ភ្នំពេញៈ «ការហ្វឹកហាត់សម្រាប់ថ្នាក់ខេត្តនេះគឺធ្វើអត់ខានទេក្នុងរយៈពេល ១ ខែមុននេះ រហូតដល់ថ្ងៃប្រណាំងគឺហាត់ជាប់ជានិច្ចអត់មានការខកខានទេ ដោយចំណុះ [ទូក] គាត់មានការប្តេជ្ញាចិត្ត។ យើងផ្តើមយកលេខយ៉ាងហោចណាស់ក៏បានលេខចំណុះមួយល្អដែលអាចចូលរួមប្រណាំងទូកអុំនៅថ្នាក់ជាតិបាន»។ នេះជាការលើកឡើងរបស់អនុគណៈកម្មការគ្រប់គ្រងទូកខេត្តបន្ទាយមានជ័យដែលបានបង្ហាញពីការព្យាយាមចង់ឈ្នះការប្រណាំងនៅថ្នាក់ខេត្ត ដើម្បីបានឡើងមកប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញនាពេលខាងមុខ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីផ្តល់ឱកាសសម្រាប់ប្រជាជនបានចូលកម្សាន្តសប្បាយរីករាយអបអរសាទរ បុណ្យប្រពៃណីជាតិ ដោយមានទាំងការបណ្តែតប្រទីប បាញ់កាំជ្រួច ប្រគំតន្ត្រីសម័យ បុរាណ និងសម្តែងសិល្បៈផ្សេងៗ។
មុនព្រះរាជពិធីនេះចូលមកដល់ នៅតាមមូលដ្ឋានដែលមានទូកបានខិតខំហ្វឹកហាត់ទាំងកម្លាំង និងបច្ចេកទេសដោយចូលរួមការប្រណាំងនៅថ្នាក់ស្រុក និងខេត្ត សំដៅចង់ឈ្នះចំណាត់ថ្នាក់ល្អ ដើម្បីបានឡើងទៅចូលរួមពិធីប្រណាំងអុំទូកនៅថ្នាក់ជាតិដែលជាឱកាសបង្ហាញសមត្ថភាពចូលរួមលើកកម្ពស់បុណ្យជាតិនិងបានមើលភាពរីកចម្រើនថ្មី នៅរាជធានី ដោយរំពឹងថាឆ្នាំនេះនឹងមានអ្នកចូលរួមច្រើន បន្ទាប់ពីបានផ្អាកអស់រយៈពេល ៣ ឆ្នាំកន្លងមក។
លោក ឆាយ សុវណ្ណ អនុប្រធានគណៈគ្រប់គ្រងទូកសាមគ្គីមានជ័យបារមីសារាយអណ្តែត ខេត្តបន្ទាយមានជ័យបានបង្ហាញចំណាប់អារម្មណ៍ថា ក្រុមរបស់លោកចង់ទៅចូលរួមប្រណាំងអុំទូកថ្នាក់ជាតិនៅរាជធានីភ្នំពេញជាខ្លាំង ព្រោះជាឱកាសបង្ហាញពីសមត្ថភាពផងបានតេស្តសមត្ថភាពប្រណាំងជាមួយដៃគូថ្មីៗផង និងធ្វើឱ្យមហាជនបានស្គាល់ទូកមកពីខេត្តឆ្ងាយមួយនេះផងដែរ។ លោកថា ជាមួយគ្នានោះ ក៏ជាឱកាស ១ សម្រាប់ចំណុះទូកបានមើលឃើញពីភាពរីកចម្រើនក្នុងសម័យថ្មី តើមានការប្រែប្រួលយ៉ាងណានៅរាជធានីភ្នំពេញ។
លោកថ្លែងថា៖ «បើបានទៅដល់ថ្នាក់ជាតិនៅភ្នំពេញនឹងមានឱកាសច្រើន ទី១ គេស្គាល់ទូក, ទី២ គេស្គាល់ពីសមត្ថភាពរបស់ចំណុះទូក។ ចំណែកទី៣ គឺបានស្គាល់ខេត្តបន្ទាយមានជ័យមានទូកល្អ ១ ដែរ ដែលធ្វើឱ្យមហាជនបានស្គាល់ទូកសាមគ្គីមានជ័យបារមីសារ៉ាយអណ្តែត គឺយើងមានចំណុះ ២២ នាក់ ដែលអាចឡើងទៅប្រកួតនៅថ្នាក់ជាតិបាន»។
