​ភ្នំពេញៈ ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ ត្រូវបាន​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​វាយតម្លៃថា បានបញ្ចប់​ទៅដោយ​រលូន មិនមាន​បាតុភាព​ណាមួយ​កើតឡើង​គួរឱ្យ​កត់​​សម្គាល់​ទេ ប៉ុន្តែ​ក្រោយ​ប្រឡង​ ១​ ថ្ងៃ មាន​លេចចេញ​នូវ​ការបង្ហាញ​អារម្មណ៍​អន់ចិត្ត​ចំពោះ​ពាក្យសម្តី​គ្រូបង្រៀន​ម្នាក់​ដែល​ពោល​ទៅកាន់​បេក្ខជន​ប្រឡង​ដែលមាន​បញ្ហា​ភ្នែក មើល​មិន​ច្បាស់ បាន​បង្ហោះ​លើ​បណ្តាញ​សង្គម ACE Confessions នៅ​ព្រឹក​ថ្ងៃទី​ ៨ ខែវិច្ឆិកា​។


​សំណេរ​នោះ មិនបាន​បង្ហាញ​ពី​ទីតាំង​មណ្ឌល​ប្រឡង​ច្បាស់​លាស់​នោះទេ ប៉ុន្តែ​បានបង្ហាញ​ពី​ការ​អាក់អន់ស្រពន់ចិត្ត​ជាខ្លាំង​របស់​បេក្ខជន​ម្នាក់​ដែលមាន​បញ្ហា​ភ្នែក​មើល​មិន​ច្បាស់ មិនអាច​មើល​វិញ្ញាសា​នៅលើ​ក្តារខៀន​បាន​។ គណនី​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះ ACE Confessions បាន​រៀបរាប់ថា មាន​សិស្ស​ម្នាក់​ដែលមាន​បញ្ហា​ភ្នែក​មើល​មិនសូវ​ច្បាស់ និង​មិនសូវ​បាន​ឆ្ងាយ​ដូច​អ្នកដទៃ​។

​មុនពេល​ចាប់ផ្តើម​ប្រឡង បេក្ខជន​រូបនោះ​បាន​ទៅ​ស្នើសុំ​អ្នកគ្រូ​អនុរក្ស​ដែល​ទទួលខុស​ត្រូវ​បន្ទប់​ប្រឡង និង​បាន​ប្រាប់​ពី​បញ្ហា​ភ្នែក រួច​អ្នកគ្រូ​អនុរក្ស​នោះ​ក៏បាន​ទៅ​និយាយ​ជាមួយ​លោកគ្រូ​ម្នាក់ និង​បានបញ្ជាក់​មកវិញ​ថា នឹង​អនុញ្ញាតឱ្យ​ក្រដាស​វិញ្ញាសា​ដើម្បី​អាន​នៅពេលដែល​អ្នកគ្រូ​អនុរក្ស​ចម្លង​ទៅលើ​ក្តារខៀន​ហើយ​។ ប៉ុន្តែ​ក្រោយមក​មិនដឹង​មានរឿង​អ្វី​បែរជា​មិន​ផ្តល់​វិញ្ញាសា ដោយ​រៀបចំ​សម្រួល​លើក​តុ​ឱ្យ​បេក្ខជន​រូបនោះ​ទៅ​អង្គុយ​នៅ​ជិត​ក្តារខៀន​វិញ​។


​ប្រភព​ដដែល​បានឱ្យដឹងថា បេក្ខជន​ប្រឡង​រូបនោះ​បានបញ្ជាក់​ទៅ​លោកគ្រូ​នោះ​ថា ទោះបី​លើក​តុម​កមុខ​ក៏​នៅតែ​មើល​មិន​ច្បាស់​ដែរ ប៉ុន្តែ​លោក​​គ្រូ​នោះ​នៅតែ​បង្ខំ​បេក្ខជន​រូបនោះ​ឱ្យមើល​។ ទីបំផុត​លោក​​គ្រូ​នោះបាន​ពោល​ពាក្យ​ថា ​«​ចឹ​ង​មិនដឹង​ធ្វើ​ម៉េច​ទេ​មានតែ​ហែង​អង្គុយ​នៅ​កន្លែង​ហែង​ដដែល​ហើយ​មិនបាច់​ប្រឡង​» ដែល​ពាក្យ​មួយ​ឃ្លា​នេះ​បានធ្វើឱ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​បេក្ខជន​ជាខ្លាំង​។ បេក្ខជន​រូបនោះ​បានលើកឡើង​ថា​៖ «​ខ្ញុំ​ដឹងថា គាត់​ខំ​រក​ដំណោះស្រាយ​ឱ្យ​ខ្ញុំ​ហើយ តែ​មិនគួរណា​គាត់​និយាយ​បែបនេះ​ដាក់​ខ្ញុំ​ទេ គិតថា ខ្ញុំ​ចង់​មាន​បញ្ហា​អ៊ីចឹង​មែន​»​។

​ហ្វេ​ស​ប៊ុ​ក​ដដែល​បានឱ្យដឹង​ទៀតថា ដោយ​មិនមាន​ជម្រើស​ផ្សេង​បេក្ខជន​រូបនោះ​ក៏​សម្រេចចិត្ត​យល់ព្រម​លើក​តុម​កមុខ​។ ទោះបីជា​មើល​វិញ្ញាសា​ចម្លង​នៅលើ​ក្តារខៀន​មិនឃើញ​ប៉ុន្តែ​បេ​ក្ខ​ជន​រូបនោះ​ត្រូវបាន​អ្នកគ្រូ​អនុរក្ស​ម្នាក់​ជួយ​អាន​វិញ្ញាសា​រហូតដល់​បាន​ប្រឡង​ចប់​ដូច​អ្នកដទៃ​ដែរ​។


​បេក្ខជន​រូបនោះ​បានលើកឡើង​ថា​៖ «​ខ្ញុំ​សូម​អរគុណ​អ្នកគ្រូ​អនុរក្ស​ម្នាក់​នោះ​ផងដែរ ដែល​គាត់​សុខចិត្ត​ឈរ​ជិត​ខ្ញុំ​និង​ហៅ​សំណួរ​ឱ្យ​ខ្ញុំ​គ្រប់ពេល​ដើម្បីឱ្យ​ខ្ញុំ​បាន​ប្រឡង​នឹង​គេ​ផងដែរ ទោះ​គាត់​ត្រូវ​ឈរ​យូរ​យ៉ាងណាក៏ដោយ ក៏​គាត់​នៅតែ​ធ្វើឱ្យ​ខ្ញុំ​បាន​ប្រឡង​នឹង​គេ​ដែរ​»​។

តាមរយៈ​ហ្វេ​ស​ប៊ុ​ក ACE Confessions បេក្ខជន​ដែល​មិន​បញ្ចេញ​អត្ដ​សញ្ញាណ បានស្នើ​សុំ​ដល់​លោកគ្រូ​អ្នកគ្រូ ប្រធាន​មណ្ឌល និង​ក្រសួង​អប់រំ​ផង​មេត្តា​យល់ចិត្ត​ពួកគាត់​ដែលជា​សិស្ស​មាន​បញ្ហា​ភ្នែក​ផង ព្រោះ​ពួកគាត់​មិន​ចង់​កើតមក​មាន​ភ្នែក​មើល​មិនសូវ​ច្បាស់​បែបនេះ​នោះទេ​។

​យ៉ាងណាក៏ដោយ ក្រោយពី​មានការ​បង្ហោះ​ពី​ភាព​ត្អូញត្អែរ​នេះ មាន​យុវតី​មួយរូប​ដែលមាន​បញ្ហា​ភ្នែក​មើល​មិន​ច្បាស់ បានបង្ហាញ​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន ពេល​ចូលទៅ​ប្រឡង​យក​សញ្ញា​ប​ត្របាក់​ឌុប នៅ​មណ្ឌល​វិទ្យា​ល័យ​ព្រះ​យុគន្ធរ​។ បេក្ខជន​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នាង​ត្រូវបាន​លោកគ្រូ អ្នកគ្រូ​នៅ​មណ្ឌល​ជួយ​សម្រួល​លើក​តុ​មក​អង្គុយ​ជិត​ក្តារខៀន​ធ្វើឱ្យ​ការប្រឡង​បាន​បញ្ជ​ប់​ទៅដោយ​រលូន​។

​ប្រភព​បញ្ជាក់ថា​៖ «​ក្នុងការ​ប្រឡង​តាម​មណ្ឌល​នីមួយៗ លោកគ្រូ​អ្នកគ្រូ​មានការ​យកចិត្តទុកដាក់​ចំពោះ​បេក្ខជន​បានល្អ​។ ពួកគាត់​បាន​សម្រួល​ប​ន្ទុ​ក​សិស្ស​ដែលមាន​បញ្ហា​បាន​ច្រើន​។ ពួក​គាត់​បាន​ពិភាក្សាគ្នា​ក្នុង​ការរៀប​កន្លែង​សិស្ស​ដែលមាន​បញ្ហា​ភ្នែក​មក​អង្គុយ​នៅខាងមុខ​ក្តារ​ខៀន​ដើម្បី​ងាយស្រួល​មើល​អក្សរ និង​មិន​ស៊ីម៉ោង​ក្នុងការ​ប្រឡង​»​។

