ព្រះសីហនុៈ លោកនាយក​​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត អះអាងថា កម្ពុជា​មិន​យក​ប្រទេស​ណា​​មួយ​ជាស​ត្រូវ​នោះឡើយ​ដោយ​កម្ពុជា​ ត្រូវធ្វើ​ទំនាក់ទំនង​គ្រប់​ប្រទេស​ទាំងអស់​ក្នុងន័យ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ដោយ​កម្ពុជា​ស្វាគមន៍​រាល់​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ពី​បរទេស​។​


​ការអះអាង​របស់លោក ​ហ៊ុន​ ម៉ា​ណែ​ត បែបនេះ ធ្វើឡើង​នា​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា ចេ​ជាង ហ្គ័​រ​ជី ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​ ៧ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។ លោក​ហ៊ុន​ ម៉ា​ណែ​ត បាន​បញ្ជាក់ថា រដ្ឋា​ភិ​បាល​កម្ពុជា​ស្វាគមន៍​រាល់​កិច្ចសហប្រតិបត្តិការ​ពី​គ្រប់​​ប្រទេស​ទាំងអស់ ខណៈ​កម្ពុជា​បើកចំហ​នយោបាយ​ការទូត និង​សេដ្ឋកិច្ច​និង​គោ​លន​យោ​​បាយ​ឱ្យមាន​ការអភិវឌ្ឍ និង​ហុច​ផល​ដល់​ប្រជាជន​។​

​ជាមួយគ្នានេះ លោក​ក៏បាន​ផ្លែផ្កា​ទៅដល់​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ថា មិនទាន់​កាន់អំណាច​ផង យក​ប្រទេស​ខ្លះ​ជាស​ត្រូវ​បាត់ទៅហើយ ឬ​ប្រកាស​កម្ចាត់​ប្រទេស​ណាមួយ​ទៅហើយ​ដែល​អាចធ្វើឱ្យ​ប្រ​ទស​ជាតិ​ឈានទៅរក​ការ​វេទនា​ជាមិនខាន​។​


​លោក ​ហ៊ុន ម៉ា​ណែ​ត ថ្លែងថា​៖ «​យើង​មិន​យក​ប្រទេស​ណា​ជាស​ត្រូវ​ទេ យើង​ស្វាគមន៍​ទាំងអស់​។ អ៊ីចឹង​បានជា​ខេត្ត​ព្រះ​​សីហនុ មាន​ទាំង​វិនិយោគិន មកពី​ចិន មកពី​ជប៉ុន មកពី​អឺរ៉ុប មកពី​អាមេរិក​ច្រើនណាស់​។កម្ពុជា បាន​នាំ​ផលិតផល​នានា​ទៅកាន់ តំបន់​អឺរ៉ុប ទៅ​ចិន ទៅ​អាហ្រ្វិក ទៅ​មជ្ឈិមបូព៌ា ទៅ​តំបន់​អាស៊ាន ដែល​នេះ​ក៏​ព្រោះតែ កម្ពុជា មិន​ធ្វើ​សត្រូវ​ជាមួយ​ប្រទេស​ណាមួយ​ឡើយ​»​។​

​សម្រាប់​លោក​ អ៊ូ ច័ន្ទ​រ័ត្ន សហ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​និង​ជា​អ្នកតាមដាន​បញ្ហានយោបាយ​យល់ថា ការលើក​ឡើង​របស់លោក​ហ៊ុន ម៉ា​ណែ​ត ជា​រឿង​ត្រឹមត្រូវ​ព្រោះ​កម្ពុជា​មិនអាច​យក​បរទេស​ណាមួយ​ជាស​ត្រូវ ប៉ុន្តែ​ត្រូវ​ពិនិត្យ​លើ​ការអនុវត្ត​នយោបាយ​ការបរទេស​ជាក់ស្តែង ខណៈ​ទំនាក់ទំនង​កម្ពុជា និង​លោកខាងលិច​កំពុងមាន​ភាព​ប្រទាំង​ប្រទើស​។​


