ភ្នំពេញៈ ទោះមិន​ធ្លាប់​ទទួលបានឱកាស​​ប្រកួត​​ខ្សែ​ក្រវាត់ នៅ​ក្នុង​ស្រុក ប៉ុន្តែ​​អ្នក​បន្ត​វេន​ត្រកូល​អ្នកប្រដាល់ អេ អាំម៉ារីនភូថង ដែលជា​កូន​ប្រុស​របស់​លោក អេ ភូថង បែរជា​អាច​បង្កើត​បាននូវ​កំណត់​ត្រា ការ​ឈ្នះខ្សែ​ក្រវាត់ ជា​លើកដំបូង​របស់​ខ្លួន នៅលើ​ទឹកដី​ប្រទេស​អូស្រ្តាលី​ទៅ​វិញ ចំណែក​បងប្រុស​របស់​គេ អេ វីរខាំឈិតភូថង (ម៉ឺន មេឃា) ក៏បាន​ឈ្នះ​ខ្សែ​ក្រវាត់ ក្នុង​ពេលជាមួយ​គ្នា​នោះផងដែរ ប៉ុន្តែ​ជើង​ខ្លាំង ពេជ្រ សម្បត្តិ បាន​របូត​ខ្សែ​ក្រវាត់ ក្រោម​ថ្វី​ដៃ​អ្នកប្រយុទ្ធ​របស់​ថៃ។

សម្រាប់​​ការ​​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ក្នុង​កម្ម​វិធី​ Kun Khmer Super Fight & BOB ដែល​​ត្រូវ​ធ្វើ​នៅទីក្រុង Melbourne ​ប្រទេស​អូស្រ្តាលី ​កាល​ពី​ថ្ងៃទី​៥ ខែវិច្ឆិកា​ កន្លង​មក​នេះ អេ អាំម៉ារីន ​បាន​វ៉ៃ​កែង​បណ្តាល​ឱ្យ​ម្ចាស់​ខ្សែ​ក្រវាត់​​ស្ថាប័ន Rise របស់​អូស្រ្តាលី Clinton Corke ​បែក​​នៅលើ​ចិញ្ចើម​ឆ្វេង និងមាន​ឈាម​ហូរ​តាមច្រមុះ នៅ​ក្នុងទឹក​ទី​៣ បន្ទាប់ពី​រូបគេបាន​វាយ​បែប​ស្ទាបស្ទង់​ និងសន្សំ​កម្លាំង អស់​រយៈពេល​២​ទឹក។

ជាមួយគ្នា​​នេះ កីឡាករ Clinton Corke ត្រូវបាន​លោកអាជ្ញាកណ្តាល រុញ​ទៅ​ឱ្យ​គ្រូ​ពេទ្យ​ប្រចាំសង្វៀនពិនិត្យ​របួស​បែក​​​នេះ នៅដើម​ទឹក​ទី​៤ បន្ទាប់ពី​មានឈាម​ហូរ​ច្រើន​ពេក ក្រោម​ការវ៉ៃ​បន្ថែម​ម្តង​ហើយ​ម្តង​ទៀត​របស់ អាំម៉ារីន ប៉ុន្តែ Clinton Corke នៅតែ​សុំ​គ្រូ​ពេទ្យ​ប្រកួត​បន្ត ទោះ​ស្ថាន​ភាព​បែក​របស់​គេកាន់តែ​ធំក្ដី។


តែទោះបីជា​យ៉ាង​ណា នៅ​ក្នុងស្ថាន​ភាពដ៏​អំណោយ​ផល​នេះ អេ អាំម៉ារីន ​បាន​ព្យាយាម​ម៉ាត់ ធាក់ និង​វាយកែង​ទៅលើ​របួស​របស់ Clinton Corke ជា​បន្ត​បន្ទាប់ ហើយ​ដោយ​សារ​ឃើញ​មាន​ឈាម​ហូរ​កាត់​​មុខ​ច្រើន​ពេក ស្របពេល Clinton Corke ក៏​ស្ថិត​ក្រោមការ​វាយសង្រ្គប់​ខ្លាំង​របស់ អាំម៉ារីន នោះ គឺ​លោកអាជ្ញាកណ្តាល សម្រេច​បញ្ឈប់ការ​ប្រកួត និង​ផ្តល់​ជ័យជម្នះ​ឱ្យ អាំម៉ារីន នៅ​ចុងទឹក​ទី​៣​នេះតែម្តង។

