ភ្នំពេញៈ លោកនាយក​រដ្ឋ​​មន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ពិភពលោក​នឹង​កាន់តែ​សុវត្ថិ​ភាព ស្រស់បំព្រង និង​កក់ក្តៅ​ជាង​មុន​ប្រសិនបើ​មាន​ស្ត្រី​ក្លាយជា​អ្នកដឹកនាំ​កាន់តែច្រើន​ខណៈ​រាជរដ្ឋាភិបាល​បានកំណត់​សម​ភាព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី​នៅ​គ្រប់​វិស័យ ជា​អាទិភាព​នៅក្នុង​របៀប​វារៈ​គោលនយោបាយ​របស់​ខ្លួន​។


​លោក​ ហ៊ុន ម៉ា​ណែ​ត​ បាន​ថ្លែង​ដូចនេះ​នា​ពិធី​បើក​មហា​ស​ន្និ​បាត មិត្ត​កាយឫទ្ធិ​នារី តំបន់​អាស៊ី​ប៉ាស៊ីហ្វិកលើក​ទី​៧ ក្រោម​ប្រធានបទ «​ស្រមៃ​មើល​ឱកាស​» ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ៥ ដល់​ថ្ងៃទី ​៨ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​ នា​ខេត្តសៀមរាប ដែលមាន​អ្នកចូលរួម​ប្រមាណ ​១៥០ ​នាក់ មកពី​ជាង ​១០​ ប្រទេស​។

លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា​៖ «​ខ្ញុំ​យល់ថា ពិភពលោក​នឹង​កាន់តែ​សុវត្ថិភាព​ស្រស់បំព្រង និង​កក់ក្តៅ​ជាង​មុន ប្រសិនបើ​មាន​ស្ត្រី​ក្លាយជា​អ្នកដឹកនាំ​កាន់តែច្រើន​។ រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​សមភាព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី​នៅ​គ្រប់​វិស័យ ជា​អា​ទិ​ភាព​នៅក្នុង​របៀបវារៈ​គោល​នយោបាយ​របស់ខ្លួន​»​។


​លោក​បាន​បន្តថា​៖ «​តាមរយៈ​ការដាក់ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ យើង​នឹង​ពង្រឹង​ភាពជា​ពលរដ្ឋ​ក្នុងសង្គម ដែលមាន​អរិយធម៌​ខ្ពស់ ប្រកបដោយ​សីលធម៌​, សមធម៌ និង​បរិ​យាប​ន្ន ដែល​ក្នុងនោះ​ស្ត្រី​ គឺជា​ស្នូល​»​។​

​លោកនាយក​រដ្ឋមន្ត្រី លើកឡើង​ដែរ​ថា ការរៀបចំ​មហា​សន្និបាត មិត្ត​កាយឫទ្ធិ​នារី តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លើក​ទី​៧ ​នេះ មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ប៉ុណ្ណោះ​ទេ តែ​ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ និង​ដ៏​មាន​អត្ថន័យ​សម្រាប់​សមា​​គម​កាយឫទ្ធិ​នារី នៅ​កម្ពុជា​ដែល​ត្រូវ​បានផ្តល់​ទំនុកចិត្ត​ឱ្យធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​នេះ និង​បង្ហាញជូន​សមាជិក​ទាំង​​អស់ពី​ការរីកចម្រើន​របស់​ស​មា​គម​នៅក្រោម​ម្លប់​នៃ​សុខសន្តិភាព ស្ថិរភាព និង​ឯកភាព​ជាតិ​នៅ​កម្ពុជា​។


​នា​ពិធី​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​កោត​សរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ដ៏​ថ្លៃថ្លា​របស់​មិត្ត​កាយឫទ្ធិ​នារី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្នុងការ​លើកកម្ពស់​កា​យ​ឫទ្ធិ​នារី​នៅក្នុង​តំបន់​ក៏ដូចជា​ការចូល​រួមជាមួយ​នឹង​សមាគម​កាយឫទ្ធិ​នារី​ពិភពលោក​ក្នុងការ​អប់រំ បណ្តុះ​បណ្តាល​នារី កុមារី និង​យុវតី​វ័យក្មេង​ឱ្យក្លាយ​ជា​អ្នកដឹកនាំ​ប្រកប​ដោយ​សមត្ថភាព និង​ទំនុកចិត្ត​។​

