ភ្នំពេញៈ​ស្ថាប័ន​ជំនាញ ​ដែល​កំពុង​ធ្វើការ​ផ្នែក​វិស័យ​ស្បៀង​អាហារ​នៅ​កម្ពុជា​ បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​រួមគ្នា​ពង្រឹង​ប្រព័ន្ធ​ស្បៀង​ឱ្យ​រឹង​មាំដើម្បី​ផ្តល់​សន្តិ​សុខ​ស្បៀង និ​ង​អាហា​រូបត្ថម្ភ​សម្រាប់​មនុស្ស​គ្រប់រូ​ប ព្រម​ទាំង​ឈាន​ទៅ​មាន​ភាព​ធន់​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​សម្រាប់​មនុស្ស​លើ​ភព​ផែន​ដី​។​


​ការ​ជំរុញ​នេះត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ទិវា​ជាតិ​អាហា​រូប​ត្ថម្ភលើក​ទី​១០ ដែល​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​«​ការ​ពង្រឹង​ប្រព័ន្ធ​ស្បៀង​ក្នុង​បរិបទ​នៃ​ការប្រែ​ប្រួល​អាកាស​ធាតុ​» នាថ្ងៃទី​៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣ ​នៅ​រាជ​ធានី​ភ្នំពេញ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ​លោក ​អ៊ុក រ៉ាប៊ុន ប្រធាន​ក្រុម​ប្រឹក្សា​ស្តារ​អភិវ​ឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជន​បទ​បាន​ឱ្យដឹង​ថា តាម​ការ​ព្យាករ​​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​ខាង​មុខ​ ​ប្រទេស​កម្ពុជា​អាច​ប្រឈម​នឹង​ការ​លំបាក​កាន់តែ​ខ្លាំង​ឡើង​ទាក់​ទង​នឹង​បញ្ហា​ប្រែ​ប្រួល​អាកាស​ធាតុ​ បញ្ហា​បរិស្ថាន និង​ប្រព័ន្ធ​ស្បៀង​។​


​លោក​បាន​បន្ត​ថា ​ក្នុង​រយៈ​ពេល​នោះ ​ប្រព័ន្ធ​ស្បៀងចាំ​បាច់​ត្រូវធ្វើ​ឱ្យ​កាន់តែ​មាន​ភាព​ធន់​ ឆ្លាត​វៃ​ជា​មួយ​នឹង​ការប្រែ​ប្រួល​អាកាស​ធាតុ​ បរិ​យា​បន្ន ផ្តល់​របប​អាហារ​សុខ​ភាព​ ជា​ពិសេស​សម្រាប់​ប្រជា​ជន​ដែល​ងាយ​រងគ្រោះ ​ដូច​ជា​កុមារ​ ស្ត្រី ​និង​មនុស្ស​ចាស់​ជា​ដើម​។​

​លោក​ អ៊ុ​ក រ៉ាប៊ុន បាន​បន្ត​ថា​៖«​ប្រព័ន្ធ​ស្បៀង​ងាយ​រងគ្រោះ​ខ្លាំង​ ដោយ​សារ​ការ​គំរាម​កំហែង​ផ្នែក​បរិស្ថាន​ ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​គ្រោះ​មហន្ត​រាយ​នានា​»​។​


​លោក​បាន​បញ្ជាក់​ថា ៖ «​ហេតុនេះ​យើង​ត្រូវ​ការ​ពង្រឹង​ប្រព័ន្ធ​ស្បៀង ហើយ​ការ​លើក​កម្ពស់​ប្រព័ន្ធ​ស្បៀង​តម្រូវ​ឱ្យ​គ្រប់​តួអង្គ​ពាក់​ព័ន្ធ​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុងការ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ស្បៀង​កាន់តែ​រឹងមាំ​ ផ្តល់​នូវ​សន្តិ​សុខ​ស្បៀង និង​អាហា​រូបត្ថម្ភ​សម្រាប់​មនុស្ស​គ្រប់​រូប ​មាន​ភាព​ធន់​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ មាន​ចីរភាព​បរិស្ថាន ​ចីរភាព​សង្គម ​ហើយ​និង​ចីរ​ភាព​ និង​វិបុល​ភាព​សេដ្ឋកិ​ច្ច​ជា​ដើម​»​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក អ៊ុក រ៉ាប៊ុន ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ រាជរ​ដ្ឋាភិ​បាល​កម្ពុជា​អាណត្តិ​ទី​៧​នេះបាន​ដាក់​ចេញ​ផែនទី​​បង្ហាញ​ផ្លូវ​ស្តីពី​ប្រព័ន្ធ​ស្បៀង​សម្រាប់​ការអ​ភិវឌ្ឍប្រក​បដោយ​ចីរភាព​នៅ​កម្ពុជា​ឆ្នាំ​២០៣០​ដែលមា​ន​ចក្ខុ​វិស័យ​ឆ្ពោះ​ទៅ​ពង្រឹង​ប្រព័ន្ធ​ស្បៀង​មួយ​ឱ្យ​កាន់​តែមា​ន​ភាព​រឹង​មាំ ឆ្លាត​វៃ​ ធន់ បរិ​យា​បន្ន ផ្តល់​របប​អាហារ​សុខ​ភាព​ និង​អាហា​រូប​ត្ថម្ភ​។​