​លោក​ថ្លែងថា​៖ «​យើង​មិន​យក​ប្រទេស​ណា​ជាស​ត្រូវ​មែន​ប៉ុន្តែ​ជាក់ស្តែង​នយោបាយ​ការ​បរទេស ហាក់​មាន​ភាព​ផ្អៀង និង​ផ្អែក​ច្រើន​ទៅ​ប្រទេស​ចិន​ឬ​ប្រទេស​កុម្មុយនីស្ត ខណៈ​លោក​សេរី​ច្រើន​ដាក់​សម្ពាធមក​កម្ពុជា​លើ​បញ្ហា​នីតិរដ្ឋ យុត្តិធម៌​សង្គម​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ជា​ដើម​។ ទោះជា​ទំនាក់ទំនង​ការ​បរទេស​កម្ពុជា និង​លោក​ខាង​លិច​មិនសូវ​ល្អ ក៏​មិនមាន​អ្វី​ជាធំ​ដុំ​ដែរ​»​។

លោក ​អ៊ូ ច័ន្ទ​រ័ត្ន បាន​បន្ថែមថា ការរក្សា​អព្យាក្រឹត​ភាព​ក្នុង​នយោបាយ​ការបរទេស​គឺជា​រឿង​លំបាក ក្នុងស្ថានភាព​នៃ​ការ​ប្រណាំងប្រជែង​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​របស់​មហា​អំណាច​ជាក់ស្តែង​ដូច​ក្នុងសម័យ​សង្គ្រាមត្រជាក់​ជា​ឧទាហរណ៍​ស្រាប់​។​

​លោក​ យង់ ពៅ អគ្គលេខា​​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើកឡើងថា ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​ដូច្នេះ​ជា​រឿង​ត្រឹមត្រូវ​ស្របតាម​រដ្ឋធម្មនុញ្ញរ​បស់​កម្ពុជា​ពាក់ព័ន្ធ​នឹងន​យោ​បាយ​ការបរទេស ពោលគឺ​កម្ពុជា​ប្រកាន់​នយោបាយ​អព្យាក្រឹត​មិន​ចូលបក្ស​សម្ព័ន្ធ ហើយ​បើកទូលាយ​រាប់អាន​មិត្ត​គ្រប់​ប្រទេស​ទាំងអស់ គ្មាន​ការរើសអើង​។​

​នៅក្នុង​នយោបាយ​ការបរទេស​នេះ​ទៀតសោត លោក យង់ ពៅ ប្រាប់​ដែរ​ថា កម្ពុជា​ត្រូវធ្វើ​យ៉ាង​ណា​ធានា​ការគោរព​ច្បាប់​អន្តរ​ជាតិ គោលការណ៍​អន្តរជាតិ គោរព​នីតិរដ្ឋ រក្សា​ស្ថិរភាព​សង្គម និង​នយោបាយ ហើយ​សម្រួល​ច្បាប់ ទាំង​ច្បាប់​វិនិយោគ​ជាដើម​ក្នុង​ភាព​សមធម៌ ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពី​ភាគី​អន្តរជាតិ​។​

​លោក​សង្កត់ធ្ងន់ថា​៖ «​ទោះ​ជា​យ៉ាងណា គេ​មិន​អាចមាន​អព្យាក្រឹត ១០០% ដូច​នៅក្នុង​ក្រដាស ឬ​ច្បាប់​បានទេ ហើយ​បើ​ប្រទេស​ខ្លះ​មាន​រចនាសម្ព័ន្ធ​សង្គម និង​ប្រព័ន្ធ​ដឹកនាំ​ខ្សោយ នោះ​អព្យាក្រឹតភាព​កាន់តែ​មិន​អាចមាន​ភាពនឹងនរ​បាន​។ ដើម្បី​រក្សា​អព្យាក្រឹត កម្ពុជា​ត្រូវ​ចាំបាច់​មាន​ភាពរឹងមាំ​ផ្ទៃក្នុង​ទាំង​ន​យោ​បាយ និង​សេដ្ឋកិច្ច​»៕