ភ្នំពេញៈ ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា (IRIC) នៃ​រាជបណ្ឌិត្យសភាកម្ពុជា (RAC) និង​វិទ្យាស្ថាន​សិក្សា​ប្រទេស​ចិន​ និង​អាស៊ី​សហ​សម័យ (ICCA) នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​រុស្ស៊ី (ICCA-RAS) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MoU)​ ដើម្បី​រៀបចំ​គម្រោង​សរសេរ​សៀវភៅ​រួមគ្នា​ស្តីពី «​ទំនាក់ទំនង​កម្ពុជា​-​រុស្ស៊ី​៖ អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល​»​។​


​លោក គិ​ន ភា វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​ថា ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា រវាង​លោក និង​លោក វ្ល៉ា​ឌី​មៀ ម៉ា​ហ្សី​រិ​ន (Vladimir Mazyrin) ប្រធាន​មជ្ឈមណ្ឌល​សិក្សា​វៀតណាម​និង​អាស៊ាន នៃ​វិទ្យាស្ថាន​សិក្សា​ប្រទេស​ចិន​និង​អាស៊ី​សហ​សម័យ (ICCA) នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​រុស្ស៊ី (ICCA-RAS) បន្ទាប់ពី​មាន​ជំនួប​ពិភាក្សា​នៃ​ភាគី​ទាំង​២​រួចមក​។

​លោក​បានឱ្យដឹងថា បន្ទាប់ពី​ជំនួប​ពិភាក្សា​រួចមក ភាគី​ទាំង​២​បាន​ឈានដល់​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា នេះ ដែលជា​កិច្ច​ចាប់ផ្តើម​នៃ​កិច្ចសហប្រតិបត្តិការ ភាគី​ទាំង​២​បាន​ឯកភាព​ថា​នឹង​រៀបចំ​គម្រោង​សរសេរ​សៀវភៅ​រួមគ្នា ស្តីពី «​ទំនាក់ទំនង​កម្ពុជា​រុស្ស៊ី​៖ អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល​»​។​


​លោក គិ​ន ភា ថ្លែងថា​៖ «​ក្នុង​វិស័យ​សិក្សា​ស្រាវជ្រាវ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​រុស្ស៊ី​រាជបណ្ឌិត្យសភាកម្ពុជា មាន​ទំនាក់ទំនង និង​ធ្លាប់បាន​ចុះ MoU រវាង​រាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹង​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​រុស្ស៊ី​ដែល​តាមរយៈ​អនុស្សរណៈ​នោះ​យើង​បាន​មាន​ទំនាក់ទំនង​មួយចំនួន​ដូចជា​ផ្លាស់ប្តូរ​អ្នកស្រាវជ្រាវ ការអញ្ជើញ​វាគ្មិន​របស់​កម្ពុជា​ទៅកាន់​ប្រទេស​រុស្ស៊ី និង​ការអញ្ជើញ​វាគ្មិន​រុស្ស៊ី​មកកាន់​កម្ពុជា​ជាដើម​»​។​

​លោក​បាន​បន្តថា​៖«​នេះ​គឺជា​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹង​បណ្ឌិត​វិទ្យាសាស្ត្រ​រុស្ស៊ី​។ និយាយ​ដោយឡែក​ទំនាក់ទំនង រវាង​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​របស់​ខ្ញុំ ជាមួយ​វិទ្យាស្ថាន​សិក្សា​ប្រទេស​ចិន​និង​អាស៊ី​សហ​សម័យ (ICCA)​ នេះ គឺ​យើង​បានចាប់ផ្តើម​ចុះ ​MoU ជា​ចំណុច​ចាប់ផ្តើម​នៃ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សិក្សា​ស្រាវជ្រាវ​រវាង​វិទ្យាស្ថាន​ទាំង​២»​។​


​លោក គិ​ន ភា ថ្លែងថា វិទ្យាស្ថាន​ទាំង​២​នេះ​ចង់ឱ្យមាន​ការចុះ​កិច្ចព្រមព្រៀង និង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នៅក្នុង​ដំណាក់កាល​នៃ​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ​ក្នុងអំឡុង​ពេលនោះ មិនអាច​ធ្វើបាន ទើបតែ​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​ភាគី​ទាំង​២​បាន​ចុះហត្ថលេខា​នេះ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ផ្តោត​លើ​ការសិក្សា​ស្រាវជ្រាវ​រួមគ្នា ការរៀបចំ​វេទិកា​វិទ្យាសាស្ត្រ​រួមគ្នា ការបោះ​ពុ​ម្ព​ផ្សាយ​រួមគ្នា និង​ការផ្លាស់ប្តូរ​ឯកសារ​តាមរយៈ​ការស្រាវជ្រាវ រួមគ្នា​រវាង​ស្ថាប័ន​ទាំង​២​។​

