ច្បាប់​ស្តីពី​ការបង្កើត​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ចេញ​ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​ជា​ប្រញាប់ កាលពី​ថ្ងៃទី​ ២ ខែ​វិ​ច្ឆ​កា ឆ្នាំ​ ២០២៣ ដែល​រដ្ឋលេខាធិការដ្ឋាន​នេះ មាន​សមត្ថ​កិច្ចដឹកនាំ និង​គ្រប់គ្រង​គ្រប់​វិស័យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​។​


​ព្រះមហាក្សត្រ ទ្រង់​បានចេញ​ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​ជា​ប្រញាប់​នេះ បន្ទាប់ពី​ស្ថាប័ន​រដ្ឋសភា​បានអនុម័ត​កាលពី​ថ្ងៃទី ​៩ ខែតុលា ឆ្នាំ​ ២០២៣ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៧ ហើយ​ព្រឹទ្ធសភា​បាន ពិនិត្យ​ចប់សព្វគ្រប់​លើ​ទម្រង់​ និង​គតិ​ច្បាប់​នេះ​ទាំងស្រុង​កាលពី​ថ្ងៃទី ​១៧ ខែតុលា ឆ្នាំ ​២០២៣ នា​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១១ នីតិកាល​ទី​៤ ព្រមទាំង​ត្រូវបាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រកាសថា​ស្រប​នឹង​រដ្ឋធម្មនុញ្ញ ក្នុង​សេចក្តីសម្រេច​លេខ​ ២២៧/០០៩/២០២៣ កប​ធ​.​ច ចុះ​ថ្ងៃទី​ ២៤ ខែតុលា ឆ្នាំ​ ២០២៣​។​

​នៅក្នុង​ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​បាន​បង្ហាញថា​៖ «​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ត្រូវ​ដឹកនាំ ​និង​គ្រប់គ្រង​ដោយ​រដ្ឋមន្ត្រី​មួយរូប អមដោយ​រដ្ឋលេខាធិកា​រ​និង​អនុរដ្ឋលេខាធិការ​មួយចំនួន តាម​ការចាំបាច់​។ រដ្ឋលេខាធិការ​និង​អនុរដ្ឋលេខាធិការ​បំពេញ​ភារកិច្ច​តាម​ការប្រគល់​ពី​រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រ​អាកាសចរណ៍​ស៊ីវិល​។ ក្នុងការ​អនុវត្ត​សមត្ថកិច្ច​របស់ខ្លួន រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​ទទួលខុស​ត្រូវចំ​ពោះ​នាយករដ្ឋមន្ត្រី​និង​ចំពោះ​រដ្ឋសភា​»​។


​លោក​ ស៊ីន ច័ន្ទ​សេរី​វុត្ថា អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​ ២០២៣​ នេះ​ថា មិនមាន​អ្វី​ប្រែប្រួល​សម្រាប់​ភារកិច្ច​ការងារ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​នោះទេ អ្វីដែល​ប្រែប្រួល​នោះ​គឺមាន​មួយ​ប៉ុណ្ណោះ គឺ​កាលពីមុន​អាកាសចរណ៍​ស៊ីវិល​ត្រូវ​នៅក្រោម​ចំណុះ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​លោក​បាន​បញ្ជាក់ថា​៖ «​កាលពី​អតីតកាល គឺ​យើង​ស្ថិតនៅក្រោម​ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំ​ដោយ​រដ្ឋលេខាធិការ​មួយរូប ប៉ុន្តែ​ពេលនេះ​គឺមាន​ការផ្លាស់ប្តូរ ដោយ​យើង​មិន​ស្ថិតនៅក្រោម​ចំណុះ​របស់​ទីស្តីការ​ទៀត​ទេ គឺ​យើង​ស្ថិតនៅក្រោម​រាជរដ្ឋាភិបាល​ដោយផ្ទាល់​តែម្តង ដូច​ក្រសួង​ស្ថាប័ន​ដទៃទៀត​ដែរ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​មួយរូប​»​។​


​តាមច្បាប់​ស្តីពី​ការបង្កើត​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិលបាន​បញ្ជាក់ថា រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល មាន​សិទ្ធិ​ចេញប្រកាស សេចក្តីសម្រេច សារាចរ និង​សេចក្ដីណែនាំ​នានា ស្របតាម​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី​។

​ស្ថាប័ន​នេះ ក៏មាន​កញ្ចប់​ថវិការ​បស់​ខ្លួន​ដែល​ផ្គត់ផ្គង់​ដោយ​ថវិកាជាតិ​ និង​មាន​មន្ត្រីរាជការ​ក្របខ័ណ្ឌ​និង​មន្ត្រី​ជាប់កិច្ចសន្យា ដើម្បី​ដំណើរការ​ការងារ​រប​ស់​ខ្លួន ដោយ​អនុលោម​តាមច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​៕​