេញការងារ​ក្នុង​វិស័យ​សំណង់ ហេតុនេះ​វា​ជា​រឿង​មួយ​ចាំបាច់​ដែល​កម្ពុជា​ត្រូវអនុវត្ត​កតិកាសញ្ញា​ពិភពលោក​នេះ សម្រាប់​គោរព និង​លើកកម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍​។​

​លោក​ថ្លែងថា​៖ «​យើង​មើលឃើញ​ពលករ​យើង​ដែល​ទៅធ្វើ​ការ​នៅ​ថៃ ឬក៏​ម៉ាឡេស៊ី តែងតែ​ទទួលរង​ការ​​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ហ្នឹង​ច្រើន ខណៈដែល​កម្ពុជា​ផ្ដោត​តែ​ការចុះ​ MoU លើ​ជំនួញ​ទេ មិនដែល​ចរចា​លក្ខខណ្ឌ​កិច្ច​គាំពារ​លើកកម្ពស់​សិ​ទ្ធិ​ពលករ​ទេសន្តរប្រវេសន៍​ឡើយ​។ អ៊ី​​ចឹ​ង បើសិនជា​យើង​អាចអនុវត្ត​អា​ហ្នឹង​ឱ្យបាន​ប្រសិទ្ធភាព មានន័យថា យើង​បាន​កាត់បន្ថយ​ហានិភ័យ​នៃ​ការកេងប្រវ័ញ្ច​»​។​

​លោក មឿ​ន តុលា បន្ថែមថា កាល​ណា​មិនមែន​ការកេងប្រវ័ញ្ច ឬ​បញ្ហា​ទៅលើ​ពលករ​ទេសន្តរប្រវេសន៍ វា​ក៏​ជួយ​លើកកម្ពស់​មុខមាត់​កម្ពុ​ជា​នៅលើ​ឆាក​អន្តរជាតិ​ឱ្យបាន​ប្រសើរឡើង ជាពិសេស​វា​ក៏​កសាង​ទំនុកចិត្ត​ទៅដល់​ទាំង​ប្រទេស​ទទួល ហើយ​ប្រ​ទេស​ដែល​បញ្ជូន​ផងដែរ​៕