ភ្នំពេញៈ លោក​ ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ បាន​ថ្លែងប្រាប់​ឱ្យដឹងថា លោក​ រ៉ុង ឈុន អតីត​អនុប្រធាន​គណបក្ស​ភ្លើងទៀន ដែល​ទើបតែ​ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កម្លាំង​ជាតិ មិនមាន​សិទ្ធិ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​ឡើយ បើ​យោងតាម​ទិដ្ឋភាព​ច្បាប់​។​


លោក ​ជិន ម៉ា​លីន បានបញ្ជាក់​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ថា ផ្អែក​តាម​លិខិត​របស់​ក្រសួងយុត្តិធម៌ ផ្ញើជូន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោ​ (​គ​.​ជ​.​ប​.) កាលពីដើម​ខែឧសភា​ ក​ន្ល​ង​ទៅ បានបញ្ជាក់​យ៉ាងច្បាស់​ហើយ​ថា លោក ​រ៉ុង ឈុន នៅពេល​បច្ចុប្បន្ននេះ មិនទាន់មាន​នីតិសម្បទា​ឡើងវិញ​នៅឡើយ​ទេ ដូចនេះ​លោក​មិនអាច​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​បានទេ​។​

លោក​បាន​ថ្លែងថា​៖ «​សាលដីកា​តុលាការ​កំពូល ក៏បាន​កំណត់​លក្ខខណ្ឌ​មួយចំនួន​ដែល​គាត់​[​រ៉ុង ឈុន​] ត្រូវអនុវត្ត និង​គោរព​តាម​ដែរ ហើយ​បើសិនជា​បំពាន​លក្ខខណ្ឌ​ទាំងនោះ អាច​ត្រូវ​ប្រឈម​នឹង​វិធានការ​ច្បាប់​ដែលមាន​ជា​ធរមាន​»​។​

លោក ជិន ម៉ា​លីន បាន​បន្ថែមថា ក្នុងករណី​ដែល​លោក​រ៉ុង ឈុន បំពាន​បម្រាម​ដែល​តុលាការ​ដាក់ចេញ នោះ​តុលាការ​នឹង​ចាត់វិធានការ ដែល​តុលាការ​ជា​អ្នកមាន​សិទ្ធិ​សម្រេច​។​


លោក​ រ៉ុង ឈុន ប្រកាស​លាឈប់​ពី​តួនាទី​ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន ហើយ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កម្លាំង​ជាតិ ដែលជា​គណបក្ស​ថ្មី កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា កន្លងទៅនេះ​។​


លោក ​រ៉ុង ឈុន ថ្លែងថា សាលដីកា​តុលាការ​កំពូល ដែល​កំណត់​លក្ខខណ្ឌ​ដល់​លោក ៥​ចំណុច គឺ​មិនមាន​ចំណុច​ពាក់ព័ន្ធ​នឹង​ការធ្វើ​នយោបាយ​ទេ ហើយ​ដែល​កន្លងមក ក្នុងតួនាទី​របស់លោក​ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន ក៏មាន​ការទទួលស្គាល់​ពី​ក្រសួងមហាផ្ទៃ​ផងដែរ ខណៈ​លោក​មានការ​ភ្ញាក់ផ្អើល​ដែរ​ចំពោះ​ការលើកឡើង​ពី​នីតិសម្បទា​របស់លោក​នេះ​។​

លោក ​រ៉ុង ឈុន បាន​ថ្លែងថា​៖ «​បម្រាម​របស់​តុលារ​ការ​គឺ​មិនមាន​ចំណុច​ហាមឃាត់​ខ្ញុំ​ធ្វើ​នយោបាយ​ទេ គឺ​មានតែ​បម្រាម​មិនឱ្យ​ចាកចេញ​ទៅ​ក្រៅប្រទេស ដែល​ត្រូវសុំ​ការអនុញ្ញាត​ពី​តុលាការ ហើយ​ការផ្លាស់ប្តូរ​ទីលំនៅ​ត្រូវ​ជូនដំណឹង​ទៅ​អាជ្ញាធរ ឬ​តុលាការ ជាដើម​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា កន្លងទៅ ក្រសួងយុត្តិធម៌​ថា ខ្ញុំ​គ្មាន​នីតិសម្បទា​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត ខ្ញុំ​ធ្លាប់​ដកខ្លួន​មិន​ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តកណ្តាល​កាល​នៅ​បក្ស​ភ្លើងទៀន​»​។​

