ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ លោក ហេង សួរ បាន​ថ្លែងឱ្យដឹងថា នៅ​ថ្ងៃទី​ ១១ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ​ខាងមុខនេះ ក្រសួង​នឹង​ចុះ​អនុស្សរណៈ​យោគយល់ (MoU)​ ជាមួយ​តំណាង​វិស័យ​ឯកជន​ចំនួន ១៨​ សមាគម ដើម្បី​ផ្ដល់ឱកាស​ហាត់​ការ និង​កម្មសិក្សា​ដល់​សិស្ស ដែល​នឹង​ចូលរៀន​វគ្គប​ណ្តុះ​បណ្តាល​នៅពេល​ខាងមុខ​។​


​តំណាង​វិស័យ​ឯកជន​ចំនួន ១៨ ​សមាគម រួមមាន​ដូចជា​៖ សភាពាណិជ្ជកម្ម​កម្ពុជា​, សហព័ន្ធ​និ​យោ​ជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA),​ សមាគម​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិត​ផល​ធ្វើដំណើរ​, សមាគម​អ្នក​សាងសង់​កម្ពុជា​, សមាគម​អ្នក​អភិវឌ្ឍន៍​លំ​នៅ​ឋាន​កម្ពុជា​, សមាគម​ទេសចរណ៍ សមាគម​សណ្ឋាគារ​កម្ពុជា​, សហព័ន្ធ​ចុងភៅ​ក​ម្ព​ជា​,​ សមាគម​ភោជនីយ​ដ្ឋា​ន​កម្ពុជា និង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ជាដើម​។​

​លោក ហេង សួរ បានលើកឡើង​កាលពី​ថ្ងៃទី​ ៧ ខែវិច្ឆិកា ពី​ខេត្ត​ព្រះ​សី​ហ​នុ​ថា ក្រសួង​បានរៀបចំ និង​ធ្វើ​បច្ចុប្បន្នភាព​កញ្ចប់​សិក្សា​ផ្អែកលើ​សមត្ថភាព​សម្រាប់​មុខជំនាញ​ទាំង ៣៨ ដែលមាន​ម៉ូឌុល និង​មេរៀន​ដែល​ផ្តោត​ខ្ពស់​លើ​ការធ្វើការងារ​តែម្ដង ក្នុងនោះ​មាន​ម៉ូឌុល ជំនាញ​ទន់ ដែល​នឹង​ធ្វើឱ្យ​សិស្ស​សិក្ខាកាម​ចេះ​ធ្វើការ​ងារ​ជា​ក្រុម ស្រឡាញ់​ការ​​ងារ និង​អាជីព​របស់ខ្លួន​។​


​លោក​បាន​បន្តថា ក្រសួង​បានរៀបចំ​យន្តការ និង​លក្ខខណ្ឌ​នៃ​ការចុះឈ្មោះ​ចូលរៀន តាមរយៈ​ថ្នាល និង​កម្មវិធី​ឌីជីថល សម្រាប់​ការចុះឈ្មោះ​ចូលរៀន ដែល​ផ្ដល់​ភាពងាយស្រួល ឆាប់រហ័ស ទំនើប និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ និង​កំណត់​មុខសញ្ញា​អាទិភាព ដែល​ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​នៅក្នុង​អំឡុងពេល​បណ្តុះបណ្តាល​បានច្បាស់លាស់​។​

​លោក ហេង សួរ ថ្លែងថា​៖ «​ក្រុមការងារ​ក្រសួង​បាន​បង្កើត​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​វេន​យប់ និង​វេន​ចុង​សប្ដាហ៍​ថ្ងៃ​សៅរ៍ និង​អាទិត្យ ដែល​អាច​ផ្តល់​ជម្រើស និង​ភាព​បត់​បែន​ដល់​បងប្អូន​កម្មករនិយោជិត អាច​ចូលរៀន​បាន​»​។​


