ភ្នំពេញៈ ​អ្នកជំនាញ​សេដ្ឋកិច្ច​ នៅ​កម្ពុជា​បាន​មើលឃើញថា គោលនយោបាយ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​មិន​ត្រឹមតែ​អាច​ពង្រីក​កម្លាំង​ជំនាញ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ​តែ​ជា​យុទ្ធសាស្ត្រ​ចាប់យក​អ្នកវិនិយោគ​ខាង​វិស័យ​ឧស្សាហកម្ម​ធំ​-​តូច​ និង​ មធ្យម​ដែល​កំពុង​ហូរ​ចេញពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​មកកាន់​ប្រទេស​កំពុងអភិវឌ្ឍន៍​។​


​អ្នកជំនាញ​សេដ្ឋកិច្ច​លោក គី សេរី​វឌ្ឍន៍ បាន​ថ្លែងឱ្យដឹងថា មូលធន​មនុស្ស​គឺជា​សរសរ​ស្តម្ភ​មួយ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​នេះហើយ​ការដាក់​ឱ្យមាន​គោលនយោបាយ​ជាតិ​ស្តីពី​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​គឺជា​យុទ្ធសាស្ត្រ​មួយ​ក្នុងចំណោម​កិច្ចការ​អាទិភាព​នានា​របស់ខ្លួន​។​

​លោក​បាន​ថ្លែងថា​៖«​ប្រទេស​សិង្ហ​បុរី​គេ​បាន​អនុវត្ត​លើ​គោលនយោបាយ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​នេះ​បាន​ជិត​៤០​ឆ្នាំ​ហើយ​ដោយឡែក​កម្ពុជា​ក៏បាន​ចាប់ផ្តើម​លើ​គោលនយោបាយ​ថ្នាក់ជាតិ​មួយ​នេះដែរ​។​នេះ​គឺជា​ការចាប់ផ្តើម​មួយ​ដ៏​សំខាន់​ណាស់​ជាការ​ចាប់ផ្តើម​ថ្មី​មួយ​ដើម្បី​ជំរុញ​សេដ្ឋកិច្ចជាតិ​មួយ​ដ៏​ចាំបាច់​តាមរយៈ​ការបង្កើន​កម្លាំង​ជំនាញ​លើ​ការផលិត​ក្នុងស្រុក​»​។​


​អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា ការដាក់ចេញ​គោលនយោបាយ​ថ្នាក់ជាតិ​លើ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​នេះ​ក៏​ជា​យន្ត​ការផ្តល់​ផលប្រយោជន៍​ និង​ ជំរុញ​សេដ្ឋកិច្ច​រយៈពេល​វែង​មួយ​ដែរ​។​

លោក គី សេរី​វឌ្ឍន៍ មើលឃើញថា យន្តការ​នេះ​អាច​ទាក់ទាញ​អ្នកវិនិយោគ​ពី​ក្រៅប្រទេស​និង​លើកកម្ពស់​លើ​វិស័យ​ឧស្សាហកម្ម​និង​វិស័យ​ផលិតកម្ម​លើ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​នាពេល​អនាគត​ទៀតផង​។​


​លោក​បាន​បញ្ជាក់ថា​៖«​កាលណា​យើង​ពុំមាន​កម្លាំង​ជំនាញ​ទេ​គឺ​យើង​មិនអាច​ទាញ​ការវិនិយោគ​ធំៗ​ពី​ក្រៅប្រទេស​បានទេ​បើទោះបី​រាជរដ្ឋាភិបាល​លើកលែង​ពន្ធ​ឬក៏​ផ្តល់​ការលើកទឹកចិត្ត​ផ្សេងៗ​ដល់​ការវិនិយោគ​ក៏ដោយ ក៏​វា​នៅតែ​ពិបាក​ដដែល​ព្រោះ​យើង​ខ្វះ​កម្លាំង​ពលកម្ម​ជំនាញ​»​។​

​គោលនយោបាយ​ថ្នាក់ជាតិ​លើ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​នេះ​អាចជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ក្នុងការ​ត្រៀមខ្លួន​ស្វាគមន៍​វិនិយោគ​ខាង​វិស័យ​ឧស្សាហកម្ម​ពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​មកកាន់​កម្ពុជា និង​កត្តា​នេះហើយ​ដែល​រាជរដ្ឋាភិបាល​បានដាក់​គោលដៅ​ដុតដៃដុតជើង​ក្នុងការ​ពង្រីក​កម្លាំង​ជំនាញ​ឬក៏​មូលធន​មនុស្ស​នេះ​។​លោក គី សេរី​វឌ្ឍន៍​បានបញ្ជាក់​បន្ថែម​ដូច្នេះ​។​

​លោក​បាន​បន្តថា​៖«​លំហូរ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​មកពី​ប្រទេស​ចិន​ឥណ្ឌា រុស្សី និង​បណ្តា​ប្រទេស​អភិវឌ្ឍន៍ បាននិងកំពុង​ហូរ​ចូលមក​កាន់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូច្នេះ​កម្ពុជា​ត្រូវ​ចេះ​ឆ្លៀតឱកាស​នេះ​លើ​ការទាក់ទាញ​ការវិនិយោគ​និង​លំហូរ​សេដ្ឋកិច្ច​ទាំងនេះ​តាមរយៈ​ការពង្រីក​សមត្ថភាព​ជំនាញ​របស់​ពលរដ្ឋ​»​។​

