រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានជំរុញ និងស្នើ​ដល់ភាគី​ពាក់ព័ន្ធ​គ្រប់វិស័យ ទាំងវិស័យ​សាធារណៈ វិស័យ​ឯកជន និងអង្គការក្រៅ​រដ្ឋាភិបាល ផ្តល់ឱកាស​ការងារ​កាន់តែច្រើន ដល់ជន​មានពិការភាព ខណៈតំណាង​ជនមាន​ពិការភាពលើកឡើង​ថា ចំនួន​ជនមាន​ពិការភាព​ដែលធ្វើការនៅ​តាមស្ថាប័ន​ទាំងនេះ​នៅមាន​កម្រិតនៅឡើយ។


នាពិធី​ប្រកាសបើក​វេទិកា​ជាតិការងារ និងមុខរបរ​សម្រាប់​ជនមាន​ពិការភាពឆ្នាំ២០២៣ កាលពី​ថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២៣ លោកឯម ច័ន្ទមករា បានថ្លែងថា វេទិកា​ជាតិការងារ និងមុខរបរ​សម្រាប់​ជនមាន​ពិការភាព​ឆ្នាំ២០២៣ គឺវេទិកា​សំខាន់មួយ​ក្នុងការធ្វើ​វិនិយោគ​លើជន​មានពិការភាព សំដៅ​ជំរុញនូវទិដ្ឋភាព​គួរឱ្យ​ចាប់អារម្មណ៍ ដែលបាន​ផ្តល់នូវ​កន្លែងទីផ្សារ​សម្រាប់​ជនមានពិការភាព ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការប្រកួតប្រជែង​ស្មើសិទ្ធិ ដើម្បីទទួលបាន​ការងារធ្វើ​តាមស្ថាប័ន​រដ្ឋ និងឯកជន។

លោកបានបញ្ជាក់​ដូច្នេះថា៖«វេទិកានេះ គឺជាឱកាស​ដ៏ល្អមួយ ក្នុងការជួបជុំគ្នា ដើម្បី​ពិភាក្សាអំពី​របៀប​ដែលយើងអាច​ច្នៃប្រឌិត​បាន ដើម្បីរួមគ្នា​សហការឈានទៅ​សម្រេចឱ្យ​ខានតែបាន នូវលទ្ធផលល្អ​បំផុត​សម្រាប់ទីផ្សារ​ការងារជូន​ជនមាន​ពិការភាព​គ្រប់ប្រភេទ។ទន្ទឹមនឹងនេះ​ការធ្វើ​បរិយាបន្ន​សម្រាប់​ជនមានពិការភាព​មានន័យថា យើងត្រូវតែ​ធ្វើអ្វីៗ​គ្រប់យ៉ាង ដើម្បី​ធានាថា ជីវិតរបស់​ជន​មានពិការភាព គឺមានឱកាស​ជោគជ័យដូចគ្នា​នឹងជីវិត​របស់​ជនមិនមាន​ពិការភាព​ផងដែរ»។


ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋលេខាធិការ បានជំរុញ​ឱ្យភាគី​ពាក់ព័ន្ធ​គិតគូរបន្ថែមទៀត​ដល់​ជនមាន​ពិការភាព មានដូចជា ការលើកកម្ពស់​ការយល់ដឹងអំពីឱកាស​ការងារ, ការអភិវឌ្ឍ​អាជីវកម្ម​សម្រាប់​ជនមាន​ពិការភាព, និងកិច្ចសហប្រតិបត្តិការ ដែលផ្អែក​លើការប្រមូល​ព័ត៌មាន​រវាងដៃគូ​អនុវត្ត​គម្រោង ពិសេស​បង្កើតរូបមន្តមួយ​គឺ ការណែនាំ​សម្រាប់​ការអនុវត្ត​ល្អបំផុត។