​លោកមានប្រសាសន៍ថា​៖ «​ខ្ញុំ​ក៏​សូម​គាំទ្រ ចំពោះ​មាគ៌ា​ដ៏​ត្រឹមត្រូវ​របស់​សមាគម​កា​យ​ឫទ្ធិ​នារី​កម្ពុជា ដែល​សមស្រប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិ​បាល​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ​តម្លៃ​ស្ត្រី និង​ការ​អភិវឌ្ឍ​សមត្ថភាព​យុវជន ដែលជា​សសរទ្រូង​រប​ស់​ប្រទេសជាតិ ហើយ​នេះ​ជា​អ្វីដែល​រាជរដ្ឋាភិបាល​កម្ពុជា​ចង់​សម្រេចបាន​»​។​

​លោក​បន្តថា​៖ «​ខ្ញុំ​ក៏​ជឿជាក់​ផងដែរ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងអស់​ក៏​សាទរ និង​គាំទ្រ​ចំពោះ​ចក្ខុវិស័យ និង​គុណ​តម្លៃ​របស់​សមាគម​កា​យ​ឫទ្ធិ​នារី​ទាំងអស់​ដូចគ្នា​ផងដែរ​។ ក្នុងនាម​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រប់​រដ្ឋាភិបាល និង​បណ្តា​ភាគី​ពាក់ព័ន្ធ​ទាំងអស់​សូម​ចូលរួម​ជាមួយនឹង​ចលនា​សមាគម​កាយឫទ្ធិ​នារី​ដើម្បី​ជំរុញ​ឱ្យ​បេស​ក​កម្ម​ដ៏​ថ្លៃថ្លា​ទាំងនេះ​សម្រេចបាន​ដោយ​ជោគជ័យ​»​។​

​ក្នុង​ពិធី​នោះដែរ លោកស្រី ពេ​ជ ចន្ទ​មុន្នី អគ្គស្នងការ​សមា​គម​កាយឫទ្ធិ​នារី​កម្ពុជា ក៏បាន​លើកឡើង​ដែរ​ថា មហាសន្និបាត​មិត្ត​កាយឫទ្ធិ​នារី​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កលើក​ទី​៧ ​នាពេលនេះ គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​មាន​សារៈ​សំខាន់​ទាំង​សម្រាប់​សមាគម​កាយឫទ្ធិ​នារី​ពិភពលោក និង​ជាពិសេស​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ផ្ទាល់ ដែលមាន​លក្ខ​​ណៈ​ជាការ​ជួបប្រជុំ​ថ្នាក់​តំបន់​មួយ​ដ៏​ធំ​នេះ​។

លោកស្រី​បាន​បន្តថា គិត​ត្រឹម​ឆ្នាំ​ ២០២៣ នេះ សម្រាប់​ប្រទេស​កម្ពុជា មាន​​សមាជិក​មិត្ត​កាយឫទ្ធិ​នារី​កម្ពុជា សរុប​ចំនួន ២៣៩ ​រូប ដោយ​ក្នុងនោះ​សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជា​សមាជិក​គាំទ្រ​ថ្នាក់​មាស (Gold Supporter) ​របស់​មិត្ត​កាយ​ឫទ្ធិ​នារី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​លោកស្រី ពេ​ជ ចន្ទ​មុន្នី ថ្លែងថា៖ «​ចលនា​កាយឫទ្ធិ​នារី គឺជា​សកម្មភាព​ក្រៅ​រដ្ឋាភិបាល​ដែល​មិន​ប្រកាន់​បក្ខពួក វណ្ណៈ ពូជ​សា​​សន៍ ពណ៌​សម្បុរ និង​ជា​ចលនា​កើតឡើង​ដោយ​ការស្ម័គ្រចិត្ត​ផ្ទាល់​ខ្លួន​របស់​សមាជិកា​ម្នាក់ៗ​ដោយ​មិនមាន​ការបង្ខិតបង្ខំ​ក្នុង​រូបភាព​ណាមួយ​ឡើយ និង​មិនមាន​ប៉ះ​ពាល់ ដល់​ការសិក្សា ឬ​ការបំពេញ​ការងារ​រប​ស់​សមាជិក​ម្នាក់ៗ​នោះទេ​»​។​

