ភ្នំពេញៈ ​មូលនិធិ​ជនពិការ​បានប្រកាសថា មជ្ឈមណ្ឌល​វះកាត់​កុមារ​នឹង​ផ្ដល់​ការព្យាបាល​និង​វះកាត់​ដោយ​ឥតគិតថ្លៃ​ដល់​អ្នកជំងឺ​ក្រីក្រ​ដែលមាន​បញ្ហា​ឆ្អឹង មុខ មាត់ ក្នុង​ខែវិច្ឆិកា​នេះ ខណៈដែល​អង្គការ​ស្នាម​ញញឹម​កម្ពុជា ក៏បាន​ប្រ​កាស​ផ្ដល់​ការវះកាត់​ឥតគិតថ្លៃ​ផងដែរ​ជូន​ដល់​អ្នក​ដែលមាន​បញ្ហា​មុខមាត់​ក្នុង​ខែធ្នូ​ខាងមុខ​។​


​សេចក្ដីប្រកាស​របស់​មូ​ល​និ​ធិ​ជនពិការ ​កាលពី​ថ្ងៃទី​ ៦ ខែវិច្ឆិកា បានឱ្យដឹងថា ផ្នែក​វះកាត់​ឆ្អឹង​នៃ​មជ្ឈមណ្ឌល​វះកាត់​កុមារ​ (CSC)​ ដែល​អ្នកជំងឺ​តែង​ហៅថា​ «​ពេទ្យ​កៀន​ឃ្លាំង​»​ មាន​ក្រុមគ្រូពេទ្យ​ជំនាញ​មកពី​ប្រទេស​បារាំង​នឹង​ផ្តល់​ការ​​ពិនិត្យ​ព្យាបាល និង​វះកាត់​ជូន​អ្នកជំងឺ​ក្រីក្រ​ដែលមាន​បញ្ហា​ផ្នែក​ឆ្អឹង​មុខមាត់​ដូចជា​ខូច​ទ្រង់ទ្រាយ​ពី​កំណើត ដុំ​សាច់​ដុះ​ឬ​ដំបៅ​រ៉ាំរ៉ៃ ដោយសារ​ជំងឺ​ផ្សេងៗ​ដោយ​ឥតគិតថ្លៃ​។​

​មូលនិធិ​ជនពិការ បាន​លើកឡើងថា ការពិនិត្យ​ព្យាបាល​និង​វះកាត់​ជូន​អ្នកជំងឺ​ដែល​ក្រីក្រ​នេះ ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ៦ ដល់​ថ្ងៃទី ​១៧ ខែវិច្ឆិកា នៅ​មជ្ឈមណ្ឌល​វះ​កាត់​កុមារ ​(CSC) ផ្លូវជាតិ​លេខ​ ៦ ​អា ភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​


​ជាមួយគ្នានេះដែរ អង្គការ​ស្នាមញញឹម​ក​ម្ពុ​ជា បាន​សហការ​ជាមួយនឹង​អង្គការ​ស្នាមញញឹម​ជប៉ុន ក៏បាន​ប្រកាស​ផ្ដល់​ការវះកាត់​ឥតគិតថ្លៃ​ជូន​ដល់​អ្នក​ដែលមាន​បញ្ហា​បបូរមាត់​ឆែប​ឬ​ក្រអូម​ឆែប​និង​អ្នក​ដែលមាន​បញ្ហា​មុខ​ខុស​ប្រក្រតី​ផ្សេងៗ​នៅ​ដើមខែ​ធ្នូ​ក្នុង​ខេត្តកំពត​ផងដែរ​។

​ការរៀបចំ​វះកាត់​ឥតគិតថ្លៃ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​ចាប់ពី​ថ្ងៃទី​ ៣ រហូតដល់​ថ្ងៃទី​ ៦ ខែធ្នូ ឆ្នាំ​ ២០២៣ ​ខាងមុខ ដោយ​ទទួលបាន​ការឧបត្ថម្ភ​ពី​អង្គការ Smile Asia និង​សហការ​ឧបត្ថម្ភ​ដោយ​សប្បុរសជន​មួយចំនួន​ផងដែរ​។