អេ អាំម៉ារីន បានស្រែក​យំ​ដូច​កូនក្មេង ព្រោះ​គេរំភើប​ខ្លាំង​ពេក ជាមួយ​ជ័យជម្នះ​ដ៏​សំខាន់នេះ ដ្បិតអី​​វាជាពេលដែល​រូបគេបាន​ឈ្នះខ្សែ​ក្រវាត់ជា​លើកដំបូង ក្នុងអាជីព ហើយ​អ្វី​ដែលកាន់តែពិសេស​នោះ ការ​ផ្តួល​កីឡាករ​ជើង​ចាស់ Clinton Corke ឱ្យ​សន្លប់​នេះ ក៏​បាន​ជួយ​ឱ្យ​ អាំម៉ារីន ​​ឈ្នះ​បាន​​កាដូយក្ស គឺ​ការទទួលបាន​ឡានថ្មីសន្លាង ដែល​មានតម្លៃ​ប្រមាណ​៤ម៉ឺន​ដុល្លារ​ពី Ganzberg ផងដែរ។


នៅក្នុង​ការ​ប្រកួត នៅលើ​ទឹកដី​ប្រទេស​អូស្រ្តាលី ជា​លើកដំបូងនេះ ​ Ganzberg បាន​ផ្តល់លក្ខខណ្ឌដណ្តើម​ឡាន​ថ្មី​ ដល់​បេក្ខភាព​កីឡាករ​កម្ពុជា​ចំនួន​៣​នាក់ ដែល​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ គឺ​អ្នក​អាច​ផ្តួល​ដៃគូឱ្យ​សន្លប់​បានលឿនជាង​គេ នឹង​ក្លាយជា​ម្ចាស់​ឡានថ្មី​នេះ ហើយ​តាម​រយៈ​ការ​ប្រកួតនោះ ម៉ឺន មេឃា ដែល​ចូលខ្លួន​ប្រកួត​ជំនួស លន បញ្ញា គឺ​បាន​យក​ឈ្នះ​​ជើង​ខ្លាំង​របស់​អូស្រ្តាលី Cian Lougheed ដោយពិន្ទុ​ទាំង​លំបាក ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់ ទម្ងន់​៦៥គីឡូក្រាម ប៉ុន្តែ​​ជើង​ខ្លាំង​ ពេជ្រ សម្បត្តិ បានចាញ់​កីឡាករ​ថៃ ​Tum Kitti Patkam ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ទម្ងន់​៦០គីឡូក្រាម។

យ៉ាង​ណា​ក៏​ដោយ ​ការ​វ៉ៃ​កីឡាករ​ចាស់វស្សា Clinton Corke ឱ្យអាជ្ញាកណ្តាល​បញ្ឈប់​របស់ អេ អាំម៉ារីនភូថង បាន​ស្ថិត​ក្រោម​យុទ្ធសាស្រ្ត​រៀបចំ​របស់​លោក អេ ភូថង ដែលជាឪពុក​ និងជាអ្នក​ស្រែក​ប្រាប់ អាំម៉ារីន ដោយ​ផ្ទាល់​ក្នុងពេល​ប្រកួត​តែម្តង ហើយ​លោក អេ ភូថង ពិតជា​មាន​មោទនភាព​ខ្លាំងទៅលើ​កូនប្រុស​ទាំង​២របស់​លោក ដែល​បានឈ្នះខ្សែ​ក្រវាត់ នៅ​អូស្រ្តាលី ជាពិសេស​ជ័យជម្នះ​របស់ អេ អាំម៉ារីន តែម្តង។