​លោកស្រី កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ថ្លែង​នៅ​ថ្ងៃទី​ ៨ ខែវិច្ឆិកាថា សមាគម​លោកស្រី​រីក​រាយ​ក្នុងការ​រួមចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​នៅ​កម្ពុជា ប្រកបដោយ​គុណ​ភាព ដើម្បី​បំពេញ​សេចក្តីត្រូវការ​នាពេល​បច្ចុប្បន្ន​នេះ​។​

​លោកស្រីថ្លែងថា​៖ «​យើង​ចង់​រួម​ចំណែក​ធ្វើ​ការងារ​នេះ​ជាមួយ​រាជ​រដ្ឋាភិបាល ក្នុងការ​ផ្តល់ឱកាស​កា​រ​ងារ ឬ​ការហាត់​ការ​ដល់​យុវជន​របស់​យើង ដើម្បីឱ្យ​គាត់​ទទួលបាន​បំ​ណិ​ន​ជីវិត​មួយ យកទៅ​ប្រើប្រាស់​ចិញ្ចឹមជីវិត​បាន​។​ដូច​ដឹង​ស្រាប់​ហើយ យើង​រាល់ថ្ងៃនេះ មានការ​ខ្វះខាត​ច្រើន លើ​ធនធានមនុស្ស​ជំនាញ​នេះ ដូច្នេះ​គោលដៅ​របស់​រាជរដ្ឋាភិបាល​នេះ ពិតជា​ល្អ​ខ្លាំងណាស់​សម្រាប់​ស្ថាន​ភាព​នាពេល​បច្ចុប្បន្ន​»​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃទី​ ៧ ខែវិច្ឆិកា បាន​ថ្លែងថា ឈរលើ​មូលដ្ឋាន​នៃ​ការគិតគូរ​អំពី​អត្ថ​ប្រ​យោជន៍ និង​ការយកចិត្តទុកដាក់​ដ​ល់​ប្រជាជន​ជា​អាទិភាព រាជរដ្ឋាភិបាល​បានចាត់ទុក​ការបង្កើត​ការងារ គឺជា​ការបង្កើត​ឆ្នាំងបាយ​សម្រាប់​ប្រជាជន​។

​លោក​បាន​ថ្លែងថា​៖ «​ដើម្បី​បង្កើត​ផលប្រយោជន៍​ឱ្យបាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​ជូន​ប្រជាពលរដ្ឋ ចាំបាច់​ត្រូវ​ធានា​ឱ្យបាន​នូវ​កត្តា​ ៣ យ៉ាង គឺ​៖​កត្តា​សុខសន្តិភាព​ស្ថិរភាព​, កត្តា​គោលនយោបាយ​ត្រឹមត្រូវ ដូច​ជា គោលនយោបាយ​បញ្ចប់សង្គ្រាម គោលនយោបាយ​សេដ្ឋកិច្ច​បើកចំហ និង​គោលនយោបាយ​ការទូត​ល្អ​, និង​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ និង​ធន​ធាន​មនុស្ស​»​។

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា​៖ «​ដូចនេះ យើងទាំងអស់គ្នា ត្រូវ​បន្ត​រួមគ្នា ខិតខំ​ថែរក្សា​សមិទ្ធផល​ជំនាន់​មុន​ឱ្យ​បានល្អ និង​ខិតខំ​បង្កើត​ថ្មី​ឱ្យ​កាន់តែ​ប្រសើរ ហើយ​បន្ត​កេរដំណែល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​»​។​

​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយ​រង​ហានិភ័យ និង​កម្មករនិយោជិត​ចំនួន​ប្រមាណ ១,៥​ លាន​នាក់​នេះ នឹងដាក់​ឱ្យ​ដំណើរ​ការ​នៅ​ថ្ងៃទី​ ១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ នឹង​ប្រកាស​ដាក់ឱ្យអនុវត្ត​រប​ប​សន្តិសុខ សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ដល់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​នៅក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​.​ផងដែរ​៕