ភ្នំពេញៈ​កម្ពុជា​-​ចិន ​បាន​ចុះ​អនុស្ស​រ​ណៈ​យោគ​យល់​គ្នា​ក្នុង​ការ​ជួយ​ផ្សព្វ​ផ្សាយ​​ទេសច​រណ៍​វប្បធម៌ ​ទៅ​វិញ​ទៅមក​រវាង​ខេត្ត​សៀមរា​ប និង​ទីក្រុង​ឆាង​សារ​ ដើម្បី​ជំរុញ​ឱ្យ​វិស័យ​ទេសច​រណ៍​នៃ​ប្រទេស​ទាំង​២​មាន​ការ​កើន​ឡើង​។​


​ការ​ចុះ​អនុស្ស​រណៈ​យោគយល់​​គ្នា រវាង​មន្ទីរ​ទេស​ចរណ៍ វិទ្យុ​ ភា​ពយន្ត និង​ទូរទស្សន៍​ក្រុង​ឆាង​សារ នៃ​ប្រទេស​ចិន ជា​មួយ​សមា​គម​ទេសច​រណ៍​កម្ពុជា ​គឺដើម្បី​ជួយ​ផ្សព្វផ្សា​យ​ទេសច​រណ៍​វប្បធម៌​ទៅវិ​ញទៅមក​រវាង​ខេត្តសៀ​ម​រាប​ និង​ទីក្រុង​ឆាង​សារ​ ដែលបាន​ធ្វើឡើង​​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​។ នេះ​បើ​យោងតា​ម​ហ្វេ​ស​ប៊ុ​ក​របស់​មន្ទីរ​ព័ត៌​មាន​ខេត្ត​សៀម​រាប ដែល​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​យោង​តាម​មន្ទីរ​ព័ត៌មា​ន​ខេត្ត​សៀម​រាប​បាន​ឱ្យដឹង​ថា លោក​ ប្រាក់ ​ផាន់​ណា​រ៉ា រដ្ឋ​លេខា​ធិការ​ក្រសួង​ទេស​ចរណ៍ ​បាន​លើក​ឡើង​ថា ​លោក​បាន​ស្នើ​ឱ្យ​ភាគី​ចិន ​ជួយ​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​កម្ពុជា​ ឱ្យ​កាន់​ទូលំ​ទូលា​យ ជា​ពិសេស​ជំរុញ​ទេសច​រណ៍​ក្នុង​ខេត្ត​ហ៊ូ​ណាន មក​កម្ពុជា ​ឱ្យបាន​កាន់​តែ​ច្រើនជា​ង​មុន តា​មរយៈ​ការលើក​ទឹក​ចិត្ត​ដល់​ក្រុម​ហ៊ុន​ទេស​ចរណ៍​ ខេត្ត​ហ៊ូ​ណាន​ សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ទេស​ចរណ៍​កម្ពុជា ​រៀបចំ​ដំណើរ​ទេស​ចរណ៍​ប្រកប​ដោយផា​សុក​ភាព និង​ភាព​ទាក់​ទាញ​។​


​លោក​បាន​បញ្ជាក់​ថា​៖ «​យើង​បាន​ស្នើឱ្យ​រដ្ឋបា​ល​ទីក្រុង​ឆាង​សារ ក៏​ដូច​ជា​ខេត្ត​ហ៊ូ​ណាន​ ទាំង​មូល​ គាំទ្រ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពី​កម្ពុជា​ឱ្យ​បាន​ទូលំ​ទូលាយ ជា​ពិសេស​តំបន់​ទេស​ចរណ៍​វប្បធម៌ និង​ធម្មជាតិ ​តំបន់​ឆ្នេរ​សមុទ្រ​ជា​ដើម​ទៅ​កាន់​ប្រជា​ជន​ខេត្ត​ហ៊ូ​ណាន​»​។

