​ភ្នំពេញៈ លោក ស៊ុន ចាន់​​ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធាន​ទី១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា បាន​លើកឡើងថា ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ គ្រោះ​ថ្នាក់​ចរាចរណ៍​បានកើត​ឡើង​នៅលើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ក្រុងព្រះសីហនុ មាន​ចំនួន ​៣៣៤ ​ករណី និង​មាន​អ្នក​ស្លាប់​ចំនួន ៥​នាក់ ខណៈ​អ្នក​ជំនាញ​ផ្នែក​ចរាចរណ៍​បានស្នើ​សុំឱ្យ​មានការ​អនុវត្ត​ន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​តឹង​រ៉ឺ​ង ដើម្បី​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​និង​អ្នកស្លាប់​កើតឡើង​ទៀត​។​


​លោក ស៊ុន ចាន់ថុល ថ្លែង​ក្នុងពេល​លោក​ចូលរួម​ជា​អធិប​តី​ក្នុងពេល​ពិធី​អបអរសាទរ​ខួប​ ១​ ឆ្នាំ នៃ​ការបើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​ ៧ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។ ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរាជទូត​ចិន​ប្រចាំ​កម្ពុជា​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ចាវ យ៉ុង (Zhou Yong) នាយក​សាខា​ក្រុម​ហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​ប្រចាំ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូប​។​

​លោក ស៊ុន ចាន់ថុល ថ្លែងថា​៖ «១ ​ឆ្នាំ ​នៃ​ការដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ផ្លូវ​ល្បឿន​លឿន​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៣៤៤ ករណី ក្នុងនោះ បាន​បណ្តាលឱ្យមាន​អ្នកស្លាប់​ចំនួន ៥​ នាក់ និង​អ្នករបួស​ចំនួន ៧៣ ​នាក់​ផងដែរ​នៅលើ​ផ្លូវ​ល្បឿន​លឿន​យើង​នេះ​»​។​


​លោក​បាន​បន្តថា​៖ «​សព្វថ្ងៃនេះ ក្នុង​ ១ ​ថ្ងៃ​មាន​ស្លាប់ ៥ នាក់​ជា​មធ្យម​នៅ​ទូទាំងប្រទេស​តែ​តាមផ្លូវ​ល្បឿន​លឿន​មាន​អ្នកស្លាប់ ៥ ​នាក់​ក្នុង​ ១​ ឆ្នាំ​ដូចនេះ​ទោះជា​ស្លាប់​តែ​៥​នាក់​ក្នុង​ ១​ ឆ្នាំ​ក៏ដោយ ក៏​យើង​មិន​ចង់​បានដែរ​»​។​

​លោក ស៊ុន ចាន់ថុល ក៏បាន​ស្នើ​សុំឱ្យ​ក្រុមហ៊ុន​ល្បឿន​លឿន​នេះ ត្រូវធ្វើ​ការត្រួតពិនិត្យ​មើល​បរិក្ខារ​ទាំងអស់​នៅលើ​ផ្លូវ​នេះ កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាពិសេស​ត្រូវ​ពិនិត្យមើល​របង​កុំ​ឱ្យមាន​ជនខិលខូច​លួច​កាត់​ខ្សែលួស របង ដែល​ធ្វើ​សម្រាប់​ការពារ​កុំឱ្យ​គោ​ដើរ​ឆ្លងកាត់​ផ្លូវ​ល្បឿន​ល្បឿន​នេះ​។​


​លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា​៖ «​ខ្ញុំ​សុំ​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ សុំ​គោរព​ច្បាប់​ចរាចរណ៍ សុំ​អំពាវនាវ​ដល់​ក្រុមហ៊ុន​ល្បឿន​លឿន ពិនិត្យ​គ្រប់បែបយ៉ាង​ទាំងអស់ ដើម្បី​ផ្តល់​សេវា​ឱ្យ​បានល្អ ដាក់​ស្លាក​សញ្ញា​ឱ្យបាន​គ្រប់គ្រាន់​ថែមទៀត ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​ល្បឿន​លឿន​របស់​យើង​។ មួយវិញទៀត ស្នើសុំ​ធ្វើ​កាត ETC បង្វែរ​ពី​ការបង់​លុយ​ស្ទះ​រាប់​គីឡូ ដោយ​យើង​ប្រើ​កាត ETC និង​ ANPR មកដល់​ច្រក​វា​បើកផ្លូវ បើកទ្វារ​ឱ្យ​យើង​ចេញ​បានតែ​ម្តង​»​។​

​លោក គឹម បញ្ញា នាយក​អង្គ​ការ​មូលនិធិ​បង្ការ​របួស​អាស៊ី នៅ​ថ្ងៃទី​ ៨ ខែវិច្ឆិកា បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ចំពោះ​ទិន្ន​ន័យ​គ្រោះថ្នាក់​ចរាចរណ៍ និង​ស្លាប់​នៅលើ​បណ្តោយ​ផ្លូវ​ល្បឿន​លឿន​នេះ ទោះ​ជាមាន​ចំនួន​អ្នកស្លាប់​ត្រឹម ៥ នាក់​ ក្នុង ​១ ​ឆ្នាំ​ក៏ដោយ ក៏​ចំនួន​នេះ​នៅតែ​ច្រើន​ថ្វី​ដ្បិត​នៅតាម​អម​សង​ខាង​ផ្លូវ​មាន​របង​កុំឱ្យ​មាន​សត្វ​ឆ្លងកាត់ និង​មានការ​បែងចែក​ទ្រូងផ្លូវ​ក៏ដោយ​។

​លោកថ្លែងថា​៖ «​ការ​ផ្សព្វ​ផ្សាយ អប់រំ​ដល់​ប្រជាពលរដ្ឋ របស់​អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រុម​ហ៊ុន​ល្បឿន​លឿន​លើ​បញ្ហា​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​រឿង​មួយ ប៉ុន្តែ​គួរតែ​មានការ​អនុ​វត្ត​ន៍ ច្បាប់​ឱ្យបាន​តឹងរ៉ឹង ទើប​ជាការ​ល្អ​បំផុត​»​។​

​លោក ឃាង ភារ​ម្យ អ្នក​នាំ​ពាក្យ​នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​ ៨ ខែវិច្ឆិកា ថ្លែងថា បញ្ហា​នៃ​ការគ្រប់គ្រង​គ្រោះ​ថា្នក់​ចរាចរណ៍​តាមផ្លូវ​ល្បឿន​លឿន​នេះ ស្ថិតក្រោម​ការ​គ្រប់​គ្រង​របស់​នាយកដ្ឋាន​គ្រប់គ្រង​ចរាចរណ៍​ផ្លូវគោក​នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរបាលជាតិ​។​

​លោកថ្លែងថា​៖ «​តាម​ខ្ញុំ​ដឹង គេ​មាន​ក្រុមការងារ​មួយ​គ្រប់គ្រង​ចរាចរណ៍​លើ​បណ្តោយ​ផ្លូវ​ល្បឿន​លឿន​ហ្នឹង ពី​ភ្នំពេញ ខេត្តកណ្តាល កោះកុង និង​ខេត្ត​ព្រះសីហនុ គឺមាន​ច្រើន​ខេត្ត​រួមគ្នា​»​។ ផ្លូវ​ល្បឿន​លឿន​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​កាលពី​ថ្ងៃទី​ ៩ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ក្រោម​អធិបតី​លោក ហ៊ុន សែន អតីត​នាយក​​រដ្ឋមន្ត្រី និង​សម​ភាគី​ចិន​លោក លី កេ​ឈាង​៕