ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានឱ្យរួមសាមគ្គីគ្នាជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ។
ព្រះមហាក្សត្រកម្ពុជាបានអំពាវនាវដូចនេះ ក្នុងពិធីមីទ្ទិញរំឭកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទនៅមុខព្រះបរមរាជវាំងនាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយមានការចូលរួមពីប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូបប្រកបដោយក្តីរីករាយ។
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា អង្គមីទ្ទិញនាពេលនេះ ជាមហាព្រឹត្តិការណ៍ជាតិដ៏មានអត្ថន័យឆ្លើយតបបានយ៉ាងស័ក្តិសមទៅនឹងបេសកកម្ម និងពលិកម្មប្រកបដោយមនសិការជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ«ព្រះករុណាព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះអង្គបានមានព្រះរាជបន្ទូលថា៖ «ព្រះវររាជបិតា ព្រះអង្គតែងតែស្ងើចសរសើរចំពោះភ័ព្វវាសនារបស់មាតុភូមិ និងប្រជារាស្ត្រកម្ពុជាយើងដែលបានរួចចាកផុតពីគ្រោះមហន្តរាយនៃសង្គ្រាម និងទទួលបានសេចក្ដីសុខសន្តិភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យស្របតាមយន្តការនៃការគ្រប់គ្រងប្រកបដោយវិចារណញ្ញាណដ៏អស្ចារ្យ»។
ព្រះអង្គបានបន្តទៀតថា៖ «នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ។ តាមរយៈមីទ្ទិញ យើងអាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាយើងពិតជានឹងទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយដែលធានា បានឯកភាពជាតិដ៏រឹងមាំ»។
ជាមួយគ្នានេះ ព្រះអង្គបានកោតសរសើរ និងគាំទ្រ ហើយចាត់ទុកថា សារនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងការវាយតម្លៃពីសភាពការណ៍សង្គមជាតិ សភាពការណ៍អន្តរជាតិ ជាពិសេសលើវិស័យសេដ្ឋកិច្ច សង្គមកិច្ចក្នុងការអភិវឌ្ឍកែប្រែមាតុភូមិកម្ពុជានិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅឈានទៅកាត់បន្ថយភាពក្រីក្រជាបន្តបន្ទាប់។
ព្រះអង្គមានព្រះរាជបន្ទូលទៀតថា៖ «យើងកំពុងតែសប្បាយរីករាយ និងទទួលផលជាវិជ្ជមានដែលផ្តើមចេញពីកម្លាំងកសាង និងការពារជាតិមាតុភូមិប្រកបដោយសុខដុមរមនារបស់ជនរួមជាតិយើង»។
នៅពិធីនោះដែរលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានថ្លែងដែរថា សន្តិភាព និងឯករាជ្យពុំមែនកើតឡើងដោយឯកឯងទេ ទាំងការទទួលបានឯករាជ្យ និងសន្តិភាពសុទ្ធតែកើតចេញពីការប្រឹងប្រែង និងផ្តួចផ្តើមដោយខ្មែរខ្លួនឯង។
លោកបានថ្លែងថា៖ «ក្នុងនាមជាកុលបុត្រខ្មែរ អ្នកដឹកនាំជំនាន់ក្រោយ និងប្រជាជនខ្មែរទាំងមូល ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញាយកអស់កម្លាំងកាយចិត្តដង្ហែតាមស្នាព្រះហស្ដប្រវត្តិសាស្ត្រ និងគំរូវីរភាពរបស់ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ និងរួមគ្នាជាធ្លុងមួយក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដោយបន្តពូនជ្រំ និងការពារឱ្យបានស្ថិតស្ថេរឯករាជ្យ អធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍នៃប្រជាជាតិខ្មែរ»។
លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងដែរថា ដំណើរការវិវឌ្ឍជាតិខ្មែរបានឈានដល់ដំណាក់កាលថ្មីមួយដែលប្រជាជនមានទំនុកចិត្តរឹងមាំ និងមហិច្ឆតាខ្ពស់ក្នុងការលើកស្ទួយមោទនភាពជាតិឱ្យខ្ពស់ដូចសម័យអង្គរតាមរយៈការកសាងជាតិមួយដ៏រឹងមាំ រស់រវើក រឹងមាំ និងមានវិបុលភាពក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ «៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣» នេះ លោក ហ៊ុន ម៉ាណែត ក៏បានប្តេជ្ញាដែរថា នាយទាហាន និងពលទាហានគ្រប់រូបនៃកងយោធពលខេមរភូមិន្ទនឹងបន្តប្តូរផ្តាច់ឥតងាករេក្នុងការធ្វើពលិកម្មបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារទឹកដី ការពារអង្គព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល ដែលប្រសូតចេញពីការបោះឆ្នោតផ្អែកតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
