ភ្នំពេញៈ អាជ្ញាធរ​ខេត្តសៀមរាប បានរៀបចំ​ពិព័រណ៍​ផលិតផល​បន្លែ​ផ្លែឈើ និង​ផលិតផល​ក្នុងស្រុក រយៈពេល ៣ ​ថ្ងៃ ដើម្បី​លើកទឹកចិត្ត​ដល់​សហគមន៍​ជា​អ្នក​ផលិត និង​ជំរុញ​ឱ្យ​អ្នកទិញ ជួយ​គាំទ្រ​ការប្រើប្រាស់​ផលិតផល​ខ្មែរ​ដែលមាន​ស្ដង់ដា​ត្រឹមត្រូវ​។​

​ពិព័រណ៍​ផលិតផល​បន្លែ​ផ្លែឈើ និង​ផលិតផល​ក្នុងស្រុក​នេះ បាន​រៀបចំឡើង​រយៈពេល ៣ ​ថ្ងៃ ចាប់ពី​ថ្ងៃទី ​១០ ដល់​ថ្ងៃទី ​១២ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ នៅ​សួនច្បារ​ព្រះរាជដំណាក់ ក្រុង​សៀមរាប ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ខេត្តសៀមរាប មន្ត្រី​ពាក់ព័ន្ធ វិស័យ​ឯកជន និង​កសិករ​ផងដែរ​។ 


តាមរយៈ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃទី​ ១0 ខែវិច្ឆិកា លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប ដែល​បាន​ចូលរួម​ពិព័រណ៍​នេះ បាន​លើកឡើងថា ពិព័រណ៍​នេះ​មានការ​ដាក់តាំង​បង្ហាញ និង​លក់​ផលិតផល​បន្លែ​ផ្លែឈើ វត្ថុ​អនុស្សាវរីយ៍ ផលិតផល​របស់​សហ​គម​ន៍ និង​ផលិតផល​ភូមិ​ ១ ផលិតផល​ ១ មកពី​ខេត្ត​ចំនួន​ ៦  ដោយមាន​ក្រុមហ៊ុន សហគ្រាស និង​អា​ជីករ​ក្នុងស្រុក​ចូលរួម​ផងដែរ​។ 

លោក​បន្តថា យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​របស់​ក្រសួងពាណិជ្ជកម្ម ហើយ​យុទ្ធនាការ​នេះ ជា​សំឡេង​ជួង​ដាស់​ស្មារតី​ប្រជាជន​កម្ពុជា​ឱ្យ​ងាក​មក​ចូលរួម​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ជំនួស​ទំនិញ​នាំចូល​ពី​បរទេស​ជា​ជំហានៗ​។ 


​លោក ​នាក់ ណេ​រ៉ុ​ន បាន​ថ្លែងថា​៖ «​យើង​សង្ឃឹមថា ការដាក់​តាំង​បង្ហាញ​ដែលមាន​ការចូលរួម​ពី​វិស័យ​រដ្ឋ ឯកជន សមាគម អង្គការ សណ្ឋាគារ ភោជនីយដ្ឋាន និង​អ្នក​ផលិត​នៅពេលនេះ នឹង​ផ្តល់​លទ្ធភាព​កាន់តែ​ប្រសើរ និង​ជាស​ញ្ញា​ដ៏​ល្អ​ក្នុង​ការផលិត និង​ពង្រីក​ការដាំដុះ ការកែច្នៃ​ដើម្បី​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក កើនឡើង​ទាំង​បរិមាណ គុណភាព សោភណភាព ក្នុង​សមត្ថភាព​ប្រកួតប្រជែង​នៅតាម​ទីផ្សារ​»​។ 

​លោក​ក៏បាន​ជំរុញ​ដល់​ផលិតករ ពាណិជ្ជករ​កម្ពុជា ត្រូវខិតខំ​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មីៗ​បន្ថែមទៀត និង​រៀបចំ​ទំនិញ​សម្រាប់​បម្រើ​ទីផ្សារ ដោយ​អនុលោម​តាម​គោលការណ៍ «​ភក្តីភាព​ចំពោះ​ពាណិជ្ជកម្ម​» គឺ​ផលិតផល​ត្រូវតែមាន​គុណភាព មាន​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់ អនុលោម​តាម​ស្តង់ដា​អនាម័យ និង​មានតម្លៃ​សមរម្យ នោះ​ទើប​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារសេរី​បាន​។​

ដោយឡែក លោក ភឿន គឹម​លី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ក៏បាន​ឱ្យដឹង​ដែរ​ថា ពិព័រណ៍​នេះ មាន​ស្ដង់​ចំនួន ៧០​ស្ដង់ ដោយបាន​ដាក់តាំង​បន្លែ​ផ្លែឈើ និង​ផលិតផល​ក្នុងស្រុក​ជាច្រើន​មុខ ដែលជា​ស្នាដៃ​របស់​កូន​ខ្មែរ​មកពី​សហគមន៍​ផ្សេងៗ​គ្នា​ទាំង​ខេត្ដ​សៀមរាប និង​ខេត្ដ​ផ្សេងៗ​ទៀត​រួមមាន​៖ បន្ទាយមានជ័យ បាត់ដំបង និង​ខេត្តតាកែវ​។ 

​លោក​បាន​បន្តថា ក្នុងនោះ​មាន​ផលិតផល​តាំងពិព័រណ៍​ដូចជា​៖ បន្លែ​ផ្លែឈើ ចម្លាក់​ថ្ម​-​ឈើ ប្រាក់​-​ស្ពាន់ សិប្បកម្ម​តម្បាញ​សូត្រ អង្ករ ឱសថ​បុរាណ វត្ថុ​អនុស្សាវរីយ៍ ផលិតផល​ពី​ការកែច្នៃ ផ្នែក​វារីវប្បកម្ម គ្រាប់​ធញ្ញជាតិ គ្រឿងទេស នំ ភេសជ្ជៈ និង​ផលិតផល​ផ្សេងៗ​ជាច្រើន​ទៀត​។​

​លោក​ភឿន គឹម​លី បាន​ថ្លែងថា​៖ «​ការតាំង​ផលិតផល​ក្នុងស្រុក​នេះ គឺ​ដើម្បី​បង្ហាញ​ដល់​ម្ចាស់​អាជីវកម្ម ភ្ញៀវទេសចរ ឱ្យ​ពួកគាត់​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ដែលមាន​គុណភាព​ល្អ មិនមាន​ជាតិគីមី ព្រមទាំង​ជួយ​លើកកម្ពស់​ដល់​អ្នក​ផលិត​ផងដែរ​»៕