សម្រាកពីការហ្វឹកហាត់ដើម្បីទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងសំឡេងចានស្លាបព្រាប៉ះទង្គិចគ្នាលាន់រំពងអមដោយសំឡេងមនុស្សអ៊ូអរ លោក ឆាយ សុវណ្ណ បានប្រាប់ថា ចំពោះការហ្វឹកហាត់លោកបានប្រាប់ពីបច្ចេកទេសដល់ចំណុះទូកដោយឱ្យចំណុះទូកឈរតម្រង់ជួរទាញច្រវាឱ្យស្រុះគ្នា ហើយទើបដាក់ទូកចុះក្នុងទឹកចងកង់ឡានចងភ្ជាប់ជាមួយឈើឱ្យទូកនៅមួយកន្លែង ហើយចាប់ផ្តើមហាត់ឱ្យស្មើតាមដំណាក់កាលនីមួយៗ។ លោកថា តាមរយៈការខិខំហ្វឹកហាត់មិនឈប់នេះ អាចនឹងធ្វើឱ្យទូករបស់លោកមានថាមពលពេញលេញក្នុងការប្រណាំងនៅក្នុងព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ។
លោក សាន់ សុខហៀង សហស្ថាបនិកទូកងវត្តពិជ័យរង្សី ខេត្តកណ្តាលដែលមានទូកខ្លាំងឈ្មោះថា «ទូកងសារាយតេជោសែនជ័យ» ដែលធ្លាប់ឈ្នះជយលាភីលេខ ១ និងលេខ ២ ជាច្រើនឆ្នាំជាប់គ្នាទាំងនៅថ្នាក់ខេត្ត និងរាជធានីបាននិយាយថា ការប្រកួតក្នុងពិធិបុណ្យអុំទូកនៅខេត្តកណ្តាលទូកលោកឈ្នះជយលាភីលេខ ១ ដែលនេះជាឱកាសនាំឱ្យបានទៅចូលរួមបន្តទៀតក្នុងព្រះរាជពិធីនៅរាជធានីភ្នំពេញ។
លោកបានបង្ហាញជំនឿជាក់ថា ក្រុមកីឡាករ ក៏ដូចជាថ្នាក់ដឹកនាំ ព្រមទាំងប្រជាពលរដ្ឋនឹងមានការគាំទ្រយ៉ាងផុសផុលចំពោះការប្រកួតថ្នាក់ជាតិថ្ងៃទី ២៦ ដល់ ២៨ វិច្ឆិកា ខាងមុខ។ ជាមួយគ្នានោះលោកក៏បានបង្ហាញក្តីសង្ឃឹមខ្ពស់ដោយភាពទទួលខុសត្រូវជាមួយអ្នកស្រុក-ភូមិ វត្ត និងខេត្តរបស់ខ្លួន ក្នុងការយកជ័យជម្នះលើការប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា៖ «ចំពោះក្តីរំពឹងខ្ញុំជឿជាក់ថា មិនថាខ្ញុំ មិនថាគេ តែងតែមានក្តីរំពឹងដូចៗគ្នាតាមសមត្ថភាពរៀងៗខ្លួន គ្រាន់តែថាក្តីរំពឹងរបស់ក្រុមគេផ្សេងគាត់នៅក្នុងកម្រិតពី ០ មក ១ ឬក៏ដើរពី ១ មកបណ្តើរៗហើយ តែក្តីរំពឹងរបស់ខ្ញុំគឺខ្ញុំបានដើរដល់ចំណុចពី ០ ដល់ ១ ហើយពី ១ ដល់ ១០ រួចហើយ អ៊ីចឹងខ្ញុំរាល់ថ្ងៃកំពុងប្រឹងដើរពី ១០ ទៅដល់ ១០០ ទៀត»។