សម្រាប់ទិវាកំណើតកងយោធពលខេមរភូមិន្ទនេះដែរ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិបានផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានដោយបានកោតសរសើរយ៉ាងស្មោះចំពោះរាល់ស្នាដៃ និងសមិទ្ធផលដ៏ថ្លៃថ្លា...មិនអាចកាត់ថ្លៃបាន។
លោកបានលើកឡើងថា៖ «កងយោធពលខេមរភូមិន្ទខិតខំប្រឹងប្រែងសម្រេចបាននាពេលកន្លងទៅក្នុងកិច្ចការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីបានយ៉ាងគង់វង្ស ស្ថិតស្ថេរគ្រប់កាលៈទេសៈ ពង្រឹងខឿនការពារជាតិរបស់ប្រជាជន រឹងមាំខ្លាំងក្លា និងធ្វើឱ្យប្រជាជនបានរស់នៅដោយសុខដុមរមនាលើទឹកដីរបស់ខ្លួន និងមានឱកាសពេញលេញសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច»។
លោក ស៊ឺន សម ជាអ្នកស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ថ្ងៃដ៏សំខាន់បំផុតមួយប្រចាំឆ្នាំសម្រាប់ប្រទេសកម្ពុជា គឺទិវាបុណ្យឯករាជ្យជាតិ។ ប្រវត្តិសាស្ត្រនៃបុណ្យឯករាជ្យជាតិនេះមានមេរៀនច្រើនណាស់សម្រាប់បង្រៀនទាំងអ្នកនយោបាយនិងប្រជាពលរដ្ឋសាមញ្ញនៃប្រទេសកម្ពុជាពីការរីកចម្រើនរបស់ប្រទេសជាតិ ភាពរុងរឿង សន្តិភាព ស្ថិរភាព សាមគ្គីភាព និងឯករាជភាព។
លោកបានបញ្ជក់ថា៖ «នៅពេលដែលយើងចាប់ផ្តើមការសន្ទនាពីថ្ងៃបុណ្យឯករាជ្យរបស់ប្រទេសកម្ពុជា យើងតែងតែលើកយកព្រះនាមព្រះបាទសម្តេចនរោត្តមសីហនុ ដែលជាអតីតព្រះមហាក្សត្រដែលបានធ្វើគ្រប់បែបយ៉ាងក្នុងអំណាចរបស់ព្រះអង្គ ដើម្បីទទួលបានឯករាជ្យរបស់កម្ពុជា»។
លោកបន្តថា ព្រះបាទ នរោត្តម សីហនុ ទ្រង់បានបំពេញកិច្ចការដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាហើយកេរដំណែលរបស់ព្រះអង្គត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។
លោក ស៊ឺន សម បានបញ្ជាក់ថា៖ «មេដឹកនាំកម្ពុជាមានសមត្ថភាពបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេស ដោយរក្សាស្មារតីឯករាជ្យ។ វឌ្ឍនភាព និងវិបុលភាព អាចត្រូវបានត្រួសត្រាយដោយការដាក់តម្រូវការរបស់ប្រជាជនជាអាទិភាព ដោយប្រកាន់យកតម្លាភាព ការលើកទឹកចិត្តដល់ការរួបរួមគ្នា និងការវិនិយោគលើវិស័យអប់រំ។ ការអប់រំដែលមានគុណភាព ហើយនឹងស្មារតីស្នេហាជាតិដែលទទួលបានតាមរយៈការសិក្សាមួយដ៏ពិតប្រាកដ គឺមានតម្លៃណាស់សម្រាប់មនុស្សជំនាន់ក្រោយ»។
ក្នងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជានេះដែរ ស្ថានទូតបារាំងប្រចាំកម្ពុជាបានដាក់តាំងបង្ហាញរូបថតប្រទេសកម្ពុជា ដែលត្រូវបានថតពីលើអាកាស និងតាមរយៈផ្កាយរណបក្នុងអំឡុង ៧០ ឆ្នាំចុងក្រោយ។
ពិព័រណ៍នេះ ធ្វើឡើងចាប់ពីថ្ងៃទី ៨ ខែវិច្ឆិកាតទៅ នៅលើជញ្ជាំងរបងនៃស្ថានទូតបារាំងប្រចាំកម្ពុជា និងមានរៀបចំកម្មវិធីវប្បធម៌ជាច្រើនទៀតក្នុងនោះមានការធ្វើសន្និសីទ និងការបញ្ចាំងភាពយន្តនៅវិទ្យាស្ថានបារាំងនៅកម្ពុជា រួមទាំងការតាំងពិព័រណ៍មួយទៀតនៅសារមន្ទីរព្រះស្រីឦសានវរ្ម័នផងដែរ។
ចំណែកឯស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញវិញ បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនដែរថា៖ «សូមសម្តែងការជូនពរនឹករឭកខួបលើកទី៧០ ឆ្នាំនៃសេរីភាព និងឯករាជភាពប្រទេសកម្ពុជា។ ជូនពរអ្នករីករាយទិវាបុណ្យឯករាជ្យជាតិ»៕