​ភ្នំពេញៈ គណៈសង្ឃ​នាយក​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បានចេញ​សេចក្តី​ ណែនាំ​ដល់​ព្រះសង្ឃ​បព្វជិត​ពុទ្ធសាសនា​ដែល​កំពុង​ប្រើប្រាស់​បណ្តាញ​សង្គម​ឱ្យ​បញ្ឈប់​ការផ្សព្វផ្សាយ​និង​ចែកចាយ​ព័​ត៌​មាន​អវិជ្ជមាន ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ពុទ្ធសាសនា​និង​សង្គមជាតិ​។​


​សេចក្តីណែនាំ​ស្តីពី​វិធានការ​ទប់ស្កាត់​ការផ្សព្វផ្សាយ​និង​ការចែក​ចាយ​ព័​ត៌​មាន​អវិជ្ជមាន​របស់​ព្រះសង្ឃ​បព្វជិត​ពុទ្ធ​សាសនា​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​ ១​ ខែវិច្ឆិកា ក្នុង​បរិការណ៍​ដែល​ប្រជា​ពុទ្ធ​បរិ​​ស័​ទ​ខ្មែរ​បាននិងកំពុង​គោរព​ប្រតិបត្តិ​ដោយ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ចូលរួម​ថែរក្សា ការពារ និង​អភិរក្ស ព្រមទាំង​លើកកម្ពស់​វិស័យ​ពុទ្ធសាសនា ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​មាត្រា​ ៤៣ ថា «​ពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​»​។

​ទន្ទឹមនឹង​វឌ្ឍនភាព​នៃ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទំនើប​នាពេល​កន្លងមក ក៏​ដូច បច្ចុប្បន្ន គណៈសង្ឃ​នាយក​កម្ពុជា​បាន​សង្កេតឃើញថា ព្រះសង្ឃ​បព្វជិត​ពុទ្ធសាសនា​មួយចំនួន កំពុងតែ​យក​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដូចជា​ហ្វេ​ស​ប៊ុ​ក តិកតុក យូ​ធូប គេហទំព័រ​ជាដើម ដើម្បី​ផ្សព្វផ្សាយ និង​ចែកចាយ​រូបភាព សារ​ជា​អក្សរ សំឡេង និង​វីដេអូ​ប្រាសចាក​ក្រមសីលធម៌ វិន័យ​សង្ឃ និង​ច្បាប់​រដ្ឋ ព្រមទាំង​បាន​វាយប្រហារ ដៀមដាម​ពី​បុគ្គល​ម្ខាង​ទៅ​បុគ្គល​ម្ខាង​ទៀត​ដែល​កំពុង​ប្រណិប័តន៍ អនុវត្ត​ជំនឿ​និង​រក្សា​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​ពី​បុរាណ​រៀងមក​។​


​គណៈសង្ឃ​សង្កត់ធ្ងន់ថា​៖ «​ករណីនេះ​ជាហេតុ​បច្ច័យ​បង្កឱ្យមាន​ផល​ប៉ះ​ពាល់​ដល់​តម្លៃ​ពុទ្ធសាសនា​តម្លៃ ព្រះ​សង្ឃ​ទូទៅ ទំនៀមទម្លាប់​ប្រពៃណី អត្ត​សញ្ញាណ និង​កិត្យានុភាព​ជាតិខ្មែរ ពុំ​អាច​ទទួលយក​បានឡើយ​»​។​

​ហេតុនេះ​ដើម្បី​ចៀសវាង​ផលប៉ះពាល់​និង​ឥទ្ធិពល​អាក្រក់​ដល់​តម្លៃ​ពុទ្ធ​សា​សនា ប្រពៃណី​ទំនៀមទម្លាប់ សីលធម៌​សង្គម គណៈសង្ឃ​សូម​ណែនាំ​ដល់​ព្រះ​សង្ឃ​បព្វជិត​ពុទ្ធសាសនា​មួយចំនួន​តូច ដែល​កំពុងស្ថិត​ក្នុងស្ថានភាព​ប្រាស​ចាក​វិន័យ​សីលធម៌ ហើយ​ប្រើប្រាស់​បណ្តាញ​សង្គម បញ្ឈប់​នូវ​រាល់​ការ​ផ្សព្វ​ផ្សាយ​និង​ចែកចាយ​ព័ត៌មាន​អវិជ្ជមាន និង​អកុសល ក្នុងនោះ​រួមមាន​សារ​ជា​អក្សរ សារ​ជា​សំឡេង និង​វីដេអូ ព្រម​ទាំង​សារ​មាន​ចរិតលក្ខណៈ​ញុះញង់​បំបែក​​បំបាក់​សាមគ្គីភាព​ឱ្យខាងតែបាន​»​។​