​លោក គិ​ន ភា ថ្លែងថា​៖«​ក្នុង​កិច្ចពិភាក្សា​របស់ខ្ញុំ​ជាមួយ​សម​ភាគី​រុស្ស៊ី​កាលពី​ថ្ងៃទី ៦ គឺ​យើង​បាន​ឯកភាពគ្នា​ដើម្បី​រៀបចំ​សរសេរ​សៀវភៅ​ទំនាក់ទំនង​កម្ពុជា​-​រុស្ស៊ី ពី​អតីតកាល បច្ចុប្បន្ន និង​អនាគត​។ ខ្ញុំ​គិតថា គម្រោង​នេះ​សំខាន់ វា​អាច​ផ្តល់នូវ​ឯកសារ​ដែលមាន​លក្ខណៈ​វិទ្យាសាស្ត្រ​សម្រាប់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២​និង​អ្នកសិក្សា​ស្រាវជ្រាវ ទាំង​នៅក្នុង​ប្រទេស​កម្ពុជា ប្រទេស​រុស្ស៊ី ក៏ដូចជា​អ្នកសិក្សា​ស្រាវជ្រាវ​នៅក្នុង​តំបន់ និង​ពិភពលោក ស្វែងយល់​ឱ្យ​ស៊ីជម្រៅ​នៃ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​២​ផងដែរ​»​។​

​លោក​បន្ថែមទៀតថា​៖«​យើង​ធ្វើការ​ឆ្លុះបញ្ចាំង​នូវ​អ្វីដែល​បានកើត​ឡើង​ពី​អតីតកាល … បច្ចុប្បន្ននេះ​បានមក​ដល់ទី​តាំង​ណា​ហើយ ហើយ​ទៅ​អនាគត ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​រុស្ស៊ី​នៅតែ​រក្សាបាន​នូវ​ភាពរឹងមាំ​ង​ល្អ​..​ឬ​យ៉ាងណា​? ហើយ​នៅមាន​អ្វី​ដែលជា​ឧបសគ្គ និង​ដំណោះស្រាយ ដើម្បី​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាងប្រទេស​ទាំង​២»​។​

​លោក គិ​ន ភា ថ្លែងថា សៀវភៅ​ដែល​គ្រោង​សរសេរ​រួមគ្នា​ន​នេះ មាន​សារៈសំខាន់ ខណៈ​ភាគី​ទាំង​២​មានការ​ប្តេជ្ញាចិត្ត​ជំរុញឱ្យមាន​ការបោះ​ពុ​ម្ពឱ្យបាន​នៅក្នុង​រយៈពេល ៣ ឆ្នាំ​ខាងមុខ​ដើម្បីឱ្យ​ក្លាយទៅជា​វិទ្យាសាស្ត្រ​១​ដែល​កើតចេញពី​ស្នាដៃ​រួមគ្នា រវាង​ស្ថាប័ន​ទាំង​២ និង​ជា​និមិត្តរូប​នៃ​ចំណង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សិក្សា​ស្រាវជ្រាវ និង​វិទ្យាសាស្ត្រ រ​វា​ប្រទេស​ទាំង​២ និង​ស្ថាប័ន​ទាំង​២​ផងដែរ​។​

​លោក ថ្លែង​ដោយ​ក្ដីសង្ឃឹម​ផងដែរ​ថា ក្រៅពី​គម្រោង​បោះ​ពុ​ម្ព​ផ្សាយ​សៀវភៅ​រួមគ្នា​នេះហើយ​ភាគី​ទាំង​២​ក៏​នឹងមាន​ការផ្លាស់ប្តូរ​អ្នកសិក្សា​ស្រាវជ្រាវ​រវាង​ស្ថាប័ន​ទាំង​២​បន្ថែមទៀត​នៅពេល​អនាគត ស្របទៅតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​និង​ស្របតាម​ថវិកា​ដែល​ស្ថាប័ន​ទាំង​២​មាន​ផងដែរ​។ ជាមួយគ្នានេះ​ភាគី​ទាំង​២​អាច​នឹង​ពិនិត្យ​លទ្ធភាព​ឈានទៅ​រៀបចំ​វេទិកា​វិទ្យាសាស្ត្រ​រវាង​ស្ថាប័នទាំង​២​នៅពេល​អនាគត​ទៀតផង​ដែរ​៕