​បេក្ខជន​ប្រឡង​ដែល​សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះ​រូបនេះ បានបង្ហាញ​អារម្មណ៍​ថា សប្បាយចិត្ត និង​អរគុណ​ចំពោះ​អនុរក្ស លោកគ្រូ​អ្នកគ្រូ ដែល​តែងតែ​យកចិត្ត​ទុក​​ដាក់​ជាមួយ​សិស្ស​បែបនេះ​។ យ៉ាងណាក្តី​បេក្ខជន​ក៏បាន​បង្ហាញ​ការមិន​ពេញចិត្ត នៅពេល​ដឹងថា មាន​លោកគ្រូ​អ្នកគ្រូ​ខ្លះ ប្រើពាក្យ​សម្តី​មិន​សមរម្យ​ធ្វើឱ្យប៉ះពាល់​ដល់​សតិអារម្មណ៍​អ្នកមាន​បញ្ហា​ភ្នែក​។ «​ខ្ញុំ​មាន​អារម្មណ៍​ថា មិន​សប្បាយចិត្ត​ដែល​ឮ​ដូច្នោះ​ព្រោះថា គ្មាន​អ្នកណា​ដែល​កើតមក​ចង់​មាន​បញ្ហា​អ៊ីចឹង​ទេ​យ៉ាងណា​ក៏​គួរ​រក​ដំណោះស្រាយ​ដែល​ល្អ​ជាង​នេះ​បន្តិច​»​។​

​លោក ឈ​ត ប៊ុន​ថង ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​វប្បធម៌ អប់រំ និង​ទេសចរណ៍ នៃ​រាជបណ្ឌិត្យសភាកម្ពុជា មាន​ប្រសា​សន៍​ថា ការប្រើ​ពាក្យសម្តី​ខ្លះ​ដែល​មិន​សមរម្យ ប៉ះពាល់​ដល់​សតិអា​ម្មណ៍ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ របស់​សិស្ស ជាពិសេស​សិស្ស​ដែលមាន​ពិការភាព​ឬ​ទន់ខ្សោយ​ផ្នែក​ខ្លះ​នៃ​រាងកាយ​នោះ អាច​ដោយ​សារ​តែ​ការមិនយល់​គ្នា​។

​លោក​បាន​លើកឡើងថា ដូច​រឿងរ៉ាវ​ដែល​បាន​លេចចេញ​មកនេះ បុគ្គលិក​អប់រំ លោកគ្រូ អ្នកគ្រូ គួរតែមាន​ព័ត៌មាន​ជាមុន ដើម្បី​ដឹងថា តើ​ក្នុងចំណោម​បេក្ខជន​ទាំងអស់​ដែល​ចូលរួម​ប្រឡង មាន​បេក្ខជន​ណាខ្លះ​ដែលមាន​បញ្ហា​ភ្នែក​មើល​មិន​ច្បាស់ ហើយ​ត្រូវ​រៀបចំ​ឱ្យ​មានការ​សម្គាល់​ច្បាស់លាស់​ណាមួយ ដើម្បី​ងាយស្រួល​ដល់​អនុរក្ស ក៏ដូចជា​លោកគ្រូ​អ្នកគ្រូ ជួយ​សម្រួល​ដល់​ការប្រឡង​របស់​បេក្ខជន​ទាំងនោះ​។ លោក​ថា ពាក្យសម្តី និង​អាកប្បកិរិយា​ខ្លះ កើតឡើង​ដោយសារ​ចរិត​បុគ្គល​ផ្ទាល់ខ្លួន​មួយចំនួន​តូច​ប៉ុណ្ណោះ ប៉ុន្តែ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ក្រុម ដល់​ស្ថាប័ន ឬ​អង្គភាព ដែល​រឿងនេះ​មិន​គួរឱ្យ​កើតមានឡើង​នោះទេ​។

​លោក​ថ្លែងថា​៖ «​យ៉ាងណាក៏ដោយ​ខ្ញុំ​ជឿថា មន្ត្រី​ដែលជា​អនុរក្ស ឬក៏​អ្នកពាក់ព័ន្ធ​ផ្សេងៗ​នៅក្នុង​ការប្រឡង​ហ្នឹង គួរតែ​ប្រើ​ភាសា​ណាមួយ​ដែល​អាច​ទទួលយកបាន ទៅវិញទៅមក រវាង​បេក្ខជន និង​អនុរក្ស ឬក៏​គណៈ​កម្ម​ការប្រឡង​ផ្សេងៗ​ទៀត​។ យើង​មិនគួរ​ធ្វើការ​ងារ​ដោយ​ប្រើ​សម្តី​ទៅតាម​អារម្មណ៍​ទេ​។ ធម្មតា​ខ្ញុំ​ជឿថា គណៈកម្មការ​រៀបចំ ក៏ដូចជា​ក្រសួង​លោក​មាន​គោល​ការណ៍ តែ​នេះ​អាច​ថា ជា​បុគ្គល​»​។

