​ភ្នំពេញៈ លោក ​ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ស្ថាន​កា​រណ៍​សង្គ្រាម​នៅ​ទឹកដី​ហ្គា​ហ្សា ដោយ​លោក​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ជាពិសេស​អង្គការសហប្រជាជាតិ​ និង​ភាគី​ពាក់ព័ន្ធ​ធ្វើការ​សម្របសម្រួល​ឱ្យមាន​បទ​ឈប់​បាញ់​រវាង​ក្រុម​ហា​ម៉ាស់ និង​អ៊ី​ស្រា​អែល​។​


​ការអំពាវនាវ​របស់​លោក​ ហ៊ុន​ សែន បាន​ធ្វើឡើង​តាមរយៈ​សំណេរ​នៅលើ​បណ្តាញ​តេ​ឡេ​ក្រាម​របស់លោក​នៅ​ថ្ងៃទី​ ​៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែល​លោក​សង្កត់ធ្ងន់ថា «​បើ​គ្មាន​បទ​ឈប់​បាញ់​ណាមួយ​នោះទេ តំបន់​ហ្គា​ហ្សា​នឹង​ក្លាយទៅជា​វាលពិឃាត និង​ជា​កន្លែង​កប់​ខ្លោច​ធំជាងគេ​លើ​ពិភពលោក​»​។

​លោក​ក៏បាន​លើកឡើង​ទៀតថា កន្លងមក​មានការ​អំពាវនាវ​ពី​សហគមន៍​អន្តរ​ជាតិ​ផងដែរ​ស្នើ​សុំឱ្យ​ភាគី​ជម្លោះ​នៅ​តំបន់​ហ្គា​ហ្សា​រក​បទ​ឈប់​បាញ់​មួយ ប៉ុន្តែ​បរាជ័យ​ដោយហេតុ​មេដឹកនាំ​អ៊ី​ស្រា​អែល​លោ​ក នេ​តាន់ យ៉ា​ហ៊ូ បដិសេធ​ដោយ​តម្រូវឱ្យ​ក្រុម​ហា​ម៉ាស់​ដោះលែង​ចំណាប់ខ្មាំង​ជាមុនសិន​។


លោក ​ហ៊ុន សែន ​បញ្ជាក់ថា​៖ «​ប្រសិនជា​ពាក្យ​នេះ ជា​ពាក្យ​របស់​នា​យក​រដ្ឋមន្ត្រី​អ៊ីស្រា​អែល​ដូច​សារ​ព័ត៌មាន​ចុះផ្សាយ​ពិតប្រាកដ​មែន ខ្ញុំ​មើល ឃើញថា វា​ជា​ច្រកចេញ​ឆ្ពោះទៅរក​បទ​ឈប់​បាញ់​មួយ ប្រសិនបើ​ក្រុម​ហា​ម៉ាស់ យល់ព្រម​ដោះលែង​ចំណាប់ខ្មាំង​ដើម្បី​ដោះដូរ​ជាមួយ​បទ​ឈប់​បាញ់​»​។​

​លោក​ក៏បាន​អំពាវនាវ​ឱ្យ​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ និង​ភាគី​ពាក់ព័ន្ធ ខិតខំ​សម្របសម្រួល​ស្វែងរក​ការចរចា​ដោយ​ចាប់​ចេញពី​ការ​ដោះ​លែង​ចំណាប់ខ្មាំង​ពី​ក្រុម​ហា​ម៉ាស់ និង​ខសន្យា​របស់​នាយ​ករ​ដ្ឋ មន្ត្រី​អ៊ី​ស្រា​អែល​ថា ព្រម​មាន​បទ​ឈប់​បាញ់​បើ​មានការ​ដោះលែង​ចំ​ណាប់​ខ្មាំង​។ លោក ​​ហ៊ុន សែន​ ក៏​អំពាវនាវ​ឱ្យ​ក្រុម​ហា​ម៉ា​ស់ដោះ​លែង​ចំណាប់ខ្មាំង​ផងដែរ ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​។​


​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ​លោក ​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់ថា សារ​អំពាវនាវ​របស់លោក​ ហ៊ុន សែន​ មាន​លក្ខ​ខណៈ​មុត​ស្រួច​ឆ្លើយតប​ទៅនឹង​ព្រឹត្តិការណ៍​នៅ​ហ្គា​ហ្សា ជា​សារ​មាន​ទម្ងន់​ផ្នែក​មនុស្ស​ធម៌​សម្រាប់​ចៀសវាង​សោក​នាដ​កម្ម​សម្រាប់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​និង​អ៊ីស្រា​អែល​។

