ភ្នំពេញៈ ​ព្រះ​បាទ​សម្តេច​ព្រះបរ​មនាថ នរោត្តម សីហមុនី ព្រះម​ហា​ក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​យាង​បំពេញ​ព្រះរា​ជទស្ស​នកិច្ច​ផ្លូវការ​នៅ​សាធារ​ណរដ្ឋ​បារាំង​ ពីថ្ងៃ​ទី​ ១២ ដល់​ថ្ងៃទី ​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ តប​តាម​ការ​សូម​យាង​របស់​លោក​ ​Emm​anuel MACRON ​ប្រធានា​ធិបតីបារាំ​ងដើម្បី​ចូលរួម​សន្និ​សីទ​អន្តររ​ដ្ឋាភិ​បាល​លើក​ទី​៤​។ 


អញ្ជើញ​ជូន​ព្រះ​រាជដំណើ​រព្រះម​ហាក្ស​ត្រ​យាង​ទៅបំពេញ​​ព្រះរាជ​ទស្សន​កិច្ច​ផ្លូវ​ការនៅ​បារាំង​នា​ព្រឹក​ថ្ងៃទី ​១២ ខែវិច្ឆិកា មាន​ប្រមុខ​ថ្នាក់​ដឹក​នាំ​រាជរដ្ឋាភិ​បាល​ រដ្ឋស​ភា ព្រឹទ្ធស​ភា ឧ​ត្តម ប្រឹក្សា​ផ្ទាល់​ព្រះមហា​ក្សត្រ រួម​នឹង​មន្ត្រី​ជាន់ខ្ពស់​ជា​ច្រើន​រូប​ទៀត​នៅ​ព្រលាន​យន្ត​ហោះអន្តរ​ជាតិ​ភ្នំពេញ​។​

លោក​នាយ​ក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​លើ​តេឡេ​ក្រាម​ថា៖«​ព្រះ​បង្គំនិង​ប្រតិភូ​រាជរដ្ឋា​ភិ​បាល ​សូម​គោរព​ថ្វាយ​ព្រះ​រាជ​ដំណើរ​ព្រះ​ករុណា ​ព្រះបាទ សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ ស្តេចយាង​ទៅ​បំពេញ​ព្រះរាជ​ទស្សន​កិច្ច​ផ្លូវការ​ដើម្បី​ចូលរួម​សន្និ​សីទ​អន្តរ​រដ្ឋាភិ​បាល​លើក​ទី​៤ ស្តីពី​ការ ​អភិរក្ស​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​តំបន់អង្គរ​ដែល​នឹង​រៀបចំ​ឡើង​ក្នុង​ឱកាស​សម័យ​ប្រជុំ​លើក​ទី​៤២ នៃ​សន្និ​សីទ​អង្គ​ការ​យូណេ​ស្កូ នៅ​សា​ធារណ​រដ្ឋ​បារាំង​»​។​


យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ក្រសួង​ការ​បរទេស ​និង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​ ចុះ​ថ្ងៃទី ​១០​ ខែវិច្ឆិកា ​បានឱ្យ​ដឹង​ថា ការ​អញ្ជើញ​ចូល​រួម​ដង្ហែ​ព្រះ​មហា​ក្សត្រ​ខ្មែ​រក្នុង​​ព្រះរាជទស្សន​កិច្ច​នេះ រួម​មាន ​លោក ​សុខ ​ចិន្តា​សោភា រដ្ឋ​មន្ត្រី​ក្រសួង​ការប​រទេស​ លោក​ស្រី  ​ភឿង ស​កុ​ណា រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌ និង​វិចិ​ត្រសិល្បៈ ព្រ​មទាំង​ឥស្សរជន​ និ​ងមន្ត្រីជា​ន់​ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ទៀត​។​

ប្រភពដ​ដែល​បញ្ជាក់​ថា ព្រះរាជទ​ស្សនកិ​ច្ច​ជា​ប្រវត្តិ​សាស្ត្រ​នេះធ្វើ​ឡើង​ក្នុង​ស្មារតី​នៃ​ទំនាក់​ទំនង​មិត្ត​ភាព​ដ៏​យូរអង្វែង​រវាង​កម្ពុជា ​និង​បារាំង ​ស្រប​ពេល​ដែល​កម្ពុជា ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ពិធី​បុណ្យឯ​ករាជ្យ​ជាតិ​។ 


