​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈបានឱ្យដឹងថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ដ៏​ធំ​ប្រចាំឆ្នាំ ២០២៣ នឹង​ផ្តល់ឱកាស​ការងារ​ជាង​ ២​ ម៉ឺន​កន្លែង ដែល​មកពី​បណ្តា​រោងចក្រ សហគ្រាស​ធំៗ​ចំនួន ១៥០ នៅក្នុង​វិស័យ​ធនាគារ អចលនទ្រព្យ និង​បដិសណ្ឋារកិច្ច​ជាដើម​។​


​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ ​២០២៣ លើក​ទី​១៣ នឹង​រៀបចំឡើង​រយៈពេល ២ ​ថ្ងៃ គឺ​ថ្ងៃទី​១០-១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ចាប់ពី​ម៉ោង ៨ ព្រឹក ដល់ ម៉ោង ៨ យប់ នៅ​សាល​ពាណិជ្ជកម្ម និង​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ ពិព័រណ៍​ការងារ​នេះ មានការ​សហការ​រៀប​ចំ​រវាង​(NEA) ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ សមាគម​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា (TAFTAC) អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​អង្គការ​ភី​ផល​អ៊ី​ន​និ​ត (People In Need Cambodia) ស្វី​ស​ខន​ថាក់ និង​គាំទ្រ​ដោយ​ដៃគូ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​ឱកាស​ការងារ​ជាង ២​ ម៉ឺន កន្លែង គឺ​មកពី​វិស័យ​សំខាន់ៗ​ដូចជា ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធានារ៉ាប់រង សេវាកម្ម​លក់ដុំ​និង​រាយ ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ម្ហូបអាហារ​និង​ភេសជ្ជៈ អចលនទ្រព្យ​និង​សំណង់ ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ឧស្សាហកម្ម​និង​កម្មន្តសាល ព្រមទាំង​វិស័យ​សេវាកម្ម​ផ្សេងៗ ជាដើម​។ យុវជន សិស្ស និស្សិត និង​អ្នកស្វែងរក​ការងារ​ធ្វើ​ទាំងអស់ អាចដាក់​ពាក្យ​ដោយផ្ទាល់ និង​ត្រូវបាន​សម្ភាសន៍​ជ្រើសរើស​ភ្លាមៗ​ដោយ​ក្រុមហ៊ុន​-​សហគ្រាស ដែល​ចូលរួម​តាំង​បង្ហាញ​ក្នុង​បញ្ជរ​ចំនួន​ជាង​ ១៨៨​។


​ព្រឹត្តិការណ៍​ការងារ​ដ៏​ធំជាងគេ​ប្រចាំឆ្នាំ​ ២០២៣ នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្តល់​វេទិកា​ដ៏​ធំ​ជួបជុំគ្នា​នៅ​មួយកន្លែង​ដោយ​ប្រមូលផ្តុំ​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ដ៏​ច្រើនសន្ធឹក​សន្ធាប់ និង​អាច​ចូល​មើល​តាម​ប្រព័ន្ធ​អន​ឡាញ​ពី​គ្រប់​ទីកន្លែង​ទូទាំងប្រទេស សម្រាប់​និយោជក អ្នកស្វែងរក​ការងារ និង​អ្នកផ្តល់​ការអប់រំ​បណ្ដុះបណ្ដាល​។​

​និយោជក​អាច​តាំង​បង្ហាញ និង​ផ្សព្វផ្សាយ​ពី​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម ដើម្បី​ទាក់ទាញ​អ្នកស្វែងរក​ការងារ ដែលមាន​សមត្ថភាព​ជំនាញ និង​សក្តានុពល​ស្របតាម​តម្រូវការ ខណៈ​អ្នកស្វែងរក​ការងារ​អាចដាក់​ពាក្យស្នើសុំ​ការងារ​ភ្លាមៗ និង​សម្ភាស​ការងារ​ផ្ទាល់ និង​តាម​ប្រព័ន្ធ​អន​ឡាញ​។


​តាមរយៈ​ពិព័រណ៍​នេះ អ្នកផ្តល់​ការអប់រំ​បណ្ដុះបណ្តាល​អាច​ផ្សព្វផ្សាយ​កម្មវិធីសិក្សា វគ្គ​សិក្សា និង​កម្មវិធី​អភិវឌ្ឍ​ជំនាញ​គ្រប់​ប្រភេទ និង​ជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការចូលរួម​ការបណ្ដុះ​គំនិត​អំពី​ការបង្កើន​ផលិតភាព​ការងារ​តាមរយៈ​ការចែករំលែក​បទពិសោធ​ន៍ ចំណេះដឹង​និង​ការអនុវត្ត​ល្អៗ​ពី​វាគ្មិន​ជំនាញ​នៅក្នុង​សិក្ខាសាលា​ផលិតភាព​ផងដែរ​៕