តាម​រយៈ​ក្រុមការងារ Kun Khmer Super Fight ដែលជា​​អ្នក​បញ្ជូន​ប្រតិភូ​កីឡា​ប្រដាល់​គុនខ្មែរ ទៅ​ប្រកួត​នៅប្រទេស​អូស្រ្តាលី លើក​​នេះ លោក អេ ភូថង បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖ ​«អម្បាញ់មិញ​នេះ បើ​យើង​វ៉ៃ​គេ​មិន​បែក ហើយអាជ្ញាកណ្តាល​មិនបញ្ឈប់​ទេ ក៏​យើង​មិនអាច​វ៉ៃ​គេ​ឱ្យ​សន្លប់នោះ​ដែរ អ៊ីចឹង​ការ​ទទួល​បាន​ខ្សែ​ក្រវាត់ ជាពិសេស​រង្វាន់​ឡាន​នេះ គឺ​ដោយសារ​កែង​របស់គុនខ្មែរ»។

លោក អេ ភូថង បានបន្ថែម​ថា៖ «ខ្ញុំ​បាន​ប្រាប់​យុទ្ធ​សាស្រ្ត​ទៅ អាំម៉ារីន ឱ្យ​​វាយ​ឆ្វេងសំដៅទៅ​លើ​មុខ​របួស​របស់គូ​ប្រកួត​​ឱ្យ​បានច្រើន ដើម្បីឱ្យ​ឈាម​ហូរ​ធ្លាក់មក ព្រោះ​កីឡាករ Clinton Corke ត្រូវបានគ្រូ​ពេទ្យ​​ធ្វើ​ការ​ពិនិត្យ​ស្នាម​បែក​នេះ​២​ដង​ហើយ អ៊ីចឹង​បើ​រុញ​ទៅពិនិត្យ​ម្តង​ទៀត យើង​មានសង្ឃឹម​ហើយ ហើយ​​បើ​យើង​មិន​ព្យាយាម​ធ្វើ​បែបនេះ គឺ​យើង​មិនអាច​ផ្តួល​គេឱ្យ​សន្លប់បាន​ឡើយ ព្រោះ​គេ​តាន់​ណាស់ វ៉ៃ​មិន​សន្លប់ទេ»។

មិនមែនតែ​​កីឡាករ Clinton Corke ជាដៃគូ អេ អាំម៉ារីន ម្នាក់​ទេ ដែល​មាន​ភាព​រឹង និងស៊ូ​ខ្លាំង ប៉ុន្តែ​​កីឡាករ Cian Lougheed ដែល​ត្រូវបាន ម៉ឺន មេឃា វ៉ៃ​បែកឈាម​ពេញ​​ផ្ទៃ​មុខ និង​អ្នកប្រដាល់ថៃ Tum Kitti Patkam ដែល​បាន​យក​ឈ្នះ ពេជ្រ សម្បត្តិ ក៏មាន​ភាព​រឹង និង​ល្អ​ដូចគ្នា។

អតីត​កីឡាករ​ជើងខ្លាំង អេ ភូថង បាន​បញ្ជាក់​ថា៖​ «មិនមែនតែ​ដៃគូ អាំម៉ារីន មួយ​ទេ ដែល​រឹង និងតាន់ គឺសឹងតែ​​គ្រប់​គូសុទ្ធតែ​បែបនេះ។ មើល​គូ ពេជ្រ សម្បត្តិ គឺ​យើង​វ៉ៃ​យ៉ាង​ណា ក៏​អត់ទៅណា​ដែរ ចំណែក​ដៃគូ​របស់ ម៉ឺន មេឃា ក៏ដូច​គ្នា គឺ​បុក​កែង​ខ្លាំង​បែបណា ក៏​មិនទៅ ដោយសារកម្រិត​សមត្ថ​ភាព​របស់ពួកគេ​ពេល​នេះ ខ្លាំង មិនដូច​ពីមុន​ឡើយ»៕