លោកបន្ថែមថា ការបានចូលរួមប្រកួតក្នុងព្រះរាជពិធិបុណ្យអុំទូកជារឿងសំខាន់និងមានតម្លៃធំធេងណាស់ ព្រោះជាការលើកតម្លៃប្រពៃណីវប្បធម៌និងបានបញ្ជាក់ពីអត្តសញ្ញាណជាតិ ដែលមានប្រវត្តិសាស្ត្រដ៏យូរលង់មកហើយក្នុងតំបន់អាស៊ីនេះ។ ការផ្សារភ្ជាប់រវាងសម័យអង្គរក៏ខ្មែរយើងមានប្រវត្តិសាស្ត្រធ្វើទូកចម្បាំងច្បាំងជាមួយខ្មាំងសត្រូវផងដែរ ដោយឡែកមកដល់បច្ចុប្បន្ន កម្ពុជានៅតែបានថែរក្សា និងលើកតម្កើងវប្បធម៌ ប្រពៃណីនោះបន្តថែមទៀត។
លោកថ្លែងថា៖ «គឺមានតម្លៃធំធេងណាស់សម្រាប់ជាតិសាសន៍យើងមិនត្រឹមតែបង្ហាញឱ្យប្រជាពលរដ្ឋខ្លួនឯងដឹងទេ គឺបង្ហាញឱ្យពិភពលោកដឹងថា ខ្មែរយើងពិតជាខ្លាំង ខ្មែរយើងពិតជាធ្វើបាន យើងមានអរិយធម៌ អារ្យធម៌ វប្បធម៌ ដ៏ថ្កុំថ្កើង ហើយបើនិយាយពីទូក គឺជាទូកមានចំណុះច្រើនជាងគេនៅលើពិភពលោកផ្នែកទូកបុរាណធ្វើពីឈើ»។
លោកប្រាប់ថា ក្រុមលោកបានត្រៀមខ្លួនជាស្រេចរួចហើយ សម្រាប់ការហ្វឹកហាត់ទៅតាមពេលវេលាសមរម្យណាមួយ ដោយមិនអូសបន្លាយពេលវេលាយូរទេ ពោលគឺប្រើពេលវេលាយ៉ាងយូរតែកន្លះខែប៉ុណ្ណោះមុនការប្រកួត ព្រោះបើហាត់យូរពេកធ្វើឱ្យខាតពេលវេលានិងធ្វើឱ្យមានការធុញទ្រាន់។
ចំណែកការតុបតែងទូកវិញលោក សុខហៀង ប្រាប់ថា ក្រុមលោកមិនសូវយកចិត្តទុកដាក់ប៉ុន្មានទេ សំខាន់ទូកលឿនពិតប្រាកដគឺដោយសារទម្រង់ទូក និងកីឡាករតែប៉ុណ្ណោះ។ លោក នុត សុភក្ត្រា សមាជិកចំណុះទូកង «រស្មីផ្កាយព្រឹក» ក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានបង្ហាញពីទឹកចិត្ដចង់ចូលរួមប្រណាំងទូកនៅភ្នំពេញ ដើម្បីយកជ័យជម្នះត្រឡប់ទៅស្រុកភូមិវិញ ទោះបីជាមិនធ្លាប់មានពិសោធន៍ប្រកួតនៅរាជធានីនាពេលកន្លងមកក្ដី។
លោកថា ការខិតខំប្រឹងប្រែងហ្វឹកហាត់ ទាំងកម្លាំងនិងបច្ចេកទេសទូកងរស្មីផ្កាយព្រឹកបានទៅចូលរួមប្រកួតទាំងក្នុងខេត្ត និងក្រៅខេត្តមួយចំនួនដោយទទួលបានលទ្ធផលល្អប្រសើរនិងត្រូវបានថ្នាក់ខេត្តបញ្ជូនឈ្មោះឡើងមកចូលរួមប្រណាំងនៅរាជធានី។
លោកប្រាប់ថា៖ «សម្រាប់ការប្រកួតក្នុងឆ្នាំ ២០២៣ នេះ ខាងក្រុមខ្ញុំ រួមទាំងគណៈកម្មការទូកងរស្មីផ្កាយព្រឹក ប្តេជ្ញាចិត្តថាយកជោគជ័យជម្នះជូនបងប្អូន អ្នកគាំទ្រដើម្បីមុខមាត់ស្រុកអ្នកភូមិពេលត្រឡប់ទៅវិញ»។
លោក នុត សុភក្ត្រា បានឱ្យដឹងថា ទូកង «រស្មីផ្កាយព្រឹក» ស្ថិតនៅភូមិព្រែកជ្រៃលើ ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង កសាងឡើងដោយកម្លាំងសាមគ្គី រួមទាំងសប្បុរសជនជិតឆ្ងាយដែលស្រឡាញ់គាំទ្រ ព្រមទាំងមានការជួយចូលរួមឧបត្ថម្ភពីសំណាក់ ព្រះគ្រូពោធិវង្សា ពៅ រតនា ព្រះចៅអធិការវត្ដកៀនស្វាយក្រៅ ខេត្តកណ្ដាល ផងដែរ។
