​សៀមរាបៈ ​ព្រះបាទ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រះរាជបន្ទូល​ថា ការ​ប្រារព្ធ​ព្រះរាជ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ហាល​ខាងលិច ប្រាសាទអង្គរវត្ត ជាការ​បង្ហាញ​ពី​ភាពជោគជ័យ​ជា​ប្រវត្តិ​សាស្ត្រ​ថ្មី ១​ ទៀត នៃ​ទំនាក់ទំនង​ការទូត​ដ៏​ស្អិតល្មួត​រយៈពេល ៧០ ​ឆ្នាំកន្លងមក រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន​ដែល​បានចាប់ផ្តើម​ជា​ផ្លូវការ​ដំបូង​ក្នុង​ឆ្នាំ​ ១៩៥៣​។


​ព្រះមហាក្សត្រ​ទ្រង់មាន​ព្រះរាជបន្ទូល​បែបនេះ ក្នុង​ព្រះ​រាជពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​ហាល​ខាងលិច ប្រាសាទអង្គរវត្ត ដែលជា​ស្នា​ព្រះហស្ត និង​ជា​និមិត្តរូប​ដ៏​ខ្ពង់ខ្ពស់ នៃ​ព្រះមហាវីរក្សត្រ​សម័យអង្គ​រ ព្រះបាទ​សូរ្យ​វរ្ម័នទី២​ កាលពី​ថ្ងៃទី ​៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។

​ព្រះករុណា​បានលើកឡើង​ថា ក្រុម​ការ​ងារ​ជំនាញ​របស់​ប្រទេស​ជប៉ុន​មកពី​សា​កល​វិទ្យាល័យ​សូ​ហ្វី​យ៉ា ដឹកនាំ​ដោយ​លោក យ៉ូ​ស៊ី​អាគី​អ៊ី​ស៊ី​សាវ៉ា ប្រធាន​មជ្ឈមណ្ឌល​អាស៊ី​សិក្សា​ស្រាវជ្រាវ និង​បណ្ដុះបណ្តាល​ធនធានមនុស្ស​នៃ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា បានមក​បំពេញការងា​រពាក់​ព័ន្ធ នឹង​រមណីយដ្ឋាន​អង្គរ​តាំងពី​អំឡុង​ឆ្នាំ ​១៩៨៩​ មក​ម្ល៉េះ គឺ​មុន​ការផ្ដួចផ្ដើម​គំនិត​ដោយ រដ្ឋា​ភិ​បាលជ​ប៉ុន​ក្នុងការ​បង្កើត​អាយ​ស៊ី​ស៊ី ​(ICC)​ អង្គរ នៅ​ឆ្នាំ ​១៩៩៣​។


​ការចាប់​ផ្តើមដំបូង គឺ​ផ្តោតលើ​ការអភិវឌ្ឍ​ធនធានមនុស្ស ផ្នែក​បេតិកភណ្ឌ​វប្បធម៌ និង​បន្តបន្ទាប់ បានធ្វើ​ការបណ្តុះបណ្តាល និង​អភិរក្ស​ដោយផ្ទាល់​ជាមួយ​អ្នកជំនាញ​កម្ពុជា ព្រមទាំង​សារមន្ទីរ​ ព្រះ​នរោត្តម សីហនុ​​អង្គរ កាលពី​ឆ្នាំ​ ២០០៧ ផងដែរ​។ ព្រះអង្គ​មានបន្ទូលថា​៖«​កិច្ចដំណើរការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព​នាពេល​កន្លងមក ពិតណាស់ ផ្តើមចេញពី​ការចូលរួម​របស់​គ្រប់ភាគី​ពាក់ព័ន្ធ​នានា​ទាំង​ជាតិ និង​អន្តរ​ជាតិ ជាពិសេស​ប្រទេស​ជប៉ុន​»​។​

