ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខា​ប្រ​មា​ញ់ និង​នេសាទ ជូនដំណឹង​ថា មានកូន​ផ្សោត​កើត​ថ្មី​ចំនួន ១​ ក្បាល​ទៀត នៅ​ខេត្តក្រចេះ ដែល​គិត​ត្រឹម​រយៈ​ពេល ១០ ​ខែ ឆ្នាំ​ ២០២៣ ​នេះ មានកូន​ផ្សោត​បានកើត​សរុប​ចំនួន ៨ ​ក្បាល ខណៈដែល​ផ្សោត​ងាប់​មាន​ចំនួន ៤​ ក្បាល​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ក​សិ​​កម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​យប់​ថ្ងៃទី​ ៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។​


​កូន​ផ្សោត​នេះ មាន​អាយុប្រមាណ ២ ​ថ្ងៃ ត្រូវបាន​ប្រទះឃើញ​ពី​អ្នករត់​ទូក​​ទេសចរណ៍​នៅ​អន្លង់​ផ្សោត​កាំ​ពី ខេត្តក្រចេះ ខណៈដែល​កូន​ផ្សោត​នេះ កំពុង​ហែល​លេង​ក្នុង​ក្រុម​ហ្វូង​សត្វ​​ផ្សោត​ប្រមាណ ៦ ក្បាល​នៅ​ទីតាំង​នោះ​។​

​ក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុង​រយៈពេល​ប្រមាណ ២​ ម៉ោង ក្រុម​ការងាររដ្ឋបាល​ជល​ផល និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធន​ធាន​ធម្មជាតិ (WWF)​ សង្កេតឃើញថា ពុំមាន​សកម្មភាព​បំពាន​ណាមួយ​ពី​សំណាក់​សត្វ​ផ្សោត​ធំ​មកលើ​កូន​​ផ្សោត​ទើបនឹង​កើត​ថ្មី​នោះទេ​។ កាល​​ពី​ឆ្នាំ​២០២២ គឺ ចាប់ពី​ខែមករា រហូតដល់​ខែធ្នូ កម្ពុជា​ទទួលបាន​កូន​ផ្សោត​កើត​ចំនួន ៦​ ក្បាល ខណៈ​ដែលមាន​ផ្សោត​ងាប់​ចំនួន ១១ ​ក្បាល​។​


​លោក អ៊ុក វិបុល ប្រធាន​នាយក​ដ្ឋា​ន​អភិរក្ស​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៥ ខែវិច្ឆិកា​ថា​៖ «​យើង​នៅតែ​ប្រឹងប្រែង​បន្តទៀត ដើម្បី​ត្រូវធ្វើ​យ៉ាងណា គឺ​យើង​ត្រូវ​កាត់បន្ថយ​ការ​ស្លាប់​របស់​សត្វ​ផ្សោត​ឱ្យបាន​នៅ​ទាប​បំផុត ដែល​អាចធ្វើ​ទៅបាន ជា​ពិសេស​ការស្លាប់​ដោយសារ​មង និង​ការ​ឆក់​»​។​

​លោក អ៊ុក វិបុល បាន​បន្ថែមថា ហេតុនេះ​នៅពេល​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ប្រឹងប្រែង ព្យាយាម​ទប់ស្កាត់​ទៅលើ​ឧបករណ៍​ទាំងអស់នេះ វា​បង្ហាញថា សេរីភាព​នៃ​ផ្សោត​នៅក្នុង​ទន្លេ ការ​បង្ក​បង្កើតកូន ហើយ​និង​កូន​ផ្សោត​ដែល​កើត​ថ្មី​មាន​សុខភាព​ល្អ និង​សុវត្ថិភាព​ផងដែរ​។​


​លោក សេង ទៀក នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិ​​រក្ស​ធនធានធម្មជាតិ (WWF) បានលើកឡើង​ដែរ​ថា រាល់​វត្ត​មានកូន​​ផ្សោត​ដែល​ទើបនឹង​កើត​ថ្មី​នេះ វា​កើត​​ឡើង​ពី​ការខិតខំ​រួមគ្នា​គ្រប់ភាគី​ពាក់​ព័ន្ធ​ទាំងអស់ ក្រោម​ការចង្អុលបង្ហាញ​របស់​រាជរដ្ឋាភិបាល ជាមួយនឹង​ក្រសួងកសិកម្ម ហើយ​និង​រួមមាន​កិច្ច​សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អាជ្ញាធរ​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​ផងដែរ​។ ជាពិសេស​ទៅលើ​ការងារ​បង្ក្រាប​ការប្រើប្រាស់​ឧបករណ៍​ឆក់ និង​មង​នេសាទ​ជាដើម​។​

​លោក សេង ទៀក បញ្ជាក់ថា​៖ «​ក្នុងនាម​យើង​ជា​អ្នក​អភិរក្ស និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល កំណត់ត្រា​កូន​ផ្សោត​កើត​ថ្មី​នេះ គឺជា​ព័ត៌មាន​ល្អ លើកទឹកចិត្ត និង​ផ្តល់នូវ​ក្តីសង្ឃឹម​»​។​

​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវបាន​ចាត់​ទុក​ថា ជា​រតនសម្បត្តិ​ជាតិ​មានជីវិត​របស់​កម្ពុជា ហើយ​ជា​ប្រភេទ​ផ្សោត​មួយ​ប្រភេទ​ស្ថិតក្នុង​ចំណោម ​៦​ ប្រ​ភេទ​នៃ​សត្វ​ផ្សោត​ទឹកសាប​កម្រ​បំផុត​ដែល​នៅ​សេសសល់​ក្នុង​ពិភពលោក​។​

​អ្នកវិទ្យាសាស្ត្រ​ប៉ាន់ប្រមាណ​ថា​មាន​សត្វ​ផ្សោត​ទន្លេមេគង្គ​ចំនួន ៨៩​ ក្បាល​ប៉ុណ្ណោះ​កំពុង​រស់នៅក្នុង​ទន្លេ​មេគង្គ​កម្ពុជា​៕