​ជា​មួយ​គ្នា​នេះ លោក ​យុន លីន​ណេ អភិបា​លរង​ខេត្ត​សៀមរា​ប ក៏​បានថ្លែង​នា​ឱកាស​នោះ​ដែរ​ថា ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិ​បត្តិការ​រ​វាង​កម្ពុជា និង​ប្រទេស​ដៃគូ​សម្ព័ន្ធ​មេត្រី​ភាព ពិ​សេស​ប្រទេស​ចិន ត្រូ​វបាន​លើក​កម្ពស់​មួយ​កម្រិត​ដ៏​ធំ​ថែម​ទៀត​រហូត​ប្រសិទ្ធ​នាម​ថា «​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​» ជា​មិត្ត​ដែក​ថែប​ ហើយ​កម្ពុជា​តែង​ប្រកាន់​ជំហ​គាំទ្រ​គោល​នយោ​បាយ​ការ​បរទេស​ចិន​ ជា​ពិសេស​គោល​នយោ​បាយ​ចិន​តែ​១ និង​គំនិត​ផ្តួច​ផ្តើម​ស្តី​ពី ​ខ្សែក្រ​វាត់​១​និង​ផ្លូវ​១។


​លោក​បាន​បញ្ជាក់​ថា​៖ «​ជាការ​ពិត​ណាស់​ទិវា​ផ្សព្វ​ផ្សាយ​ និង​ដោះ​ដូរ​ទេសចរ​ណ៍វប្ប​ធម៌ រវាង​ក្រុង​ឆាង​សារ​ និង​ខេត្ត​សៀម​រាប​នាពេ​លនេះ​គឺជា​ការ​ចូលរួម​ចំណែក​ជំរុញឱ្យ​មាន​ការរី​កចម្រើន​លើ​វិស័យ​ទេសចរ​​ណ៍​ក្នុង​ខេត្ត​សៀម​រាប​ក៏ដូចជា​វិស័យ​ទេស​ចរណ៍​ទូទាំង​កម្ពុជា​ផងដែ​រ​»​។​

​ដោយ​​ឡែក លោ​កស្រី វូ ហ្កី​យី​ង (Wu Guiying) ជា​សមា​ជិក​អចិ​ន្ត្រៃយ៍​នៃ​គណៈក​ម្មាធិ​ការ​បក្ស​ខេត្ត​ហ៊ូ​ណាន​និង​ជា​លេខាធិកា​រ​គណៈក​ម្មាធិ​ការ​បក្ស​ក្រុង​ឆាង​សារ ​បាន​លើក​ឡើង​ថា ​វេទិកា​ផ្សព្វ​ផ្សាយ​នេះ ​គឺជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្រៅ​ស្រុក​នៃ​ឧស្សាហ​កម្ម​ទេសច​រណ៍​ក្រុង​ឆាង​សារ​ តាមរយៈ​ការ​ផ្សព្វ​ផ្សាយ​និង​ផ្លាស់​ប្តូរ​​នេះ វា​នឹង​ជំរុញ​ទំនាក់​ទំនង​ឧស្សា​ហ​កម្ម ទស្សន​កិច្ច​ទៅវិ​ញទៅ​មក​។​

​លោក​ស្រី​បានបញ្ជាក់ថា​៖ «​កិច្ច​សហ​ប្រតិ​បត្តិការ​រវាង​ទីក្រុង​ឆាង​សារ និង​ប្រទេស​កម្ពុជា ​គឺ​នឹង​ជំរុញ​ និង​លើកទឹ​កចិ​ត្ត​ដល់​ភ្ញៀវទេ​សចរ​នៅ​ក្រុង​ឆាង​សារ​កាន់​តែច្រើ​ន​មក​កម្សាន្ត​ប្រទេស​កម្ពុជាដើម្បី​ស្វែងយ​ល់​ពី​ភាព​ទាក់​ទាញ​នៃ​វប្បធម៌​ល្អ​ឯក​របស់​ប្រទេស​មួយ​នេះ​»​។​

