​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​លោក ហេង សួរ បាន​ជំរុញ​ឱ្យ​គ្រូឧទ្ទេស​ទាំងអស់​ត្រូវ​ពង្រឹង សមត្ថភាព​របស់​ខ្លួន​ជាប្រចាំ ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​នៃ​ការផ្ទេរ​ចំណេះដឹង​ជូន​សិស្ស ឬ​សិក្ខាកាម​ឱ្យទទួល​បាន​ជំនាញ​ពិតប្រាកដ និង​មានការ​ទទួលស្គាល់​។​


​ការជំរុញ​របស់​រដ្ឋ​មន្ត្រី ធ្វើឡើង​នៅក្នុង​ពិធី​បិទ​វគ្គ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស ស្តីពី «​វិធី​​សាស្ត្រ​បង្រៀន និង​ការប្រើប្រាស់​ម៉ូឌុល​តាម​ជំនាញ​» ដើម្បី​គាំទ្រ​ដល់​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ដែល​ធ្វើឡើង​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា ​(NPIC) កាលពី​ថ្ងៃទី ​៤ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៣​។​

​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស​លើក​ទី​១ ​នេះ មាន​គ្រូឧទ្ទេស​ចំនួន ​២៤៥ នាក់ ​ដែល​បានបញ្ចប់​ដោយ​ជោគជ័យ​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ពីថ្ងៃ​ទី ​២៦ ខែតុលា ដល់​ថ្ងៃទី​ ៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។


​លោក ហេង សួរ បាន​ថ្លែងថា ការបណ្តុះបណ្តាល​នេះ​ជោគជ័យ​ទៅបាន គឺ​អាស្រ័យ​ទាំងស្រុង​ទៅលើ​គ្រូឧទ្ទេស​ទាំងអស់​ដែល​ត្រូវបំពេញ​ភារ​កិច្ច​របស់ខ្លួន​តាម​អ្វីដែល​ក្រសួង និង​សាលា​បានដាក់​ជូន​ដោយ​ក្នុងនោះ​គ្រូឧទ្ទេស ចាំបាច់​ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ជាប្រចាំ ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​នៃ​ការផ្ទេរ​ចំណេះដឹង​។

​លោក​បាន​ថ្លែងថា​៖ «​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ ទាមទារ​ឱ្យមាន​មេរៀន​ប្រកបដោយ​ភាព​ទាក់ទាញ ងាយស្រួល​យល់ ឆាប់​ចេះ និង​មាន​ការចុះអនុវត្ត​ផ្ទាល់​ក្នុង​រោង​ជាង​ឱ្យបាន​ច្បាស់លាស់​ក្នុង​គោលបំណង​ធានា​ពី​ប្រសិទ្ធភាព​នៃ​ការ​​បណ្តុះបណ្តាល​ដែល​គ្រប់ភាគី​ពាក់ព័ន្ធ​ទទួលស្គាល់​ជាពិសេស​វិស័យ​ឯកជន​»​។


​ជាមួយគ្នានេះ​លោក​បាន​ជំ​​រុញឱ្យ​គ្រូឧទ្ទេស ចូលរួម​អនុវត្ត​អនុសាសន៍​របស់លោក​នាយ​ក​ រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ឱ្យបាន​ជោគជ័យ​លើ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​សិក្ខា​កាម​ក្រោម​ពាក្យស្លោក «​រៀន​ឱ្យ​ចប់ រៀន​ឱ្យ​ចេះ និង​មាន​ការងារ​ធ្វើ​»​។

​លោក ចក់ ច​ន្លី គ្រូ​បច្ចេក​ទេស​ផ្នែក​សំណង់​ស៊ីវិល នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​តេ​ជោ សែន ខេត្តស្វាយរៀង បានឱ្យដឹងថា ការរៀបចំ​របស់​ក្រសួង​មាន​ផែនការ​ច្បាស់​លាស់ ជាពិសេស​ផ្តោត​សំខាន់​ទៅលើ​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​។

​លោក​បាន​ថ្លែងថា​៖ «​ជំនាញ​បច្ចេកទេស​នេះ​អាចជួយ​ដល់​ប្អូនៗ​ឱ្យមាន​ជំនាញ​ច្បាស់​លាស់ ជាពិសេស​នោះ​លោក​គ្រូ អ្នកគ្រូ សុទ្ធតែ​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​វគ្គ​វិ​ក្រឹ​ត​ការ ហើយ​គាត់​មាន​ជំនាញ​ច្បាស់​លាស់ ជាពិសេស​គ្រូ​បង្គោល​ដែល​ចេញពី​ក្រសួង​ដែល​បាន​ចាត់តាំង​ឱ្យមក​បង្រៀន​ពួក​យើង​ជា​សិក្ខាកាម​»​។​

​លោកស្រី ព្រហ្ម យ៉ា​រ៉ូ គ្រូ​បច្ចេកទេស​ខាង​ផ្នែក​សេវាកម្ម​សម្អាង​កាយ នៃ​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ នៅ​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​ដែរ​ថា ក្រោយ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​នេះ​ទទួលបាន​បទពិសោធន៍ និង​ចំណេះដឹង​ថ្មី បន្ថែម​ទៅលើ​ជំនាញ​របស់ខ្លួន​មួយកម្រិត​ទៀត​។

​លោកស្រី​ថា​៖ «​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​រីកចម្រើន​ច្រើន ក្រោយ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​នេះ មួយទៀត​ការរៀបចំ​វគ្គ​នេះ ធ្វើឱ្យ​គ្រូ​ដែល​អត់​ទាន់​មាន​បទ​ពិសោធន៍​ច្បាស់លាស់ កាន់​តែមាន​ភាពច្បាស់លាស់​ជាង​មុន​»​។​

​លោកស្រីថ្លែងថា នឹង​ខិតខំ​ពង្រឹងសមត្ថភាព​ខ្លួនឯង ដើម្បី​ផ្ទេរ​មុខជំនាញ​ទាំងនេះ​ជូន​ដល់​សិក្ខាកាម​ផ្សេងៗ​ទៀត​។​

​រាជរដ្ឋាភិបាល​បានដាក់​ផែន​ការ និង​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​រង​ហានិភ័យ​ចំនួន ១,៥​ លាន​នាក់ ​ដើម្បី​ជួយ​គាំ​ពារ​ដល់​យុវជន​ឱ្យមាន​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ​នៅក្នុង​ជីវិត​របស់​ពួកគេ​សម្រាប់​ដោះស្រាយ​ជីវភាព​៕