ព្រះក​រុណា ព្រះបា​ទ​សម្តេច ​ព្រះប​រមនាថ​ នរោត្តម​ សីហមុនី នឹង​មាន​ព្រះរាជ​សវនា​ការ ​ជាមួយ​លោក ​អេម៉ានុ​យអែល ម៉ា​ក្រុង នៅ​វិមាន​ប្រធា​នាធិ​បតី ​Palais de l’Élysée​ នៅ​ថ្ងៃទី​ ១៣ ​ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។ ​ព្រះ​ករុ​ណាក៏​​នឹង​យាង​ចូលរួម​សន្និ​សីទ​អន្តរ​រដ្ឋាភិ​បាល​លើក​ទី​៤ ស្តីពី​ការអភិរក្ស​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​តំបន់​អង្គរ ​ដែល​នឹង​រៀបចំ​ឡើង​ក្នុង​ឱកាស​សម័យ​ប្រជុំ​លើក​ទី​៤២ នា​សន្និ​សីទ​អង្គការ​យូណេ​ស្កូ នៅ​ថ្ងៃទី​ ១៥ ​ខែវិច្ឆិកា ឆ្នាំ​ ២០២៣​ផង​ដែរ​។​

មន្ត្រី​ជាន់ខ្ពស់​ជា​ច្រើន​រូប​អញ្ជើញ​ជូន​ព្រះ​រាជដំណើ​រព្រះម​ហាក្ស​ត្រ​យាង​ទៅបំពេញ​​ព្រះរាជ​ទស្សន​កិច្ច​ផ្លូវ​ការនៅ​បារាំង ​នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា។ រូប STPM

លោក ​ថុង​ ម៉េង​ដា​វិត អ្នក​ស្រាវ​ជ្រាវ​ប្រចាំ​មជ្ឈ​មណ្ឌល​មេគង្គ​សម្រាប់ ការ​សិក្សា​យុទ្ធ​សាស្ត្រ ​នៃ​វិទ្យា​ស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI) បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១២ ខែវិ​ច្ឆិកា​ថា កម្ពុជា​និង​បារាំង​មាន​ទំនាក់​ទំនង​គ្នា​ជា​ប្រវត្តិ​សាស្ត្រ ហើយ​កត្តា​វប្ប​ធម៌ ​សិល្បៈនិ​ង​មនុស្ស​បាន​ក្លាយ​ទៅជា​គ្រឹះ​នៃ​កិច្ច​សហ​ប្រតិប​ត្តិការ​នៃ​ប្រទេស​ទាំង​ ២ ហើយ​ព្រះ​មហាក្សត្រ​បាន​ដើរ​តួនាទី​យ៉ាង​សំ​ខាន់​ក្នុង​ទំនាក់​ទំនង​ទាំង​នេះ​។ 

លោក​បាន​បន្ត​ថា​៖ «​ការ​យាង​របស់​ព្រះ​មហា​ក្សត្រ​ទៅ​សាធា​រណរដ្ឋ​បារាំង​គឺជា​ការលើក​កម្ពស់​កិត្យានុ​ភាព​ក៏ដូចជា ​ការ​ផ្សព្វ​ផ្សាយ​អំពី​វប្បធម៌​ និង​អរិ​យធម៌​កម្ពុជា​ទៅដល់​ពិភពលោក​ឱ្យ​ស្គាល់​កម្ពុជា​កាន់​តែច្រើន​ទៀត​។ កម្ពុជា​និង​បារាំង​ក៏​ផ្តោត​សំខាន់​និង​គោរព​លើ​ការកសាង​សហ​គមន៍​អន្តរ​ជាតិ​ដែល​ពោរពេញ​ដោយ​សន្តិ​ភាព កិច្ចសហប្រតិ​បត្តិ​ការ​ល្អ និង​គោ​រព​ច្បាប់​អន្តរ​ជាតិ​»​។ 

