​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​លោក ជា វ៉ាន់​ដេ​ត បាន​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស ​ដែល​ទទួលបាន​លទ្ធផល​ជាប់​ជា​ស្ថាពរ​ក្នុង​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ គប្បី​ពិចារណា ចាប់យក​ការសិក្សា​លើ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល និង​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារការងារ​ក្នុងសម័យ​ឌីជីថល​។


​ការលើកទឹកចិត្ត​នេះ បន្ទាប់ពី​សិស្សានុសិស្ស បានបញ្ចប់​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម្រាប់​ឆ្នាំ​សិក្សា ២០២២-២០២៣ ដែល​បាន​ប្រព្រឹត្តទៅ​កាល​ថ្ងៃទី​ ៦-៧ ខែវិច្ឆិកា ឆ្នាំ ​២០២៣ កន្លងទៅ​។

​តាមរយៈ​សេចក្តីប្រកាស​ស្ដីពី​ការលើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ចាប់យក​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ចុះ​ថ្ងៃទី​ ១០ ខែវិច្ឆិកា​នេះ លោក ជា វ៉ាន់​ដេ​ត បាន​លើកឡើងថា នៅក្នុង​យុគសម័យ​ឌីជីថល បច្ចេកវិទ្យា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ការធ្វើ​ធុរកិច្ច និង​ការផ្ដល់​សេវាសាធារណៈ និង​សេវា​ផ្សេងៗ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។


​លោក​បន្តថា​៖ «​ដោយ​ក្រសួង​ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ទទួលបន្ទុក​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ឌីជីថល ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ បន្ទាប់ពី​ទទួលបាន​លទ្ធផល​ជាប់​ជា​ស្ថាពរ សូម​ពិចារណា​ចាប់យក​ការសិក្សា​លើ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល និង​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​ទទួលបាន​ឱកាស​ការងារ​ល្អ​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​សម្រាប់​លើកកម្ពស់​ជីវភាព​គ្រួសារ​»​។

​លើសពីនេះ​ទៀត ការចាប់យក​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ក៏​នឹង​រួមចំណែក​ដល់​ការសម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុង​ការកសាង​រដ្ឋាភិបាល សេដ្ឋកិច្ច និង​សង្គម​ឌីជីថល ខណៈ​សិស្សានុសិស្ស ក៏​អាច​ទទួលបាន​ឱកាស​សិក្សា​ជាច្រើន ក្នុងការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ឌីជីថល តាមរយៈ​អាហារូបករណ៍ និង​កម្ចី​ថវិកា​សិក្សា​ជាដើម​។


​ជាថ្មី​ម្ដងទៀត លោក​រដ្ឋមន្ត្រី ជូនពរ​ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំង​អស់ទ​ទួលបាន​ជោគជ័យ និង​សង្ឃឹម​ជឿជាក់ថា បន្ទាប់ពី​បញ្ចប់​ការសិក្សា​កម្រិត​ជំនាញ ឬ​សាកលវិទ្យាល័យ ក្មួយៗ​នឹងចូលរួម​ចំណែក​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្ពោះទៅ​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​ឆ្នាំ​ ២០៥០​។

​ជុំវិញ​សារៈសំខាន់​នៃ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​នេះ លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា បាន​លើកឡើងថា ដោយ​មើលឃើញ​ពី​គុណ​តម្លៃ​នៃ​វិស័យ​ឌីជីថល លោក​ក៏បាន​ជំរុញ​ឱ្យ​យុវជន ពិសេស​សិស្សានុសិស្ស​កម្ពុ​ជា គួរ​ចាប់យក​ជំនាញ​នេះ ខិតខំ​សិក្សា​ឱ្យ​ច្បាស់ ដើម្បី​ពង្រឹងសមត្ថភាព ហើយ​អាច​ទទួលបាន​ឱកាស​ការងារ​ល្អ​ថែមទៀត​។ លោក​និយាយថា​៖ «​ការកសាង​ធនធានមនុស្ស​គឺជា​រឿង​សំខាន់បំផុត​ក្នុង​ការឈាន​ឆ្ពោះទៅ​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា ដែល​ចំណុច​នេះ គឺ​ទាមទារ​ឱ្យមាន​ការពង្រឹង​សមត្ថភាព​បន្ថែម​លើ​ជំនាញ​ឌីជីថល​»​។

​យ៉ាងណាមិញ ទន្ទឹមនឹង​ការសិក្សា​ជំនាញ​ឌីជីថល អ្នកជំនាញ​អប់រំ​ខាងលើ ក៏បាន​ជំរុញ និង​ណែនាំ​ដល់​និស្សិត​ទាំងអស់​ត្រៀមលក្ខណៈ​ឱ្យបាន​ល្អ ត្រូវផ្តោត​ការយកចិត្តទុកដាក់​រៀ​ន​សូត្រ​ឱ្យ​ពូកែ និង​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​លើ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ពិសេស​មាន​ជំនាញ​ភាសាបរទេស​ឱ្យ​កាន់តែខ្លាំង​ថែមទៀត​។

​បើតាម​ក្រសួង​ប្រៃសណីយ៍ ដើម្បី​ឆ្លើយតប​ទៅនឹង​ការធ្វើ​ទំនើបកម្ម និង​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​លើ​វិស័យ​ប្រៃសណីយ៍ សម្រាប់​អាណត្តិ​ទី​៧​ នេះ ក្រសួង​ផ្តោត​ការអនុវត្ត​តាម​អនុសាសន៍​គន្លឹះ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល ចំនួន​ ៣ រួមមាន រដ្ឋាភិបាល​ឌីជីថល សេដ្ឋកិច្ច និង​ធុរកិច្ច​ឌីជីថល និង​ប្រជាជន​ឌីជីថល ដើម្បី​រួមចំណែក​ទ្រទ្រង់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​និង​គាំទ្រ​ដល់​ពិពិធ​កម្ម​សេដ្ឋកិច្ចកម្ពុជា​៕​