លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផ្តល់យោបល់​ទៅដល់​ស្ថាប័ន​ពាក់ព័ន្ធ គណៈកម្មាធិការ​ជាតិ ប្រឆាំង​ភេរវកម្ម អង្គភាព​ក្រសួង​ដែលពាក់ព័ន្ធ​ទាំងអស់ សូមពិនិត្យ​ឡើងវិញ​លើការរៀបចំ​នូវ​បទដ្ឋាន​គតិយុត្ត យន្តការ និងវិធីសាស្រ្ត​ដោះស្រាយ ដើម្បី​ត្រៀមលក្ខណៈ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម និងត្រៀម​ជួយ​សង្គ្រោះ​មហន្តរាយ​នានា។


លោក ហ៊ុន ម៉ាណែត បានលើកឡើង​បែបនេះ នាឱកាស​អញ្ជើញ​ចូលរួម​ពិធី​អបអរសាទរ «ខួប​អនុស្សាវរីយ៍​លើកទី២៨ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​ទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ - ៩ វិច្ឆិកា ២០២៣) នៅបញ្ជាការដ្ឋាន​ទ័ព​ពិសេស នៅថ្ងៃ​ទី១០ ខែវិច្ឆិកានេះ។

លោកបានយក​ឱកាសនេះ ថ្លែង​អំណរគុណ និងឧទ្ទិស​សមិទ្ធផល​ដែលមានសព្វថ្ងៃនេះ​ជូនដល់​វីរជន​គ្រប់​ជំនាន់ ទាំងក្នុង​បញ្ជាការដ្ឋាន​ទ័ពពិសេស ក៏ដូចជា​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល ដែលបាន​លះបង់​សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ ក៏ដូចជា​ការស្វែង​រកនូវ​សន្តិភាព ការបង្រួបបង្រួម​ជាតិ​ដូចសព្វថ្ងៃ​នេះ។


ទន្ទឹមនេះ​សង្ឃឹម​ថា កម្ពុជា​នឹងលែងមាន​ប្រឈមការ​ប្រយុទ្ធ​ទ្រង់ទ្រាយ​ធំដូច​មុនៗ ក៏ប៉ុន្តែ​ការគំរាមកំហែង​បញ្ហា​សន្តិសុខ​នឹងនៅតែ​បន្ត​បើសិនជា​យើង​ធ្វេសប្រហែស ស្របពេល​ដែលភាពតានតឹង​ក្នុងតំបន់ និងសកលលោក​នៅបន្ត​កើតឡើង។ លោកសង្កត់ធ្ងន់​ថា៖«ជាក់ស្តែង​ទាក់ទងទៅ​នឹងការប្រឆាំង​ភេរវកម្ម ការប្រយុទ្ធ​នឹងឧក្រិដ្ឋកម្ម​ឆ្លងដែន និងការឆ្លើយតប​ទៅនឹង​គ្រោះ​មហន្តរាយ ដែលនឹង​ក្លាយទៅជា​ឧទាហរណ៍​មួយចំនួន​ ក្នុង​សមរភូមិ​បែបថ្មី​ក្នុងសតវត្សរ៍​ទី២១​នេះ។ ការកើនឡើង​នៃបញ្ហា​ទាំងនេះ​ជាសក្ខីភាព​ចាំបាច់​នៃអង្គភាព​ទ័ពពិសេស ដែលមាន​សមត្ថភាព​ខ្ពស់​អាចឆ្លើយតប​បានយ៉ាងឆាប់​រហ័ស និងទាន់​ពេលវេលា នេះហើយ​បេសកកម្ម​ស្នូល និងជាមូលហេតុ​ដែលបង្កើត​បញ្ជាការដ្ឋាន​ទ័ពពិសេស និងសង្ឃឹម​ថា​នឹងបន្ត​ដើរតួ​ជាអង្គភាព​ដ៏ចាំបាច់​សម្រាប់​វិស័យ​ការពារជាតិ​នាពេល​អនាគត»។


«អត់មាន​នរណា​ទាយបានទេ​ថា ភេរវកម្ម​អត់អាច​កើត​លើទឹកដី​កម្ពុជា​នោះទេ ហើយយើង​ធ្លាប់​មានករណី​ជាច្រើន​ដែលអាច​ទប់ស្កាត់​អាច​បង្ការ​បាន នៅពេល​ដែលភេរវករ​រៀបចំ​ផែនការ​វាយប្រហារ​ក្នុងទឹកដី​របស់​យើង។ អ៊ីចឹង!យើងសង្ឃឹម​នូវអ្វី​ដែលល្អ​បំផុត ប៉ុន្តែ​ត្រៀមលក្ខណៈ​ជាប្រចាំ​ដើម្បី​ឆ្លើយតបទៅនឹង​សេនារីយ៉ូ ឬក៏ហេតុការណ៍​យថាហេតុ​អាក្រក់​ដែលអាច​កើតឡើង"។ នេះបើតាម​លោក ហ៊ុន ម៉ាណែត បញ្ជាក់​បន្ថែម។

ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្រ្តី បានផ្តល់​យោបល់ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​ភេរវកម្ម អង្គភាព​ក្រសួង​ដែលពាក់ព័ន្ធ​ទាំងអស់ សូមពិនិត្យ​ឡើងវិញ​លើការរៀបចំ​នូវបទដ្ឋាន​គតិយុត្ត និងយន្តការ វិធីសាស្រ្ត​ក្នុងការ​ដោះស្រាយ ។ លោក​ថា៖«ព្រោះ​យើងមាន​ការរៀបំ​នូវជំនាញ​និងកម្លាំង​ច្រើន ប៉ុន្តែ​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម​នេះ មានលក្ខណៈ​ស្មុគស្មាញ និងពេលខ្លះ​ពាក់ព័ន្ធ​ផ្លូវច្បាប់ និងការទូត។ ព្រោះពេលខ្លះ​ការវាយប្រហារ​មិនពាក់ព័ន្ធ​ពលរដ្ឋខ្មែរ ឬមួយ​ប្រទេស​ណាមួយទេ គឺវា​អាច​ពាក់ព័ន្ធទៅ​នឹង​មុខ​សញ្ញា​ទាំង​ជន​រងគ្រោះ និងគោលដៅ​ត្រូវវាយ​ប្រហារ​ជាបរទេស ឬមួយក៏​ប្រតិបត្តិការ​ភេរវកម្ម​ក៏ជា​បរទេស អ៊ីចឹង!ទាមទារ​ការសហការ​ដែលយើងមាន​នៅក្នុង​គណៈកម្មាធិការ​ជាតិ​ដែលមាន​គ្រប់​ស្ថាប័ន​រួមទាំង​ក្រសួង​ការបរទេស ក្រសួង​ការពារជាតិ ក្រសួង​មហាផ្ទៃ»។

មន្រ្តីកាកបាទក្រហមកម្ពុជាចុះត្រួតពិនិត្យទីតាំងរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅខេត្តបាត់ដំបង កាលពីថ្ងៃទី ៣ មីនា។ រូបថត CRC

ពាក់ព័ន្ធ​ការសង្គ្រោះ​មហន្តរាយ​វិញ​លោក ហ៊ុន ម៉ាណែត បានណែនាំ​ឱ្យ​ទ័ព​ពិសេស ត្រូវតៀម​លក្ខណៈ និងបង្កើន​សមត្ថភាព​ពង្រឹង​ផ្នែក​សង្គ្រោះ​អគ្គិស័យ គ្រោះ​ទឹកជំនន់ និងការបាក់​រលំ​អគារ​ជាដើម។

បន្ថែមពីនេះ លោកស្នើ​ឱ្យក្រសួង​ការពារជាតិ អគ្គបញ្ជា​ការដ្ឋាន និងបញ្ជាការដ្ឋាន​ប្រភេទទ័ព​ទាំងអស់​យកចិត្តទុក​ដាក់ទៅលើ​ការគំរាមកំហែង​បច្ចុប្បន្ន និងទៅអនាគត​មួយទៀត គឺការគំរាមកំហែង​សន្តិសុខ​សុវត្ថិភាព​បច្ចេកវិទ្យា។ លោកគូសបញ្ជាក់​ថា៖«កិច្ច​ការងារនេះ​គឺយើង​ចាំបាច់​ត្រូវយក​ចិត្តទុកដាក់ ព្រោះ​កងទ័ព​យើង​ទំនើបកម្ម​ហើយ សូម្បី​រថយន្ត​ដែលប្រើ​សុទ្ធតែ​អេឡិចត្រូនិក។ ព្រោះ​បច្ចេកវិទ្យា​គឺបច្ចុប្បន្ន និងអនាគត យើងមិនអាច​បោះវាចោលទេ​យើងត្រូវ​ប្រើវា​ដើម្បី​បង្កើន​ប្រសិទ្ធភាព ប៉ុន្តែ​បើជ្រុលជាប្រើ សូម​កុំឱ្យ​វាជា​មុខពីរ យើងត្រូវ​ការពារផង»។

នាឱកាសនោះ មេបញ្ជាការដ្ឋាន​ទ័ពពិសេស​លោក ស៊ុំ សំណាង បានថ្លែង​ថា រាជរដ្ឋាភិបាល​ក្រោមការដឹកនាំ​លោក ហ៊ុន ម៉ាណែត បានលើក​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ ទាំង​ក្នុងតំបន់ និង​ពិភពលោក កាន់តែ​ឃើញ​យ៉ាងច្បាស់​អំពីការ​ខិតខំ​ប្រឹងប្រែង ការកសាង និងអភិវឌ្ឍន៍ មានការរីកចម្រើន​លើ​គ្រប់វិស័យ ជារដ្ឋ​ឯករាជ្យ នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ជាមួយគ្នានេះ តាងនាម​ឱ្យ​បញ្ជាការដ្ឋាន​ទ័ពពិសេស បានប្តេជ្ញា​ស្មោះត្រង់ និងការពារ​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និងកាពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ សុខសន្តិភាព អធិបតេយ្យភាព និងបូរណភាព​ទឹកដី​ឱ្យ​បាន​ស្ថិតស្ថេរ៕

គ្រូពេទ្យកំពុងធ្វើតេស្តរកវីរុសកូវីដ១៩លើបុរសម្នាក់។ រូបថត TYDA

គ្រូ​ពេទ្យ​កំពុង​សួរ​ព័ត៌មាន​អ្នក​ទៅ​ស្នើ​សុំ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩ នៅ​មន្ទីរ​ពេទ្យ​ក្នុង​ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣​ខែ​មីនា​។ហុង មិនា

សកម្មភាព​ស្នើសុំ​ឱ្យ​បញ្ឈប់​ហិង្សា​លើ​ស្ត្រី​ក្នុង​ថ្ងៃ​ទិវា​នារី​អន្ដរជាតិ​កន្លងមក​។ រូបថត ភ្នំពេញ​ប៉ុស្ដិ៍