កែបៈ អាជ្ញាធរខេត្តកែប និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា បានពិភាក្សាគ្នាដើម្បីរៀបចំអភិវឌ្ឍឆ្នេរសមុទ្រក្នុងខេត្តចំនួន ៤ ក្នុងនោះខេត្តកែប ត្រូវបានជ្រើសរើសដើម្បីធ្វើការអភិវឌ្ឍមុនគេ លើឆ្នេរប្រវែង ២ ៧០០ ម៉ែត្រ ឱ្យក្លាយទៅជាឆ្នេរលំដាប់ពិភពលោក។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី ៨ ខែវិច្ឆិកាថា នៅក្នុងកិច្ចពិភាក្សាជាមួយប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា នាពេលថ្មីនេះភាគីទាំង ២ បានជជែកគ្នាពីផែនការរៀបចំអភិវឌ្ឍខេត្តនៅតាមតំបន់ឆ្នេររួមគ្នា រវាងខេត្តព្រះសីហនុ កំពត កោះកុង និងខេត្តកែប។ ក្នុងផែនការរៀបចំអភិវឌ្ឍខេត្តតំបន់ឆ្នេរនេះ ប្រតិភូគណៈកម្មាធិការជាតិ បានចាប់ផ្ដើមចុះត្រួតពិនិត្យ និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍឆ្នេរនៅក្នុងខេត្តកែបមុនគេ ខណៈដែលក្នុងខេត្តនេះ កំពុងតែអភិវឌ្ឍតំបន់ឆ្នេររបស់ខ្លួនជាបណ្តើរៗហើយ មានដូចជា ឆ្នេរតាមបណ្តាកោះ និងឆ្នេរអង្កោលជាដើម។
លោក សោម ពិសិដ្ឋ បានឱ្យដឹងទៀតថា ក្រៅតែពីមានការអភិវឌ្ឍឆ្នេរទាំងនេះហើយ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ក៏បានជ្រើសរើសតំបន់ឆ្នេរ ២ ៧០០ ម៉ែត្រក្នុងខេត្តកែប ដែលទើបតែចាក់ដីបំពេញថ្មី ដើម្បីអភិវឌ្ឍឱ្យក្លាយទៅជាឆ្នេរលំដាប់ពិភពលោក។ លោកថ្លែងថា៖ «ដូច្នេះគោលបំណងដែលយើងរៀបចំអភិវឌ្ឍតំបន់ឆ្នេរហ្នឹង គឺដើម្បីឱ្យមានការទាក់ទាញភ្ញៀវទេសចរ និងធ្វើម៉េចឱ្យកម្ពុជាយើងមានការចូលរួមពីវិស័យឯកជននានា ហើយធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព»។
ទន្ទឹមនេះ វាក៏ជាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិផងដែរ ព្រោះគម្រោងផ្ដួចផ្ដើមកសាងផែនការរៀបចំដែនដី ឆ្នេរកែបនេះ ក្នុងគោលដៅធ្វើឱ្យមានភាពទាក់ទាញទាំងភ្ញៀវជាតិ និងអន្តរជាតិ ហើយការអភិវឌ្ឍឆ្នេរនេះដែរ វាក៏មិនមែនរៀបចំឡើងដើម្បីធ្វើការប្រកួតប្រជែងជាមួយឆ្នេរសមុទ្រខេត្តព្រះសីហនុ កំពត ឬខេត្តកោះកុងឡើយ ប៉ុន្តែការរៀបចំនេះ ដើម្បីឱ្យតំបន់ឆ្នេរសមុទ្រកម្ពុជា អាចមានការប្រកួតប្រជែងជាមួយនឹងប្រទេសនានាបាន។
ចំពោះការអភិវឌ្ឍតំបន់ឆ្នេរនេះបែបណានោះ លោក សោម ពិសិដ្ឋ មិនដឹងច្បាស់នោះទេដោយសារគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា គ្រាន់តែចុះមកពិនិត្យមើលទីតាំងសិន ហើយក៏មិនទាន់ស្រាវជ្រាវលម្អិតទាក់ទងនឹងសក្ដានុពលតំបន់ឆ្នេរនេះនៅឡើយដែរ។ ប៉ុន្តែលោកអភិបាលខេត្តថា នៅក្នុងផែនការរៀបចំតំបន់ឆ្នេរ ២ ៧០០ ម៉ែត្រក្នុងខេត្តកែបនេះ វាអាចមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជាធ្វើផ្លូវថ្មើរជើង ផ្លូវជិះកង់តាមបណ្តោយឆ្នេរ កន្លែងសម្រាប់ទុកដាក់សំរាម ដើម្បីឱ្យមានអនាម័យល្អនៅតាមឆ្នេរ។
ទាក់ទងនឹងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជានេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ថ្លែងថា នេះជាការផ្ដួចផ្ដើមមួយដ៏ល្អសម្រាប់ខេត្តកែប ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ ព្រោះខេត្តកែបជាខេត្តតំបន់ទេសចរណ៍មួយដែលទាក់ទាញទាំងទេសចរក្នុងស្រុក និងក្រៅស្រុក។
លោកស្រីបន្តថា ក្រៅពីនេះខេត្តកែបក៏មានឆ្នេរស្អាត និងមានគ្រឿងសមុទ្រដែលមានរសជាតិឆ្ងាញ់ ជាពិសេសគឺមានព្រៃកោងកាង។ លោកស្រីបន្តថា៖ «អ៊ីចឹង! បើយើងប្រែក្លាយឱ្យទៅជាតំបន់ឆ្នេរលំដាប់ពិភពលោក វានឹងរួមចំណែកជួយទៅដល់ការកើនឡើងនូវភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក និងការកើនឡើងនៃសេដ្ឋកិច្ចជាតិតាមរយៈអ្នកនៅក្នុងមូលដ្ឋានគាត់អាចពង្រីកអាជីវកម្មរបស់គាត់បន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងហើយនៅបានយូរ ខណៈដែលអ្នកទេសចរក្រឡេកទៅឃើញតែបរិស្ថានល្អ សណ្ដាប់ធ្នាប់ល្អ និងសេវាកម្មល្អផងដែរ»។
លោកស្រីស៊ីវលីនបន្ថែមថា វាក៏ក្លាយជាប៉ូលដែលទាក់ទាញបំផុត ពីព្រោះខេត្តកែប ក្រៅពីសមុទ្រ ក៏មានភ្នំ ហើយជាពិសេស គឺគ្រឿងសមុទ្រ ដូចជាប្រភេទក្ដាមសមុទ្រក្នុងខេត្តនេះ មានរសជាតិឆ្ងាញ់ ហើយក៏មិនមានខេត្តតំបន់សមុទ្រណាអាចមានប្រភេទក្ដាមសមុទ្រដែលមានរសជាតិឆ្ងាញ់បែបនេះឡើយ។
សូមបញ្ជាក់ថា ឆ្នាំនេះ ខេត្តកែបនឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រ លើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣៕