ព្រះសីហនុៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ា​ណែ​ត បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​សិក្សា​ដោយ​លើកកម្ពស់​ការអភិវឌ្ឍ​ផ្លូវ​ដែក​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដោយ​អាចឱ្យ​ការបើកបរ​ក្នុង​ល្បឿន ៨០​ គីឡូម៉ែត្រ​ក្នុង ១ ​ម៉ោង ដើម្បី​ជំរុញ​ការដឹកជញ្ជូន​ទំនិញ និង​កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​។​


​លោក​បានលើកឡើង​បែបនេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និ​យោ​ជិត​ជាង ១៥ ០០០​ នាក់ ដែល​មកពី​តាម​បណ្តា​រោងចក្រ សហគ្រាស​ដែលមាន​មូលដ្ឋាន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​ ៧ ខែវិច្ឆិកា ឆ្នាំ ​២០២៣​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសា​សន៍​ថា​៖«​ឥឡូវ ឯកឧត្តម ស៊ុន ចាន់ថុល នៅទីនេះ រួមជាមួយ​ឯកឧត្តម ប៉េង ពោធិ៍​នា រឿង​ផ្លូវដែក​របស់​យើង យើង​កុំ​និយាយ​រឿង​ផ្លូវ​ល្បឿន​លឿន​រថភ្លើង​។ យើង​និយាយ​តែ​ផ្លូវដែក​ដឹកទំនិញ​។ ឥឡូវ​ផ្លូវដែក​របស់​យើង​បើក​បាន​ត្រឹម ​៥០ គីឡូម៉ែត្រ​ក្នុង ១ ​ម៉ោង​។ ឥឡូវ​យើង​ធ្វើ​យ៉ាងម៉េច​ឱ្យ​ប្រសើរឡើង (Upgrade)​ មួយចំនួន ដោយ​រុញ​ឱ្យបាន ៨០ ​គីឡូម៉ែត្រ​ក្នុង ១​ ម៉ោង សម្រាប់​ការដឹក​ទំនិញ​មួយចំនួន​»​។​


​លោក​បាន​បន្តថា​៖ «​យើង​នឹងសិក្សា ខ្ញុំ​នឹង​ឱ្យ​សិក្សា​អំពី​ការបន្ថយ​តម្លៃ​ដឹកជញ្ជូន​តាមផ្លូវ​...​អាហ្នឹង​តាំងពីដើម​ដល់​ចប់​។ អ៊ីចឹង បើ​ផ្លូវដែក​នេះ យើង​បានធ្វើ បាន យើង​នឹង​ដឹកទំនិញ​ច្រើន​មកដល់​ទីនេះ​។ បងប្អូន​ឃើញ​ទេ ឡាន​ដឹក​បានតែ​ប៉ុន្មាន​ទេ តែ​រថភ្លើង ១​ ខ្សែ​បាន​ប្រវែង​ ២ ឬ​ ៣​ គីឡូ​ដី​ឯណោះ​។ អ្នក​ចាំ​រថភ្លើង​ឆ្លងកាត់​ម្តងៗ ពេលខ្លះ​ត្រូវ​ពន្លត់​ម៉ាស៊ីន​សិន កុំឱ្យ​អស់​សាំង ព្រោះ​វា​វែង​ពេក អ៊ីចឹង យើង​បង្កើន​ដឹកទំនិញ​តាម​នេះ​»​។​

លោក ហ៊ាង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ទាក់ទង​នឹង​ការលើកឡើង​របស់លោក​ហ៊ុន ម៉ា​ណែ​ត​បានទេ នៅ​ថ្ងៃទី ​៧ ខែវិច្ឆិកា​។​


​លោក ​គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​ស្វា​គម​ន៍ និង​គាំទ្រ​ចំពោះ​ការឱ្យ​សិក្សា​លើកកម្ពស់​ផ្លូវដែក​នេះ ព្រោះ​ជាការ​កាត់បន្ថយ​ថ្លៃដើម​ក្នុងការ​ដឹកជញ្ជូន សម្រាប់​ការនាំ​ចេញ និង​ការនាំ​ចូល​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​បាន​កាន់តែច្រើន​។ ទោះ​ជា​យ៉ាងណា លោក​ក៏​បន្ត​ស្នើឱ្យ​រាជ​រដ្ឋា​​ភិ​បាល​គួរតែ​ធ្វើ​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត បន្ថែមទៀត​ផងដែរ​។​

​យោងតាម​របាយការណ៍​សង្ខេប​ស្ដីពី​ការ​ងារ​សាងសង់​ផ្លូវដែក​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហនុ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បានឱ្យដឹងថា ប្រទេស​កម្ពុ​ជាមាន​ផ្លូវដែក​ចំនួន​ ២ ​ខ្សែ គឺ​ខ្សែ​ទី​ ១ ផ្លូវដែក​ពី​ភ្នំ​ពេញ​-​បាត់ដំបង​-​ប៉ោយប៉ែត​ត្រូវបាន​សាង​សង់​នៅ​ឆ្នាំ​ ១៩២៩ ដល់​ឆ្នាំ​ ១៩៤២ ក្នុងសម័យ​អាណានិគម​បារាំង ដែលមាន​ប្រវែង ៣៨៦ គ​.​ម ខណៈ​ផ្លូវដែក​នេះ ក៏ត្រូវ​បាន​សិក្សា​លើកកម្ពស់​គុណភាព​សម្រាប់​ការ​ដឹកជញ្ជូន​ផងដែរ​។

​ចំណែក​ខ្សែ​ទី​ ២ ផ្លូវដែក​ពី​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​ត្រូវបាន​សាងសង់​នៅ​ឆ្នាំ​ ១៩៦០ ដល់​ឆ្នាំ​ ១៩៦៩ ក្នុងសម័យ​សង្គមរាស្ត្រនិយម​មាន​ប្រវែង ២៦៦ គ​.​ម​។​

​ប្រភព​ដដែល​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​រៀបចំ​គ​ម្រោ​ង​អភិវឌ្ឍន៍ និង​ធ្វើឱ្យ​ប្រសើរ​ឡើងលើ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​ការសម្រួល​ដ​ល់​ការដឹក​ជញ្ជូន​អ្នកដំណើរ និង​ការដឹកជញ្ជូន​ទំនិញ​សំខាន់ៗ​ដូចជា ស្រូវ​អង្ករ ប្រេងឥន្ធនៈ សម្ភារ​បរិក្ខារ​ផ្សេងៗ សំដៅ​កាត់បន្ថយ​ចំណាយ​ឡូ​ជី​ស្ទីក កាត់បន្ថយ​ពេលវេលា​ដឹកជញ្ជូន គ្រោះថ្នាក់​ចរាចរណ៍ និង​ការកកស្ទះ​ចរាចរណ៍ នៅតាម​ដងផ្លូវ ជាដើម​៕