​ក្នុងឱកាស​នោះ​ព្រះមហាក្សត្រ​ទ្រង់​បានលើកឡើង​ពី​ទឹក​ព្រះទ័យ​នៃ​ការយកចិត្ត​ទុក​​ដាក់​ក្នុងការ​ថែរក្សា​សម្បត្តិ​វប្បធម៌​ខ្មែរ ពិសេស​ប្រាសាទអង្គរវត្ត ដោយ​អង្គ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​ផងដែរ​។ ទ្រង់​បញ្ជាក់ថា ព្រះ​បរម​រតន​កោដ្ឋ​តែង​នាំ​ភ្ញៀវ​ដែលជា​ថ្នាក់ដឹកនាំ​ប្រទេស​ជាច្រើន មាន​ព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រធានាធិបតី មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​។ ជាមួយគ្នា​នោះ​ព្រះករុណា បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ប្រទេស​​ជប៉ុន ដែល​ក្នុង​រយៈពេល ​៣០ ​ឆ្នាំ​កន្លងមកនេះ បានរួម​ចំណែក​យ៉ាង​ធំធេង​ដល់​ភាពជោគជ័យ​នៃ​អាយ​ស៊ី​ស៊ី (ICC) អង្គរ​។​


​ព្រះអង្គ​ក៏បាន​ថ្លែងអំណរគុណ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ JICA សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ជាពិសេស​លោក​សាស្ត្រាចារ្យ យ៉ូ​ស៊ី​អាគី អ៊ី​ស៊ី​សាវ៉ា ដែល​ផ្តល់​ការគាំទ្រ និង​ជំរុញ​ការអភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាល​ក្នុង​រមណីយដ្ឋាន​អង្គរ​រហូតដល់​ការជួសជុល​រួចរាល់​ជា​ស្ថាពរ​នូវ​ស្ពាន​ហាល​នេះ ក៏ដូចជា ការជួសជុល​ប្រាសាទ​ផ្សេងៗ​ទៀត ព្រមទាំង​បាន​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ខ្មែរ​ឱ្យ​សាធារណជន​លើ​ពិភពលោក​បាន​ជ្រួតជ្រាប​ផងដែរ​។​

​ព្រះអង្គ​មានបន្ទូលថា​៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត និង​គាំទ្រ​ឱ្យ​បន្ត​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​អភិរក្ស និង​ស្រាវជ្រាវ​របស់​កម្ពុជា តាម​គ្រប់​រូបភាព និង​គ្រប់​ទម្រង់​ជាមួយ​ស្ថាប័ន​នានា​នៃ​ប្រទេស​ជប៉ុន​ព្រមទាំង​ជាមួយ​ដៃគូ​ជាតិ និង​អន្តរជាតិ ស្របតាម​ចក្ខុវិស័យ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ស្មារតី​នៃ​ចក្ខុវិស័យ​១០​ឆ្នាំ​ទៅមុខទៀត​»​។

ទិដ្ឋភាព​សំណង់​អគារ​ធំៗ និង​ខ្ពស់ៗ​ជាច្រើន​ដែល​លេចឡើង​ស្របគ្នា​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាច្រើន​ឆ្នាំ​។ហេង ជីវ័ន

ក្នុងឱកាស​នោះដែរ ព្រះបាទ ​នរោត្តម​ សីហមុនី ក៏បាន​អរគុណ​ដល់​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​មន្ត្រីរាជកា​រ​គ្រប់​ឋានានុក្រម​ទាំង​អស់ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​បុគ្គលិក​ភ្នា​ក់​​ងារ ពលករ និង​ឆ្មាំ​គ្រប់លំដាប់​ថ្នាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​លះបង់​ពេលវេលា ប្រាជ្ញា ស្មារតី​បំពេញភារកិច្ច​ដោយ​ការទទួលខុសត្រូវ​ខ្ពស់ ធ្វើឱ្យ​រមណីយដ្ឋាន​អង្គរ​ល្បីល្បាញ​នៅលើ​ពិភពលោក ។​

​ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ថា​៖ «​ជោគជ័យ​ដ៏​ត្រចះត្រចង់​នេះ ក៏បាន​បង្ហាញ​ពី​ការអនុវត្ត និង​ការបន្ត​អនុវត្ត​គោលនយោបាយ​វប្បធម៌​ជាតិ ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់ និង​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​និច្ចកាល​តែង​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ថែរក្សា​ការពារ អភិរក្ស និង​អភិវឌ្ឍ​មរតក​វប្បធម៌​ជាតិ​»​។​