​លោក​បានបន្ថែ​មថា៖ «​តាមរយៈ​យុទ្ធ​សា​ស្ត្រទាំង​នេះ ​រាជរ​ដ្ឋាភិ​បាល​ រំពឹង​ថា នឹង​ឈាន​ឆ្ពោះ​ទៅ​សម្រេច​ឱ្យ​បាន​គោល​ដៅ​អភិ​វឌ្ឍ​ន៍ប្រកប​ដោយ​ចីរភាព​ឆ្នាំ​២០៣០ ​ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល​ឡើយ ​ពិសេស​គោល​ដៅ​ទី​២​គឺ​បញ្ចប់​ភាព​អត់​ឃ្លាន សម្រេច​ឱ្យបាន​សន្តិ​សុខ​ស្បៀង​ និង​អាហា​រូប​ត្ថម្ភ​ដែល​ល្អ​ប្រសើរ​ ហើយ​និង​លើក​កម្ពស់​កសិកម្ម​ប្រកប​ដោយ​ចីរ​ភាព​»​។​

​នៅក្នុង​ពិធី​នោះ​ដែរ ​លោក​ស្រី ក្លែ កូ​ណាន់ (Claire Conan) ​នាយិកា​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក និង​ជា​តំណាង​អង្គ​ការ​សហ​ប្រជា​ជាតិ​នៃ​ចលនា​បង្កើន​អាហា​រូបត្ថម្ភ​នៅ​កម្ពុ​ជាបាន​ថ្លែង​ថា ការ​ប្រារព្ធ​ទិវា​ជាតិ​អាហារូ​បត្ថម្ភ​នា​ពេ​លនេះគឺ​សំខាន់​ណាស់​ដើម្បី​លើកក​ម្ពស់​ការយល់​ដឹង​ជា​សាធា​រណៈ​ពី​វិស័យ​សន្តិ​សុខ​ស្បៀង​ និង​អាហា​រូ​បត្ថម្ភ​។​

​លោកស្រី​បានបញ្ជាក់ថា​៖«​មនុស្ស​យើង​កំពុងតែ​ប្រឈម​ជាមួយ​នឹង​បញ្ហា​ប្រែប្រួ​ល​អាកា​សធា​តុ និង​អា​ហារូ​បត្ថម្ភ​ហើយ​អ្វី ដែល​យើង​ជួបជុំ​ពេល​នេះ ​ដើម្បី​រក​ដំណោះ​ស្រាយ​លើ​ប្រព័ន្ធ​ស្បៀង ធ្វើ​យ៉ាងណា​​ឱ្យមាន​សុវត្ថិ​ភាព​ក្នុង​ពេល​មាន​ការ​ប្រែប្រួ​ល​អាកាស​ធាតុ ​ខណៈ​អា​កាស​ធាតុ​បាន​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស ​ដូចជា​ការឡើង​កម្តៅ​ផែន​ដី ទឹក​ជំនន់ ​គ្រោះរាំង​ស្ងួត​ ដែល​អាច​ធ្វើឱ្យ​កម្ពុជា​បាត់​បង់ ​GDP ចំនួន​១០​ ភាគ​រយ ​នៅ​ឆ្នាំ​២០៣០​ ផង​ដែរ​»​។​

