ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត គាំទ្រ​ទិសដៅ​នៃ​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក​កម្ពុជា​-​ចិន ក្នុង​ផ្នែក​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​, ការរៀបចំ​សមយុទ្ធ​រួមគ្នា​, ការភ្ជាប់​ទំនាក់ទំនង​រវាង​អង្គភាព​និង​អង្គភាព និង​ការ​បោសសម្អាត​មីន​នៅ​កម្ពុជា​។​


​លោក​បង្ហាញ​ការគាំទ្រ​បែបនេះ​ក្នុងជំនួប​ជាមួយ លោក លី ឈី​វ​មីង (Li Qiaoming) មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងទ័ព​រំដោះប្រជាជន​ចិន នា​ថ្ងៃទី​៨ ខែវិច្ឆិកា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ក្នុងឱកាស​ដែល​លោក​កំពុង​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​។​

​ក្នុងជំនួប​នេះ លោក ហ៊ុន ម៉ា​ណែ​ត បានថ្លែងពី​ការរីកចម្រើន​នៃ​ទំនាក់ទំនង​រវាង​កង​ទ័ពជើងគោក​នៃ​ប្រទេស​ទាំង​២ ក្នុង​រយៈកាល​កន្លងមក​នេះ ជាពិសេស ការសម្រេចបាន​នូវ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ​កាលពី​ខែមីនា ឆ្នាំ​២០២២ ក្នុងពេលដែល​លោក​នៅ​បំពេញ​មុខងារ​ជា​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​។


​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា​៖ «​សម្តេច​ធិបតី ក៏បាន​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​ទិសដៅ​នៃ​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​កង​ទ័ពជើងគោក​នៃ​ប្រទេស​ទាំង២ ដោយ​ផ្តោត​សំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ផ្នែក​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​, ការរៀបចំ​សមយុទ្ធ​រួមគ្នា​, ការភ្ជាប់​ទំនាក់ទំនង​រវាង​អង្គភាព និង​អង្គភាព ក៏ដូចជា​ការ​បោសសម្អាត​មីន​នៅ​កម្ពុជា​»​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដដែល​បន្តថា ក្នុងជំនួប​នេះ​លោក លី ឈី​វ​មីង បាន​គូសបញ្ជាក់​អំពី​ចំណងមិត្តភាព​ដែកថែប​កម្ពុជា​-​ចិន ដែល​លោក​អះអាងថា ជា​ទំនាក់ទំនង​បែប​ប្រវត្តិសាស្ត្រ ហើយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២​តែង​បាន​ខិតខំ​ពូន​ជ្រំ​ជាប់​ជាប្រចាំ រហូត​មានការ​អភិវឌ្ឍ​រីកចម្រើន​គួរ​ជាទី​មោទនៈ ដូចដែល​ឆ្លុះបញ្ចាំង​តាមរយៈ​សមិទ្ធផល​ជាច្រើន ដូចជា កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ក្នុង​វិស័យ​ការពារជាតិ​, គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​, ច្រករបៀង​មច្ឆា និង​អង្ករ​ជាដើម​។​


​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដដែល​លើកឡើងថា លោក លី ឈី​វ​មីង ក៏បាន «​បង្ហាញ​នូវ​ក្តី​ជឿជាក់ថា​» ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២​នឹងត្រូវ​បាន​លើកកម្ពស់​រឹងមាំ​បន្ថែមទៀត ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ា​ណែ​ត ហើយ​ប្រទេស​កម្ពុជា ក៏​នឹង​កាន់តែ​មាន​ភាព​រីកចម្រើន​រុងរឿង និង​ជឿនលឿន​ទៅមុខទៀត​។​

​កាលពី​ខែមីនា ឆ្នាំ​២០២២ លោក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​នាពេលនោះ​ និង លោក លីវ ចេ​ន លី (Liu Zhen Li) អតីត​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​បាន​ចុះហត្ថលេខា​រួមគ្នា​តាម​ប្រព័ន្ធ​អន​ឡាញ​លើ​MoU​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង ២​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ជិតស្និទ្ធ​យូរអង្វែង​រវាង​កងទ័ព​ជើងគោក​ទាំង ២ ដោយ​ឈរលើ​មូលដ្ឋាន​សមភាព និង​ផលប្រយោជន៍​ទៅវិញទៅមក​។​

​នាយកដ្ឋាន​ព័ត៌មាន​ក្រសួងការពារជាតិ​បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នាពេលនោះ​ថា​៖ «​ឯកសារ​នេះ​គឺជា​មូលដ្ឋាន​មួយ​ដ៏​សំខាន់​នៅក្នុង​ការត្រួសត្រាយ​ផ្លូវ ដើម្បី​ឈានទៅ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​ឱ្យមាន​កម្រិត​កាន់តែ​ខ្ពស់​ឡើង​បន្ថែមទៀត ហើយ​ព្រឹត្តិការណ៍​នេះ អាច​ចាត់ទុកថា​ ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​១ទៀត​នៃ​កិច្ចទំនាក់ទំនង​រវាង​កងទ័ពជើងគោក​ទាំង​២ ផងដែរ​»​៕