​លោកស្រី​ គឹម សេដ្ឋា​នី រដ្ឋ​លេ​​ខា​ធិ​ការ និង​ជា​ប្រធាន​ក្រុម​អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន​និង​កីឡា បានឱ្យដឹងថា ពាក់ព័ន្ធ​នឹង​ការ​ត្អូញត្អែរ បញ្ជាក់​ពី​អារម្មណ៍​តូចចិត្ត នឹង​ការប្រឡង​បាក់​ឌុប​របស់​សិស្ស​ដែល​មានការ​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក ACE Confessions នោះ​មិនបាន​បញ្ជាក់​ច្បាស់លាស់​ពី​ទីតាំង​មណ្ឌល​ប្រឡង ហេតុនេះ​លោក​ស្រី​កំពុង​ពិនិត្យ​ស្រាវជ្រាវ​លើ​រឿងនេះ​។ លោកស្រី​បានឱ្យដឹងថា ពាក់ព័ន្ធ​នឹង​សិស្ស​ដែលមាន​ពិការភាព ក្នុង​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​ ២០២៣ ​នេះ មាន​មិន​ដល់​ ១០​ នាក់​ទេ​។

​លោកស្រី​ថ្លែងថា​៖ «​ទាក់ទង​ទៅនឹង​ចំនួន​សិស្ស​ពិការ​ហ្នឹង បើសិន​ជាមាន​ពិការភាព​ខ្លាំង​អ្វីដែល​ទទួលបាន​គឺ​អត់​ដល់ ​១០ ​នាក់​ទេ ប៉ុន្តែ​បើ​និយាយ​ពី​កម្សោយ​គំហើញ យើង​មាន​ច្រើន​ដែរ តែ​ថា ប៉ុន្មាន​នាក់​ជាក់ស្តែង​យើង​អត់​បាន report ទេ យើង​ធ្វើ report តែ​ករណី​គាត់​មាន​បញ្ហា​ភ្នែក​ធ្ងន់​​ធ្ង​រ​»​។

លោកស្រី​រដ្ឋលេខាធិការ​បញ្ជាក់ថា ចំពោះ​សិស្ស​ដែលមាន​បញ្ហា​ខ្សោយ​គំហើញ អនុរក្ស​នៅ​មណ្ឌល​ប្រឡង ដែល​បំពេញ​ការ​​ងារ​នៅតាម​បន្ទប់​ប្រឡង​នានា តែង​យកចិត្តទុកដាក់​ជួយ​សម្រួល​ឱ្យបាន​អង្គុយ​នៅ​តុ​មុខ​ជិត​ក្តារ​ខៀន​អាច​មើល​វិញ្ញាសា​ប្រឡង​បាន​។

​ដោយឡែក​ចំពោះ​សិស្ស​ដែលមាន​បញ្ហា​ភ្នែក​ធ្ងន់ធ្ងរ រហូត​ត្រូវ​មើល​ក្រដាស​វិញ្ញាសា​ដាក់​ដល់​ភ្នែក​នោះ មន្ត្រី​អនុរក្ស និង​ប្រធាន​មណ្ឌល​ប្រឡង ក៏​សម្រួល​តាម​តម្រូវការ​ជាក់ស្តែង​ផងដែរ​។​បេក្ខជនស្វៃរិន នៅ​មណ្ឌល វិទ្យាល័យ​ ហ៊ុន សែន ឧត្ដរមានជ័យ មាន​បញ្ហា​ខ្សោយ​ភ្នែក​ធ្ងន់ធ្ងរ (២ ០០០​ ដឺ​ក្រេ​) គណ​:​មេ​ប្រ​​យោគ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ប្រចាំ​មណ្ឌល​សម្រេច​ប្រគល់​ប្រធាន​វិញ្ញាសា​ជូន​បេ​ក្ខ​​ជន​អាន​។ ចំណែក​បេក្ខជន​ឈ្មោះ វ័​ន្ត ចាន់​រ៉ូ មកពី​ខេត្ត​​កំពង់ឆ្នាំង មាន​បញ្ហា​ភ្នែក​ធ្ងន់ធ្ងរ ក៏បាន​ខិតខំ​សម្លឹង​បំពេញ​សន្លឹក​កិច្ចការ​របស់ខ្លួន​ដោយ​ការ​ព្យា​​យាម​បំផុត​ផងដែរ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ យុវជន និង​កីឡា​៕