ភ្នំពេញ: ស្ថានទូត​បារាំង​ដាក់តាំង​បង្ហាញ​រូបថត​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ថត​ពីលើ​អាកាស និង​តាមរយៈ​ផ្កាយរណប​ក្នុងអំឡុង​ ៧០ ​ឆ្នាំ​ចុងក្រោយ​ក្នុងឱកាស​ខួប​លើក​ទី​៧០​ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​។


​រូបថត​ទាំងនេះ​ត្រូវបាន​រៀបចំ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សម្រាប់​អភិវឌ្ឍន៍ ​(IRD)​ របស់​បារាំង ដោយមាន​រូបថត​ពីលើ​អាកាស​ចំនួន ៣០ ផ្ទាំង​ថត​ពី​ឆ្នាំ​ ១៩៥០ មកដល់​បច្ចុប្បន្ន និង​បង្ហាញ​ពី​ការប្រែប្រួល​សណ្ឋាន​ដី​នៃ​ប្រទេស​កម្ពុជា​ក្នុងអំឡុង​ជាច្រើន​ទសវត្សរ៍ ដែល​បញ្ជាក់​ពី​ការវិវឌ្ឍ​របស់​ប្រទេស​នេះ​។ ពិព័រណ៍​ខាងលើ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ៨ ខែវិច្ឆិកា​ តទៅ​នៅលើ​ជញ្ជាំង​របង​នៃ​ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា​និង​បញ្ចប់​រយៈពេល​មួយខែ​។

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹងថា​៖ «​ដោយ​បំពេញការងារ​យ៉ាងសកម្ម​នៅ​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ ២០ ​ឆ្នាំ​មកហើយ វិទ្យាស្ថាន IRD បាន​បង្កើត​ភាពជា​ដៃគូ​ស៊ីជម្រៅ​ជា​មួយ​សាកលវិទ្យាល័យ​និង​ស្ថា​ប័ន​សំខាន់ៗ​របស់​កម្ពុជា ដើម្បី​ស្វែងរក​ដំណោះស្រាយ​បែប​នវានុវត្តន៍ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មីៗ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព រួមមាន​បម្រែបម្រួល​អាកាសធាតុ ការបាត់បង់​ជីវៈចម្រុះ ការបំពុល​បរិស្ថាន​និង​សន្តិសុខ​ស្បៀង​»​។


​កិច្ចសហប្រតិបត្តិការ​ទាំងនេះ​ផ្តោតលើ​កសិកម្ម​ប្រកបដោយ​និរន្តរភាព និង​សុខភាព​សកល ដោយ​គិតគូរ​ពី​បញ្ហា​បរិស្ថាន​។ ការសង្កេត​ផែនដី ដោយ​ផ្អែកលើ​ការវិភាគ​រូបភាព​ទទួលបាន​ពី​ឧបករណ៍​ចាប់យក​រូបភាព​បំពាក់​លើ​យន្តហោះ ផ្កាយរណប ឬ្រ​ដូន​)​អនុញ្ញាត​ឱ្យគេ​ពណ៌នា​និង​ឃ្លាំមើល​ធនធានធម្មជាតិ​ព្រម​ទាំង​ការរៀបចំ​និង​ការប្រែប្រួល​ធនធាន​ទាំងនោះ​។ វិទ្យាស្ថាន IRD អភិវឌ្ឍ និង​ប្រើប្រាស់​ឧបករណ៍​ឌីជីថល និង​គំរូ​បង្កើត​ថ្មី​នានា ដើម្បី​វិភាគ​រូបភាព​ក្នុង​គោលដៅ​ទទួលបាន​ព័ត៌មាន​ស្តីពី​ការ​ប្រែ​ប្រួល​ទេសភាព​។

​សេចក្ដីប្រកាស​ព័ត៌មាន​បានបង្ហាញ​ថា ចាប់តាំងពី​រូបភាព​ដំបូងៗ​ថត​ពីលើ​យន្តហោះ​ក្នុងអំឡុង​ឆ្នាំ ​១៩៥០ ​រហូតដល់​រូប​ភាព​ដំបូងៗ​ថត​ពី​ផ្កាយរណប​ដែល​សង្កេតមើល​ផែនដី​ក្នុងអំឡុង​ឆ្នាំ​ ១៩៨០ បច្ចេកវិទ្យា​បាន​វិ​វ​ឌ្ឍ​យ៉ាងខ្លាំង ដោយ​ផ្តល់​រូប​​ភាពជា​ច្រើន​ក្នុង​កម្រិត​ច្បាស់​ល្អ​ទៀតផង​។ ដើម្បី​ពង្រឹង​សមត្ថ​ភាព​របស់​កម្ពុជា​ក្នុងការ​វិភាគ​រូបភាព​ពី​អាកាស និង​លទ្ធភាព​ទទួលបាន​ទិន្នន័យ​ផ្នេ​ងៗ​វិទ្យា​​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​វិទ្យា​ស្ថាន IRD បានរួម​គ្នា​បង្កើត​មន្ទី​រ​ពិសោធន៍​ខ្មែរ​សម្រាប់​ការសង្កេត​ផែនដី (Khmer Earth Observation Laboratory KHEOBS) កាលពី​ឆ្នាំ ​២០២២​។