លោក ​គិ​ន ភា និយាយថា​៖ «​នេះ​ជា​សារ​តំណាង​ដល់​ជន​ស៊ីវិល​ម្នាក់​នៃ​ប្រទេស​ដែល​ធ្លា​ប់រង​សោកនាដកម្ម​ដោយ​សារ​សង្គ្រាម ហើយ​ចង់ឃើញ​ពិភពលោក​មាន​សន្តិភាព មាន​បទ​ឈប់​បាញ់ ដើម្បី​សុខដុម​នីយកម្ម​របស់​ពលរ​ដ្ឋ​នានា មាន​អត្ថន័យ​ជ្រៅ​ខាង​សីលធម៌ និង​មនុស្សធម៌​ជាជាង​ទម្ងន់​ន​យោ​បាយ​ដាក់​សម្ពាធ​»​។

​លោក​បាន​បន្ថែមទៀតថា ពិភពលោក​ត្រូវតែ​ប្រកៀក​ស្មា​គ្នា ស្វែងរក​កិច្ចចរចា​តាមតែ​អាចធ្វើ​បានជា​ពិសេស​ច្រកចេញ​ដែល​លោក​ ហ៊ុន សែន បាន​រំលេច​ឡើង ពោលគឺ​ការចង់បាន​របស់​ភាគី​ម្ខាងៗ និង​ការ​អាច​ស្រុះស្រួល​គ្នា​បាន​។ បើទោះបីជា​ច្រកចេញ​នោះ​ហាក់​នៅ​ជើងមេឃ​ក្តី​ ខណៈ​វិបត្តិ​អ៊ីស្រា​អែល​-​ប៉ា​ឡេ​ស្ទី​ន ជា​វិបត្តិ​រ៉ាំរ៉ៃ ដោយ​សារ​ការមិន​រួបរួមគ្នា​នៃ​សំឡេង​អន្តរជាតិ ជាពិសេស​ការ​លូកដៃ​របស់​មហាអំណាច​។ ​លោក​ គិ​ន ភា ប្រដូច​តំបន់​ហ្គា​ហ្សា​ប្រៀប​បានជា​ទីលាន​ធ្វើតេស្ត​អាវុធ​យុទ្ធ​ភ័​ណ្ឌ​។​

​សម្រាប់​លោក ​ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​យល់ថា សារ​អំពាវ​នាវ​របស់លោក​ ហ៊ុន សែន មានតម្លៃ​ក្នុង​ចរន្ត​អំណាច​របស់​សហ​គម​ន៍​អន្តរជាតិ​ជាពិសេស​អង្គការសហប្រជាជាតិ​ដែល​ហាក់​កំពុង​គ្មាន​ឥទ្ធិពល​អ្វី​សោះ​ក្នុង​សង្គ្រាម​នៅ​ហ្គា​ហ្សា​សព្វថ្ងៃ ដោយសារ​ការបែកបាក់​សំឡេង​របស់​ក្រុម​ប្រទេស​មហាអំណាច​តួយ៉ាង​រុស្ស៊ី ចិន នៅ​ប៉ូល​ម្ខាង សហរដ្ឋអាមេរិក​នៅ​ប៉ូល​ម្ខាង​ចំណែក​អង់គ្លេស​និង​បារាំង នៅ​ប៉ូល​ម្ខាង​ទៀត ដែល​ធ្វើឱ្យមាន​ភាពលំបាក​រក​ច្រក​ដោះស្រាយ​។

​លោក​ថ្លែងថា​៖ «​បញ្ហាសំខាន់​នោះ ​គឺ​ភាគី​សហរដ្ឋអាមេរិក​និង​អ៊ី​ស្រា​អែល​ឈរលើ​គោលជំហរ​តាម​កម្ទេច​ក្រុម​ភេរ​វករ ចំណែក​ម្ខាង​ទៀត​គឺ​ក្រុម​ហា​ម៉ាស់ ប៉ា​ឡេ​ស្ទី​ន និង​ក្រុម​សហគមន៍​ប្រទេស​អ៊ិ​ស្លាម​ដែល​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន គឺ​គេ​យល់ថា អ៊ីស្រា​អែល​កំពុង​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្គា​ហ្សា​។ បញ្ហា​មួយទៀត អ៊ីស្រា​អែល​មិន​គោរព​គោលការណ៍​អង្គការសហប្រជាជាតិ ក្នុងការ​សម្រេច​បែងចែក​ទឹកដី​រវាង​ខ្លួន​ និង​ប៉ា​ឡេ​ស្ទី​ន​កាលពី​ឆ្នាំ​ ១៩៤៨»​។​

