ព្រះសីហនុៈ ពាក្យ​ថា «​ការ​ខ្វះខាត​ទឹកស្អាត​» សម្រាប់​ប្រើ​​ប្រាស់​នៅក្នុង​ខេត្ដ​ព្រះសីហនុ​នាពេលនេះ វា​គ្រាន់តែ​ជា​អនុស្សាវរីយ៍​មួយ​ក្នុង​អតីតកាល​ប៉ុណ្ណោះ ខណៈដែល​បច្ចុប្បន្ន​ការផ្គត់ផ្គង់​ទឹក​ត្រូវបាន​ដោះ​ស្រាយ​បាន​យ៉ាង​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា អាជីវករ​ឬក៏​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ដ​នៅក្នុង​ខេត្ដ​ទេសចរណ៍​ជាប់មាត់​សមុទ្រ​មួយ​នេះ​។​


​គេ​នៅ​ចាំបាន​ថា កាលពី​អំឡុង​ឆ្នាំ​ ២០១៨ រាជរដ្ឋាភិបាល​បានសម្រេច​កាត់​ផ្ទៃ​បឹង​ព្រែក​ទប់​ក្នុង​ក្រុងព្រះសីហនុ​ដែល​ធ្លាប់ជា​ប្រភពទឹក​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ ហើយ​បានផ្តល់​សិទ្ធិ​ជូន​ក្រុមហ៊ុន​ឯកជន​ដើម្បី​អភិវឌ្ឍ និង​មួយ​ភាគ​ធំ​ទៀត​សម្រាប់​កែលម្អ​ឱ្យទៅជា​សួន​រមណីយដ្ឋាន​ទេសចរណ៍​ដើម្បី​បង្កើន​ការទាក់ទាញ​ការ​ចូល​មកលេង​កម្សាន្ត​នៅក្នុង​ខេត្ត​នេះ​។

​ការអភិវឌ្ឍ​នាពេលនោះ​បានធ្វើឱ្យ​មានប​ញ្ហា​ខ្វះ​ទឹកសាប​ស្អាត​ប្រើប្រាស់ ធ្វើឱ្យ​ពលរដ្ឋ​មានការ​ត្អូញត្អែរ​ជាខ្លាំង រហូតដល់​មាន​អ្នកខ្លះ​បាន​បញ្ចេញ​ប្រតិកម្ម​មិន​ចង់ឱ្យមាន​ការអភិវឌ្ឍ​ទៀតផង​។


​ជា​ដំណោះស្រាយ​លើ​បញ្ហា​នេះ កាលពី​ឆ្នាំ ​២០២២ រាជ​រដ្ឋាភិបាល​បានសម្រេច​បង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ព្រែក​ទឹកសាប​ក្បាលឆាយ យក​ជា​ប្រភពទឹក​ធម្មជាតិ​សម្រាប់​ផ្គត់​​ផ្គង់​ក្នុង​ខេត្ត​ព្រះសីហនុ​ជំនួស​បឹង​ព្រែក​ទប់​ដែល​មានការ​គោក​រាក់​ពី​ ១ ​ឆ្នាំទៅ​ ១​ ឆ្នាំ​ថែម​ទាំង​បាត់បង់​គុណភាព​ទៀតផង​។ រហូតមកដល់​ពេលនេះ ការតភ្ជាប់​បណ្តាញទឹក​បាន​រួច​រាល់​ធ្វើឱ្យ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ លែង​ជា​បញ្ហា​កង្វល់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ ទៀតហើយ​។​

​លោក ឡុង ឌី​ម៉​ង់ អភិបាល​រង​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា ការប្រើប្រាស់​ទឹកស្អាត​នៅ​ក្រុងព្រះសីហនុ និង​ផ្នែក​ខ្លះ​នៃ​តំបន់​ស្ទឹងហាវ​និង​ព្រៃនប់ ដែល​ធ្លាប់មាន​ការខ្វះ​ទឹក​ប្រើប្រាស់​នោះ ពេលនេះ​លែងមាន​បញ្ហា​ខ្វះខាត​ទៀតហើយ ក្រោយ​កា​រត​បណ្តាញ​ទឹកបាន​ទៅដល់​កន្លែង​ទាំងអស់នោះ​។ លោក​បន្តថា ខេត្ត​ព្រះសីហនុ​មាន​ក្រុមហ៊ុន​អាន​កូ​សម្រាប់​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹក ជូន​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​ដែល​ការផ្តល់សេវា​នេះ​គ្របដណ្តប់​ក្នុង​ក្រុងព្រះសីហនុ ស្រុក​ស្ទឹងហាវ និង​ស្រុក​ព្រៃនប់​។​


