ភ្នំពេញៈ ​ក្នុងឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ១​ ឆ្នាំ នៃ​ការបើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដែលជា​សមិទ្ធផល​ផ្លូវ​ប្រវត្តិសាស្ត្រ​ដំបូងបង្អស់​របស់​កម្ពុ​ជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ផ្លូវ​ល្បឿន​លឿន​នេះ ទទួលបាន​ការកោតសរសើ​រ និង​ពេញចិត្ត​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស ប្រកបដោយ​ភាពសប្បាយ​រីករាយ​។​


​លោក​បានលើកឡើង​ដូចនេះ តាមរយៈ​លិខិត​អបអរ​សាទរ​ផ្ញើជូន​លោក Zhou Yong នាយក​ក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd និង​លោក Zhou Yong នាយក​ក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​លោក​បានសរសេរថា​៖«​ក្រោយពី​បាន​បើក​ឱ្យប្រើ​ប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ អស់​រយៈពេល ១​ឆ្នាំកន្លងមក យើង​សង្កេតឃើញថា ផ្លូវ​ល្បឿន​លឿន​នេះទទួលបាន​ការកោតសរសើ​រ និង​ពេញចិត្ត​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដែល​ធ្លាប់បាន​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ ឬ​តំបន់​ផ្សេងៗ​ទៀត ប្រកបដោយ​ភាពសប្បាយ​រីករាយ​»​។​


​លោក ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់ថា​៖«​ដូច្នេះ ផ្លូវ​ល្បឿន​លឿន​នេះ បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់ ប្រសិទ្ធភាព​នៃ​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ដោយបាន​ជួយ​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ និង​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​មក​ត្រឹមតែ​ប្រមាណ ២​ម៉ោង​ប៉ុណ្ណោះ ដែល​យើង​អាចធ្វើ​ដំណើរ​ទៅមក រវាង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​វិល​ល្ងាច ដោយ​ងាយស្រួល និង​សុវត្ថិភាព​»​។​

​លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ផ្លូវ​ល្បឿន​លឿន​នេះមិន​ត្រឹមតែ​ផ្ដល់​ភាពងាយស្រួល និង​កាត់បន្ថយ​ពេលវេលា​ច្រើន ក្នុងការ​ធ្វើដំណើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ពិតជា​បាន​ក្លាយជា​សរសៃឈាម​សេដ្ឋកិច្ច​ថ្មី​មួយ​សម្រាប់​បម្រើឱ្យ​វិស័យ​ដឹកជញ្ជូន និង​ការតភ្ជាប់​ផងដែរ ជាពិសេស​នឹង​ជំរុញ​ឱ្យ​ខេត្ត​ព្រះសីហនុ​កាន់តែ​មានការ​អភិវឌ្ឍ​​រីកចម្រើន​បន្ថែមទៀត ឆ្លើយតប​ជាមួយនឹង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​ប្រែក្លាយ​ខេត្ត​នេះ​ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​។​


​ម្យ៉ាងវិញទៀត បើ​គិត​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​នៃ​ការតភ្ជាប់​ ផ្លូវ​ល្បឿន​លឿន​នេះ​គឺជា​ខ្សែ​ផ្លូវ​ដែល​ត​ភ្ជាប់ ប៉ូល​សេដ្ឋកិច្ច​ទី​១ រាជធានី​ភ្នំពេញ​ទៅ​ប៉ូល​សេដ្ឋកិច្ច​ទី​២ ខេត្ត​ព្រះសីហនុ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលដៅ​អភិវឌ្ឍន៍​ច្បាស់លាស់ ដោយ​ចាត់ទុក​ខេត្ត​ព្រះសីហនុ និង​បណ្ដា​ខេត្ត​ដែល​ស្ថិតក្នុង​ប៉ូល​សេដ្ឋកិច្ច​ទី​២ ជា​គោលដៅ​តំបន់ឧស្សាហកម្ម សក្តានុពល​ទេសចរណ៍ ឆ្នេរសមុទ្រ​ធម្មជាតិ កសិឧស្សាហកម្ម ពាណិជ្ជកម្ម និង​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​តាមផ្លូវ​គោក ផ្លូវ​សមុទ្រ និង​កំពង់ផែ​។​

​តាមរយៈ​លិខិត​នេះ លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ទៀតថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​នេះ គឺជា​គម្រោង​ដ៏​មាន​សារៈសំខាន់​មួយ​ស្ថិតក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ (Belt and Road Initiative) ដែល​បាន​ដាក់ចេញ​ដោយ​លោក ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន​។

​លោក ហ៊ុន ម៉ា​ណែ​ត​បន្ថែមថា ៖ «​ពិធី​អបអរសាទរ​ខួប ១​ឆ្នាំ នៃ​ការបើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​នេះ ជា​សក្ខីភាព​បញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន ក្នុងការ​សាងសង់​ផ្លូវ​ប្រកបដោយ​ស្ដង់ដា និង​គុណភាព​ខ្ពស់ និង​ការគ្រប់គ្រង​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ភាពជោគជ័យ ហើយ ក៏​ស្របពេល​ខួប​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន និង​ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន​ផងដែរ​»​។

​ទន្ទឹមនឹង​នេះដែរ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បង្ហាញ​នូវ​ទំនុកចិត្ត​ផងដែរ​ថា ក្រុមហ៊ុន​នឹង​បន្ត​ឆន្ទៈ​យ៉ាង​មុតមាំ និង​បន្ត​ខិតខំ​ប្រឹងប្រែង​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការរបស់ខ្លួន ដោយ​ចាប់យក​នូវ​កាលានុវត្តភាព​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ថ្មីៗ​ដែល​ស្រប​នឹង​បរិបទ​សកល មកប្រើប្រាស់​ឱ្យបាន​ទូលំទូលាយ សំដៅ​បង្កើន​ស័ក្តិ​សិទ្ធ​ភាព និង​ភាពងាយស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ និង​សូមឱ្យ​ក្រុមហ៊ុន​បន្តធ្វើ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ឱ្យស្រប​តាម​ស្តង់ដា​បច្ចេកទេស និង​បញ្ចប់​តាម​កាលបរិច្ឆេទ​កំណត់​។

​ជាមួយគ្នានេះដែរ លោក ហ៊ាង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សា​ធារណ​ការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា បាន​ប្រាប់​យ៉ាងខ្លី​ថា ក្នុង​រយៈពេល​១​ឆ្នាំ​ពេញ មាន​រថយន្ត​ធ្វើ​ចរាចរណ៍​ប្រមាណ ៤,៦៨​លាន​គ្រឿង​នៅលើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​។​

​ក្រសួង​សា​ធា​រណការ និង​ដឹកជញ្ជូន​បានដាក់​ឱ្យ​ដំណើរការ​សាកល្បង​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក លី កេឈាង (Li Keqiang) អតីត​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