លោក សូ សៀងសុឃីម តំណាងឱ្យ​ជនមាន​ពិការភ្នែក ដែលបានចូលរួម​ក្នុងវេទិកានេះ បានឱ្យដឹងដែរ​ថា លោកចង់ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពិចារណា រកលទ្ធភាពធ្វើ​យ៉ាងណា ធ្វើការស្រាវជ្រាវ​អំពីជំនាញ​ឬមុខជំនាញ ឬប្រភេទ​ការងារណាដែល​សមស្របសម្រាប់​ពិការភាព​នីមួយៗ។


លោកបានបញ្ជាក់បែប​នេះថា៖«ខ្ញុំបាន​សង្កេត​ថា ថ្វីដ្បិតតែ ភាគីពាក់ព័ន្ធ​បានខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំងក្នុង​ការជួយដល់​ជនមាន​ពិការភាព ដើម្បី​ទទួលបានឱកាស​ការងារមួយ​សមរម្យ។ប៉ុន្តែទោះជាយ៉ាងណា​នៅតែមានកម្រិត​នៅឡើយ ចំពោះ​ចំនួនបុគ្គលិក​ជាជនមាន​ពិការភាព​នៅតាម​ស្ថាប័ន​ទាំងនោះ។ដូច្នេះខ្ញុំស្នើថា ជនមានពិការភាព គួរត្រូវទទួលបានឱកាសកាន់តែច្រើនក្នុងការទទួលបាន​ការងារធ្វើ ដែលស័ក្តិសម​នឹងសមត្ថភាព​និងលទ្ធភាព​របស់ខ្លួន ដូចជន​មិនមាន​ពិការភាពដែរ»។

បើតាមក្រសួង​សង្គមកិច្ច ស្ថាប័នរដ្ឋ​មានជនមាន​ពិការភាព​បម្រើការងារប្រមាណជាង ៣៦០០ នាក់, វិស័យ​ឯកជនមាន​ជាង ៥០០០ នាក់ ខណៈក្រសួង​កំពុងជំរុញបន្ថែមទៀត ក្នុងការជួយ​ដល់ជនមាន​ពិការភាព​ឱ្យមាន​ឱកាស​បំពេញកិច្ច​ការងារ តាមលទ្ធភាព និងសមត្ថភាព​របស់​ខ្លួន ដូចអ្នកដទៃដែរ។

សូមជម្រាប​ថា ក្រសួង​សង្គមកិច្ច ទើបតែបាន​ប្រកាសដាក់​ឱ្យប្រើប្រាស់​បណ្ណ​សម្គាល់​ជនមាន​ពិការភាព ដល់ជនមាន​ពិការភាព ដើម្បី​លើកកម្ពស់​ផលប្រយោជន៍​ជនមាន​ពិការភាព​តាមប្រព័ន្ធ​គាំពារសង្គម សេវាសង្គម​ផ្សេងទៀត ប្រកបដោយ​សមធម៌ និងបរិយាបន្ន ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល។ បណ្ណនេះ អាចបង្ក​លក្ខណៈងាយស្រួល​ដល់បងប្អូន​ជនមានពិការភាព​ក្នុងការស្វែងរក​ការងារធ្វើ ដែលកត្តានេះ អាចនឹង​ជំរុញកំណើន​អត្រាមានការងារ​ធ្វើរបស់​ជនមាន​ពិការភាព។

បើតាមរបាយ​ការណ៍ គិតមកដល់​ឆ្នាំ២០២៣នេះ កម្មវិធី​ផ្តល់ប្រាក់​របប​គោលនយោបាយ​ចំពោះជនក្រីក្រ​តាមសហគមន៍​ពង្រីកបាន ២៥ រាជធានីខេត្ត ស្មើនឹង ៦០ ក្រុង-ស្រុក-ខណ្ឌ ដែលជនពិការក្រីក្រ​តាមសហគមន៍​ទទួលរបប ១៩៨៧៤ នាក់ ហើយបណ្ណ​សម្គាល់ជន​មានពិការភាព​នេះ ត្រូវបានផ្តល់​ជូនដោយឥតគិតថ្លៃ​ដល់ប្រជាពលរដ្ឋ​កម្ពុជា៕