​ដោយ​ទទួលបាន​ការជួយជ្រោមជ្រែង​ពី​ស្ថាប័ន​បារាំង មន្ទីរពិសោធន៍ KHEOBS បាន​ប្រមូលផ្តុំ​អ្នកវិទ្យាសាស្ត្រ និង​និស្សិត​មកពី​សាកលវិទ្យាល័យ និង​ស្ថាប័ន​កម្ពុជា​នានា ក្នុង​ក្របខ័ណ្ឌ​នៃ​ការបណ្តុះបណ្តាល​លើ​ប្រធានបទ​ផ្សេងៗ​។

​លោក​ ហ្សា​ក់ ប៉ឺ​ឡេ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា បាន​គូសបញ្ជាក់ថា​៖ «KHEOBS គឺជា​មន្ទីរពិសោធន៍​ឈានមុខ​ក្នុងការ​បណ្តុះបណ្តាល​វិស្វករ និង​អ្នក​ស្រាវជ្រាវ ក៏ដូចជា​ពង្រឹង​សកម្ម​ភាព និង​គម្រោង​នានា ដែល​ប្រើប្រាស់​ឧបករណ៍​បង្កើត​ថ្មី​សម្រាប់​សង្កេត​ផែនដី​នៅ​កម្ពុជា និង​ក្នុង​កម្រិត​តំបន់​។ គម្រោង​នេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​គុណភាព​នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង​លើ​ផ្នែក​វិទ្យាសាស្ត្រ ដោយហេតុថា ពីមុនមក​មិនមាន​ស្ថា​ប័ន​នៅ​កម្ពុជា​ច្រើន​នោះទេ​ដែលមាន​លទ្ធភាព​ទទួល​បាន​បច្ចេក​​វិទ្យា​ទាំងនេះ​»​។

​សេចក្ដីប្រកាស​បាន​បន្ដ​ថា ក្នុងអំឡុង​ឆ្នាំ​ ១៩៥០ បា​រាំងជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ថត​ដែនដី​កម្ពុជា​ពីលើ​យន្ត​​ហោះ​ដើម្បី​រៀបចំ​បង្កើត​ផែនទី​ផ្សេងៗ ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​ព័ត៌មាន​ភូមិសាស្ត្រ និង​ព្រៃឈើ​បារាំង (IGNFI)​។

​នៅ​កម្ពុជា​ក្នុង​ចន្លោះ​ឆ្នាំ​ ១៩៥២​ និង​ ១៩៥៤ វិទ្យាស្ថាន IGNFI បាន​ផ្តិត​យក​រូបភាព​ប្រមាណ ១១ ០០០​ សន្លឹក​ដែល​គ្របដណ្តប់​មួយផ្នែកធំ​នៃ​ទឹកដី​កម្ពុជា​។

​បច្ចុប្បន្ន​បណ្តុំ​រូបថត​ទាំងនេះ​ គឺជា​បណ្ណសារ​ដ៏​វិសេសវិសាល​ដែល​នាំ​យើង​ត្រលប់​ទៅកាន់​ទេសភាព​ទីក្រុង​និង​ជនបទ​កាលពី ​៧០​ ឆ្នាំមុន​។ សេចក្ដីប្រកាស​ឱ្យដឹងថា រូបថត​ឯកសារ​ទាំងនេះ​គឺជា​ធនធាន​ដ៏​មានតម្លៃ​ស្តីពី​ប្រវត្តិ​សាស្ត្រ ភូមិសាស្ត្រ បុរាណវិទ្យា នគរូបនីយកម្ម និង​បរិស្ថាន​នៃ​ប្រទេស​កម្ពុជា​។