​លោក​ឈុត ចាំ ជា​មន្ត្រី​ផ្នែក​រដ្ឋបាល​ប្រចាំ​អង្គការ​ស្នាមញញឹម​កម្ពុ​ជា ហៅ​ជា​ភាសា​អង់គ្លេស​ថា ស្មា​យ ខេ​ម​បូ​ឌា (Smile Cambodia) បានឱ្យដឹង​នៅ​ថ្ងៃទី​៧ វិច្ឆិកា​ថា កម្មវិធី​វះកាត់​ឥតគិតថ្លៃ​នេះ ខាង​អង្គការ​បានធ្វើ​ជាច្រើន​ដង​មកហើយ​នៅក្នុង​មន្ទីរពេទ្យ​ខេត្តសៀមរាប ប៉ុន្តែ​លើក​នេះ ខាង​អង្គការ​បានរៀបចំ​កម្ម​វិធី​វះកាត់​ឥតគិតថ្លៃ​នេះ នៅ​ខាង​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​វិញ​ម្ដង​។

​លោក​បាន​បន្តថា សម្រាប់​អ្នក​ដែល​ទទួលបាន​ការវះកាត់​ឥតគិតថ្លៃ​នេះ​បាន ជា​អ្នក​ដែលមាន​បញ្ហា​មាត់​ឆែប​ឬ​ក្រអូម​ឆែប​និង​អ្នក​ដែលមាន​ស្ថានភាព​មុខមាត់​ខុស​ប្រក្រតី​ផ្សេងៗ​ផងដែរ​ដោយ​មិន​ប្រកាន់​ថា​ជា​កុមារ មនុស្ស​ចាស់​ឡើយ​គឺ​សុទ្ធតែ​ទទួលបាន​ការវះកាត់​និង​ព្យាបាល​លើ​បញ្ហា​ទាំងអស់នេះ​។ ក្រៅពី​ការ​វះ​កាត់​ដោយ​ឥតគិតថ្លៃ​ហើយ ចំពោះ​ការ​ស្នាក់នៅ​សម្រាក​ព្យាបាល ក៏​មិនមាន​ការចំណាយ​លើ​សេវា​អ្វី​ឡើយ​។​

​ចំណែក​លក្ខខណ្ឌ​នៃ​ការទទួលបាន​ការវះកាត់​បញ្ហា​មុខមាត់ ឬ​ក្រអូម​ឆែប​នេះ សម្រាប់​មនុស្ស​ចាស់​ឬ​មនុស្សពេញវ័យ​មិនមាន​លក្ខខណ្ឌ​តម្រូវ​អ្វី​នោះទេ ឱ្យតែ​មាន​សុខ​ភាពល្អ ប៉ុន្តែ​សម្រាប់​ទារក ឬ​កុមារ ដែល​អាច​វះកាត់​បាន គឺ​ត្រូវមាន​អាយុ​ ៣ ​ខែ​ឡើងទៅ និង​ត្រូវមាន​ទម្ងន់​គ្រប់​ចំនួន​ ៦​គីឡូក្រាម ទើប​អាច​ទទួលបាន​ការព្យាបាល​និង​វះកាត់​បាន​។​

​លោក​ឈុត ចាំ បាន​បញ្ជាក់ថា​៖ «​ប្រសិនបើ​គាត់​អត់​គ្រប់​គីឡូ អត់​គ្រប់​អាយុ​ក៏​យើង​មិនអាច​ធ្វើការ​វះកាត់​ឱ្យ​គាត់​បានដែរ សម្រាប់​អ្នក​ឆែបមាត់​គឺ​អាយុ​ពី ​៣ ខែ​ឡើងទៅ ទម្ងន់​គ្រប់​ចំនួន​ ៦ គីឡូ​ទើប​យើង​អាច​វះកាត់​បាន​ហើយ​សម្រាប់​អ្នក​ឆែប​ក្រអូម អាយុ​ចាប់ពី​ ១០ ​ខែ​ឡើងទៅ​ទម្ងន់ ​១០ ​គីឡូ​ទើប​យើង​អាច​វះកាត់​បានដែរ​»​។​

​លោក​បាន​បន្ថែម​ដែរ​ថា សម្រាប់​អ្នក​ដែល​ធ្លាប់​វះកាត់​បញ្ហា​មាត់​ឆែប ឬ​ក្រអូម​ឆែប​ពី​មន្ទីរពេទ្យ​ផ្សេងៗ​កន្លងមក ហើយ​មិនបាន​ស្អាត​ល្អ ក៏​អាចមក​កែ និង​ទទួល​សេវា​វះកាត់​ឥតគិតថ្លៃ​លើក​នេះ​បាន​ផងដែរ​៕