​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​​វប្បធម៌ និង​វិចិត្រសិល្បៈ មានប្រសាសន៍ថា ការជួសជុល​ស្ពាន​ហាល​ប្រាសាទ​អង្គរ​បាន​ប្រើ​រយៈពេល​សរុប​ចំនួន ​១៩ ឆ្នាំ ដោយ​ចែកចេញជា​ ២ ​ដំណាក់កាល ក្នុងនោះ​ដំណាក់​កាល​ទី១ ប្រើ​រយៈពេល​អស់ ​១២ ​ឆ្នាំ ពី​ឆ្នាំ ​១៩៩៦ ដល់ ២០០៧ សម្រេច​លទ្ធផល​ជួសជុល​បាន​ប្រវែង ​៩៣ ​ម៉ែត្រ ដឹកនាំ​ដោយ​អ្នកជំនាញ​ជប៉ុន ចំណែក​ដំណាក់កាល​ទី​២ ប្រើ​រយៈពេល​អស់​ ៧​ ឆ្នាំ ពី​ឆ្នាំ​ ២០១៦ ដល់ ២០២៣​សម្រេចការ​ជួសជុល​បាន​ ៩៩ ​ម៉ែត្រ ដឹកនាំ​ជួសជុល​ដោយ​អ្នកជំនាញការ​ខ្មែរ និង​ជប៉ុន​។

​លោកស្រី​ថ្លែងថា​៖ «​ក្នុង​ដំណើរការ​ជួសជុល​ទាំង​ ២​ ដំណាក់កាល​នេះ ថ្មភក់ និង​ថ្មបាយក្រៀម​ជាច្រើន​ពាន់​ដុំ​ត្រូវ​បានរៀបចំ​ឡើងវិញ​ដែល​បាន​ចំណាយ​ថវិកា​ជាច្រើន​រយ​លាន​យេន និង​ជួយ​បណ្តុះបណ្តាល​ផ្នែក​អភិរក្ស​ជូន​អ្នកជំនាញ​កម្ពុជា​ ៣០ ​នាក់ ​ដែលជា​ធនធានមនុស្ស​ក្នុង​វិស័យ​វប្បធម៌ អនុញ្ញាតឱ្យ​ជនជាតិខ្មែរ​អាច​ជួសជុល​ប្រាសាទ និង​សិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​»​។

​លោកស្រី​លើកឡើង​ទៀតថា សម្រាប់​ដំណាក់កាល​ទី២ នៃ​ការជួសជុល​ស្ពាន​ហាល​នេះ ដែលមាន​រយៈពេល​ ៧ ​ឆ្នាំកន្លងមក អាជ្ញាធរ​ជាតិ​អប្សរា បានទទួល​បន្ទុក​ថវិកា​សរុប​ចំនួន​ ៨២ ​ម៉ឺន ​៧១​ ដុល្លារ​អាមេរិក ដោយ​មិនទាន់​គិតពី​ការ​​ចំណាយ​ចាំបាច់​ផ្សេងៗ​មួយចំនួន​ផង​ទេ​។ ចំណែក​គ្រឹះស្ថាន​អប់រំ​សូ​ហ្វី​យ៉ា​បានផ្តល់​អ្នក​ជំនាញ​ជប៉ុន និង​ថវិកា​ជា​រៀងរាល់ឆ្នាំ​ចំនួន ៦៨ ០០០​ ដុល្លារ រីឯ​រដ្ឋាភិបាល​ជប៉ុន បាន​ប្រើប្រាស់​ថវិកា​សរុប​ចំនួន​ ៩១​ លាន​យេន​ ប្រហែល ៧៥ ម៉ឺន​ដុល្លារ ក្រោម​ទម្រង់​ជា​ជំនួយ​សម្ភារ និង​គ្រឿង​បរិក្ខារ​ទំនើបៗ សម្រាប់​ដំណើរការ​ជួសជុល​នេះ​។

​លោកស្រី​ស​កុ​ណា បញ្ជាក់ថា នៅ​ថ្ងៃទី ​៣ ខែវិច្ឆិកា អាជ្ញាធរ​ជាតិ​អប្សរា និង​គ្រឹះស្ថាន​អប់រំ​សូ​ហ្វី​យ៉ា ក៏បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជា​ប្រវត្តិ​សាស្ត្រ ក្នុង​កិច្ច​អភិរក្ស​រមណីយដ្ឋាន​អង្គរ​សម្រាប់​រយៈពេល​ ៥ ​ឆ្នាំ​បន្តទៀត​ផងដែរ​៕