​មិត្ត​កាយឫទ្ធិ​នារី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺជា​ក្រុម​អ្នកគាំទ្រ​សម្រាប់​លើកកម្ពស់​ចលនា​កាយឫទ្ធិ​នារី​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ​១៩៩៩ ដោយ​លោកស្រី Dato Dr.Juseon Byun ជា​ប្រ​ធាន​គណៈកម្មការ និង​ម្ចាស់​ក្ស​ត្រី Azizah of Pahang ជា​ព្រះប្រធាន​កិត្តិយស​។

​លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​បញ្ជាក់ដែរថា​៖ «​នាង​ខ្ញុំ​អាច​និយាយបានថា ការជ្រើសរើស​កម្ពុជា​ឱ្យធ្វើជា​ម្ចាស់ផ្ទះ​មហាសន្និបាត​លើក​ទី​៧​ មិត្ត​កាយឫទ្ធិ​នារី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​មិនមែនជា​រឿង​ដែល​កើតឡើង​ដោយ​ចៃដន្យ​ទេ តែ​ផ្ទុយទៅវិញ គឺជា​ការសម្រេច​ប្រកបដោយ​សុភ​វិនិច្ឆ័យ​ដោយ​សង្កេតឃើញ​ពី​ការរីកចម្រើន និង​ការកើនឡើង​សមាជិក​មិត្ត​កាយឫទ្ធិ​នារី​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​កម្ពុជា​ផ្ទាល់​»​។

​ជាមួយគ្នា​នោះដែរ​លោកស្រី ​ចូ​សិន បាយ​អុន (Dr. Juseon Byun)​ ដែលជា​ស្ថាបនិក មិត្ត​កាយឫទ្ធិ​នារី​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ក៏បាន​ថ្លែង​កោត​សរ​សើរ​ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គាំទ្រ​ដ៏​កក់ក្តៅ​ចំពោះ​មហា​សន្និបាត​នាពេលនេះ​។

លោក​​ស្រី​ថ្លែងថា​៖ «​ការចូលរួម​នាពេលនេះ​គឺជា​ការបង្ហាញ​ពី​ការគាំទ្រ​មិត្ត​កាយឫទ្ធិ​នារី ក៏ដូចជា​ការ​លើកទឹកចិត្ត​ដល់​ពួកយើង​ក្នុងការ​បំពេញការងារ​សម្រាប់​នារី​និង​យុវតី​នៅក្នុង​តំបន់ ហើយ​យើង​ក៏​សូម​ថ្លែងអំណរគុណ​ដល់​កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ​ដែល​បានរៀបចំ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដ៏​ល្អ​បំផុត​នៃ​មហាសន្និបាត​នេះ​»​។

​លោកស្រី​បន្តថា​៖ «​ការចូលរួម និង​ការប្តេជ្ញាចិត្ត​របស់​អស់លោក​អ្នក​នៅពេលនេះ​អាច​នឹង​ធ្វើឱ្យ​យើង​ទទួលបាន​ជោគជ័យ​ហើយ​អ្នក​ទាំងអស់គ្នា​ គឺជា​កម្លាំង​ដ៏​ខ្លាំងក្លា​របស់​យើង​ផងដែរ​»​។​

​សូម​បញ្ជាក់ដែរថា ការរៀបចំ​មហាសន្និបាត​លើក​ទី​៧ មិត្ត​កាយឫទ្ធិ​នារី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជា​បទពិសោធន៍​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ក្នុងការ​ត្រៀម​ធ្វើជា​ម្ចាស់​​ផ្ទះ​មហាសន្និបាត​ពិភពលោក​លើក​ទី​៣៩​ នៅ​ឆ្នាំ​ ២០២៦ ​របស់​សមាគម​កាយឫទ្ធិ​នារី​ពិភពលោក (39th WAGGGS World Conference) ផងដែរ​៕