​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ប្រកាស​ឱ្យប្រើ​ប្រាស់​យុទ្ធសាស្ត្រ​ច​ក្រា នៃ​វិស័យ​បរិស្ថាន​ថ្មី ឆ្នាំ​ ២០២៣-២០២៨ នៅ​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ ​២០២៣ ខាងមុខនេះ ដោយ​ឈរលើ​អាទិភាព​ចម្បង​ ៣ ​គឺ ស្អាត បៃតង និង​ចីរភាព ដែល​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​អព្យាក្រឹតភាព​កាបូន​។​


​ក្នុង​ស​ន្នី​សីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ឆ្នាំ​ ២០២៣ ដែល​បាន​រៀបចំឡើង​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​ ៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​លើកឡើងថា យុទ្ធសាស្ត្រ ច​ក្រា ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ផ្តោតលើ​ការយកចិត្តទុកដាក់​ប​ញ្ហា​បរិស្ថាន​កាន់​តែមាន​ប្រសិទ្ធភាព​។ យុទ្ធសាស្ត្រ​ច​ក្រានេះ​ក៏​ដើម្បី​ជួយ​ឱ្យ​ប្រជាជនមាន​ជីវភាព​ប្រសើរ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព ឆ្ពោះទៅ​សម្រេច​គោលដៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ​២០៥០​។ នេះ​បើតាម​ក្រសួងបរិស្ថាន បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​ ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣​។​

​អនុលោម​តាម «​យុទ្ធសាស្ត្រ​បញ្ច​កោណ » ដំណាក់កាល​ទី​១ និង​ឈរលើ​មូលដ្ឋាន​នៃ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ជាតិ​ដែលមាន​ជា​ធរមាន ព្រមទាំង​ក្របខ័ណ្ឌ​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ ក្រសួងបរិស្ថាន​បានរៀបចំ «​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​» ឆ្នាំ​២០២៣-២០២៨ ក្នុង​គោលបំណង​តម្រង់ទិស និង​ចង្អុលបង្ហាញ​ការងារ​ជា​អាទិភាព ដើម្បី​ធានា​ឱ្យបាន​នូវ​ចីរភាព​បរិស្ថាន និង​សុក្រឹតកម្ម​បរិស្ថាន​កិច្ច ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​លើកកម្ពស់ សេដ្ឋកិច្ច​បៃតង សំដៅ​សម្រេច​គោលដៅ​យុទ្ធសាស្ត្រ​បញ្ច​កោណ គឺ «​ជា​ប្រទេស​អព្យាក្រឹត​កាបូន និង​មាន​គម្រប​ព្រៃឈើ ​៦០​ ភាគរយ នៅ​ឆ្នាំ​ ២០៥០»​។​


​ក្រសួងបរិស្ថាន បញ្ជាក់ថា យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន បាន​រចនា​ឡើងជា​រូប​រង្វង់ ដោយមាន​យុទ្ធសាស្ត្រ​ស្នូល ផ្តោតលើ​មុំ​ចំនួន ​៣ រួមមាន ពង្រឹង​គោលនយោបាយ កសាង​រដ្ឋបាល ឌីជីថល និង​ពង្រីក​ការផ្សព្វផ្សាយ ដែល​មុំ​ទាំង​៣​នេះ ជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុងការ​រុញ​បង្វិល​យុទ្ធសាស្ត្រ ៣ ​ផ្សេងទៀត ឱ្យ​ដំណើរការ​ដោយ​ជោគជ័យ​។ គឺ​យុទ្ធសាស្ត្រ​ទី​១ ភាព​ស្អាត ដែល​ផ្តោតលើ​មុំ គ្រប់គ្រង​ការបំពុល ធ្វើ​ទំនើបកម្ម សមត្ថភាព​វិនិច្ឆ័យ​ការបំពុល និង​លើកកម្ពស់​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន យុទ្ធសាស្ត្រ ទី​២ ភាព​បៃតង ផ្តោតលើ​មុំ ពង្រីក​ចលនា​ដាំ​ដើមឈើ ជំរុញ​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​មូលដ្ឋាន និង យុទ្ធសាស្ត្រ​ទី​៣ ចីរភាព ផ្តោតលើ​មុំ ធ្វើ​អនុលោមភាព ពង្រីក​សហប្រតិបត្តិកា​រ និង​ពង្រឹង​ការសម្របសម្រួល​។​

​គួរឱ្យ​ដឹងថា ជាមួយនឹង​យុទ្ធសាស្ត្រ​ច​ក្រា ក្រសួងបរិស្ថាន បាននិងកំពុង​រៀបចំ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» នៅ​ទូទាំងប្រទេស ដោយមាន​ការចូលរួម​ពី​សិស្សានុសិស្ស ចំនួន​ជាង ២,៦ លាន​នាក់​។ យុទ្ធនាការ​នេះ​មិន​ត្រឹមតែ​មានការ​គាំទ្រ និង​ចូលរួម​ពី​សាលារៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ដៃគូ​អភិវឌ្ឍន៍ ម្ចាស់​រោងចក្រ និង​កាកបាទក្រហមកម្ពុជា​ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ផងដែរ​។​


​ក្រសួងបរិស្ថាន ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន​ ៤ សម្រាប់​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឱ្យមាន​ប្រសិទ្ធភាព ដែល​ក្នុងនោះ ទី​១ គឺ​ការអនុវត្ត​ច្បាប់​ ១០០% មិន​អត់ឱន​ចំពោះ​ឧក្រិដ្ឋកម្ម​ធនធានធម្មជាតិ​។ ទី​២ ពង្រឹង​សហការ​ឱ្យ​កាន់​ស្អិតរ​មួ​ត ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់ ទប់ស្កាត់​បទល្មើស​ធន​ធាន​ធម្មជាតិ ទី​៣ សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​បន្ថែមទៀត និង​ទី​៤ បង្កើត​ផែនការ​ដាំ​ដើមឈើ​ឡើងវិញ និង​ការគ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព​។

​ជាមួយគ្នានេះ លោក អ៊ាង សុផល្លែត កាល​ថ្ងៃទី​ ១០ ខែតុលា ឆ្នាំ ២០២៣​ កន្លងទៅ​ថ្មីៗ​នេះ បានប្រកាស​ផ្តល់​កូន​ឈើជូន​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​យកទៅ​ដាំ​ថែរក្សា​ដោយ​ខ្លួនឯង ប្រមាណ​ចំនួន ១​ លាន​ ៣០ ​ម៉ឺន​ដើម ក្នុង​មួយឆ្នាំ ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​រហូតដល់ ៦០% នៅ​ឆ្នាំ​ ២០៥០៕​