​ភ្នំពេញៈ ​នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​អង្គភាព​កម្ចាត់មីន​កម្ពុ​ជា ​(CMAC) និង​អាជ្ញាធរ​សកម្ម​ភាព​មីន​ប្រទេស​ឡាវ ​(NRA) ភាគី​ឡាវ បានបង្ហាញ​ចំណាប់​អារម្មណ៍​ចង់​សិក្សា​ស្វែងយល់​ពី​រចនាសម្ព័ន្ធ និង​ដំណើរការ​ប្រតិបត្តិការ​ក្នុង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​ដែល​អនុវត្តបាន​ជោគជ័យ​នាពេល​កន្លងទៅ​។​


​ការលើកឡើង​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ហេង រតនា ប្រតិភូ​​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) និង​លោក​ Chomyaeng Phengthongsawat អគ្គនាយក​អាជ្ញាធរ​សកម្មភាព​មីន​ប្រទេស​ឡាវ ​(NRA)​ និង​គណៈប្រតិភូ កាលពី​ថ្ងៃទី ​១ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់ CMAC​។​

CMAC បាន​លើកឡើងថា​៖ «​តាមរយៈ​នៃ​ជំនួប​ពិភាក្សា​នេះ ភាគី​ឡាវ​មានបំណង​សិក្សា​ស្វែង​យល់​ពី​រចនាសម្ព័ន្ធ នីតិវិធី និង​គោលការណ៍​នៃ​ដំណើរការ​ប្រតិបត្តិការ​ក្នុង​វិស័យ​សកម្ម​ភាព​របស់​អង្គភាព​ស៊ីម៉ាក់​ដែលជា​ស្ថាប័ន​ជាតិ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​»​។​


​ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក Chomyaeng Phengthongsawat​ ក៏បាន​ស្នើ​សុំឱ្យ​មានការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សន​កិច្ច​ទៅវិញទៅមក​រវាង​អង្គភាព​ទាំង​២​នៅពេល​អនាគត និង​បាន​អញ្ជើញ​ប្រតិភូ និង​មន្ត្រី​ជំនាញ​អង្គភាព CMAC ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាជ្ញាធរ​សកម្មភាព​មីន​ប្រទេស​ឡាវ​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​។​

​ទាក់ទង​នឹង​ជំនួប​នេះ លោក​ ហេង រតនា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ដដែល​នោះ​ថា ប្រតិភូ​នៃ​អាជ្ញា​ធរ សកម្មភាព​មីន​ប្រទេស​ឡាវ​ (NRA)​បាន​ជួបពិភាក្សា និង​ចែករំលែក​បទពិសោធន៍​គ្នា ជា​ពិសេស​ភាគី​ឡាវ​មានបំណង​ចង់​រៀនសូត្រ​ពី​ CMAC ក្នុងការ​ជំរុញ​ការគ្រប់គ្រង​ការងារ និង​ការធានា​គុណភាព​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ជាដើម​។​


​លោក​បាន​បញ្ជាក់ថា​៖ «​កន្លងមកនេះ យើង​បានផ្តល់​ការ​ហ្វឹក​ហ្វឺ​ន​ជាពិសេស​ដល់​ភាគី​ឡាវ ហើយ​នៅក្នុង​ការងារ​ហ្វឹកហ្វឺន​នេះដែរ​នៅ​ចុងឆ្នាំ​ ២០២៣​ នេះ យើង​នឹង​ឈានដល់​ដំណាក់​កាល​ទី​៣ ​ហើយ ហើយ​គាត់​បាន​សំណូមពរ​ឱ្យ​យើង​បន្ត​ជួយ​ពង្រឹងសមត្ថភាព​ធនធាន​របស់ ​NRA របស់គាត់​បន្តទៀត​ដែរ​»​។​

​បើតាម​ការបញ្ជាក់​ពី​លោក ហេង រតនា កម្ពុជា​បាន​បញ្ជូន​កម្លាំង​របស់ CMAC ទៅ​ហ្វឹក​​ហ្វឺ​ន​ជា​ហូរហែ​នៅ​ប្រទេស​ឡាវ ហើយ​ខាង​ភាគី​ឡាវ​ក៏បាន​បញ្ជូន​មន្ត្រី​ជំនាញ​របស់គាត់​មក​ហ្វឹក​ហ្វឺ​ន​នៅ​ប្រទេស​កម្ពុជា​ផ្ទាល់​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​ជាធម្មតា ការកំណត់​យុទ្ធសាស្ត្រ​នៃ​ការងារ​ហ្វឹកហ្វឺន​នេះ​យើង​មាន​ការធ្វើសិក្ខាសាលា ស្តាប់​សំណូមពរ​របស់​ពួកគាត់ ហើយ​និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​គាត់​ទៅតាម​ការ​​ស្នើ​របស់គាត់​តាម​អ្វីដែល​យើង​អាចជួយ​គាត់​បាន​»​។​

​បើតាម CMAC ប្រតិភូ​នៃ​ NRA នឹងមាន​ដំណើរ​ទស្សន​​កិច្ច​នៅ​ការដ្ឋាន​បោសសម្អាត​មីន​នៅ​ខេត្តបាត់ដំបង ដើម្បី​ស្វែងយល់​បន្ថែម​ពី​កិច្ច​ប្រតិបត្តិ​ការ​បោសសម្អាត​មីន​របស់​អង្គ​ភាព​ស៊ីម៉ាក់​ផងដែរ​៕