ភ្នំពេញៈ ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋអាមេរិក នឹង​ពង្រឹង​កិច្ចសហការ​អនុវត្ត​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ​ដើម្បី​ធានា​ការពារ​សន្តិសុខ សុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និង​អាយុជីវិត​មនុស្ស​ពី​ឧក្រិដ្ឋកម្ម​នានា​។​


​ផែនការ​ពង្រឹង​កិច្ចសហការ​គ្នា​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​ពិភាក្សាគ្នា​រវាង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក W. Patrick Murphy ជាមួយ​ស្ថាប័ន​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​រួមមាន ក្រសួង​កិច្ចការនារី និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ធនាគារជាតិ​នៃ​កម្ពុជា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​កិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី ត្រូវបាន​ស្រង់​សម្ដី​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​បានឱ្យដឹងថា ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​គឺជា​អាទិ​ភាព​មួយ​ក្នុងចំណោម​អាទិភាព​ទាំងឡាយ ក្នុង​របៀបវារៈ​នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧​នៃ​រដ្ឋសភា និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ស្ថិតក្រោម​ការដឹកនាំរ​បស់​នាយករដ្ឋមន្ត្រី​កម្ពុជា​។​


​លោកស្រី បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​ខ្ពស់ តស៊ូ​ពុះពារ​ការលំបាក និង​ឧបសគ្គ​ទាំងឡាយ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និង​អាយុជីវិត​មនុស្ស ពី​ឧក្រិដ្ឋកម្ម​នានា ជាពិសេស​អំពើ​ជួញដូរ​មនុស្ស​តាមរយៈ​ការបើក​ប្រតិបត្តិការ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នេះ​យ៉ាងសកម្ម ដោយ​បើកទូលាយ​ឱ្យមាន​បណ្តាញ​រាយការណ៍​ទាន់​ហេតុការណ៍ ដើម្បី​បង្ក្រាប និង​សង្គ្រោះ​ជនរងគ្រោះ​ឱ្យបាន​ទាន់ពេលវេលា​ផងដែរ​»​។​

​បើតាម​ក្រសួង​កិច្ចការនារី បានឱ្យដឹង​ទៀតថា លោក W. Patrick Murphy បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដោយបាន​បញ្ជាក់​ពី​ជំហរ​របស់​សហរដ្ឋអាមេរិក​ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​គាំទ្រ​ជំនួយ​បច្ចេកទេស​នានា​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។​លោក​បញ្ជាក់ថា​៖ «​សហរដ្ឋអាមេរិក នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​គាំទ្រ​ជំនួយ​បច្ចេកទេស​នានា​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចការ​នេះ ដើម្បី​ការពារ​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​»​។​


​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ថ្លែងថា សហរដ្ឋអាមេរិក គឺជា​ដៃគូ​ល្អ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ខណៈដែល​ប្រទេស​នេះ បានដាក់​ចំណាត់ថ្នាក់​កម្ពុជា​ដល់​លំដាប់ថ្នាក់​លេខ​៣ ដែលជា​ចំណាត់ថ្នាក់​មិនល្អ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។ លោក​បញ្ជាក់ថា​៖ «​មាន​កត្តា​មួយចំនួន​ដែលនាំឱ្យ​កើតមាន​បទល្មើស​នៃ​ការជួញដូរ​មនុស្ស​នេះ គឺ​ដោយសារ​ការអនុវត្ត​ច្បាប់​នៅមានកម្រិត​ខ្វះ​កិច្ចសហការ​រវាង​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស និង​មាន​អំពើពុករលួយ​ជាដើម​»​។​

​លោក​បាន​បន្ថែមថា ការជួញដូរ​មនុស្ស វា​ក៏​ជះឥទ្ធិពល​មិនល្អ​ដល់​សង្គមជាតិ និង​ជនរងគ្រោះ​រួមមាន​អាច​បង្កឱ្យមាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​បង្ក​ភាពភ័យខ្លាច និង​អសន្តិសុខ​ដល់​សង្គម ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ការវិនិយោគទុន ហើយក៏​បង្កឱ្យមាន​វិបត្តិ​ធនធានមនុស្ស​ទៅ​ថ្ងៃ​អនាគត​ផងដែរ​។​

​ពាក់ព័ន្ធ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នេះដែរ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​បើក​សិក្ខាសាលា​ស្តីពី «​ការលើកកម្ពស់​សមភា​ព​យេនឌ័រ ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី និង​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ​» ទៅដល់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​មកពី​ខេត្តតាកែវ កំពង់ស្ពឺ កំពត និង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​លោកស្រី ប្រាក់ ច័ន្ទ​ណ​យ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ថា គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ចែករំលែក​ចំណេះដឹង​ជូន​ដល់​អង្គភាព​ពាក់ព័ន្ធ​នៅ​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ចូលរួម​លើកកម្ពស់​សមភាព​យេនឌ័រ ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី និង​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ​។ ទន្ទឹមនេះ លោកស្រី​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​រប​ស់​មន្ត្រីរាជការ​នារី នៅក្នុង​អង្គភាព​របស់ខ្លួន​តាម​រយៈ​ការបន្ត​លើកកម្ពស់​សមធម៌​យេនឌ័រ និង​លើកកម្ពស់​សិទ្ធិ និង​ឋានៈ របស់​ស្ដ្រី ក្នុង​គ្រប់​ថ្នាក់ ដើម្បីឱ្យ​ស្ត្រី​បាន​ចូលរួម​កាន់តែ​សកម្ម​ក្នុង​ការធ្វើ​សេចក្តីសម្រេច​នានា​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ការ​ផ្តល់ឱកាស និង​ការជំរុញ​ភាព​អង់អាច​ដល់​ស្ត្រី គឺជា​យន្តការ​សំខាន់​ក្នុងការ​កាត់បន្ថយ​វិសមភាព​យេនឌ័រ ដើម្បី​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​គុណភាព​ជីវិត និង​ឈានទៅ​សម្រេច​ឱ្យបាន​ចំណាត់ថ្នាក់​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០»៕