លោក​ថា លោក​មិនមាន​ការព្រួយបារម្ភ​ថា អាច​ប្រឈម​នឹង​ការចាប់ខ្លួន​ណាមួយ​ឡើយ ខណៈ​លោក​មិនបាន​ប្រព្រឹត្ត​អ្វី​ខុស​នោះ ហើយ​លោក​មាន​សិទ្ធិ​ចូលរួម​ជាមួយ​គណបក្ស​កម្លាំង​ជាតិ ជា​ស្ពាន​ថ្មី​សម្រាប់​អ្នកប្រជាធិបតេយ្យ ដោយសារ​គណបក្ស​ភ្លើងទៀន​ជួប​ឧបសគ្គ ដែល​មិនអាច​ចូលរួម​ការប្រកួតប្រជែង​ការបោះឆ្នោត​បាន​។​

លោក ​សោម សូ​រី​ដា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​ក៏បាន​លើកឡើង​ដែរ​ថា រាល់​គណបក្សនយោបាយ​ស្របច្បាប់ សុទ្ធតែ​អាច​ចូលរួម​រាល់​ការបោះឆ្នោត​បាន ដែល​នៅ​កម្ពុជា​ប្រើប្រាស់​ការបោះឆ្នោត​ប្រព័ន្ធ​សមាមាត្រ ដែល​តម្រូវឱ្យ​គណបក្សនយោបាយ​រៀបចំ​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ ហើយ​ដែល​តម្រូវឱ្យ​គោរព​តាម​លក្ខខណ្ឌ​កំណត់​ដល់​ច្បាប់​ស្តីពី​ការបោះឆ្នោត​។​

លោក​បន្តថា គ​.​ជ​.​ប តែង​ត្រួតពិនិត្យ​លើ​លក្ខខណ្ឌ​របស់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត តាម​គណបក្សនយោបាយ​នីមួយៗ បើ​ស្របតាម​ច្បាប់ គ​.​ជ​.​ប នឹងមាន​ការអនុញ្ញាត ប៉ុន្តែ​បើ​មិន​គ្រប់​លក្ខខណ្ឌ​វិញ គ​.​ជ​.​ប នឹងធ្វើ​សំណើ​ទៅ​គណបក្សនយោបាយ​វិញ ឱ្យមាន​ការផ្លាស់ប្តូ​រកា​រ​ជ្រើសតាំង​បេក្ខជន​។​

លោក​បាន​ថ្លែងថា​៖ «​សម្រាប់​លោក​រ៉ុង ឈុន គាត់​មាន​សិទ្ធិ​ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្សនយោបាយ​នានា ជា​សិទ្ធិ​ពលរដ្ឋ ធានា​ដោយ​រដ្ឋធម្មនុញ្ញ ដូច្នេះ អ្វីដែល​សំខាន់​គណបក្សនយោបាយ​នីមួយៗ​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​ឈ្មោះ​ឱ្យ​ស្របតាម​លក្ខខណ្ឌ​នោះទេ​»​។​

លោក​ សោម សូ​រី​ដា បន្ថែមថា សម្រាប់​ករណី​លោក​រ៉ុង ឈុន ខា​ងគ​.​ជ​.​ប ត្រូវគោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ និង​ការសម្រេច​ក្នុង​ទិដ្ឋភាព​ច្បាប់​ផ្សេងៗ បើសិន​មាន​សេចក្តីសម្រេច​ណាមួយ​ថា លោក​រ៉ុង ឈុន គ្មាន​សិទ្ធិ​ឈរ​បោះឆ្នោត នោះ​គ​.​ជ​.​ប អាច​នឹង​ស្នើ​ទៅ​គណបក្ស​កម្លាំង​ជាតិ​ផ្លាស់ប្តូរ​បេក្ខភាព​ផងដែរ​។​