​លោក​អភិបាលរង​ខេត្ត​ព្រះ​សីហនុ​បានឱ្យដឹង​ទៀតថា ប​ច្ចុ​ប្បន្ន​ក្នុង​ ១​ ថ្ងៃ ខេត្ត​ព្រះសីហនុ​មាន​សមត្ថភាព​ផលិត​ទឹកបាន ១៦ ​ម៉ឺន​ម៉ែត្រគុប ស្របពេល​ការប្រើប្រាស់​ទឹក​មាន​ត្រឹមតែ​ជាង​ ៩​ ម៉ឺន​ម៉ែត្រគុប​ប៉ុណ្ណោះ ក្នុងនោះ​នៅក្នុង​ក្រុងព្រះសីហនុ​មានការ​ប្រើប្រាស់​ទឹក​ចន្លោះ​ពី ៧៥ ០០០ ទៅ ​៨៥ ០០០​ម៉ែត្រ​​គុប​ក្នុង​ ១ ​ថ្ងៃ​។​

​លោក​បាន​បញ្ជាក់ថា​៖«​ការ​​ងារ​ផ្គត់ផ្គង់​ទឹក​មកដល់ពេលនេះ មិនមាន​បញ្ហា​ទេ ដោយសារ​យើង​មាន​រេ​សឺ​វ័រ ​[Reservoir]​ នៅ​តំបន់​ក្បាលឆាយ ដែល​រាជ​រដ្ឋាភិបាល​បានដាក់​តំបន់​នេះ​ជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ក្នុង​ហ្នឹង​សំខាន់បំផុត​គឺជា​រេ​សឺ​​វ័រ​ធម្មជាតិ​ផង ហើយ​គេ​លើក​ទំនប់​ថែមទៀត​ដើម្បី​ទប់ទឹក​ទុក​ប្រើប្រាស់ ធ្វើ​ដូច​អាង​ប្រព្រឹត្តិ​កម្ម​ទឹក​ដែរ តែ​គេ Treat ទឹក​ឱ្យ​ស្អាត​ហើយ​បាន Supply»​។

​បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​៥​ម៉ឺន​គ្រួសារ ស្មើនឹង​មនុស្ស​សរុប​ចំនួន​ជិត​ ២៣ ​ម៉ឺន​នាក់​នាក់​។ នេះ​បើតាម​របាយការណ៍​ប្រជា​សាស្ត្រ​របស់​រដ្ឋបាលខេត្ត​ព្រះ​សីហនុ​។ លោក​ឡុង ឌី​ម៉​ង់ បញ្ជាក់ថា ចំពោះ​ការផ្គត់ផ្គង់​​ទឹក ប្រសិនបើ​ទៅ​ថ្ងៃមុខ​ចំនួន​មនុស្ស​មានការ​កើនឡើង​រហូតដល់​ ១​ លាន​នាក់​ឡើងទៅ​នោះ ខេត្ត​នឹងមាន​ការគិតគូរ​បន្ថែ​ម​ទៀត ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យបាន​ទាន់ពេលវេលា​។

​អ្នកស្រី កុល បញ្ចពណ៌ អាជីវ​ករលក់​សាច់ជ្រូក​នៅក្នុង​ផ្សារ​ពាណិជ្ជកម្ម ស្ថិតក្នុង​សង្កាត់ ​២ ក្រុងព្រះសីហនុ និយាយថា ការរស់នៅ​បច្ចុប្បន្ន​មាន​ភាព​ងាយស្រួល មិន​លំបាក​ក្នុង​ការទិញ​ទឹក​សម្រាប់​ស្តុក​ទុក​ឬ​ត្រង​ទុក​ប្រើប្រាស់​ដូច​មុន​ទៀត​ទេ​។ អ្នកស្រី​បន្តថា ការ​មាន​ទឹកសាប​ស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​បាន​អំណោយផល​ដល់​ការរស់នៅ​មាន​ផាសុកភាព ហើយ​ការប្រកប​របរ​អាជីវ​កម្ម​និង​ការងារ​ផ្សេងៗ​ក៏បាន​ដោយ​រលូន​ផងដែរ​។

