ក្រសួង​អប់រំ យុវជន និងកីឡា បានប្រកាស​ហាមយក​រូបសញ្ញា​អប់រំ យុវជន និងកីឡា ទៅដាក់តាំង​បង្ហាញ​នៅតាម​ទីសាធារណៈ ក្នុងបដា​នៃកិច្ច​ពិធីការផ្សេងៗ លើឯកសារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និងឯកសារ​រដ្ឋបាល​ផ្សេងៗ ដោយមិនមាន​ការអនុញ្ញាត​ពីក្រសួង ដើម្បី​ចៀសវាង​ការភាន់ច្រឡំ។


យោងតាម​សេចក្តីណែនាំ​របស់​ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ សង្កេតឃើញ​ថា កន្លងមកនេះ មានរូបវន្តបុគ្គល ឬ នីតិបុគ្គល មួយចំនួនតូច​បានយករូប​សញ្ញា​អប់រំ យុវជន និងកីឡា ទៅដាក់តាំងបង្ហាញនៅតាម​ទីសាធារណៈ ក្នុងបដា​នៃកិច្ច​ពិធីការផ្សេងៗ លើ​ឯកសារផ្សព្វផ្សាយ​ពាណិជ្ជកម្ម និងឯកសាររដ្ឋបាល​ផ្សេងៗ ព្រមទាំង​ដាក់ជា Profile Facebook, Telegram ឬ កម្មវិធី​ទំនាក់ទំនង​សង្គមផ្សេងៗ ដោយមិនបាន​ស្នើសុំ​ការអនុញ្ញាត​ជាមុន ពីក្រសួង ដែលព័ត៌មាន​មួយចំនួន​ធ្វើឱ្យ​មានការយល់ច្រឡំ​ពីសាធារណជន និងប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យអប់រំ យុវជន និងកីឡា។

ក្រសួង​បញ្ជាក់ទៀតថា ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព នៃការប្រើប្រាស់​រូបសញ្ញាអប់រំ យុវជន និងកីឡា ក្រសួង បានណែនាំថា «គ្រប់ការ​ដាក់តាំងបង្ហាញ​រូបសញ្ញា​អប់រំ យុវជន និងកីឡា នៅតាម​ទីសាធារណៈ ក្នុងបដា ពិធីការផ្សេងៗ លើឯកសារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ផ្សព្វផ្សាយ​ព័ត៌មាន និងឯកសារដ្ឋបាល​ផ្សេងៗ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវស្នើ​សុំការអនុញ្ញាត​ពីក្រសួង​អប់រំ យុវជន និងកីឡា ឬ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តជាមុនតាម​នីតិវិធី»។


ជាមួយគ្នានេះ​ក្រសួង ក្រើនរំឭកចំពោះ រូបវន្តបុគ្គល ឬ នីតិបុគ្គល ទាំងឡាយណា ដែលបាន​យករូបសញ្ញា​អប់រំទៅ​ដាក់តាំងជា Profile Facebook, Telegram ឬ កម្មវិធី​ទំនាក់ទំនង​សង្គមផ្សេងៗ ត្រូវបញ្ឈប់​ការប្រើប្រាស់ និងដកចេញ​ជាបន្ទាន់។

ក្រសួង​បញ្ជាក់ថា ទំព័រ Facebook (MoEYS Cambodia, https://www.facebook.com/moeys.gov.kh)ដែលមាន​សញ្ញាធីកពណ៌ខៀវ​ពីក្រុមហ៊ុន Facebook និង Channel Telegram (ព័ត៌មាន​អប់រំ យុវជន និងកីឡា-MoEYS News https://t.me/moeysnews) ដែលសញ្ញា​ធីកពណ៌ខៀវ​ពីក្រុមហ៊ុន Telegram ជាប្រព័ន្ធ​ទំនាក់ទំនង​ផ្លូវការ របស់​ក្រសួង​អប់រំ យុវជន និងកីឡា ដែលមាន​សិទ្ធិប្រើប្រាស់​រូបសញ្ញា​អប់រំ យុវជន និង កីឡា។


ក្រសួង​សង្ឃឹម​ថា រូបវន្តបុគ្គល នីតិបុគ្គល និងសាធារណជន​ទាំងអស់​ជ្រាប និងចូលរួម​អនុវត្តតាម​សេចក្ដីណែនាំ​នេះ ឱ្យមាន​ប្រសិទ្ធភាព​ដោយស្មារតីទទួលខុស​ត្រូវ​ខ្ពស់។

ជុំវិញបញ្ហា​នេះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួង​អប់រំ យុវជន និងកីឡា នៅថ្ងៃទី៤ ខែតុលានេះ បានបញ្ជាក់បន្ថែម​ថា សេចក្តីណែនាំរបស់ក្រសួងនេះ​ឆ្លើយតបទៅនឹង​សកម្មភាព​នាពេលកន្លងទៅ មានបុគ្គល​មួយចំនួន បានយក​រូបសញ្ញា​របស់​ក្រសួងអប់រំ យុវជន និងកីឡា ទៅប្រើប្រាស់​នៅក្នុងពិធីផ្សេងៗ ជាពិសស​មានឃើញ​នៅក្នុង​គេហទំព័រ និងបណ្តាញសង្គម​មួយចំនួន​ដែលមានការផ្សព្វផ្សាយ​ព័ត៌មាន ជាពិសេស​វិញ្ញាសា​ជុំវិញ​ដំណើរការប្រឡង​ទុតិយភូមិ នៅឆ្នាំនេះ ជាដើម។

លោកស្រី​សង្កត់ធ្ងន់​ថា៖«ក្រសួង​ចង់បញ្ជាក់​ប្រាប់​ទៅសាធារណជន​ផងដែរ​ថា ក្រសួង​អប់រំ នាពេលបច្ចុប្បន្ន​នេះ មានគេ​ហេទំព័រ​ផ្លូការ MoEYS Cambodiaក៏ដូចជា​មាន Channel Telegram ទាក់ទងនឹង​ព័ត៌មាន​អប់រំ យុវជន និងកីឡា តែមួយទេ ដែលបាន​ដាក់ Logoរបស់ក្រសួង»។

លោកស្រីបន្ថែម​ថា៖«ដូច្នេះ ឯកសារណែនាំ​នេះ ដើម្បី​ជូនដល់​សាធារណជន ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ដូចគ្នា ក៏ដូចជាណែនាំ​ទៅកាន់បុគ្គល​នានា​ដែលកំពុងប្រើប្រាស់ Logo របស់​ក្រសួង ដោយមិនបាន​ស្នើសុំ​ប្រើប្រាស់ ហើយបើ​ក្នុងករណីស្នើ​សុំ​ប្រើប្រាស់នៅ​លើឯកសារណាមួយ ឬកន្លែងណាមួយ​ត្រូវតែមានការស្នើសុំ​ការអនុញ្ញាត​ពីក្រសួង​អប់រំ យុវជន និងកីឡា»៕