លោក​ ថុង​ ម៉េង​ដាវី​ត បាន​បន្ថែម​ថា ​ក្រៅពី​នេះព្រះម​ហាក្សត្រ​ក៏​នឹង​យាង​ផ្តល់​សវនាការ​ដល់​ប្រធានា​ធិបតី​បារាំ​ង ដើម្បី​ជួប​ពិភា​ក្សា​ការ​ងារ និ​ង​ពង្រីក​កិច្ចស​ហប្រ​តិប​ត្តិការ​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​២ក្នុ​ង​វិស័យ​សុខាភិ​បាល អភិវឌ្ឍ​ធនធានមនុស្ស ប​ច្ចេកវិទ្យា​និង​នវា​នុ​វត្ត​ន៍សេដ្ឋកិ​ច្ច​និង​វិនិយោគក៏​ដូចជា​វិស័យ​វប្បធម៌​និង​អភិ​រក្សជា​ដើម​។​

លោក​ថា៖«​កត្តា​ទាំងអ​ស់នេះ​​ជា​គុណ​តម្លៃ​​រួម​នៃ​ការលើក​កម្ពស់​កា​រទូត​វប្បធម៌ និង​ការទូត​សេដ្ឋកិ​ច្ច​របស់​កម្ពុជា និង​ផ្តល់​អត្ថ​ប្រយោ​ជន៍​ជា​ច្រើន​ដល់​កម្ពុជា​ក្នុង​ការ​កសាង​សង្គម​សេដ្ឋ​កិច្ច​របស់​ខ្លួន​»​។ 

ចំណែ​ក​ លោក គិ​ន ភា ប្រធាន​ទំនាក់ទំ​ន​ង​អន្ត​រជាតិ​នៃ​រាជប​ណ្ឌិត្យ​សភាក​ម្ពុជា បាន​លើក​ឡើង​ដែរ​ថា ដំណើរទស្សន​កិច្ច​ផ្លូវ​រដ្ឋ​របស់​​ព្រះមហា​ក្សត្រ​កម្ពុជា​ទៅ​ប្រទេស​បារាំង​នេះអាច​ជួយ​ជំរុញ​ទំនាក់​ទំនង​រវាង​កម្ពុ​ជានិ​ង​បារាំង​ឱ្យ​​កាន់តែ​ល្អ​ជាង​មុន ​ហើយក៏​ជា​សក្ខីកម្ម​បង្ហាញ​ពី​ការផ្លាស់​ប្តូ​ដ៏​ល្អ​មួយ​រវាង​ប្រជាជន​កម្ពុជា និង​បារាំង​ផ​ងដែរ​។ 

លោក​បាន​បន្ថែម​ថា ដំ​ណើរទស្សនកិ​ច្ច​ផ្លូវរដ្ឋ​នេះ​ក៏​ជាការ​បោះដៃ​រកគ្នា​ទៅលើ​កិច្ចសហប្រតិបត្តិ​ការ​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​រវាងក​ម្ពុជា​និង​បារាំង​ផង​ដែរ​។

ប្រទេស​ទាំង ២ អា​ចធ្វើ​កិច្ចសហការ​គ្នា​បាន​ពីព្រោះ​កម្ពុជា និ​ង​បារាំង​​មាន​កិច្ចការ​ជាច្រើន​ដែល​អាច​ពឹង​ពាក់​គ្នា ជា​ពិសេ​ស​ក្នុង​ន័​យ​​ជា​ទ្វេភា​គី​​។ 

លោក​បានប​ញ្ជាក់​ថា​៖ «​ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​បារាំង​មិន​អាច​ខ្វះ​គ្នា​បានទេ​ ជាពិសេ​ស​នោះ​កម្ពុជា​ គឺជា​សមាជិក​នៃ​អង្គកា​រសហ​ប្រជាជា​តិដែល​នេះហើ​យ​ជា​ការតភ្ជា​ប់​កិច្ចស​ហប្រ​តិបត្តិ​ការ​រ​វាង​បារាំង​និង​កម្ពុជា ពីព្រោះ​ប្រទេស​បារាំង​សព្វថ្ងៃ​​នេះ បាន​តួនាទី​​ស្នូល​នៅ​អង្គ​ការ​ស​ហ​ប្រជាជា​តិ​ផង​ដែរ​​»៕

វង្ស​ ដា​រា​វ៉ា​ឌី​