​លោក​ យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់ថា លោក​រ៉ុង ឈុន ស្ថិតក្នុង​ដំណាក់កាល​នៃ​ការតាមដាន​របស់​តុលាការ ដែល​លោក​មិនអាច​មាន​សេរីភាព​នយោបាយ​ពេញលេញ​ដូច​លោក​ចង់​ឡើយ​។ 
​លោក​ថា ការប្រកាស​លាលែង​រប​ស់លោក រ៉ុង ឈុន ពី​បក្ស​មួយ​ទៅ​បក្ស​មួយ ជា​ចរន្ត​នយោបាយ​កម្ពុជា​ទេ ដោយសារ​គណបក្ស​ភ្លើងទៀន​គ្មាន​សង្ឃឹម​ចូលរួម​ការបោះឆ្នោត​នានា ក្នុងពេល​ខាងមុខ​នោះ​។​

លោក យង់ ពៅ ថា​៖ «​ជម្រើស​ល្អ​សម្រាប់​លោក រ៉ុង ឈុន គឺ​អនុវត្ត​កាតព្វកិច្ច​ច្បាប់​របស់ខ្លួន​ឱ្យបាន​ល្អ វា​អាច​ប៉ះពាល់​ដល់​គណបក្សនយោបាយ​ថ្មី​ដែល​គាត់​ចូល​រូ​ម បើសិន​គ្មាន​ការប្រយ័ត្នប្រយែង វា​អាច​ប៉ះពាល់​ដល់​នីតិសម្បទា ដែល​ជម្រើស​សម្រាប់​គាត់ គឺ​ត្រូវ​អនុវត្តតាម​លក្ខខណ្ឌ​ដែល​តុលាការ​ដាក់ចេញ​»​។​

សូមជម្រាបថា លិខិត​ដែល​ក្រសួងយុត្តិធម៌ ផ្ញើជូន​គ​.​ជ​.​ប កាលពី​ខែឧសភា ឆ្នាំ​ ២០២៣ បញ្ជាក់ថា លោក ​រ៉ុង ឈុន មិនទាន់មាន​នីតិសម្បទា​ឡើងវិញ​នៅឡើយ​ទេ ដោយសារ​មិនទាន់​ផុត​រយៈពេល​ច្បាប់ គិត​ចាប់​ពីថ្ងៃ​អនុវត្តន៍​ទោស តាម​មាត្រា​៥៣៤ និង​មាត្រា​៥៣៥ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។​

​សាលដីកា​របស់​សាលាឧទ្ធរណ៍ ក៏​ត្រូវបាន​តុលាការ​កំពូល តម្កល់​សាលដីកា​ព្រហ្មទណ្ឌ​លេខ​ ១១០ បានកំណត់​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ដាក់ពន្ធនាគារ​កំណត់​រយៈពេល ២ ​ឆ្នាំ តែ​ត្រូវ​កែប្រែ​ទោស​នេះ ដោយ​អនុវត្ត​ក្នុង​ពន្ធនាគារ​កំណត់​រយៈពេល ១​ឆ្នាំ ៣​ខែ ១១​ថ្ងៃ​។ ទោស​ដែល​នៅសល់​ត្រូវ​ព្យួរទោស​សាកល្បង​ដោយ​កំណត់​រយៈពេល​៣​ឆ្នាំ​។​

លោក រ៉ុង ឈុន ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ «​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម​» បន្ទាប់ពី​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​ ៣១ ខែកក្កដា ឆ្នាំ​ ២០២០ អំឡុងពេល​លោក​ចុះទៅ​កាន់​ព្រំដែន​កម្ពុជា​-​វៀតណាម ខេត្ត​ត្បូងឃ្មុំ​។ ក្នុងពេល​ចុះទៅ​កាន់​ព្រំដែន​នេះ លោក រ៉ុង ឈុន បានចេញ​សេចក្តីថ្លែងការណ៍​ទៅកាន់​សាធារណជន​ថា ការបោះបង្គោល​ព្រំដែន​ថ្មី រវាង​កម្ពុជា​-​វៀតណាម បាន​ចូល​ដី​កម្ពុជា ប្រហែល ៥០០ ម៉ែត្រ​៕