​បើ​តាម​លោក​ស្រី ក្លែ កូ​ណាន់ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សន្តិ​សុខ​ស្បៀង ​និង​អាហា​រូប​ត្ថម្ភ​ឱ្យ​ស្រប​នឹង​ការប្រែ​ប្រួល​អាកាស​ធាតុ ​អង្គ​កា​រសហ​ប្រជា​ជាតិ​បាន​ប្តេជ្ញា​ថា​ នឹង​បន្ត​ខិតខំ​ជួយ​ជំរុញ ​ពិសេស​សហ​ការ​ជា​មួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ ​ដើម្បី​ឈាន​ទៅ​ពង្រឹង ​និង​បង្កើន​ប្រព័ន្ធ​ស្បៀង​នៅ​កម្ពុជា​ឱ្យ​បាន​រឹងមាំ​ផង​ដែរ​។​

​លោក ​សុខ ស៊ីឡូ អគ្គ​លេ​ខា​ធិការ​នៃ​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជន​បទ​ បាន​ថ្លែង​ដែរ​ថា ការ​រៀប​ចំ​ទិវា​នេះ​ជា​រៀង​រាល់​ឆ្នាំ គឺ​ក្នុង​គោល​បំណង​លើក​កម្ពស់​ការយ​ល់​ដឹង​ជា​សាធា​រណៈ​ឱ្យបាន​កាន់តែ​ទូលំ​ទូលា​យ​ពី​សារៈ​សំខាន់​នៃ​វិស័យ​សន្តិ​ស្បៀង និង​អាហារូ​បត្ថ​ម្ភ​។​

​លោក​បាន​បន្ត​ថា ​ដោយសា​រ​វិស័យ​សន្តិ​សុខ​ស្បៀង និង​អាហា​រូប​ត្ថម្ភ​ជា​បញ្ហា​អន្តរ​វិស័យ​ តម្រូវឱ្យ​មាន​ការ​យក​ចិត្ត​ទុកដា​ក់ កា​រស​ហកា​រ ​ការសម្រប​សម្រួល​ កា​រចូលរួម និង​ផ្តោត​ការយ​កចិ​ត្តទុក​ដាក់​ផងដែ​រ​លើ​ការវិនិយោ​គ​លើ​វិស័យ​កសិ​កម្ម​ ម្ហូប​អាហា​រ សុខា​ភិបាល​ អប់រំ​ ការ​ងារ ​ការអ​ភិវឌ្ឍ​ជនប​ទ ទឹ​កស្អាត និង​អនា​ម័យ ​ព្រម​ទាំង​វិស័យ​ពាក់​ព័ន្ធ​ដទៃ​ទៀត​ផងដែរ​​។​

​សូមប​ញ្ជា​ក់ថា​ រាជរដ្ឋា​ភិបាល​កម្ពុជា​ រៀបចំ​ទិវា​ជាតិ​អាហា​រូប​ត្ថ​ម្ភលើក​ទី​១០​នេះ​ផ្តោត​លើ​ប្រធាន​បទ «​កា​រពង្រឹង​ប្រព័ន្ធ​ស្បៀង​ក្នុង​បរិ​បទនៃ​ការ​ប្រែប្រួ​ល​អាកាស​ធាតុ​»​។ ការ​រៀប​ចំនេះ​ស្រប​ពេល ​ដែល​អង្គកា​រស​ហប្រ​ជាជា​​តិនឹង​រៀបចំ​សន្និ​សីទ​កំពូល​នៃ​បណ្តា​ភាគី​នៃ​អនុ​សញ្ញា​ក្របខ័ណ្ឌ​​អង្គការ​សហ​ប្រជាជាតិ​ ស្តី​ពី​ការប្រែ​ប្រួល​អាកាស​ធាតុ​លើក​ទី​២៨ (COP28) នៅ​ទីក្រុង​ឌូ​បៃ ប្រ​ទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ចា​ប់ពី​ថ្ងៃទី​៣០​ ខែវិច្ឆិកា ​ដល់ទី​១២​ ខែ​ធ្នូដើ​ម្បី​ឱ្យ​រដ្ឋ​ជា​សមាជិ​កបង្ហាញ​​ពី​ការ​ប្តេជ្ញា​ចិត្ត​​ចំពោះ​អនុ​សញ្ញា​ក្រប​ខ័ណ្ឌ​អង្គការ​ស​ហប្រជាជា​តិស្តីពី​ការ​ប្រែ​ប្រួល​អាកា​ស​ធាតុ និ​ង​គោល​ការណ៍​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការប្រែ​ប្រួល​អាកាស​ធាតុ​៕