លោក ពូន សាន់ អ្នកគាំទ្រទូកងខ្មែរ នៅខេត្តព្រៃវែងបានឱ្យដឹងថា ការគាំទ្រការប្រណាំងទូកជាចំណង់ចំណូលចិត្តរបស់លោកតាំងពីតូចមកម្ល៉េះ។ សម្រាប់ឆ្នាំ ២០២៣ នេះ ក្រៅពីទស្សនាការប្រណាំងនៅតាមខេត្ត លោកគ្រោងនឹងឡើងមកមើលការប្រណាំងនៅរាជធានីភ្នំពេញផងដែរ។
លោកប្រាប់ថា ការមកមើលការប្រណាំងទូកនៅរាជធានីភ្នំពេញគឺប្លែក អធិកអធម និងអ៊ូអរជាងនៅតាមខេត្ត ព្រោះទូកល្អៗជាច្រើននឹងឡើងមកប្រណាំងនៅភ្នំពេញ។ លោក ពូន សាន់ ចង់ឱ្យមានការប្រណាំងទូកនៅរាជធានីរាល់ឆ្នាំព្រោះមានអ្នកនៅជនបទជាច្រើនចង់ចូលរួមមើលការប្រណាំង និងបានឱកាសដើរលេងកម្សាន្តនៅទីក្រុងធំជាងគេរបស់កម្ពុជាផងដែរ។
លោកបានថ្លែងថា៖ «ខ្ញុំចង់ឱ្យមានការប្រណាំងរៀងរាល់ឆ្នាំ ព្រោះយើងអុំខានៗ រហូត អ្នកខ្លះគេចង់ទៅលេងភ្នំពេញ មើលការអភិវឌ្ឍប្លែកៗផង និយាយទៅអ្នកស្រឡញ់ទូកដឹងហើយ ភាគច្រើនគេចង់ទៅភ្នំពេញព្រោះនៅហ្នឹងបានជួបជុំជើងខ្លាំងច្រើន បើលេងនៅតាមខេត្តគឺជួបតែអ្នកខេត្តគ្នាឯង បើបានឡើងទៅភ្នំពេញទៅបានជួបអ្នកក្រៅខេត្តផ្សេងៗមក អ៊ីចឹងសប្បាយ»។
លោក ពូន សាន់ បានឱ្យដឹងថា តាមរយៈបទពិសោធន៍ដែលលោកទៅមើលពិធីបុណ្យអុំទូកតាមបណ្តាខេត្តនៅឆ្នាំនេះ ឃើញថា ទូកចាស់ៗដែលឈប់លេង បានធ្វើការកែកុនចូលរួមប្រណាំងវិញច្រើន ហើយទូកថ្មីៗក៏មានចំនួនច្រើន ហេតុនេះ ការប្រណាំងទូកឆ្នាំថ្មីនេះនៅរាជធានី អាចនឹងមានភាពអ៊ូអរខ្លាំង ហើយទូកចូលរួមប្រណាំងអាចនឹងច្រើនជាងឆ្នាំ ២០១៩ ទៅទៀត។
លោក ស៊ុំ ម៉ាប់ ប្រធានក្រុមអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រ សិល្បៈបានឱ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនៅចុងខែវិច្ឆិកានេះ ក្រៅពីការរៀបចំប្រទីបដើម្បីចូលរួមបណ្តែតក្នុងពេលរាត្រី ក្រសួងវប្បធម៌ក៏ទទួលបន្ទុករៀបចំការសម្តែងនៅវត្តបទុមនិងនៅជិតស្ថានីយប្រេងសូគីម៉ិចជិតស្ពានជ្រោយចង្វារទាំង ៣ យប់ដោយបង្ហាញពីរបាំង ចម្រៀង ល្ខោន ទស្សនីយភាពបែបបុរាណជាច្រើនដើម្បីកំដរការសប្បាយរីករាយជូនដល់អ្នកដើរទស្សនាគ្រប់រូប៕