​អ្នកស្រី បាន​លើកឡើងថា ពេល​ខ្វះ​ទឹក​ប្រើប្រាស់​មិន​ត្រឹមតែ​លំបាក​ក្នុងការ​សម្អាតខ្លួន​​ប្រាណ សម្លៀកបំពាក់ ការដាំ​ស្ល​ប៉ុណ្ណោះ​ទេ​គឺ​ថែមទាំង​ខាត​បង់​ប្រាក់កាស​មួយចំនួន​ក្នុងការ​ចំណាយ​ទិញ​ទឹក​ស្តុក​ទុក ដែលជា​ហេតុ​ប៉ះពាល់​ដល់​ជីវភាព​មួយផ្នែក​ទៀតផង​។

​អ្នកស្រី​បាន​ថ្លែងថា​៖ «​ក្នុងការ​ប្រើប្រាស់​ទឹក ឥឡូវ​យើង​មានទឹក​សម្បូរហូរហៀរ​ចំពោះ​ការប្រកប​របរ​រកស៊ី​រឿង​ទឹក រឿង​អី​អត់​បញ្ហា​ទេ បើ​កាលពីមុន​អត់​ទេ លំបាក​ណាស់ ទាល់តែ​យើង​ទិញ​ទឹក​គេ​មក​ប្រើ​និយាយ​រួម​ទៅ​វេទនា​ខ្លាំង​បើ​យើង​អត់​ទិញ​ទឹក​ទេ យើង​អត់​មានអី​ប្រើ​»​។

​អ្នកស្រី ចាន់ ដាលីន ជា​អ្នកលក់​បាយ ម្ហូប​នៅក្បែរ​ផ្សា​លើ​ក្រុងព្រះសីហនុ​បាន​និយាយថា​៖«​ការលក់ដូរ​របស់ខ្ញុំ​លែងមាន​បញ្ហា​រាំងស្ទះ ដោយសារ​ការខ្វះ​ទឹក​ទៀតហើយ ឥឡូវ​យើង​មានទឹក​គ្រប់គ្រាន់ បើក​ប្រើ​ពេលណា​មាន​ពេល​ហ្នឹង​»​។

​អ្នកស្រី​រំឭកថា កាលពី​ក្នុងអំឡុង​ឆ្នាំ ២០១៨-២០១៩ ជា​ពេលវេលា​មួយ​ដ៏​លំបាក ដោយសារ​គ្មាន​ទឹក​ប្រើប្រាស់​គ្រប់​គ្រាន់​ធ្វើឱ្យ​ការលាង​សម្អាត​បន្លែ​ត្រី​សាច់​មិនបាន​ល្អ ការ​ប្រើ​ទឹក​នាពេលនោះ ត្រូវ​សន្សំ​សំចៃ ព្រោះ​ការទិញ​ទឹក​ពេលខ្លះ​គេ​អាច​ដឹក​មក​ទាន់ពេល តែ​ពេលខ្លះ​ក៏​យឺត​ពេល ដោយ​សារ​អ្នកលក់​ត្រូវ​ដឹក​បំពេញ​តម្រូវ​អ្នកផ្សេងៗ​ទៀត​។

​អ្នកស្រី បាន​លើកឡើងថា​កាលនោះ​អ្នកស្រី​មានការ​អាក់អន់ស្រពន់ចិត្ត​ជាខ្លាំង​ចំពោះ​ការសម្រេច​អភិវឌ្ឍ​ក្នុង​ខេត្ត​ដោយ​មិនបាន​ត្រៀមលក្ខណៈ​ឱ្យបាន​រួចរាល់​ក្នុងការ​រក្សា​ស្ថិរ​ភាព​នៃ​ការផ្តល់​ទឹក​ប្រើប្រាស់​សម្រាប់​ប្រជាពលរដ្ឋ​។

​អ្នកស្រី​បាន​ថ្លែងថា​៖ «​កាល​ហ្នឹង​អ្វី​ក៏​ខ្ញុំ​មិន​ចង់បាន​ដែរ ខ្ញុំ​ចង់ឱ្យ​តែមាន​ទឹក​សម្រាប់​ប្រើ​ប្រាស់​គ្រប់គ្រាន់​បាន​ហើយ តែ​មកដល់​ពេល​ឥឡូវ​វិញ​គឺ ការរៀបចំ​បានល្អ​ស្អាត ទាក់ទាញ​ទេសចរ​អ៊ីចឹង ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ ព្រោះ​ការលក់ដូរ​បាន​រាល់ថ្ងៃ​»​។

