​ភ្នំពេញៈ កម្ពុជា និង​វៀតណាម​បាន​វាយតម្លៃ​ខ្ពស់​លើ​វឌ្ឍនភាព​នៃ​ទំនាក់​​ទំនង​យោធា​រវាង​ប្រទេស​ទាំង ​២ ដែល​កើតចេញពី​ការផ្លាស់ប្តូរ​ទស្សនកិច្ច​កង​ទ័ព​ជាមួយគ្នា​ជា​ញឹកញាប់ ក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ​ដែល​បាន​ចូលរួម​ចំណែក​សំខាន់​ដល់​ការពង្រឹង និង​ពង្រីក​ចំណងមិត្តភាព កិច្ច​សហប្រតិបត្តិ​ការ និង​សាមគ្គីភាព​នៃ​ប្រទេស​ទាំង​២​។​


​ការវាយតម្លៃ​របស់​ប្រទេស​ទាំង​ ២ ធ្វើឡើង​តាមរយៈ​ជំនួប​ពិភាក្សា​ការងារ​កាលពី​ថ្ងៃទី​ ៤ ខែវិច្ឆិកា រវាង​លោក ជិន វ៉ន់​តឹ​ម ប្រធានការិយាល័យ​អនុព័ន្ធយោធា​វៀតណាម​ប្រចាំ​កម្ពុជា និង​លោក នាង​ ផាត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ការ​ពារ​ជាតិ​នៅ​អំឡុង​ខួប​លើក​ទី​៧០ ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ថ្ងៃកំណើត​កងយោធពល​ខេមរភូមិន្ទ​ ៩ វិច្ឆិកា​។

​យោងតាម​ខ្លឹមសារ​របស់​ក្រសួង​ការពារជាតិ​ដែល​បាន​ផ្សព្វផ្សាយ​តាម​​រយៈ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​នៅ​ថ្ងៃទី​ ៤ ខែវិច្ឆិកា​បានឱ្យដឹងថា ប្រធានការិយាល័យ​អនុព័ន្ធយោធា​វៀតណាម​បានលើកឡើង​ពី​វឌ្ឍនភាព​ថ្មី​ជុំវិញ​ការផ្លាស់ប្តូរ​ប្រតិភូ​ធ្វើ​ទស្សនកិច្ច​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង​ ២ ដោយ​លោក​បាន​វាយ​​តម្លៃ​ខ្ពស់​ថា បាន​ចូលរួមចំណែក​សំខាន់​ដល់​ការពង្រឹង និង​ពង្រីក​ចំណង​ការទូត និង​សហប្រតិបត្តិការ​ប្រទេស​ទាំង ​២​។​


​ជាមួយគ្នានេះ លោក នាង ផាត ក៏បាន​ថ្លែងអំណរគុណ​ដល់​គណៈប្រតិភូ​វៀតណាម​ដែល​បាន​មកជួប​សម្តែង​ការ​គួរសម ដោយ​លោក​ចាត់ទុកថា​ជាការ​​ឆ្លុះបញ្ចាំង​ដល់​ទំនាក់ទំនង​ល្អ​នៃ​ប្រទេស​ភូមិ​ផង​របង​ជាមួយ ហើយ​ធ្លាប់មាន​ប្រវត្តិ​ប្រកៀក​ស្មា​គ្នា​ប្រយុទ្ធ​សត្រូវ​រួម​ផងដែរ​។​

​លោក​បាន​ឯកភាព​ចំពោះ​ការលើកឡើង​ពី​សម​ភាគី​វៀតណាម​ចំពោះ​វឌ្ឍនភាព​នៃ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា ជាពិសេស​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​យោធា​នៃ​ប្រទេស​ទាំង ​២​។ លោក​បាន​បញ្ជាក់ថា​៖ «​គ្រប់​ជំនួប​នៃ​កិច្ចពិភាក្សា រវាង​ថ្នាក់ដឹកនាំ ប្រតិភូ​យើង​ទាំង​ ២ តែង​បានបង្ហាញ​ជំហរ​រួមគ្នា​នៅក្នុង​ការពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​រវាង​ប្រទេស​ទាំង​ ២»​។


​លោក​ យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃទី​ ៥ ខែវិច្ឆិកា​ថា ការផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​រវាង​ភាគី​កងទ័ព​នៃ​ប្រទេស​ទាំង ​២ ​នេះ គឺជា​កិច្ច​ការសំខាន់​និង​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ប្រទេស​ទាំង​ ២ ខណៈ​ទំនាក់ទំនង​យោធា​រវាង​កម្ពុជា និង​វៀតណាម​ជា​ភាពចាំបាច់​ក្នុងនាម​ជា​ប្រទេសជិតខាង​គ្នា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ធម្មតា​ការ​​មានការ​ផ្លាស់ប្តូ​រទស្ស​ន​កិច្ច​គ្នា​ញឹក​ញាប់ យើង​ជួបគ្នា យើង​អាច​បង្កើន​ការ​យល់​ពីគ្នា​កាន់តែច្រើន​ដែលនាំឱ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ​២ កាន់តែ​ស្រួល កាន់តែ​រឹងមាំ និង​កាន់តែ​ជិតស្និទ្ធ​ជាង​មុន ហើយ​យើង​អាច​ដោះ​ស្រាយ​កន្លែង​ដែល​មិនទាន់​ស្របគ្នា ឬ​យល់​គ្នា​បាន​»​។​

​លោក យង់ ពៅ បាន​បន្តថា ការ​មាន​ទំនាក់ទំនង​យោធា​ល្អ​រវាង​ប្រទេស​ជិត​​ខាង​ទាំង​ ២ អាចជួយ​ពង្រឹង​សុវត្ថិភាព​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំង​ ២ ប្រមាណ ១ ២៧០​ គីឡូម៉ែត្រ ការ​ប្រឆាំងនឹង​បទល្មើស​ឆ្លងដែន បញ្ហា​អន្តោប្រវេសន៍ អាចជួយ​ពង្រឹង​ការ​​ផ្លាស់ប្តូរ និង​បណ្តុះបណ្តាល​សមត្ថភាព​ក​ង​ទ័ព និង​កិច្ចសហការ​ដើម្បី​សន្តិសុខ​តំបន់ តែ​ទោះជា​យ៉ាងណា​លោក​ចង់ឃើញ​ការអនុវត្ត​ជាក់ស្តែង​ពី​កិច្ច​ព្រម​​ព្រៀង​នានា ជាជាង​មានតែ​វោហារ​ស័ព្ទ​ខាង​ការទូត​៕