ដើម្បី​ប្រែក្លាយ​រូបថត​ទាំងនោះ​ជា​ឯកសារ​ឌីជីថល សម្រាប់​ការចូល​មើល និង​ស្រាវជ្រាវ​ដោយ​ឥតគិតថ្លៃ ស្ថាន​ទូត​បារាំង​កំពុង​គាំទ្រ​ដល់​គម្រោង​បណ្ណសារ​រូបថត​ពីលើ​អាកាស «Khmer Aerial Photographic Archive» (KAPA) អនុវត្ត​ដោយ​វិទ្យាស្ថាន IRD និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​មន្ទីរពិសោធន៍ KHEOBS ដោយ​រួមសហការ​ជាមួយ​វិទ្យាស្ថាន IGNFI​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​រូបថត​ឯកសារ​ទាំងនេះ​នឹង​ប្រគល់ជូន​ប្រទេស​កម្ពុជា​នៅពេល​បញ្ចូល​ក្នុង​ប្រព័ន្ធ​កុំ​ព្យុ​ទ័​រ​ជា​ទម្រង់​ឌីជីថល​រួចរាល់​»​។

​ចាប់ពី​ឆ្នាំ​ ១៩៨០​ មក រូបភាព​តាម​ប្រព័ន្ធ​ផ្កាយរណប​ដែល​តាម​ដាន​ផែនដី​ពី​ចម្ងាយ ត្រូវបាន​អភិវឌ្ឍ ជាពិសេស​ដោ​យម​ជ្ឈ​មណ្ឌល​ជាតិ​បារាំង​សម្រាប់​ការ​សិក្សា​លម្ហ​អាកាស (CNES)​។

​វិទ្យាស្ថាន IRD បាន​ដើរតួនាទី​សំខាន់​ក្នុងការ​បង្កើត​វិធីសាស្ត្រ​វិភាគ​រូបភាព ដើម្បី​ស្វែងយល់​ពី​ការប្រែប្រួល​សណ្ឋាន​ដី តាម​​រយៈ​ការវាស់វែង និង​វិភាគ​ការវិវឌ្ឍ​ក្រុង កសិកម្ម និង​ព្រៃឈើ​។ សមត្ថភាព​វិភាគ​ទិន្នន័យ​ធំៗ​អនុញ្ញាត​ឱ្យគេ​ប្រើប្រាស់​រូបភាព​ទាំងនេះ​ដើម្បី​ឃ្លាំមើល​បម្រែបម្រួល​បរិស្ថាន និង​ជលសា​ស្ត្រ និង​បង្កើត​ប្រព័ន្ធ​ផ្តល់ដំណឹង​។

​សេចក្ដីប្រកាស​ព័ត៌មានបាន​បន្ថែមថា​៖ «​ក្រៅពី​រូបភាព​ខាងលើ​ក៏មាន​រូបភាព​ថត​ដោ​យ្រ​ដូន​ដែលមាន​លក្ខណៈ​ច្បាស់​ល្អ​។ បច្ចេកទេស​ថ្មីៗ​ក្នុងការ​វិភាគ​រូប​ភាព​កំពុង​ត្រូវបាន​អភិវឌ្ឍ​ដើម្បី​សិក្សា​ពី​ការប្រែប្រួល​សណ្ឋាន​ដី​។ បច្ចេកទេស​ទាំងនេះ​ត្រូវបាន​ប្រើ​ប្រាស់​យ៉ាងច្រើន​នៅ​កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ពាក់​ព័ន្ធ​ការសង្កេត​បរិស្ថាន ដោយ​សហការ​ជាមួយ​ស្ថាប័ន​ស្រាវ​​ជ្រាវ​នានា​»​។

ក្នុង​ក្របខ័ណ្ឌ​ខួប ៧០​ ឆ្នាំ​នៃ​ឯករាជ្យ​របស់​កម្ពុជា ស្ថានទូត​បារាំង​នៅ​កម្ពុជា​នឹង​រៀបចំ​កម្មវិធី​វប្បធម៌​ជាច្រើន​ទៀត ក្នុងនោះ​មានការ​ធ្វើ​សន្និសីទ និង​ការ​បញ្ចាំងភាពយន្ត​នៅ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​រួមទាំង​ការតាំង​ពិព័រណ៍​មួយទៀត​នៅ​សារមន្ទីរ​ព្រះ​ស្រី​ឦសាន​វរ្ម័ន​ផងដែរ​៕

ប៉ូលិស​សម្លឹង​មើល ​ខណៈ​អ្នក​តវ៉ា​ធ្វើបាតុកម្ម​នៅ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន។ AFP