ភ្នំពេញៈ ប្រទេស​អូស្ដ្រាលី បាន​គាំទ្រ​មន្ត្រី​កម្ពុជា​ពី​ក្រសួង​សា​ធា​​រណការ និង​ដឹកជញ្ជូន ចំនួន​ ២ ​រូប ​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា ដើម្បី​ទទួលយក​បទពិសោធន៍ ពី​ការអនុវត្តន៍​ល្អ​បំផុត​របស់​ប្រទេស​រីកចម្រើន ​១ ​នេះ ក្នុង​ការងារ​រចនា​ផ្លូវថ្នល់​។​


​ទស្សនកិច្ច​សិក្សា​នេះ បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប្រ៊ី​ស​បេន ប្រទេស​អូស្ដ្រាលី រយៈពេល ៥​ ថ្ងៃ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី ​៣០ ខែតុលា ដល់​ថ្ងៃទី ​៣ ខែវិច្ឆិកា​ ក្រោម​ការគាំទ្រ​ដោយ​កម្ម​វិធី​ភាពជា​ដៃគូ​សម្រាប់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​អូស្ត្រាលី​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ដ្រាលី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​ ៧ ខែវិច្ឆិកា​។

​ការធ្វើដំណើរ​ទស្សនកិច្ច​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ចសហការ​រវាង​ទីភ្នាក់ងារ​ដឹក​ជញ្ជូន​អូស្ត្រាលី​និង​នូ​វែ​ល​សេ​ឡង់ ហៅថា Austroads និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ស្ដង់​ដា​បច្ចេកទេស​ផ្លូវ និង​ស្ពាន​នៅ​ប្រទេស​កម្ពុជា និង​ដើម្បី​ពង្រឹងសមត្ថភាព​ក្នុងការ​រចនា​និង​សាង​សង់​កម្រាល​ផ្លូវ​។ ក្រោម​ការរៀបចំ​របស់ Austroads ដែលជា​ទីភ្នាក់ងារ​ដឹក​ជញ្ជូន​រួម​របស់​អូ​​ស្ដ្រា​លី និង​នូ​វែ​ល​សេ​ឡង់ មន្ត្រី​កម្ពុជា​ ២ ​រូបនេះ មាន​លោក យិ​ត ប៊ុណ្ណា រដ្ឋលេខាធិការ​ក្រសួង​សា​ធា​រណការ និង​លោក ហេង រត្ន​ពិសិដ្ឋ អគ្គនាយក​ក្រសួង​សា​ធា​​រណការ​បាន​ចូលរួម​ក្នុង​កម្មវិធី​មួយចំនួន រួមទាំង​បាន​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​របស់​សមា​គម​ផ្លូវថ្នល់​អូស្ដ្រាលី ផងដែរ​។​


​ប្រភព​ដដែល​បាន​បន្តថា មន្ត្រី​កម្ពុជា​បាន​ចូលរួម​សន្និសីទ​អន្តរ​​ជាតិ​ក្រោម​ប្រធានបទ​ «​ការ​ត្រួស​ត្រាយផ្លូវ​ទៅកាន់​កាបូន​សូន្យ​ដោយ​សុវត្ថិភាព​» ខណៈដែល​សន្និសីទ​នេះ ផ្ដោតលើ​ការធានា​ឱ្យបាន​នូវ​ផ្លូវ​ដែល​ត្រូវបាន​សាង​​សង់​ប្រកបដោយ​និរន្តរភាព និង​ភាព​ធន់ ដោយ​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន បម្រែបម្រួល​អាកាសធាតុ និង​ផលប៉ះពាល់​ពី​ព្រឹត្តិការណ៍​អាកាសធាតុ​។

​ទន្ទឹមគ្នា​នោះដែរ ប្រតិភូ​កម្ពុជា ក៏បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ​ផ្លូវថ្នល់​មកពី​ជុំវិញ​ពិភពលោក ផងដែរ រួមទាំង​ខាង​រាជរដ្ឋាភិបាល វិស័យ​ឯកជន និង​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ជាដើម​។​


​លោក​ ចា​ស្ទី​ន វ៉ា​យ​អេ​ត ឯក​​អគ្គរដ្ឋទូត​អូស្ដ្រាលី​ប្រចាំ​កម្ពុជា បានលើកឡើង​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ថា ភាពជា​ដៃគូ​រវាង​អូស្ដ្រាលី និង​កម្ពុជា ទទួលស្គាល់ថា ផ្លូវ​ដែល​ត្រូវបាន​រចនា​យ៉ាង​ល្អ​ប្រកបដោយ​បរិ​យាប​ន្ន និង​ភាព​ធន់ ជា​ឆ្អឹងខ្នង​នៃ​កំណើនសេដ្ឋកិច្ច ដែល​ត​ភ្ជាប់​សហគមន៍ ព្រមទាំង​ជំរុញ​ពា​ណិ​ជ្ជ​កម្ម​និង​ការអភិវឌ្ឍ​។

លោក​ថា​៖ «​ការវិនិយោគ​លើ​ការ​រចនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​សមត្ថភាព​របស់​ប្រទេស​កម្ពុជា ជា​មាគ៌ា​មួយ​ដើម្បី​ឈានទៅរក​ភាព​រីកចម្រើន​»​។ លោក ​ចា​ស្ទី​ន វ៉ា​យ​អេ​ត បន្ថែមថា ចំពោះ​ការ​​សាងសង់​ផ្លូវ​ដែល​បាន​រចនា​ឡើង​យ៉ាង​ល្អ ក៏​អាច​ទប់​ទល់នឹង​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាស​ធាតុ​បាន​កាន់តែ​ល្អ​ផងដែរ​។​

​លោក ​ផន រឹម ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ បានឱ្យដឹង​នៅ​ថ្ងៃទី​ ៨ ​វិច្ឆិកា​ថា ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ​គណៈប្រតិភូ​កម្ពុជា បាន​ចូលរួម​សន្និសីទ​អន្តរជាតិ បាន​ជួប​ជាមួយ​សម​ភាគី​មកពី​អាជ្ញា​ធរ​សាងសង់​ឡើងវិញ​នៅ​រដ្ឋ​ឃ្វី​ន​លេន ហើយ​គណៈប្រតិភូ​ក៏បាន​ពិភាក្សា​ការងារ​ពី​ការ​រចនា​គម្រោង និង​សាងសង់​ផ្លូវថ្នល់ ព្រមទាំង​បាន​ទស្សនា​កន្លែង​ធ្វើ​ពិសោធន៍​ផ្លូវថ្នល់ និង​ការដ្ឋាន​សាងសង់​កែលម្អ​ផ្លូវ​ផងដែរ​។​

​លោក​ថា​៖ «​ការអភិវឌ្ឍ​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​ដល់​កំណើន​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​របស់​កម្ពុជា​ហើយ​អូស្ត្រាលី​ក៏​កំពុង​វិនិយោគ​លើ​សមត្ថភាព​ក្នុងការ​រចនា​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​របស់​កម្ពុជា​ដើម្បី​គាំទ្រ​ដល់​កម្ពុជា​ឱ្យសម្រេចបាន​នូវ​តម្រូវការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​»៕