ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ត្រីជំនាញទាំង ២៥ រាជធានី-ខេត្ត បានបើកកិច្ចប្រជុំស្វែងរកដំណោះស្រាយសម្រាប់ជនមានពិការភាពដែលច្រៀងតាមទីសាធាណៈ និងជនអនាថា ខណៈដែលក្រសួងក៏គ្រោងនឹងរៀបចំបង្កើតច្បាប់ និងគោលនយោបាយសម្រាប់ជួយដោះស្រាយលើករណីទាំងនោះផងដែរ។
យោងតាមគេហទំព័រក្រសួងសង្គមកិច្ចកាលពីថ្ងៃទី ៣ ខែវិច្ឆិកា លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងសង្គមកិច្ច បានលើកឡើងថា ករណីជនអនាថា និងជនមានពិការភាពច្រៀងតាមស្ដុបនានា គឺជាការព្រួយបារម្ភពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចដោយផ្ទាល់តែម្ដង។
លោកបានឱ្យដឹងទៀតថា បញ្ហាជនមានពិការភាព និងជនអនាថា ជាកិច្ចការពហុវិស័យដែលទាមទារឱ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធក៏ដូចជាអាជ្ញាធរដែនដីក្នុងការដោះស្រាយ ដោយថ្នាក់ដឹកនាំប្រទេសបានយកចិត្តទុកដាក់ណាស់ ដើម្បីដោះស្រាយបញ្ហាជនអនាថា ជនច្រៀងតាមផ្លូវ អ្នកញៀនគ្រឿងញៀន ដោយធ្វើយ៉ាងណាកុំឱ្យពួកគាត់ទទួលរងផលប៉ះពាល់ និងធ្វើយ៉ាងណាឱ្យជីវិតរបស់ពួកគាត់មានភាពប្រសើរឡើង។
លោក ឯម ច័ន្ទមករា បានថ្លែងថា៖ «យើងគួររករូបមន្តណា ដើម្បីអាចជួយលើករណីជនមានពិការភាពឱ្យបានសមស្រប និងរៀបចំគោលនយោបាយ ច្បាប់ និងអនុក្រឹត្យឱ្យបានច្បាស់លាស់»។
បើតាមក្រសួងសង្គមកិច្ច ភាគីពាក់ព័ន្ធបានឯកភាពគ្នាក្នុងការរៀបចំរបាយការណ៍ជូនរដ្ឋមន្ត្រី ដើម្បីស្នើរៀបចំនូវលិខិតបទដ្ឋានគតិយុត្តបន្ថែម ក្នុងការគ្រប់គ្រងជនមានពិការភាពច្រៀងតាមផ្លូវ និងជនអនាថា ខណៈអង្គប្រជុំនេះ នឹងធ្វើការប្រជុំជាមួយអនុគណៈកម្មការដោះស្រាយបញ្ហាជនអនាថាបន្តទៀតនាពេលខាងមុខ។
លោក ជា ហ៊ួត ប្រធានសមាគមតន្ត្រីជនពិការកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៥ ខែវិច្ឆិកាថា នៅក្នុងកិច្ចប្រជុំកន្លងមកនោះ លោកក៏បានចូលរួមជាមួយក្រសួងសង្គមកិច្ច ពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយករណីជនមានពិការភាពដែលច្រៀងតាមទីសាធារណៈ និងតាមភ្លើងស្ដុប ខណៈដែលភាគីពាក់ព័ន្ធជាច្រើន បានលើកនូវទស្សនៈរបស់ខ្លួន មកជជែកយ៉ាងផុសផុល ដើម្បីរកដំណោះស្រាយមួយដែលសមស្របលើករណីទាំងនោះ។
លោកថ្លែងថា៖ «ខ្ញុំចង់ស្នើរាជរដ្ឋាភិបាលដាក់បញ្ចូលទៅគោលនយោបាយណាមួយ ពាក់ព័ន្ធនឹងការជួយស្ដារដល់អាជីពមុខរបរអ្នកសិល្បៈជនពិការ គឺយើងចង់ឱ្យមានការជួយរៀបចំយ៉ាងម៉េចឱ្យមុខរបរយើងក្លាយជារបរស្របច្បាប់ ហើយយើងចង់ឱ្យភោជនីយដ្ឋាននានានៅពេលមានកម្មវិធីអីមួយ ជួយផ្ដល់សិទ្ធិឱ្យជនពិការបានចូលទៅប្រកបអាជីពចម្រៀងនៅទីតាំងហ្នឹងផងដែរ»។
លោក ឈ ប៉ុណ្ណារ័ត្ន មន្ត្រីកម្មវិធីអង្គការជនពិការកម្ពុជា (CDPO) បានប្រាប់ឱ្យដឹងដែរថា ចំពោះការរៀបចំបង្កើតច្បាប់ ឬគោលនយោបាយសម្រាប់ជួយទៅដល់ជនមានពិការភាពដែលច្រៀងនៅតាមទីសាធារណៈនេះ វាជាការល្អមួយ ខណៈដែលប្រទេសកម្ពុជាកន្លងមកជនមានពិការភាពប្រកបមុខរបរនេះ មិនមានការគាំពារពីច្បាប់ ហើយប្រសិនជាអាជ្ញាធរមានការរឹតបន្តឹងអ្វីមួយ នោះវាជាការគំរាមកំហែងដល់មុខរបររបស់ពួកគាត់។ ដូច្នេះ ជនមានពិការភាពដែលភាគច្រើនជាជនពិការភ្នែក ពួកគាត់មិនអាចមានជម្រើស ឬមានមុខរបរអ្វីក្រៅពីច្រៀងឡើយ ដើម្បីបំពេញការរស់នៅរបស់ពួកគាត់។
លោក ឈ ប៉ុណ្ណារ័ត្ន បញ្ជាក់ថា៖ «ខ្ញុំគិតថា ប្រសិនជាយើងរៀបចំផ្ដល់ជំនាញវិជ្ជាជីវៈក្រៅពីច្រៀងហ្នឹង គួរតែធ្វើម៉េចឱ្យគាត់ចេះជំនាញសិប្បកម្ម ដែលអាចប្រើប្រាស់ដៃ ព្រោះគាត់ពិការភ្នែក អ៊ីចឹងអាហ្នឹងវាក៏ជាការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ និងកាត់បន្ថយសណ្ដាប់ធ្នាប់មិនល្អនៅតាមដងផ្លូវដែលពួកគាត់ច្រៀងផងដែរ»។
លោកបន្តថា ភាគីពាក់ព័ន្ធត្រូវរៀបចំកំណត់កន្លែងសម្រាប់ជនមានពិការភាពដែលប្រកបរបរច្រៀង អាចជាទីប្រជុំជនដើម្បីទទួលបាននូវថវិកា និងការគាំទ្រពីមហាជន៕