​ពាក់ព័ន្ធ​នឹង​ករណីនេះ ប្រធាន​សមា​គម​អតីត​អ្នកបួស​ខ្មែរ លោក ហឿន​ សំនៀង​នៅ​ថ្ងៃទី​ ២ ខែវិច្ឆិកា បាន​ថ្លែង​គាំទ្រ​ចំពោះ​ការណែនាំ​នេះ ដោយ​លោក​ថា គណៈសង្ឃ​គឺ​គ្រប់គ្រង​ព្រះសង្ឃ​ជាង ​៦ ​ម៉ឺន​អង្គ​។​លោក​បន្តថា ការចេញ​សេចក្តីណែនាំ​នេះ​គឺជា​ការជួយ​ពង្រឹង​វិន័យ​សង្ឃ ក្រើនរំឭក និង​តម្រង់ទិស​ដល់ ព្រះសង្ឃ​បព្វជិត​ពុទ្ធសាសនា​ឱ្យ​ចេះ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ប្រកបដោយ​ភាពត្រឹមត្រូវ កុំឱ្យ​ប៉ះពាល់ និង​ខាត​ប្រយោជន៍​ជាតិ​។​

​លោក​ថា​៖ «​កន្លងមក​យើង​ឃើញថា ព្រះសង្ឃ​បព្វជិត​ពុទ្ធសាសនា មាន​វ័យ​ក្មេង និង​មាន​មួយចំនួន​តូច​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា ហើយ​មិន​ត្រឹមតែ​ព្រះសង្ឃ​ក្មេងៗ​មួយចំនួន​ប្រើប្រាស់​បណ្តាញ​សង្គម​ដែល​ជះ​ឥទ្ធិ​ពល​ដល់​សង្គម​នោះទេ ក្នុងនោះ​ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួន ក៏បាន​ធ្វើការ​​ចែកចាយ​រូបភាព​អវិជ្ជមាន​ពី​ព្រះពុទ្ធ​​សាសនា​ដែរ​។​ហេតុនេះ​ខ្ញុំ​សូម​សំណូម​ពរ​ឱ្យមាន​ការប្រើប្រាស់​បណ្តាញ​សង្គម​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀស​​វាង​ផលប៉ះពាល់​អវិជ្ជមាន​ណាមួយ​ដល់​សង្គមជាតិ​»​។​

​ជាមួយគ្នានេះ គណៈសង្ឃ​នាយក​កម្ពុជា​ក៏បាន​ណែនាំ​ដល់​ព្រះ​មេគណ​​គ្រប់​រាជធានី​-​ខេត្ត ព្រះគ្រូ​អនុគណ​គ្រប់​ក្រុង​-​ស្រុក​-​ខណ្ឌ​និង​ព្រះចៅអធិការ​គ្រប់​វត្ត​អារាម​ធ្វើការ​ណែនាំ​ព្រះសង្ឃ​បព្វជិត ពុទ្ធសាសនា​ខ្មែរ​ទាំងអស់​ទូទាំងប្រទេស ដែល​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ឱ្យ​ផ្សព្វផ្សាយ​និង​ចែកចាយ​ព័​ត៌​មាន តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដូចជា សារ​ជា​សំឡេង​សារ​ជា​អក្សរ​និង​សារ​ជា​វីដេអូ​ប្រកបដោយ​ការអប់រំ ឱ្យ​ប្រព្រឹត្ត​ល្អ​និង​ការអប់រំ​សីលធម៌ សុជីវធម៌ ក្នុង​ផ្លូវ​វិជ្ជមាន​ព្រមទាំង​កុសល​តែ​ម្យ៉ាង សំដៅ​នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ពុទ្ធ​សាសនា​និង​សង្គមជាតិ​ផងដែរ​។​

​គណៈសង្ឃសង្ឃឹមថា បន្ទាប់ពី​បានទទួល​សេចក្ដីណែនាំ​នេះ ព្រះ​មេគណ​គ្រប់​រាជធានី​-​ខេត្ត ព្រះគ្រូ​អនុគណ​គ្រប់​ក្រុង​-​ស្រុក​-​ខណ្ឌ​ និង​ព្រះចៅអធិការ​គ្រប់​វត្ត​អារាម​ទូទាំងប្រទេស សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​រាជ​ធានី​-​ខេត្ត​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​អនុវត្ត​នូវ​ខ្លឹមសារ​នៃ​សេចក្តី​ណែនាំ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់បំផុត​៕