តាមរយៈវិធានការធ្វើតេស្តរកសារធាតុញៀនដែលត្រូវបានប្រកាសដាក់ចេញនាពេលកន្លងមកនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានរកឃើញមន្ត្រីនគរបាលចំនួន ១១ នាក់ ដែលជាអ្នកប្រើប្រាស់គ្រឿងញៀន។
សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មានការចែករំលែកព័ត៌មានមិនច្បាស់លាស់លើបណ្តាញសង្គមស្តីពីការឃាត់ខ្លួនមន្ត្រីនគរបាលខេត្តព្រៃវែងចំនួន ១១ នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន បញ្ជូនទៅមណ្ឌលស្តារនីតិសម្បទាព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន។
ពាក់ព័ន្ធខ្លឹមសារនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា «ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា ចាប់ពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកយុទ្ធនាការ ធ្វើតេស្ដស្វែងរកសារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ បណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ វរនគរបាលការពារព្រំដែនលេខ ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦ និងមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង»។
ក្នុងសេចក្តីប្រកាសនេះបញ្ជាក់ថា ជាលទ្ធផលគិតត្រឹមថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ ក្រុមការងារបានស្វែងរកឃើញមន្ត្រីនគរបាល ដែលជាអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ១១ នាក់។
បើតាមស្នងការដ្ឋាននគរបាលខេត្ត មន្ត្រីនគរបាលទាំង ១១ នាក់នោះ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ដោយឡែក ចំពោះរូបភាពអនុវត្តវិន័យយ៉ាងណានោះ ស្នងការដ្ឋាននគរបាលខេត្ត នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត តាមគោលការណ៍សម្រេចពីថ្នាក់ដឹកនាំនាពេលក្រោយ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានថ្លែងអំណរគុណ និងត្រៀមជាស្រេចដោយក្តីរីករាយ ដើម្បីទទួលរាល់កិច្ចសហការ មតិរិះគន់ស្ថាបនាពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសតាមបណ្ដាញសារព័ត៌មាន ដែលកន្លងមកបានចូលរួមសហការ និងបន្តសហការក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ព្រមទាំងសម្រិតសម្រាំងដល់មន្ដ្រីនគរបាលខេត្តព្រៃវែង។
ពាក់ព័ន្ធគ្រឿងញៀនេះដែរ អគ្គនាយកដ្ឋានពន្ធនាគារ កាលពីខែកញ្ញា ឆ្នាំ ២០២៣ បានសម្រេចដាក់ចេញនូវវិធានការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីពន្ធនាគារជាទូទៅ និងជនជាប់ឃុំ ដែលមានការសង្ស័យប្រើប្រាស់គ្រឿងញៀនក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់នៅតាមពន្ធនាគារនានា គ្មានចរាចរណ៍គ្រឿងញៀន។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក ធ្លាប់បានថ្លែងប្រាប់ជុំវិញវិធានការនេះថា ការធ្វើប្រតិបត្តិការចុះត្រួតពិនិត្យរកសារធាតុញៀននៅក្នុងស្ថាប័ននីមួយៗ វាគឺជារឿងមួយផ្នែកតូចនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺអាជ្ញាធរ កម្លាំងសមត្ថកិច្ចត្រូវធ្វើយ៉ាងណាឱ្យមានវិធានការយ៉ាងម៉ឺងម៉ាត់ បង្ក្រាបការជួញដូរ ឬទប់ស្កាត់ការចរាចរគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា៕