ភ្នំពេញៈ លោក សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​​សន្តិភាព កាលពី​ថ្ងៃទី​ ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានប្រកាស​បើក​វគ្គ​ហ្វឹកហ្វឺន​ដល់​សិក្ខាកាម​នៃ​កង​យោធពលខេមរភូមិន្ទ​រយៈពេល​ ៤​ សប្ដាហ៍ នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​វិលជុំ​រយៈពេល ​២​ ឆ្នាំ​ម្ដង លើ​គម្រោង​ហ្វឹកហ្វឺន​ត្រីភាគី ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​អង្គ​ការ​សហប្រជាជាតិ ​(UN)​។​


​លោក សែម សុវណ្ណនី ថ្លែងថា​៖ «​វគ្គ​ហ្វឹកហ្វឺន​គម្រោង​ត្រីភាគី កម្ពុជា​-​កូរ៉េ​-​អសប ស្តីពី​ការ​ប្រើប្រាស់​គ្រឿងចក្រ​វិស្វកម្ម​ធុន​ធ្ងន់​នេះ គឺ​ការហ្វឹកហ្វឺន​លើក​ទី​ ១ ដល់​សិក្ខាកាម​នៃ​កងយោធពល​​ខេមរភូមិន្ទ ដោយ​ក្រុម​យោធា​ចា​រ្យ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ពង្រីក​ការយល់ដឹង​បន្ថែម លើ​ជំនាញ​ប្រើប្រាស់​គ្រឿងចក្រ​វិស្វកម្ម​ធុន​ធ្ងន់​សម្រាប់​ស្ថាបនា​សំណង់​ផ្ដេក និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​បន្ត​អភិ​វ​ឌ្ឍ្រ​បទេស​ជាតិ​ផង ជាពិសេស​ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការស្តារ​សន្តិភាព និង​សន្តិសុខ ក្នុង​តំបន់​បេសកកម្ម ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​»​។

​យោងតាម​ខ្លឹមសារ​នៃ​សេចក្ដី​ប្រកាស​របស់​អគ្គនាយក​ដ្ឋា​ន​​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព នៅ​ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ បាន​បញ្ជាក់ថា ការបើក​ការ​ហ្វឹក​ហ្វឺ​ន​នេះ ធ្វើឡើង​ក្រោម​អធិបតី​ភាព​លោក​សែម សុវណ្ណនី អនុ​ប្រធាន​ទី​ ១​ គណៈកម្មាធិការ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព លោក Joseph Scheuer អ្នកសម្របសម្រួល​រប​ស់​UN​ប្រចាំ​កម្ពុជា និង​លោក Koh Hyeon Seok នាយ​សេនាធិការ​រង​កងទ័ព​ជើងគោក​សាធារណរដ្ឋ​កូរ៉េ​។​


​ប្រភព​ដដែល​នេះ​បាន​ស្រង់​សម្ដី លោក​សែម សុវណ្ណនី ថា​៖ «​ជា​មោទនភាព​របស់​កម្ពុជា​ដែល​ត្រូវបាន UN ជ្រើសរើស​ជា​ប្រទេស​ ១ ក្នុងចំណោម​ប្រទេស​​វៀតណាម ថៃ ឥណ្ឌូនេស៊ី សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ​វិលជុំ ២​ ឆ្នាំ​ម្តង លើ​គម្រោង​ហ្វឹកហ្វឺន​ត្រីភាគី​នេះ​»​។​

​ប្រភព​ដដែល​នេះ​បានឱ្យដឹងថា លោក ​Koh Hyeon Seok នាយសេនាធិការរង​ក​ង​ទ័ព​ជើង​គោក​សាធារណរដ្ឋ​កូរ៉េ បាន​បញ្ជាក់ថា រយៈពេល ៤​សប្តាហ៍​ទៅមុខ គ្រូ​យោធា​ចា​រ្យ​ជំនាញ​វិស្វកម្ម​កូរ៉េខាងត្បូង​នឹង​បង្រៀន​វគ្គ​ហ្វឹកហ្វឺន​គ្រឿងចក្រ​ធុន​ធ្ងន់​នៅ​សាលា PKO ព្រមទាំង​បើក​ដំណើរការ​អប់រំ និង​បណ្តុះ​​បណ្តាល​ថ្មី​សម្រាប់​អង្គភាព​វិស្វកម្ម PKO​ ផងដែរ​។​


​ប្រភព​ដដែល​នេះ​បាន​ស្រង់​សម្ដី​លោក លោក​ Koh Hyeon Seok ថា​៖ «​ការហ្វឹកហ្វឺន​នេះ​ដើម្បី​ឱ្យមាន​ភាព​ស្ទាត់ជំនាញ​ក្នុង​ប្រតិបត្តិការ​ប្រើប្រាស់​ឧ​ប​ករ​ណ៍​នីមួយៗ ដែល​បង្ហាញ​ជំនឿ​ទុកចិត្ត​ថា វគ្គ​ហ្វឹកហ្វឺន​នេះ​នឹង​ពង្រឹង​ចំណង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​ក្នុង​ក្របខ័ណ្ឌ​រក្សា​សន្តិភាព​ក្រោម​ឆត្រ UN»​។​

​លោក Joseph Scheuer ត្រូវបាន​ស្រង់​សម្ដី​ថ្លែងថា វគ្គ​ហ្វឹក​​ហ្វឺ​ន​នេះ​មាន​លក្ខណពិសេស ២​ យ៉ាង ក្នុងនោះ ទី​ ១ ជា​វគ្គ​ដំបូង​ដែល​រៀបចំ​ដោយ គម្រោង​ត្រីភាគី នៅ​កម្ពុជា ហើយក៏​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​ដំបូង​នៃ​ការហ្វឹកហ្វឺន​រួមគ្នា «​ត្រី​​ភាគី​» រវាង​កម្ពុជា សាធារណរដ្ឋ​កូរ៉េ និង​ UN ផងដែរ​។ ទី​ ២ ជាការ​បញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចសហការ​រវាង UN និង​រដ្ឋាភិបាល​កម្ពុជា ក្នុង​ភាពជា​ដៃគូ​ដើម្បី​សន្តិភាព​។​

​វគ្គ​ហ្វឹកហ្វឺន​ត្រីភាគី​នេះ ជា​គំនិត​ផ្តួចផ្តើមឡើង​របស់លោក​ហ្ស៊ី​ន​ហ្សូ អា​បេ (Shinzo Abe)​ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​កិច្ចប្រជុំ​កំពូល ស្តីពី​ការរក្សា​សន្តិភាព​នៅ​ទីបញ្ជាការ UN កាលពី​ឆ្នាំ​ ២០១៤៕