អង្គការ​ក្រៅរដ្ឋាភិបាល​ដែលធ្វើការ​ពាក់ព័ន្ធ​សិទ្ធិ​ការងារ និងលើកកម្ពស់​ស្រ្តី នឹងរៀបចំ​ព្រឹត្តិការណ៍​ពិសេស ក្រោម​ប្រធានបទ «ពាក្យពេចន៍​មានសារៈ​សំខាន់» នៅចុង​ខែវិច្ឆិកា​នេះ ដើម្បី​លើកកម្ពស់​ការរាយ​ការណ៍​ប្រកបដោយ​ទទួលខុសត្រូវ​ជុំវិញ​ពលករ​ទេសន្តរប្រវេសន៍​ជាស្រ្តី។


ព្រឹត្តិការណ៍​នេះ នឹងត្រូវរៀបចំ​ឡើង នៅថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ចាប់ពី​វេលាម៉ោង ២​ដល់ម៉ោង ៥ ល្ងាច នៅទី​តាំង Raintree Phnom Penh នៅក្នុង​កម្មវិធី​សុវត្ថិភាព និងយុត្តិធម៌ (SAF)។

កម្មវិធី​សុវត្ថិភាព និងយុត្តិធម៌ ត្រូវបាន​អនុវត្ត​ដោយអង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និងទីភ្នាក់ងារ​សហប្រជាជាតិ​ដើម្បី​សមភាព​យេនឌ័រ និងការលើកស្ទួយ​ភាពអង់​អាច​របស់​ស្ត្រី (UN Women) ដែលដឹកនាំ​ដោយការិយាល័យ ILO ប្រចាំ​តំបន់​អាស៊ី និងប៉ាស៊ីហ្វិក។ នេះបើតាម​សេចក្តី​ប្រកាសរួម​នៃអង្គការ​ខាងលើ។


សេចក្តី​ប្រកាសបន្ត​ថា៖«កម្មវិធី​សុវត្ថិភាព​និងយុត្តិធម៌ សូម​គោរពអញ្ជើញ​លោកអ្នក ចូលរួម​ក្នុង​កម្មវិធី ពាក្យពេចន៍​មានសារៈ​សំខាន់៖ ការសម្ពោធ កម្រង​សទ្ទានុក្រម​វាក្យសព្ទ ស្ដីអំពី​ទេសន្តរប្រវេសន៍​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ផ្តោតលើ​ពលករ​ទេសន្តរប្រវេសន៍​ជាស្ត្រី និងការបញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី»។

ស្របពេល​ជាមួយនឹង​យុទ្ធនាការ ១៦ ថ្ងៃ ប្រឆាំង​អំពើ​ហិង្សា​លើ​ស្រ្តី និងក្មេង​ស្រី កម្មវិធី​សុវត្ថិភាព និងយុត្តិធម៌ ប្រចាំ​នៅ​កម្ពុជា នឹងរៀបចំ​កម្មវិធីមួយ​សម្រាប់​អ្នកជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និងស្ថាប័ន​ពាក់ព័ន្ធ​នានា។


ប្រភពដដែលបញ្ជាក់​ថា៖«កម្មវិធី​នេះ គឺជាការ​សម្ពោធ សទ្ទានុក្រម​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាភាសាខ្មែរ ដែលលើកកម្ពស់​ការរាយ​ការណ៍​ប្រកប​ដោយការទទួល​ខុសត្រូវ ទៅលើ​ការធ្វើ​ទេសន្តរប្រវេសន៍ និងអំពើ​ហិង្សា​ប្រឆាំង​នឹងពលករ​ទេសន្តរប្រវេសន៍​ជាស្ត្រី ព្រមទាំង​លើកកម្ពស់​ការយល់ដឹង​អំពីសារៈ​សំខាន់​នៃភាសា​ដែលមាន​ការគិតគូរ​អំពី​យេនឌ័រ»។

កម្មវិធី​នេះ ត្រូវបាន​បង្កើតឡើង​ជាពិសេស​សម្រាប់​អ្នកមាន​វិជ្ជាជីវៈនៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ រួមមាន​អ្នកសារព័ត៌មាន អ្នកនិពន្ធ អ្នក​រាយការណ៍​ព័ត៌មាន អ្នកផលិត​ព័ត៌មាន អ្នកបង្កើត​ប្លុក អ្នកស្រាវជ្រាវ និងស្ថាប័ន សង្គមស៊ីវិល នានា។ កម្មវិធីនេះ​នឹងមាន​កិច្ចពិភាក្សា​ស្តីពីការ​រាយការណ៍​លើ​ប្រធានបទ ដែល​និយាយ​អំពី​ទេសន្តរប្រវេសន៍​ការងារ​ការជម្នះ​បទដ្ឋាន​សង្គម​និងផ្នត់គំនិត​រើសអើង នឹងពង្រឹង​ភាព​អង់អាច​ដល់​ពលករ​ជាស្ត្រី។

គួរជម្រាប​ថា កម្មវិធី​សុវត្ថិភាព​និងយុត្តិធម៌ បានសម្រេច​សិទ្ធិ និងឱកាស​របស់​ពលករ​ទេសន្តរប្រវេសន៍​ជាស្ត្រី នៅក្នុង​តំបន់​អាស៊ាន (២០១៨-២០២៣)។ កម្មវិធីនេះ​គឺជាផ្នែកមួយ​នៃគំនិ​តផ្តួចផ្តើម​ប្រទីប​បំភ្លឺផ្លូវ ដែលជា​គំនិតផ្ដួចផ្ដើម​សកល​រួមគ្នា​របស់​អង្គការ​សហប្រជាជាតិ ដែលទទួល​បានការគាំទ្រ​ពីសប្បុរស​ពីសហភាព​អឺរ៉ុប (EU) ក្នុងគោលបំណង​លុបបំបាត់​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​លើស្រ្តី និងក្មេង​ស្រី៕