​លោក​ថា ទោះជា​យ៉ាងណា​សារ​អំពាវនាវ​របស់លោក ​ហ៊ុន​ សែន នឹង​មិនសូវមាន​ទម្ងន់​ប៉ុន្មាន​ឡើយ ហើយ​កត្តា​សំខាន់​គឺ​ភាគី​ជម្លោះ​ទាំងសងខាង​វិល​ទៅ​គោរព​គោលការណ៍​ចាស់​ដែល​ដាក់ចេញ​ដោយ​អង្គការសហប្រជាជាតិ​ទើប​ជា​ច្រក​ដំណោះស្រាយ​សំខាន់​។​

​ជាមួយគ្នានេះ លោក ​រ៉ូ វណ្ណៈ អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​ន​យោ​បាយ​មួយរូប ក៏​យល់ឃើញ​ដែរ​ថា សារ​របស់​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​នេះ គឺ​ក្នុងនាម​ជាម​នុស្ស​ជាតិ​ដែល​កំពុង​ឃើញ​សោក​នាដកម្ម​នៅ​តំបន់​ហ្គា​ហ្សា ខណៈ​លោក​ក៏​យល់ស្រប​គំនិត​របស់លោក​ហ៊ុន សែន ក្នុង​វិធីសាស្ត្រ​ចរចា​បញ្ចប់​ជម្លោះ ទោះបី​មើលទៅ​លំបាក​ក្តី​។

លោក​ថ្លែង​បញ្ជាក់ថា​៖ «​នេះ​មិនមែនជា​ជម្លោះ​រវាង​អ៊ី​ស្រា​អែល​និង​ប៉ា​ឡេ​ស្ទី​ន​នោះ​ទេវា​ពាក់ព័ន្ធ​ជម្លោះ​និង​ការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច និង​មហាអំណាច​តំបន់ ដូចជា អ៊ី​រ៉ង់ អារ៉ាប៊ី សាអ៊ូឌីត តួ​ក​គី និង​កាតា​ជាដើម​ដែល​ប្រ​ទេស​ក្នុង​តំបន់​ទាំងនេះ មាន​មហិច្ឆតា ​និង​ឈាមជ័រ​ជា​ចក្រពត្តិ​»​។

​លោក​បន្ថែមថា វិបត្តិ​នេះ​នឹងត្រូវ​អូសបន្លាយ​ដោយសារអ៊ីស្រា​អែល​ប្រកាន់​ជំហរ​ក្សា​ភាព​គង់វង្ស​របស់ខ្លួន​ដោយ​ឈរលើ​ការក្តោបក្តាប់​និង​គាបសង្កត់​ប៉ា​ឡេ​ស្ទី​ន​មិនឱ្យ​ងើបឡើង​បាន ចំណែក​ប៉ា​ឡេ​ស្ទី​ន​វិញ​ក៏​ប្រកាន់​ជំហរ​ទាម​ទារ​វិញ​នូវ​បូរណភាព​ទឹកដី​ចាស់​របស់ខ្លួន ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យភាព​និង​សេរីភាព​។ ជំហរ​ទាំងនេះ ជា​អរិភាព​មួយ ចេះតែ​បន្ត​ទៅមុខ បើសិន​មហាអំណាច​នៅ​បន្ត​កាន់​ជើង​ភាគី​ម្ខាងៗ​រៀងៗ​ខ្លួន​។​

​សូម​បញ្ជាក់ដែរថា កាលពី​ថ្ងៃទី​ ២៨ ខែតុលា ឆ្នាំ​ ២០២៣ កន្លងទៅ​នៅក្នុង​វេទិកា​ដំណោះស្រាយ​របស់​អង្គការសហប្រជាជាតិ កម្ពុជា​និង​ប្រទេស​ជាង ១០ ​ទៀត បានសម្រេច​មិន​បោះឆ្នោត​លើ​ដំណោះស្រាយ​មួយ​ស្នើ​ដោយ​ហ្ស៊​កដា​នី ស្ដីពី​ជម្លោះ​ហា​ម៉ាស់​អ៊ី​ស្រា​អែល​ដែល​ចាត់ទុកជា​បញ្ហា​ស្មុគស្មាញ ​និង​ផុយស្រួយ​៕