​លោក​ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ក៏ដូចជា​ពលរដ្ឋ​ទូទៅ ឱ្យមក​ទទួលយក​វគ្គ​បណ្តុះបណ្តាល​នេះ​ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួនឯង​ពី​អតិពលកម្ម​មកជា​កម្លាំង​ជំនាញ​វិញ​ដើម្បី​មានឱកាស​វិ​វ​ឌ្ឍ​ខ្លួន​មក​ចាប់យក​ឱកាស​ការងារ​នៅ​វិស័យ​ធំៗ​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ជាង​មុន​។​

​ចំណែក នាយក​នៃ​មជ្ឈមណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាលកិច្ច​និង​ប្រជាធិបតេយ្យ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​លោក ឆេង គឹម​ឡុង ក៏បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ព្រោះ​ពួកគាត់​អាចមាន​ជំនាញ​ហើយ​អាចឆ្លើយតប​ទៅនឹង​លក្ខខណ្ឌ​ការងារ​នៅក្នុង​ស្រុក​បាន​និង​មាន​ចំណូល​ខ្ពស់ជាង​មុន​។​

​លោក​បានឱ្យដឹងថា​៖ «​ការលើកកម្ពស់​កម្លាំង​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​គឺជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​ពលរដ្ឋ​ឆ្លើយតប​ទៅនឹង​វិបត្តិ​ផ្សេងៗ​ឆ្លើយតប​ក្នុងន័យ​ថា​ពួកគាត់​ទទួលបាន​ចំណេះ​ជំនាញ​ថ្មីៗ​សមស្រប​ទៅនឹង​ស្ថានភាព​ការងារ​បច្ចុប្បន្ន​»​។​

​លោក​បាន​បន្តថា ការបណ្តុះបណ្តាល​បច្ចេក​ទេស​និង​វិជ្ជាជីវៈ​នេះ​មាន​ទិសដៅ​៣​សំខាន់ គឺ​បណ្តុះបណ្តាល​ជំនាញ​ដែលមាន​ស្រាប់​, បណ្តុះបណ្តាល​ជំនាញ​ថ្មីៗ​និង​បណ្តុះបណ្តាល​ជំនាញ​បន្ថែម (Reskill)​។​ ទាំងនេះ​សុទ្ធសឹងតែ​ជា​ទិសដៅ​សំខាន់ៗ​ក្នុង​យន្តការ​ជាតិ​នេះ​ដែល​រាជរដ្ឋាភិបាល​គួរតែ​យកចិត្តទុកដាក់​និង​ផ្តោតលើ​ការបណ្តុះបណ្តាល​នាពេលខាងមុខ​។​

​លោក​ឆេង គឹម​ឡុង ថ្លែងថា​៖«​កាលណា​កម្ពុជា​ជោគជ័យ​លើ​ការបណ្តុះបណ្តាល​នេះ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ដែលមាន​ភាព​ទាក់ទាញ​។​មានន័យថា​ទាក់ទាញ​ការវិនិយោគ​ពី​ខាងក្រៅ​មកហើយ​យើង​អ្នក​នៅក្នុង​ស្រុក​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​លើ​កម្លាំង​ជំនាញ​ដែល​យើង​មាន​»​។​

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​បាន​ដាក់ចេញ​គោលនយោបាយ​លើ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ និង ​វិជ្ជាជីវៈ​លើ​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​ហានិភ័យ​ឱ្យបាន ​១,៥​ លាន​នាក់​ ហើយ​លោក​ផ្ទាល់​នឹង​ប្រកាស​ដាក់ឱ្យអនុវត្ត​វគ្គ​បណ្តុះបណ្តាល​នេះ​ជា​ផ្លូវការ​ នៅ​ថ្ងៃទី​១៤ ខែ វិច្ឆិកា​ឆ្នាំ​ ២០២៣​ ខាងមុខនេះ​។​

​ទាក់ទង​នឹង​ការបណ្តុះបណ្តាល​ជំនាញ​នេះដែរ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​ កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា​ថា ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយ​រង​ហានិភ័យ និង​កម្មករនិយោជិត​ប្រមាណ​១,៥​លាន​នេះ គឺ​ក្រសួង​បានបញ្ចប់ និង​ត្រៀម​លក្ខណសម្បត្តិ​ជាមួយ​ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ​កំណត់​យន្តការ មុខសញ្ញា វិធីសាស្ត្រ ចុះឈ្មោះ​សិស្ស កម្មវិធីសិក្សា និង​សេចក្តីជូនដំណឹង​នានា​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​ក្រសួង​បានជ្រើសរើស​វិស័យ​ចំនួន​១០ និង​ជំនាញ​អាទិភាព​ចំនួន​៣៨​មុខជំនាញ សម្រាប់​ជំហាន​ដំបូង ដែល​ទីផ្សារការងារ​កំពុងមាន​តម្រូវការ​ខ្ពស់ និង​បានបញ្ចប់​ការធ្វើ​វិ​ក្រឹ​ត​ការ​គ្រូ​បច្ចេកទេស​ចំនួន​២៤៨​នាក់​រួចហើយ កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា​»៕