​លោក ​ផែន ស្រស់ អ្នក​ប្រក​បរបរ​បោក​អ៊ុត​សម្លៀកបំពាក់​នៅក្នុង​សង្កាត់​លេខ​ ២ ក្រុង​ព្រះ​​សីហនុ និយាយ​ដែរ​ថា ការខ្វះ​ទឹក​ប្រើប្រាស់​លែង​ជា​បញ្ហា​សម្រាប់​ការប្រកប​របរ​បោក​អ៊ុត​របស់លោក​ហើយ ដោយ​បច្ចុប្បន្ន​លោក​អាចធ្វើ​ការបោក​សម្អាត​សម្លៀកបំពាក់​រាប់​សិបកំ​ប្លេ​និង​រាប់សិប​គីឡូ​ផងដែរ​។

លោក​ប្រាប់ថា នៅពេល​មាន​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ក្នុង​ក្រុង​ព្រះ​សី​ហ​នុ​ពិតជា​មានការ​លំបាក ប៉ុន្តែ​ការអភិវឌ្ឍ​ជា​រឿង​ចាំបាច់​និង​សំខាន់ ការអភិវឌ្ឍ​ធ្វើឱ្យមាន​ការប៉ះពាល់​តិចតួច និង​មាន​ត្រឹម​តែមួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​ផល​ដែល​ទទួលបាន​មកវិញ គឺ​ភាពស្រស់ស្អាត រីកចម្រើន អំណោយផល​ដល់​ការធ្វើការងារ​ផ្សេងៗ ជា​ពិ​សេស​អាច​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​ចូល​មកលេង​កម្សាន្ត​ក្នុង​ខេត្ត​ទៀតផង​។

​លោក​បាន​ថ្លែងថា​៖ «​កាលពី​ខ្វះខាត​ទឹក ខ្ញុំ​ក៏​ពិបាក បងប្អូន​ផ្សេងទៀត​ក៏​ពិបាក គ្មាន​អ្នកណា​ស្រួល​ទេ ប៉ុន្តែ​ចំពោះ​ខ្ញុំ គឺ​គាំទ្រ​ការអភិវឌ្ឍ ព្រោះ​មិនដែល​គេ​អភិវឌ្ឍ​ទៅ​នាំឱ្យ​យើង​មានការ​លំបាក​ ១​ ជីវិត​នោះទេ ឥឡូវ​ដល់​កន្លងផុត​ទៅ​តែ​ប៉ុន្មាន​ឆ្នាំ​ក៏​ស្រួល​វិញ​មែន ឥឡូវ​អ្នកខ្លះ​មិន​ទាំង​ចាំ​ថា ធ្លាប់​លំបាក​ផង នេះ​ព្រោះ​ការលំបាក​តិច តែ​ផ្តល់​ផល​មកវិញ​ច្រើន​»​។

​លោក​សោម សាវ៉ាត ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា ការ​មានទឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​គ្រប់គ្រាន់​មិនមែន​មានតែ​ការយក​ទឹក​ពី​តំបន់​ក្បាល​​ឆាយ​ដែល​រាជរដ្ឋាភិបាល​បង្កើតជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​នោះទេ តែ​បន្ថែម​ពីនេះ ការ​ផ្គត់​​ផ្គង់​ទឹកបាន​គ្រប់គ្រាន់​បែបនេះ ក៏​ដោយសារ​ការពង្រីក​ប្រភព​ស្តុក​ទឹក​នៅតាម​មូលដ្ឋាន​ស្រុក ដែល​តម្រូវឱ្យមាន​ជា​អាង​និង​ទំនប់​បន្ថែម​ផងដែរ​។

​លោក​បាន​បញ្ជាក់ថា​៖«​កាលពីមុន វា​មានការ​ខ្វះខាត​ទឹក​ដោយសារ​ប្រភពទឹក​យើង​អត់​ទាន់​បាន​ពង្រីក​បន្ថែម តែ​ឥឡូវ​យើង​ពង្រីក​បាន​គ្រប់គ្រាន់​អស់ហើយ​មិនមាន​ការខ្វះ​ទៀត​ទេ​។​ទឹក​នៅ​តំបន់​ក្បាលឆាយ​សម្រាប់​ ១ ​ផ្នែក​នៃ​ការផ្គត់ផ្គង់​ទឹក ប៉ុន្តែ​នៅតាម​ស្រុក​គឺមាន​ជា​អាង​ស្តុក​ទឹក និង​មាន​ជា​ទំនប់ទឹក ស្រះ​ទឹក​ផ្សេងៗ​ទៀត អ៊ីចឹង​បាន​យើង​មានទឹក​គ្រប់គ្រាន់​ទៅ​នៅ​គ្រប់កន្លែង​»៕