​ទាក់​ទង​រឿង​នេះ ​លោក ​ម៉ម រិទ្ធី ប្រធាន​សហ​ព័ន្ធ​សហ​ជីព​វិស័យ​ទេស​ចរណ៍ ​និង​សេវា​កម្ម​កម្ពុជា ​បាន​ឱ្យដឹង​​នៅ​ថ្ងៃទី​៦ ​ខែវិច្ឆិកា​ថា គ្រប់​យុទ្ធ​សាស្ត្រ​ដែល​ភាគី​ពាក់​ព័ន្ធ​ជួយ​លើក​ស្ទួយ​វិស័យ​ទេសច​រណ៍គឺ​លោក​គាំទ្រ​ជានិ​ច្ច​ ព្រោះ​ជាការ​ធ្វើ​ដើម្បី​ប្រយោ​ជន៍​ និង​ការ​ផ្សព្វផ្សា​យ​ពី​វប្បធ​ម៌ អរិ​យធម៌ និង​ប្រពៃ​ណី​របស់​ប្រទេស​កម្ពុជា​ឱ្យ​ប្រទេស​​ផ្សេង​បាន​ស្គាល់​។

​លោក​បន្ត​ថា ​ប៉ុន្តែ​អ្វីដែល​កម្ពុជា ​បាន​ផ្សព្វ​ផ្សាយ​ទៅ​នោះ តើ​វា​មាន​អ្វីដែល​ប្លែក​ដែល​ជា​សក្តានុ​ពល​ទេស​ចរណ៍​ក្នុង​​ខេត្តសៀ​មរាប​បច្ចុប្បន្ន​ដែល​ធ្វើ​ឱ្យ​អន្តរ​ជាតិ ​ចាប់អា​រម្មណ៍​ចង់​ដឹង​ចង់​ស្គាល់​កម្ពុ​ជា ឬ​គ្រាន់​តែ​ជា​សក្ដា​នុពល​ដែល​មាន​កាល​ពី​១០​ឆ្នាំ​មុន​នោះ​ទេ ដែល​យក​ផ្សព្វ​ផ្សាយ​ទៅ​កាន់​អន្តរ​ជាតិ​។​

​លោក​ថ្លែង​ថា​៖ «​ឥឡូវ​យើង​ចុះ​អនុស្សរ​ណៈ​ជាមួយ​ចិន​ហើយ យើ​ង​គួរតែ​ធ្វើ​អ្វីមួយ​ប្លែក​ដើម្បី​ឱ្យ​មានកា​រ​ចា​ប់អា​រម្មណ៍​ និង​ដើម្បី​ឱ្យគេ​យល់​ពី​យើងហើ​យ​គេច​ង់​មក​លេង​ប្រទេស​យើងដើ​ម្បី​ស្គាល់​ខេត្ត​សៀមរា​បឬ​ទីក្រុង​ភ្នំពេញ​ និង​ខេត្ត​ព្រះ​សីហនុ ជាដើ​ម​»​។​

​ដើម្បី​ផ្សព្វផ្សា​យ​​ពី​សក្ដា​នុពល​ទេសចរ​ណ៍​ឱ្យ​ប្លែក និ​ង​មានកា​រ​ចាប់អា​រម្មណ៍កម្ពុជា​គួរតែ​មាន​កា​រអភិវឌ្ឍ​តំបន់​ខេត្ត​ទេសច​រណ៍ ជា​ក់ស្ដែង​ខេត្ត​សៀមរា​ប​ក្រៅពី​ការអ​ភិវឌ្ឍ​ផ្លូវគឺ​ត្រូវមាន​ការ​អភិវឌ្ឍ​សេវាក​ម្ម​ទេសច​រណ៍​តាំង​ពី​កន្លែង​ស្នាក់​នៅ ​ការ​ធ្វើដំ​ណើរ ​រហូត​ដល់​ម្ហូប​អាហារ​ ជាពិសេស​ត្រូវធ្វើ​យ៉ាងណា​​ឱ្យ​ភ្ញៀវ​អន្តរ​ជាតិ​គិតថា​ ក្នុ​ង​ខេត្ត​សៀមរា​ប​​ ក្រៅពី​​ប្រាសា​ទអ​ង្គរ​វត្ត​ នៅមាន​កន្លែង​កម្សាន្ត​ជា​ច្រើន​ទៀត​ផង​ដែរ​។នេះ​បើតាម​ការប​ន្ថែម​ពី​លោក​ ម៉ម រិទ្ធី​៕